“ លក្ខខណ្ឌមិនសមហេតុផលនិងការបើកដំណើរការក្លឹបសិក្សាពិសេស ”
ពីរថ្ងៃបានកន្លងផុតទៅ ចាប់តាំងពីនាងចេញពីមន្ទីរពេទ្យ នាងក៏បានជួយរៀបចំឯកសារទាក់ទងនឹងក្រុមហ៊ុនរបស់ រីកគី ជាមួយគេ។ ទោះបីជាកិច្ចការទាំងអស់នោះធ្វើឲ្យនាងនិងគេតានតឹង ប៉ុន្តែពួកគេតែងតែរីករាយគ្រប់ពេលរៀបចំកិច្ចការទាំងអស់នោះជាមួយគ្នា ព្រោះតែងតែមានអ្នកណាម្នាក់ក្នុងចំណោមពួកគេទាំងពីរបង្កើតបរិយាកាសឲ្យរីករាយដើម្បីកាត់បន្ថយភាពតានតឹងរបស់ដៃគូម្ខាងទៀតរាល់ពេលសង្កេតឃើញអ្នកម្ខាងទៀតធុញថប់ខ្លាំង។
ហើយថ្ងៃនេះគឺជាថ្ងៃដែលនាងសម្រេចចិត្តយករឿងក្រុមហ៊ុនរបស់លោកប៉ា រីកគី មកស្នើរឲ្យលោកតា សាន់ហ៊ូ។ ពេលនេះនាងឈរនៅខាងមុខបន្ទប់ធ្វើការក្នុងផ្ទះរបស់លោកតាហើយដៃជើងរបស់នាងចាប់ផ្តើមត្រជាក់ បូករួមជាមួយចង្វាក់បេះដូងដែលលោតស្ទើរតែផ្ទុះចេញមកខាងក្រៅ នាងពិតជាភ័យខ្លាំងណាស់ព្រោះមិនដឹងថាប៉ុន្មានវិនាទីខាងមុខនេះនឹងមានរឿងអ្វីកើតឡើងនោះទេ តើនាងអាចត្រូវស្តីបន្ទោសឬក៏ទះកំផ្លៀងចំពោះការស្នើរសុំឆ្កួតៗនេះទេ? នាងពិតជាភ័យព្រួយខ្លាំងណាស់ ប៉ុន្តែដើម្បី រីកគី នាងត្រូវដកដង្ហើមវែងៗសម្រួលអារម្មណ៍ធ្វើចិត្តក្លាហានលើកដៃគោះទ្វាបន្ទប់លោកតា។
តុកៗ
« ចូលមក »
សំឡេងគ្រលរពេញដោយអំណាចរបស់លោកតា សាន់ហ៊ូ ធ្វើឲ្យនាងព្រឺឆ្អឹងខ្នង ។ អារ៉ាន់ ស្រូបដង្ហើមចូលជ្រៅហើយបញ្ចេញមកវិញវែងៗ មុននឹងបើកទ្វាបន្ទប់ធ្វើការ រួចបោះជំហានចូលទៅខាងក្នុងសំដៅទៅតុធ្វើការរលោងស្រិលពាលពេញដោយគំនរឯកសារហើយមានរាងចំណាស់សក់ពីរពណ៌កំពុងអង្គុយពិនិត្យឯកសារមួយយ៉ាងយកចិត្តទុកដាក់។
« មានរឿងអ្វីមែនទេ? » លោកតាសាន់ហ៊ូ ស៊ីញេលើឯកសារដែលលោកពិនិត្យមើលហើយ មុននឹងបិទទុកដាក់នៅលើគំនរឯកសារដែលពិនិត្យរួចនៅគែមតុម្ខាង ហើយងើបមុខមកសម្លឹងចៅស្រីដែលឈរឱបសាមីឯកសារពីរដុំនៅក្នុងដៃ។
« ខ្ញុំមានរឿងចង់ឲ្យលោកតាជួយ » អារ៉ាន់ និយាយហើយប្រញាប់ដាក់ឯកសារដែលកាន់មកលើតុពីមុខលោកតា សាន់ហ៊ូ យ៉ាងលឿន។
« ក្រុមហ៊ុនរបស់លោកផាក! ឯងចង់ឲ្យតាជួយក្រុមហ៊ុននេះមែនទេ? »
« ចាស » នាងឆ្លើយយ៉ាងរហ័សទាំងសំឡេងញ័របន្តិច។។
« ព្រោះតែកូនប្រុសរបស់គេ? »
លោកតា សាន់ហ៊ូ ពិតជាបានដឹងពីទំនាក់ទំនងរបស់នាងនិងរីកគី ប្រហែលជាអ្នកស្រី ជីអា ជាអ្នកប្រាប់លោកមិនខាន។
« ចាស » នាងគ្រាន់តែឱនមុខចុះហើយឆ្លើយតប។
« តានឹងជួយក្រុមហ៊ុននេះ ប៉ុន្តែមានលក្ខខណ្ឌ »
« លក្ខខណ្ឌអ្វីទៅ? » នាងងើបមុខសួរលោកតាយ៉ាងរហ័សជាមួយក្តីសង្ឃឹមនិងភ័យព្រួយក្នុងពេលតែមួយ ព្រោះនាងខ្លាចថាលក្ខខណ្ឌដែលលោកតាដាក់ឲ្យនាងជាអ្វីដែលនាងមិនអាចធ្វើតាមបាន។
« ភ្ជាប់ពាក្យនិងរៀបការជាមួយ ថេហ៊ូ »
« ថាម៉េច? » នាងលាន់មាត់ទាំងតក់ស្លុតព្រោះមិននឹកស្មានថានាងត្រូវរៀបការជាមួយ ថេហ៊ូ ដើម្បីជួយក្រុមហ៊ុនរបស់ រីកគី នោះទេ។
« ធ្វើការសម្រេចចិត្តទៅថាចង់ជួយគេឬអត់? »
« ខ្ញុំ...ខ្ញុំអាចគិតមើលសិនបានទេ? »
« បីថ្ងៃ តាទុកពេលឲ្យឯងបីថ្ងៃសម្រាប់រឿងនេះ »
អារ៉ាន់ ឱនគោរពលាលោកតា សាន់ហ៊ូ ហើយដើរចេញទៅទាំងអស់កម្លាំងគ្មានសង្ឃឹម។ តើនាងគួរជ្រើសរើសយកជម្រើសមួយណា? បើនាងប្រាប់ រីកគី ពីរឿងនេះគេច្បាស់ជាឲ្យនាងសម្រេចចិត្តបោះបង់ចោលក្រុមហ៊ុនលោកប៉ារបស់គេ ប៉ុន្តែនាងមិនចង់ធ្វើបែបនោះទេ ពេលនេះ ហេអុីន កំពុងតែត្រឡប់មកវិញហើយ នាងមិនអាចឲ្យគេបាត់បង់គ្រប់យ៉ាងនៅទីបញ្ចប់នោះទេ ។

YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Misterio / Suspensoសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...