ប្តូរកាយវង្វេងស្នេហ៍(៤៦)

222 1 0
                                        

“ ដាអុីន...ហេអុីន ”

  ពន្លឺស្រទន់ពីអំពូលភ្លើងបំភ្លឺតាមដងផ្លូវនាំមកនូវការលួងលោមដល់ចិត្តដែលកំពុងច្របូកច្របល់របស់នាង ស្របពេលម៉ូតូរំកិលទៅមុខកាន់តែឆ្ងាយពីសណ្ឋាគារដែលប្រារព្ធពិធីភ្ជាប់ពាក្យ ចិត្តរបស់នាងបានធូរស្រាលកាន់តែខ្លាំងឡើង។ នាងរឹតបន្តឹងដៃនៅចង្កេះមាំកាន់តែណែនពេលស្បែកទទេរបស់នាងប៉ះត្រូវខ្យល់ត្រជាក់ពេលរាត្រី ទោះបីជានៅតាមផ្លូវមានចរាចរណ៍មមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែភាពអ៊ូអរទាំងអស់នោះហាក់នៅឆ្ងាយពីនាងនិងគេខ្លាំងណាស់នៅពេលដែលនាងដាក់ក្បាលនៅលើខ្នងរបស់គេ នាងបានរកឃើញសន្តិភាពនិងកន្លែងសម្រាកយ៉ាងល្អនៅលើខ្នងរបស់គេ ភាពធូរស្រាលនិងភាពកក់ក្តៅកំពុងរុំហ៊ុមព័ទ្ធនាងដូចជាកំផែងការពារដ៏ធំមួយធ្វើឲ្យមានអារម្មណ៍ថាសុវត្ថិភាព រហូតម៉ូតូឈប់នៅលើចិញ្ចើមផ្លូវ ទើបនាងងើបចេញពីខ្នងរបស់គេហើយក្រឡេកមើលជុំវិញខ្លួនដោយចង់ដឹងថាខ្លួនឯងកំពុងនៅកន្លែងណា ប៉ុន្តែមុននឹងនាងអាចសម្គាល់កន្លែងដែលនាងកំពុងតែស្ថិតនៅបាន ស្រាប់តែអាវធំមានចំហាយកក់ក្តៅមួយធ្លាក់មកលើខ្លួនរបស់នាង ពេលនាងងើបមុខឡើងក៏បានជួបនឹងកែវភ្នែកស្រទន់របស់គេ។
    « ខ្យល់ត្រជាក់ណាស់ ពាក់អាវខ្ញុំសិនទៅ » គេចង្អុលអាវដែលគ្របនៅលើខ្លួនរបស់នាងជាមួយស្នាមញញឹមស្រស់នៅលើផ្ទៃមុខរបស់គេ ទើបនាងទាញមកស៊កដៃចូលដៃអាវវែងជាងដៃរបស់នាងដើម្បីធានាថាអាវនឹងមិនហោះទៅតាមខ្យល់បាត់ពេលជិះម៉ូតូ។
    « អរគុណ » នាងញញឹមអរគុណគេ ពេលគេត្រៀមឡើងម៉ូតូដើម្បីបន្តដំណើរម្តងទៀត។
    ទីង!
    អារ៉ាន់ ប្រញាប់លើកទូរស័ព្ទដែលក្តាប់ក្នុងដៃមកមើលពេលបានលឺសំឡេងសារលោតចូលមក ហើយទឹកមុខរបស់នាងចាប់ផ្តើមប្រែជាព្រួយបារម្ភវិញពេលបានឃើញសារនៅក្នុងទូរស័ព្ទហើយ។
    « តើមានរឿងអ្វី? » រីកគី ឃើញទឹកមុខនាងប្រែប្រួលទើបសួរដោយក្តីបារម្ភ។
     « ហេអុីន កំពុងរងចាំខ្ញុំនៅកន្លែងណាត់របស់ពួកយើងសម្រាប់យប់នេះ » អារ៉ាន់ ឆ្លើយតបជាមួយ រីកគី ទាំងដកដង្ហើមធំ។
     « អញ្ចឹងតោះទៅជួបនាង » រីកគី និយាយឡើងដោយទំនុកចិត្តនិងធ្វើឲ្យនាងទុកចិត្តគេ។
     « ខ្ញុំមិនគិតថា ហេអុីន នឹងព្រមផ្លាស់ប្តូររាងកាយជាមួយខ្ញុំវិញទេ បន្ទាប់ពីរឿងអាក្រក់ៗទាំងប៉ុន្មានដែលនាងបានធ្វើកន្លងមកបែកធ្លាយមុននេះ »
     រីកគី ចូលមកជិតនាងហើយចាប់ដៃរបស់នាងនិងសម្លឹងមើលនាងដោយការលួងលោម ខណៈមេដៃរបស់គេអង្អែលខ្នងដៃរបស់នាងថ្នមៗដើម្បីបន្ធូអារម្មណ៍តានតឹងរបស់នាង។
     « កុំបារម្ភអី ពួកយើងនឹងអាចដោះស្រាយវាឲ្យបាន តោះទៅជួបជាមួយនាង បើនាងមិនព្រមផ្លាស់ប្តូររាងកាយគ្នាវិញទេ ខ្ញុំនឹងចាប់បង្ខំនាង » រីកគី លេងសើចនៅចុងប្រយោគធ្វើឲ្យ អារ៉ាន់ សើចបន្តិច។
    « តោះទៅ » នាងស្រូបដង្ហើមចូលត្រៀមខ្លួនប្រឈមមុខនឹង ហេអុីន ហើយក៏រៀបចំខ្លួនឲ្យត្រឹមត្រូវនៅលើម៉ូតូរងចាំ រីកគី ឡើងពីមុខនាង។
    រីកគី ញញឹមដាក់នាងហើយក៏លើកមួកមកពាក់ហើយឡើងម៉ូតូបើកចេញទៅទីតាំងណាត់ជួបភ្លាម។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now