ប្តូរកាយវង្វេងស្នេហ៍(៤២)

213 3 0
                                        

“ គេគឺជាមនុស្សល្ងង់បំផុត ”

  ហាងលក់សម្លៀកបំពាក់

  ហេអុីន កំពុងតែអូសម្រាមដៃកាត់ក្រណាត់រ៉ូបដែលព្យួរនៅលើស្នួក្នុងហាងទំនើបមួយកន្លែងដែលលក់រ៉ូបនិងសម្លៀកបំពាក់សម្រាប់កម្មពិធីសំខាន់ៗជាច្រើន ប៉ុន្តែតម្លៃរ៉ូបនៅទីនេះនៅតែមិនទាន់ត្រូវចិត្តរបស់នាង ពិតមែនហើយបើនាងនៅក្នុងរាងកាយខ្លួនឯងពេលនេះ នាងមិនទិញរ៉ូបនៅហាងលំដាប់ទីពីរបែបនេះទេ ប៉ុន្តែពេលនេះនាងនៅក្នុងរាងកាយរបស់ អារ៉ាន់ កុំថាឡើយហាងលំដាប់ទីពីរទោះហាងលំដាប់មធ្យមក៏នាងគ្មានលុយទិញដែរ សំណាងល្អដែលមាន រីកគី នៅទីនេះ គេអាចចេញលក់ឲ្យនាងបាន ។
   « មួយនេះលោកគិតថាយ៉ាងម៉េចដែរ? » ហេអុីន លើករ៉ូបពណ៌ក្រហមវែងរឹតរាងមួយបង្ហាញទៅរាងក្រាស់ដែលឈរនៅខាងក្រោយនាង។
   គេគ្រាន់តែងក់ក្បាលតបជាមួយនាងដោយមិនបង្ហាញចំណាប់អារម្មណ៍អ្វីសោះ ហើយនាងដឹងថាគេធុញទ្រាន់ដែលនៅទីនេះជាមួយនាង នាងដឹងច្បាស់ថាគេមិនទៅពិធីភ្ជាប់ពាក្យរបស់អតីតមិត្តស្រីនោះទេ មុននេះគេគ្រាន់តែយកនាងបញ្ឈឺរអតីតមិត្តស្រីរបស់គេប៉ុណ្ណោះ។ ហេអុីន ដាក់រ៉ូបទៅកន្លែងដើមវិញហើយចាប់ផ្តើមដើរមើលតាមស្នួបន្ត។
    « ហេតុអ្វីក៏ស្រលាញ់ ហេអុីន? » នាងចាប់ផ្តើមសួរគេទាំងភ្នែកនៅពិនិត្យសាច់ក្រណាត់រ៉ូបដែលនាងកាន់។
    សំណួរភ្លាមៗរបស់នាង ធ្វើឲ្យគេភ្ញាក់ផ្អើលហើយងាកទៅមើលទម្រង់ចំហៀងរបស់នាងបន្តិចព្រោះចង់ដឹងប្រតិកម្មរបស់នាង គេដឹងថានាងធ្លាប់ស្រលាញ់គេដូច្នេះគេខ្លាចសំណួរនេះធ្វើឲ្យគេនិងនាងចាប់ផ្តើមឆ្គងពេលនៅជិតគ្នា តែពេលគេឃើញគេថានាងមិនចាប់អារម្មណ៍នឹងសំណួរនេះខ្លាំងទេ ហើយគ្រាន់តែសួរធម្មតា គេចាប់ផ្តើមឆ្លើយតប។
    « ខ្ញុំក៏មិនដឹងដែរ »
    « ស្នេហាគឺគ្មានហេតុផលមែនទេ? » ហេអុីន សើចតិចៗហើយលើករ៉ូបមួយមកដាក់លើខ្លួនដើម្បីមើលថាសមឬអត់។
    « ប្រហែលហើយ គ្រប់យ៉ាងពីនាងតែងតែគួរឲ្យស្រលាញ់និងមានអារម្មណ៍ថាពិសេស »
    « តើលោកដឹងថាខ្លួនឯងស្រលាញ់ ហេអុីន នៅពេលណាដែរ? »
   នាងងាកមកប្រឈរមុខនឹងគេដោយនៅតែកាន់រ៉ូបមួយនៅក្នុងដៃដដែល ហើយលើកនេះគេឃើញការតាំងចិត្តនៅក្នុងភ្នែករបស់នាង ដូចជាសំណួរលើកនេះសំខាន់សម្រាប់នាងខ្លាំងណាស់ ហើយភ្លាមៗគេក៏ស្រាប់តែនឹកឃើញសំណួររបស់ ហេអុីន កាលមុនដែលធ្លាប់សួរគេស្រដៀងនេះដែរ។
    “ ...តើលោកស្រលាញ់ខ្ញុំមុនពេលខ្ញុំបាត់បង់ការចងចាំឬក្រោយពេលបាត់បង់ការចងចាំ? ”
    ហេតុអ្វីពួកនាងចង់ដឹងពីពេលវេលាដែលគេលង់ស្រលាញ់ដំបូង? តើពេលវេលាសំខាន់ខ្លាំងណាស់មែនទេ?។
    « ប្រហែលជាពេលដែលខ្ញុំបានជួប ហេអុីន ម្តងទៀតក្រោយនាងជួបគ្រោះថ្នាក់ចរាចរណ៍ » រីកគី ឆ្លើយតបទាំងសម្លឹងមើលមុខនាងដោយភាពងឿងឆ្ងល់ព្រោះនារីដែលនៅចំពោះរបស់គេស្រាប់តែសើចឡើង។
    « គួរឲ្យចាប់អារម្មណ៍ណាស់ នាងពិតជាអាចយកឈ្នះបេះដូងរបស់លោកពិតមែន » នាងងាកទៅសម្លឹងសម្លៀកបំពាក់បន្ត ដោយទុកឲ្យអ្នកកំលោះឈរងឿងឆ្ងល់នឹងពាក្យសម្តីរបស់នាង។
    « អារ៉ាន់ ខ្ញុំអាចសួរនាងមួយបានទេ? » រីកគី លាក់ទុកសំណួរមួយនេះតាំងពីបានឃើញ អារ៉ាន់ បង្ហាញខ្លួនសាជាថ្មីនៅសាលាថ្ងៃដំបូងមកម្លេះ តែគេមិនហ៊ានសួរ។
    « សួរមក »
    « មួយរយៈពេលដែលគេយល់ច្រឡំថានាងបានស្លាប់នោះ តើនាងទៅណា? ហេតុអ្វីមិនបង្ហាញខ្លួនភ្លាមៗ? »
    « ខ្ញុំរងរបួសធ្ងន់ហើយត្រូវស្នាក់នៅនិងព្យាបាលនៅកន្លែងមួយ ហេតុអ្វី? » នាងងាកមកប្រឈរមុខជាមួយគេវិញហើយគេអាចប្រាប់បានថានាងខុសគ្នាទាំងស្រុងពី អារ៉ាន់ ដែលធ្លាប់សារភាពស្នេហ៍ប្រាប់គេនោះ។ កែវភ្នែកគ្មានកំហុសរបស់នាងពេលនេះមិនមានទៀតទេ ស្នាមញញឹមដែលស្លូតត្រង់ពីមុន ពេលនេះត្រូវជំនួសដោយស្នាមញញឹមដែលពេញដោយល្បិចកល ។
     « ខ្ញុំមានអារម្មណ៍ថានាងខុសប្លែកពីមុខខ្លាំងណាស់ »
     « ដូច ហេអុីន ក្រោយគ្រោះថ្នាក់ចរាចរណ៍ដែរមែនទេ? »
      នាងសួរបកមកវិញហើយបញ្ចេញស្នាមញញឹមពោលពេញដោយអាថ៍កំបាំង ធ្វើឲ្យគេចាប់ផ្តើមគិតពីសម្តីរបស់នាងភ្លាម។ នាងនិយាយត្រូវ ពួកនាងបានផ្លាស់ប្តូរក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពិតមែន ផលប៉ះពាល់ពីហេតុការណ៍គ្រោះថ្នាក់ធ្វើឲ្យអត្តចរិតរបស់ពួកនាងផ្លាស់ប្តូរមែនទេ? គេធ្លាប់លឺថាមនុស្សដែលធ្លាប់ធ្វើការវះកាត់នឹងនាំឲ្យអារម្មណ៍កាន់តែឆេវឆាវ តែគេមិនដឹងថាការជួបហេតុការណ៍គ្រោះថ្នាក់អាចបណ្តាលឲ្យមនុស្សផ្លាស់ប្តូរអត្តចរិតនោះទេ?។
       « ពិតមែនហើយ » គេឆ្លើយយល់ស្របនឹងសំណួររបស់នាង។
       « ប្រហែលពួកយើងនឹងត្រឡប់ទៅដូចដើមវិញបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត » នាងញញឹមយ៉ាងអាថ៍កំបាំងហើយកាន់រ៉ូបដែលនាងរើសបានទៅកន្លែងគិតលុយ។
       រីកគី ដើរតាមនាងទៅកន្លែងគិតលុយដោយនៅតែគិតពីសម្តីរបស់នាងមិនឈប់ រហូតបុគ្គលិកដាក់រ៉ូបក្នុងថង់ប្រណីតរួចប្រាប់ចំនួនទឹកប្រាក់ដែលគេត្រូវបង់ទើបគេដកកាតហុចឲ្យបុគ្គលិក។
       « ខ្ញុំនឹងសងលោកវិញនៅពេលក្រោយ » នាងកាន់ថង់រ៉ូបក្នុងដៃហើយញញឹមដាក់គេ ប៉ុន្តែគេនៅតែមិនឃើញថាស្នាមញញឹមនោះជាស្នាមញញឹមធម្មតាដដែល គ្រប់ពេលគេតែងតែមានអារម្មណ៍ថាមានអ្វីមួយមិនត្រូវនៅក្នុងស្នាមញញឹមរបស់នាង។
       « មិនអីទេ ទុកថាជាកាដូស្វាគមន៍ការត្រឡប់មកវិញរបស់នាងទៅចុះ »
       « អរគុណ ប៉ុន្តែលោកមិនទៅពិធីនោះពិតមែនឬ? » នាងសួរគេម្តងទៀត ព្រោះតាំងពីមកដល់ហាងដំបូងគេបានប្រាប់នាងហើយថាគេមិនទៅចូលរួមនោះទេ គេគ្រាន់តែជូននាងមកទិញរ៉ូបតាមសន្យាប៉ុណ្ណោះ។
      « ខ្ញុំមិនចង់ឃើញ ហេអុីន ស្លៀករ៉ូបពណ៌សឈរក្បែរអ្នកផ្សេងនោះទេ » គេទទួលយកកាតពីបុគ្គលិកវិញហើយក៏ដើរចេញពីហាងខណៈនាងដើរទន្ទឹមគេ។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now