ប្តូរកាយវង្វេងស្នេហ៍(០៥)

113 8 0
                                    


ភាគ០៥

" នាងជារបស់ខ្ញុំហើយ ហេអុីន "

រាងស្តើងអង្គុយនៅតុរៀនក្នុងបន្ទប់ធំល្វឹងល្វើយ ភ្នែករបស់នាងសម្លឹងតួអក្សរក្នុងសៀវភៅលើតុ ប៉ុន្តែខួរក្បាលរបស់នាងបែរជាកំពុងគិតដល់ការបាត់ខ្លួនរបស់ មីនយូ ទៅវិញ។ នៅមុនពេលកើតហេតុមួយថ្ងៃ នាងបានលឺ មីនយូ ប្រកែកគ្នាជាមួយ ហេអុីន ថានឹងយកភស្តុតាងទៅប្តឹងនៅក្រសួងអប់រំ តើជាភស្តុតាងអ្វីទៅ?។ អារ៉ាន់ ទាញកូនសៀវភៅមួយមកសរសេរចំណាំចំណុចសំខាន់ៗទាក់ទងនឹងការបាត់ខ្លួនរបស់ មីនយូ ទុក។
« នៅពេលគ្រោះថ្នាក់ចរាចរណ៍នោះ មីនយូ រងរបួសធ្ងន់ណាស់ នាងមិនអាចរត់ចេញពីក្នុងឡានដោយខ្លួនឯងបានទេ អញ្ចឹងប្រាកដជាមានអ្នកចាប់នាងទៅមិនខាន តើអាចទេថាជាអ្នកនៅក្នុងគ្រួសាររបស់ ហេអុីន នេះ? ព្រោះពួកគេចង់បិទបាំងរឿងដែល ហេអុីន ជាអ្នកបើកឡាននៅយប់នោះ ឈប់សិន! ប៉ុន្តែតើខ្ញុំស៊ើបពីរឿងនេះធ្វើអ្វី? ព្រោះបើរឿងនេះបែកធ្លាយទៅអញ្ចឹងអ្នកដែលជាប់គុកគឺខ្ញុំហើយ ព្រោះខ្ញុំនៅក្នុងរាងកាយរបស់ ហេអុីន អើយ...ខ្ញុំឆ្កួតមិនខានទេ តើទេវតាឲ្យខ្ញុំមកនៅក្នុងរាងកាយមួយនេះដើម្បីសោយសុខឬក៏ដើម្បីដាក់ទារុណកម្មខ្ញុំទៅ? » អារ៉ាន់ ទម្លាក់ប៊ិកទៅលើកូនសៀវភៅដែលនាងសរសេរហើយក៏លើកដៃមកជ្រោងសក់ក្បាលឡើងរញេរញៃវិញ។
ទីង!
អារ៉ាន់ កំពុងតែអង្គុយគិតអ្វីមិនចេញផង ក៏មានសារលោតចូលមកក្នុងទូរស័ព្ទដៃរបស់នាង ទើបនាងលើកមកមើលហើយបានឃើញសិស្សក្នុងគ្រុបសាលាកំពុងតែនិយាយគ្នារឿងមានសិស្សថ្មីនិងគ្រូថ្មីប្តូរចូលមកថ្ងៃស្អែកនេះ។
" លឺថាជាគ្រូប្តូរមកពីជនបទ "
" ជនបទមែនទេ? ខ្ញុំមិនចូលចិត្តមនុស្សមកពីជនបទទេ ខ្ញុំមិនចង់រៀនជាមួយគ្រូអន់ៗបែបនោះទេ "
" ចុះសិស្សថ្មីវិញយ៉ាងម៉េចដែរ? "
" លឺថាមកពីជនបទដូចគ្នា "
" ពីរនាក់នេះរត់តាមគ្នាមកទេដឹង? ហាសហា "
" សាលារបស់ពួកយើងមិនសមមានគ្រូនិងសិស្សបែបនេះប្តូរមកទេ ខ្ញុំគ្រាន់តែលឺក៏ខ្ពើមពួកគេដែរ "
" ពិតមែនហើយ "
អារ៉ាន់ ទម្លាក់ទូរស័ព្ទចុះលើតុដោយអារម្មណ៍មួរម៉ៅនឹងសម្តីគ្មានការអប់រំរបស់ពួកសិស្សកូនអ្នកមានទាំងអស់នោះជាខ្លាំង។
« គ្រុបសាលាស្អីនឹង? មិនឃើញមាននិយាយរឿងការសិក្សាអ្វីសោះ ឃើញតែនិយាយអាក្រក់និងចែកចាយព័ត៌មានអាក្រក់ពីអ្នកដទៃ គួរឲ្យស្អប់ខ្លាំងណាស់ » អារ៉ាន់ បិទទូរស័ព្ទចោលហើយក៏ក្រោកពីកៅអីរៀនទៅសម្ងំគេងវិញប្រសើរជាងអានសារអត់ប្រយោជន៍របស់ពួកសិស្សទាំងអស់នោះ។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now