" បកស្រាយការពិត "
អារ៉ាន់ កំពុងដើរបណ្តើរចុចទូរស័ព្ទបណ្តើរ ស្រាប់តែមាននរណាម្នាក់មកចាប់ដៃនាងហើយមុននឹងនាងអាចមើលបានថាជាអ្នកណា នាងក៏ត្រូវអូសចូលទៅក្នុងសាលកីឡាបាត់ទៅហើយ។
គ្រឹប!
ទ្វាបិទពីក្រោយរាងក្រាស់ ទើបនាងដឹងថាជា រីកគី។
« រីកគី! » នាងលាន់មាត់ហៅឈ្មោះគេដោយសំឡេងស្រទន់ស្ទើរតែខ្សឹប។
« តោះនិយាយគ្នាបន្តិច » គេសម្លឹងមុខនាងដោយប្រាកដប្រជាហើយក៏ដើរទៅកណ្តាលសាលកីឡា ទើបនាងប្រញាប់ដើរទៅតាមគេទាំងបេះដូងលោតស្ទើរផ្ទុះចេញមកខាងក្រៅ។ នាងកំពុងភ័យខ្លាចជាមួយការប្រឈរមុខជាមួយគេម្តងទៀត។
« តើមានរឿងអ្វី? » នាងលេបទឹកភ្នែកចូលបំពង់កស្ងួតដោយភាពភិតភ័យសួរទៅកាន់អ្នកដែលឈរមួយម៉ែត្រពីមុខរបស់នាង ទឹកមុខធ្ងន់ធ្ងររបស់គេកំពុងបន្លាចនាងជាខ្លាំង។
« ហេតុអ្វីមិនប្រាប់ខ្ញុំពីលក្ខខណ្ឌរបស់លោកតាសាន់ហ៊ូដែលដាក់ឲ្យនាង? »
ទឹកមុខនិងសំឡេងរបស់គេស្រទន់ជាងមុនបន្តិច ប៉ុន្តែកែវភ្នែករបស់គេពេញដោយភាពឈឺចាប់ខ្លាំងលើសមុនទៅទៀត ធ្វើឲ្យនាងឃើញហើយមានអារម្មណ៍ថប់ទ្រូងពិបាកដកដង្ហើមជាខ្លាំង។
« រីកគី ខ្ញុំមិនចង់ឲ្យលោកបោះបង់ក្រុមហ៊ុនលោកប៉ារបស់លោកចោលនោះទេ » អារ៉ាន់ ប្រឹងទប់ទឹកភ្នែកនិយាយជាមួយគេទាំងឱនមុខចុះ។
« អញ្ចឹងទើបអូនសម្រេចចិត្តឲ្យបងបោះអូនចោលជំនួសវិញ? » គេស្រែកសួរនាងដោយសំឡេងបែកហើយកែវភ្នែករបស់គេក្រហមដក់ជាប់ដំណក់ទឹកថ្លាធ្វើឲ្យនាងសម្លឹងមើលគេដោយភាពឈឺចាប់កាន់តែខ្លាំង។
« សុំទោស ប៉ុន្តែនោះជាជម្រើសល្អបំផុត » នាងសម្លឹងមើលគេទាំងស្រក់ទឹកភ្នែកមកលើថ្ពាល់ នាងមិនចង់ឃើញគេសម្លឹងមើលនាងដោយកែវភ្នែកឈឺចាប់បែបនេះ។
« ជម្រើសល្អបំផុតមែនទេ? ហិ! » គេលើកដៃជ្រោងសក់ពីលើថ្ងាសហើយងាកខ្លួនចោលភ្នែកទៅសម្លឹងកន្លែងផ្សេងដែលមិនមានវត្តមានរបស់នាងដោយបញ្ចេញស្នាមញញឹមហួសចិត្តនិងឈឺចាប់ចំអកពេញសាលកីឡា មុននឹងងាកមកប្រឈរមុខនឹងនាងម្តងទៀត។
« គ្មានជម្រើសណាល្អសម្រាប់បងជាងការមានអូននៅក្បែរនោះទេ បងមិនត្រូវការក្រុមហ៊ុននោះទេ បងមិនត្រូវការកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ បងមិនត្រូវការអ្វីទាំងអស់ បងត្រូវការតែអូនប៉ុណ្ណោះ ហេអុីន » គេស្ទុះចូលមកជិតនាងហើយចាប់ដៃនាងអង្រួនខ្លាំងៗព្យាយាមឲ្យនាងដឹងថានាងមានសារៈសំខាន់សម្រាប់គេប៉ុណ្ណា មានតែនាងប៉ុណ្ណោះដែលគេត្រូវការមិនមែនជាក្រុមហ៊ុនដែលនាងព្យាយាមប្រគល់មកឲ្យគេនោះទេ ។
« រីកគី! » នាងហៅឈ្មោះគេដោយសំឡេងសោកស្តាយនិងឈឺចាប់ ទាំងនាងនៅតែឱនចុះសម្លឹងមើលដៃមាំដែលកាន់ដៃនាងយ៉ាងណែនដូចជាគេខ្លាចនាងនឹងទៅចោលគេនៅវិនាទីណាមួយ។
« កុំចូលរួមពិធីភ្ជាប់ពាក្យនៅថ្ងៃស្អែកអី ហេអុីន...តោះចាកចេញជាមួយបង បងអាចនាំអូនរត់គេចពីគ្រប់គ្នាបាន ពួកយើងនឹងទៅកន្លែងដែលឆ្ងាយបំផុតដែលគ្មានអ្នកណាអាចរកពួកយើងឃើញ » គេនិយាយឡើងដោយសំឡេងអង្វរករ ប៉ុន្តែក៏ត្រូវនាងឈានជើងថយក្រោយចេញពីគេមួយជំហានហើយទាញដៃចេញពីការក្តាប់របស់គេ ធ្វើឲ្យគេមើលទៅនាងដោយអស់សង្ឃឹម។
« ពួកយើងមិនអាចធ្វើបែបនោះបានទេ រីកគី » នាងសម្លឹងមើលគេទាំងទឹកភ្នែកស្រក់ចុះមិនឈប់ ហើយគេដឹងថានាងឈឺចាប់ប៉ុណ្ណា ហើយគេដឹងថាការសម្រេចចិត្តចាកចេញជាមួយគេគឺជារឿងដែលនាងមិនអាចធ្វើទៅរួច ។
« ហេតុអ្វីមិនអាច? ឬក៏អូនស្រលាញ់ ថេហ៊ូ ហើយ? » គេដឹងច្បាស់ថានាងមិនបានស្រលាញ់ ថេហ៊ូ ទេ គេគ្រាន់តែមិនយល់ពីមូលហេតុដែលនាងមិនព្រមប្រថុយចាកចេញជាមួយគេ ទើបគេចោទសួរនាងបែបនេះ។
« មិនមែនទេ ខ្ញុំមិនបានស្រលាញ់ ថេហ៊ូ ទេ » នាងក្រវីក្បាលបដិសេធជាមួយគេយ៉ាងលឿនដោយកែវភ្នែករបស់នាងចាប់ផ្តើមស្ទាក់ស្ទើរពេលនាងបង្ហើបមាត់រកនិយាយអ្វីផ្សេងទៀតប្រាប់គេជាច្រើនដង តែចុងក្រោយនាងក៏បិទមាត់ហើយងាកមុខចេញសម្លឹងទៅជ្រុងផ្សេងក្នុងបន្ទប់ទាំងទឹកភ្នែកស្រក់មកលើថ្ពាល់។
« មានហេតុផលផ្សេងទៀតដែរអូនត្រូវភ្ជាប់ពាក្យជាមួយ ថេហ៊ូ មែនទេ? ទាក់ទងនឹងតំណែងអ្នកស្នងមរតកមែនទេ? » គេសួរនាងស្ទើរតែខ្សឹបដូចជាភ័យខ្លាចនឹងចម្លើយដែលនឹងទទួលបានពីនាងវិញ។
« រីកគី ខ្ញុំមិនមែនជា ហេអុីន ទេ ខ្ញុំមិនខ្វល់ពីអ្នកស្នងមរតកអ្វីនោះទេ » នាងងាកមករកគេវិញហើយលើកដៃជ្រោងសក់ហើយនាងក្តាប់សក់ខ្លួនឯងដែលមើលទៅឃើញថានាងតានតឹងជាខ្លាំងជាមួយពាក្យបន្ទាប់តែនាងកំពុងគិតចង់និយាយប្រាប់គេ។
« នេះមិនមែនជាពេលលេងសើចទេ ហេអុីន? » គេបញ្ចេញសំណើចមិនសមចេញមកព្រោះគេឃើញថាទឹកមុខរបស់នាងដូចជាមិនបានលេងសើចនោះទេ ប៉ុន្តែគេជឿបានយ៉ាងម៉េចនៅពេលដែល ហេអុីន មកប្រាប់គេថាខ្លួនឯងមិនមែនជា ហេអុីន នោះ។
« គ្រប់យ៉ាងនៅពេលនេះគឺជាស្មុគស្មាញខ្លាំងណាស់ ខ្ញុំមិនដឹងថាពន្យល់យ៉ាងណាទេ » នាងសម្លឹងមុខគេដោយភាពតានតឹងនិងច្របូកច្របល់ ព្រោះមិនដឹងថាគេនឹងជឿឬអត់ទេបើនាងប្រាប់គេតាមត្រង់ថានាងជា អារ៉ាន់ ហើយបានប្តូររាងកាយជាមួយ ហេអុីន។
គេដើរចូលទៅជិតនាងហើយឈោងទៅតាមដៃទាំងពីររបស់នាងឡើងមកយឺតៗដោយភាពលួងលោម។
« គ្រាន់តែនិយាយគ្រប់យ៉ាងចេញមក បងនឹងស្តាប់អូន » គេសម្លឹងនាងដោយកែវភ្នែកជឿជាក់ហើយងក់ក្បាលផ្តល់ទំនុកចិត្តឲ្យនាង ហើយគេក៏បានឃើញនាងដកដង្ហើមធំនិងបិទភ្នែកមួយវិនាទី មុននឹងងើបមកប្រឈរមុខជាមួយគេវិញ។
« វាប្រហែលជាស្តាប់ទៅឆ្កួត ប៉ុន្តែខ្ញុំមិនមែនជា ហេអុីន ទេ ខ្ញុំជា...» នាងបានបិទភ្នែកហើយឱនមុខចុះម្តងទៀត ហាក់ដូចជាខ្លាចថាពាក្យបន្ទាប់ដែលចេញពីមាត់របស់នាងអាចបំភ័យគេឲ្យស្លាប់ឬក៏ធ្វើឲ្យគេចាប់នាងបញ្ចូលទៅមន្ទីរពេទ្យឆ្កួត ប៉ុន្តែនាងក៏បានទទួលការអង្រួនដៃពីគេថ្នមៗបញ្ជាក់ឲ្យនាងបន្តទៀត ពេលនាងបើកភ្នែកមើលមុខគេម្តងទៀត នាងឃើញគេញញឹមស្រាលៗដាក់នាង ធ្វើឲ្យនាងធូរស្រាលពីទម្ងន់នៃក្តីកង្វល់មួយរំព្រិច។
« ខ្ញុំជា យូន អារ៉ាន់ » នាងសម្លឹងមុខគេទាំងភ័យព្រួយ ខ្លាចគេផ្ទុះសំណើចឡើងហើយថានាងឆ្កួត ប៉ុន្តែនាងឃើញថាគេហាក់ដូចជាភ្ញាក់ផ្អើលនឹងព័ត៌មានដែលទទួលបានហើយកំពុងតែសម្លឹងនាងដោយភាពចង់ដឹងចង់ឃើញបន្ថែមទៀត។ នាងឃើញថាគេមិនទាន់ជឿនាងមួយរយភាគរយទេ គេនៅដំណើរការប្រមូលផ្តុំព័ត៌មាននៅឡើយ ហើយគេកំពុងតែរងចាំព័ត៌មានលម្អិតបន្ថែមទៀតពីនាងយ៉ាងខ្លាំង ទើបនិយាយបន្ត÷
« ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំបានដឹងខ្លួនឡើងនៅក្នុងរាងកាយមួយនេះហើយខ្ញុំពិតជាមិនដឹងថាវាកើតឡើងដោយរបៀបណានោះទេ ដំបូងខ្ញុំគិតថាខ្លួនឯងស្លាប់ ហើយជាវិញ្ញាណដែលអាស្រ័យនៅលើរាងកាយរបស់អ្នកដទៃ ប៉ុន្តែពេលដែល ហេអុីន បង្ហាញខ្លួនម្តងទៀតនៅក្នុងរាងកាយរបស់ខ្ញុំ ទើបខ្ញុំដឹងថាពួកយើងបានផ្លាស់ប្តូររាងកាយគ្នា រឿងនេះស្តាប់មើលទៅមិនគួរឲ្យជឿ ប៉ុន្តែវាពិតជាបានកើតឡើងពិតមែន » នាងឱនមុខចុះព្រោះមិនហ៊ានសម្លឹងមុខរបស់គេទេ នាងខ្លាចការមតិតាមរយះទឹកមុខរបស់គេ។
រីកគី ឈរសម្លឹងរាងស្តើងនៅចំពោះមុខហើយកំពុងដំណើរការព័ត៌មានដែលគេទើបទទួលបានយ៉ាងស្ងៀមស្ងាត់ តើគេជឿរឿងបែបនេះបានយ៉ាងម៉េចទៅ? មនុស្សពីរនាក់ប្តូររាងកាយគ្នាមែនទេ? ហើយអ្នកដែលឈរនៅពីមុខគេពេលនេះតាមពិតជា អារ៉ាន់ ហើយ អារ៉ាន់ ដែលគេជួបកាលពីម្សិលមិញតាមពិតជា ហេអុីន ។ គេកាន់តែគិតកាន់តែមានអារម្មណ៍វិលវល់ព្រោះរឿងនេះមិនគួរឲ្យជឿ ប៉ុន្តែពេលគេចាប់ផ្តើមប្រមូលព័ត៌មានតូចៗកាលពីកន្លងមកផ្គុំចូលគ្នាម្តងមួយៗគេក៏ចាប់ផ្តើមជឿសម្តីរបស់នាងម្តងបន្តិចៗ។ ដំបូងគឺនាងបានផ្លាស់ប្តូរអត្តចរិតបន្ទាប់ពីគ្រោះថ្នាកចរាចរណ៍ដែលធ្វើឲ្យគេយល់ថានាងដូចជាមនុស្សម្នាក់ផ្សេងទៀត ហើយនៅមានពេលខ្លះនាងនិយាយដោយច្រឡំហៅឈ្មោះខ្លួនឯងហើយនាងតែងតែភ្ញាក់ផ្អើលនឹងអ្វីដែលជិវិតរបស់ពួកអ្នកមានៗតែងតែធ្វើជាទម្លាប់ នាងចូលហាងអាហារសាមញ្ញផ្ទុយពី ហេអុីន ដែលគេធ្លាប់ស្គាល់ នាងគួរសមនិងគោរពសូម្បីតែអ្នកបម្រើក្នុងផ្ទះ ដែលកាយវិការទាំងអស់នេះជាអ្វីដែល ហេអុីន មិនដែលធ្វើឡើយ ម្យ៉ាងទៀតពេលវេលាប៉ុន្មានថ្ងៃដែលគេបានជួបនឹង អារ៉ាន់ មកនេះ គេតែងតែយល់ថានាងមិនមែន អារ៉ាន់ នាងខុសប្លែក ពីមុនដូចមនុស្សផ្សេងគ្នា នាងមិនមានកែវភ្នែកគ្មានកំហុស នាងមិនមានស្នាមញញឹមស្លូតត្រង់ ហើយនាងចូលចិត្តទៅហាងអាហារថ្លៃនិងហាងសម្លៀកបំពាក់ថ្លៃ នាងមើលទៅហៃសូដូចជា ហេអុីន ពីមុន ហើយពេលនេះគេយល់ហើយថាហេតុអ្វីកាលពីម្សិលមិញនៅហាងសម្លៀកបំពាក់នោះ អារ៉ាន់ និយាយប្លែកៗបែបនោះ?
" ដូច ហេអុីន ក្រោយគ្រោះថ្នាក់ចរាចរណ៍ដែរមែនទេ? "
" ប្រហែលពួកយើងនឹងត្រឡប់ទៅដូចដើមវិញបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម្តងទៀត "
« នេះមិនគួរឲ្យជឿទេ » គេរអ៊ូរទាំដោយមិនជឿនឹងការពិតដែលគេទើបតែប្រមូលបាននៅពេលនេះ។
« ពិតមែនហើយវាមិនគួរឲ្យជឿទេ សូម្បីតែខ្ញុំពីដំបូងក៏មិនជឿថាមានរឿងបែបនេះកើតឡើងដែរ »
« ដូច្នេះតើអ្នកទាំងពីរគិតប្តូររាងកាយគ្នាវិញយ៉ាងម៉េច? » គេសួរដោយសំឡេងឃ្លានឆ្ងាយពីនាងបន្តិច ដោយសារតែមិនទាន់សម្របខ្លួននឹងរឿងដែលគេទើបតែដឹងពីនាងនេះ។
« ពួកយើងគិតថានឹងសាកល្បងបង្កើតគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នាម្តងទៀតក្រោយពិធីភ្ជាប់ពាក្យបានបញ្ចប់ »
« ធ្វើបែបនោះគ្រោះថ្នាក់ណាស់ »
គេលាន់មាត់ឡើងដោយក្តីបារម្ភ ទោះមុននេះនាងមានអារម្មណ៍ថាគេដូចជាឃ្លានឆ្ងាយពីនាងធ្វើឲ្យនាងឈឺចាប់បន្តិច តែពេលគេបង្ហាញក្តីបារម្ភចំពោះនាងបែបនេះ នាងក៏មានអារម្មណ៍ធូរស្រាលឡើងវិញ។ នាងញញឹមស្រាលលើផ្ទៃមុខ ដឹងទេថាក្នុងទ្រូងរបស់នាងលែងមានអារម្មណ៍ធ្ងន់ដូចមានអ្វីសង្កត់ទៀតហើយក្រោយពេលនាងបាននិយាយគ្រប់យ៉ាងទាំងអស់ប្រាប់គេ។
« ខ្ញុំដឹង ប៉ុន្តែពួកយើងគ្មានវិធីផ្សេងទេ »
រីកគី ចូលមកឱបនាងណែនដៃភ្លាមៗពេលគេដឹងថានាងគ្មានជម្រើសអ្វីក្រៅពីប្រថុយគ្រប់យ៉ាងនោះទេ។
« អូនបានឆ្លងកាត់រឿងច្រើនណាស់ អារ៉ាន់ »
ការដែលបានលឺគេហៅឈ្មោះពិតរបស់នាងជាលើកដំបូងពេលគេឱបនាងមានអារម្មណ៍ដូចជាអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនរបស់នាងប្រែជាធូរស្រាលមួយរំព្រិច មានអារម្មណ៍ដូចជានាងកំពុងតែឈរនៅកណ្តាលសួនផ្កានៅរដូវក្តៅដែលផ្តល់អារម្មណ៍កក់ក្តៅនិងសុភមង្គលមិនចេះចប់។
« សង្ឃឹមថាគ្រប់យ៉ាងជោគជ័យហើយយើងអាចជួបគ្នាម្តងទៀតនៅក្នុងរូបរាងកាយពិតប្រាកដរបស់អូន » គេបន្តនិយាយខណៈឱបនាងយ៉ាងណែនដូចជាខ្លាចនាងបាត់ទៅណា ហើយនាងក៏ងក់ក្បាលតបជាមួយគេទាំងទឹកភ្នែកស្រក់មកលើថ្ពាល់ ដៃទាំងគូប្រឹងឱបគេវិញយ៉ាងណែនដូចជាជីវិតរបស់នាងផ្ញើរជាប់នឹងរាងកាយរបស់គេ។
« ក្រោយពិធីភ្ជាប់ពាក្យបងអាចកំដរអូនទៅកន្លែងនោះបានទេ? » នាងសួរគេទាំងអួលដើមកយំនៅក្នុងដៃរបស់គេ។ បើសិនជានាងស្លាប់ក្រោយព្យាយាមប្តូររាងកាយជាមួយ ហេអុីន វិញ មនុស្សចុងក្រោយដែលនាងចង់ឃើញគឺជាគេ ដូច្នេះទើបនាងសុំឲ្យគេជាអ្នកជូននាងទៅទីនោះដោយផ្ទាល់។
« ប្រាកដណាស់ បងនឹងនៅក្បែរអូន កុំបារម្ភអីបងនឹងមិនបណ្ដោយឲ្យមានរឿងមិនល្អកើតឡើងចំពោះអូននៅយប់នោះឡើយ » គេអង្អែលលើសរសៃសក់ទន់រលោងថ្នមៗដោយការលួងលោមហើយឱនចុះថើបលើថ្ងាសរបស់នាងយ៉ាងយូ។
រងចាំភាគបន្ត
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Детектив / Триллерសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
