ភាគ១៦
" ភាពកក់ក្តៅ "
កង់ម៉ូតូវិញញាប់ស្អេកលើផ្លូវកៅស៊ូរលោងស្រិល កាត់ពីផ្លូវមួយទៅផ្លូវមួយដោយល្បឿនលឿនប្រជែងនឹងឡានដែលកកកុញលើផ្លូវមមាញឹកនៅពេលរាត្រី។ ម្រាមដៃស្រឡូនដូចបន្លាក្រូចក្តាប់ដៃក្រណាត់អាវក្រៅស្បែកពណ៌ខ្មៅរបស់អ្នកឌុបស្ទើរឆ្លុះព្រោះតែភាពភ័យខ្លាចនឹងល្បឿនម៉ូតូរបស់គេ។
« លោកចង់នាំខ្ញុំទៅណា? » នាងឱនមកជិតត្រចៀកដែលនៅក្រោមមួកសុវត្ថិភាពហើយស្រែកសួរខ្លាំងៗតែគេស្តាប់នាងមិនលឺទេ។
« ហា៎? » រីកគី ស្រែកតបមកវិញទាំង អារ៉ាន់ ស្តាប់មិនលឺដូចគ្នា ទើបសម្រេចចិត្តឈប់សួរហើយនៅស្ងៀម ។
មួយសន្ទុះក្រោយមក
ម៉ូតូឈប់នៅលើចិញ្ចើមផ្លូវក្បែរច្រកចូលទៅសួនកម្សាន្តដែលមានភ្លើងពណ៌លំអរឆើតឆាយទាក់ទាញចិត្តក្មេងៗនិងយុវវ័យមួយចំនួនឲ្យទិញសំបុត្រចូលទៅទាំងចិត្តរំភើបនឹងឧបករណ៍លេងយ៉ាងសម្បូរបែបទាំងនោះ។
រីកគី ចុះពីលើម៉ូតូហើយជួយរាងស្តើងឲ្យចុះពីកន្ទុយម៉ូតូថែមទាំងជួយដោះមួកសុវត្ថិភាពចេញពីក្បាលរបស់នាងដោយប្រុងប្រយ័ត្ន។
« កុំប្រាប់ថា...» អារ៉ាន់ សម្លឹងមុខរបស់ រីកគី ដោយដឹងពីអ្វីដែល រីកគី គិតនៅក្នុងចិត្តយ៉ាងច្បាស់។
« កំដរខ្ញុំលេងបន្តិច ហើយខ្ញុំនឹងប្រាប់នាងពីរឿងទាំងអស់របស់ អេននី » គេញញឹមដាក់នាងហើយឈោងដៃទៅចាប់ប្រអប់ដៃស្រឡូនដែលត្រជាក់ ព្រោះតែត្រូវខ្យល់ពេលជិះម៉ូតូមុននេះ។
«...» អារ៉ាន់ គ្មានជម្រើសទើបដើរទៅតាមការអូសរបស់គេ។
រីកគី កាន់ដៃនាងណែនអូសចូលទៅកន្លែងលេងកម្សាន្តដែលមានគូស្នេហាជាច្រើនកំពុងដឹកដៃនាងឡើងទៅជិះឧបករណ៍ផ្សេងៗហើយខ្លះទៀតក៏កំពុងតែឱបលួងលោមមិត្តស្រីរបស់គេពីការភ័យខ្លាច។
« នាងចូលចិត្តមួយណា កន្រ្តក់វិលធម្មតាឬក៏រទេះរុញដែលឡើងខ្ពស់ដល់លើអាកាសគួរឲ្យរន្ធត់នោះ » រីកគី ងើយសម្លឹងទៅតាមខ្សែផ្លូវខ្វាត់ខ្វែងឡើងខ្ពស់ហើយចុះទាបរួចក៏ឡើងខ្ពស់វិញដោយស្នាមញញឹមរំភើបរីករាយ។
« គួរឲ្យខ្លាចណាស់ » អារ៉ាន់ ឱបដៃបោសរោមដែលបាសឲ្យរាបវិញពេលសម្លឹងតាមភ្នែករបស់ រីកគី ទៅឃើញខ្សែផ្លូវនោះហើយ។
« តោះឆាប់ទៅ » រីកគី ចាប់អូសដៃនាងទៅកន្លែងទិញសំបុត្រហើយអូសនាងឡើងទៅអង្គុយកៅអីពីរជាប់គ្នានៅខាងក្រោយគេ។ កៅអីជាខ្សែកំពុងរំកិលទៅមុខតាមផ្លូវដែកម្តងបន្តិច ធ្វើឲ្យ រីកគី រំភើបញាប់ញ័រ ខណៈពេលដែលអ្នកអង្គុយក្បែរដៃកំពុងចាប់កាន់បង្កាន់ដៃសុវត្ថិភាពទាំងភ័យញ័រពេញខ្លួនមុខឡើងស្លេកអស់។
« អត់ទេ...! » អារ៉ាន់ បិតភ្នែកស្រែកមួយទំហឹងពេលរទេះរុញចេញដំណើរទៅល្បឿនឡើងដល់កំពូលខ្ពស់បំផុតហើយក៏ទម្លាក់ខ្លួចចុះមកវិញ ធ្វើឲ្យប្រលឹងរបស់នាងហោះចេញពីខ្លួនបាត់។
.
.
.
អារ៉ាន់ ស្ពាយកាតាបជាប់ខ្នងដើរដូចមនុស្សគ្មានវិញ្ញាណចេញពីកន្លែងជិះរទេះរុញវិញ។ សក់ក្បាលរបស់នាងបាសឡើងមើលមិនយល់ធ្វើឲ្យអ្នកដើរតាមក្រោយសើចរលាក់តិចៗមិនឈប់ រហូតនាងងាកទៅសម្លក់មុខរបស់គេ ទើបគេបិទមាត់ប្រឹងទប់សំណើចឡើងក្រហមមុខ។
« ទៅញុំអីវិញទៅ » គេបន្លប់រឿងហើយដើរមកចាប់ដៃនាងអូសទៅកន្លែងលក់តុកបុកគីក្តៅៗវិញ។
« អ្នកមីងឲ្យ តុកបុកគី ពីរចានមក » រីកគី ប្រាប់អ្នកលក់ហើយងាកមកញញឹមលួងលោមអ្នកដែលឈរក្បែរដៃវិញ។
នាងមិននឹកស្មានដល់ថា នាងបែរជាបាត់ខឹងជាយ៉ាងងាយដោយគ្រាន់តែគេញញឹមដាក់នាងបន្តិច។ អារ៉ាន់ ឱនសម្លឹងមើលដៃដែលគេចាប់ដៃនាងយ៉ាងណែន ហើយបេះដូងរបស់នាងក៏ចាប់ផ្តើមកក់ក្តៅយ៉ាងចម្លែក ទោះបីជានាងដឹងច្បាស់ថាគេមិនមែនកំពុងធ្វើចំពោះនាងពិតប្រាកដក៏ដោយ ប៉ុន្តែនាងគ្រាន់តែចង់បំភ្លេចថាសំបកក្រៅនេះមិនមែនជានាងហើយប្រើពេលវេលានិងរាងកាយអ្នកដ៏ទៃមួយនេះរីករាយយ៉ាងពិតប្រាកដជាមួយគេ។
« ហាមាត់! »
អារ៉ាន់ ដកភ្នែកមកចាប់អារម្មណ៍អ្នកនៅចំពោះមុខវិញពេលគេប្រាប់ឲ្យនាងហាមាត់ដោយគេព្យាយាមដួលតុកបុកគីបញ្ចុកនាង។
« ខ្ញុំអាចញុំខ្លួនឯងបាន » អារ៉ាន់ ព្យាយាមបដិសេធតែគេមិនព្រម។
« គ្រាន់តែហាមាត់ អូខេ! » រីកគី ដាក់តុកបុកគីជិតបបូរមាត់ស្តើងពណ៌ក្រហមស្រាលរហូតធ្វើឲ្យនាងបដិសេធជាមួយគេមិនបាន ទើបព្រមបើកមាត់ញុំតុកបុកគីដែលគេបញ្ចុក។
« ហឹម...» អារ៉ាន់ ក្រហឹមពេលកំពុងទំពាំតុកបុកគីក្នុងមាត់ព្រោះរសជាតិឆ្ងាញ់លើសពីការគិតរបស់នាង។
« ឆ្ងាញ់ណាស់មែនទេ? » គេសួរនាងដោយសំឡេងទាបព្រមទាំងចោលភ្នែកស្រទន់សម្លឹងមើលនាងយ៉ាងមានក្តីសុខ។
« រសជាតិឆ្ងាញ់ជាងកន្លែងលក់នៅខាងក្រៅឆ្ងាយណាស់ » អារ៉ាន់ តបទាំងកំពុងលូកដៃទទួលតុកបុកគីមួយចានទៀតពីរអ្នកលក់មកដួលញុំពេញៗមាត់។
កំពុងឈរញុំសុខៗ នាងក៏មានអារម្មណ៍ដឹងពីចំហាយខ្យល់ដង្ហើមក្តៅរបស់គេភាយមកលើថ្ពាល់របស់នាង ទើបនាងរហ័សងាកទៅរកអ្នកដែលចូលមកជិតនាង។
« នៅឲ្យស្ងៀម! » គេប្រាប់នាងដោយសំឡេងរឹងបន្តិចតែកែវភ្នែកដែលគេសម្លឹងចុះផុតកែវភ្នែករបស់នាងនោះនៅតែស្រទន់ដូចដើម ទើបនាងត្រូវឈរធ្មឹងបណ្ដោយឲ្យគេធ្វើអ្វីដែលចង់ធ្វើ។
រីកគី ដាក់មេដៃថ្នមៗលើបបូរមាត់ទន់របស់នាងហើយក៏សង្កត់ថ្នមៗជូតទឹកម្ទេសដែលប្រឡាក់ជាប់បបូរមាត់របស់នាងចេញ មុននឹងដកភ្នែកមកសម្លឹងកែវភ្នែកមានពន្លឺរបស់នាងវិញ។
« ស្អាតហើយ » គេធ្វើខ្លួនមិនត្រូវពេលប៉ះភ្នែករបស់នាងជិតៗបែបនេះ គេមានអារម្មណ៍ថាបេះដូងរបស់គេលោតញាប់ខ្លាំងស្ទើរតែទម្លុះទ្រូងរបស់គេចេញមកខាងក្រៅ ហើយរាងកាយរបស់គេចាប់ផ្តើមក្តៅភាយដូចជាមានភ្លើងឆាបឆេះទើបគេប្រញាប់ឈានថយចេញពីនាងមួយជំហាន។
« អរគុណ » អារ៉ាន់ និយាយទាំងមិនហ៊ានសម្លឹងមុខរបស់គេ ព្រោះពេលនេះនាងមានអារម្មណ៍ថារាងកាយរបស់នាងឡើងកម្តៅស្ទើរតែឆេះទៅហើយ។
ក្រោយពីឈរញុំតុកបុកគីមួយចម្អែតរួច រីកគី ក៏ក្រឡេកឃើញកន្លែងថតរូបទើបគេរហ័សអូសដៃនាងចូលទៅកន្លែងថតរូបដោយស្នាមញញឹម។
« បូទន្សាយនេះសមនឹងលោកណាស់ ហាសហា » អារ៉ាន់ ទាញបូត្រចៀកទន្សាយមកពាក់លើក្បាលរបស់ រីកគី ជាមួយស្នាមញញឹមជាពិសេសពេលគេទាញត្រចៀកទន្សាយលើក្បាលហើយធ្វើកាយវិការគួរឲ្យស្រលាញ់ដាក់នាង ធ្វើឲ្យនាងសើចបិទមាត់មិនជិត។
« ទីបំផុតនាងព្រមសើចហើយ » រីកគី ញញឹមស្រាលៗយ៉ាងមានក្តីសុខសម្លឹងមើលស្នាមញញឹមរបស់នាង ក្នុងចិត្តរបស់គេក៏ចាប់ផ្តើមធូរស្រាលដូចដកបន្លាចេញពីទ្រូងពេលឃើញនាងឈប់ចងចិញ្ចើមធ្វើមុខពេញដោយក្តីកង្វល់តទៅទៀត។
«...» អារ៉ាន់ ញញឹមដាក់គេហើយងាកមកសម្លឹងកាំមេរ៉ាដែលកំណត់នាទីវិញ ខណៈពេល រីកគី លូកដៃមកឱបស្មានាងទាញឲ្យចូលទៅជិតមុខរបស់គេដែលឱនបន្ទាបឲ្យមកស្មើនឹងទម្រង់មុខរបស់នាង ហើយគេក៏ចាប់ផ្តើមញញឹមលើដៃពីរ ស្របពេល អារ៉ាន់ លើកដៃឡើងទាញត្រចៀកទន្សាយលើក្បាលរបស់គេ។
អារ៉ាន់និងរីកគី ថតរូបចេញស្តាយគួរឲ្យស្រលាញ់ដូចគូស្នេហ៍ជាមួយគ្នាជាច្រើនប៉ុស្តិ៍ មុននឹងដើរចេញពីកន្លែងលេងកម្សាន្តមកកាន់ម៉ូតូដែលចតទុកនៅខាងមុខវិញ។ អារ៉ាន់ សម្លឹងមើលរូបក្នុងដៃបណ្តើរដើរទៅមុខជាមួយស្នាមញញឹមបណ្តើរ នាងលេងសប្បាយជាមួយគេរហូតស្ទើរតែភ្លេចរឿងដែលគេបានសន្យាជាមួយនាងមុននាំនាងមកទីនេះទៅហើយ ទើបពេលនឹកឃើញនាងក៏រហ័សយករូបថតដាក់ក្នុងកាតាបហើយដើរទៅជិតអ្នកដែលលើកមួកសុវត្ថិភាពនៅលើកែបម៉ូតូមកកាន់ក្នុងដៃ។
« ពេលនេះលោកប្រាប់ខ្ញុំពីរឿង អេននី បានហើយឬនៅ? »
« នាងចង់ដឹងអ្វីមុន? ចំណុចល្អឬក៏ចំណុចអាក្រក់របស់ អេននី ? » គេសួរមកនាងវិញស្របពេលដាក់មួកដែលលើកឡើងទៅលើកែបម៉ូតូវិញ។
« តាមពិតទៅខ្ញុំកំពុងតែរកចំណុចខ្សោយរបស់ អេននី ដើម្បីអាចគ្រប់គ្រងនាងបាន »
« ដើម្បីបង្ក្រាបពួកប្រឆាំងនឹងលោកតារបស់នាងមែនទេ? » រីកគី សួរត្រង់ខណៈសម្លឹងមុខស្រពោនហាក់មិនចង់ធ្វើរឿងនេះរបស់នាងមិនដាក់ភ្នែក ពេលឃើញនាងក្រៀមក្រំ បេះដូងរបស់គេក៏ក្រៀមស្វិតមួយរំព្រិច។
« ខ្ញុំអាចជួយនាងធ្វើរឿងនេះបាន » រីកគី ឱនទៅចាប់ដៃស្រឡូនដោយកែវភ្នែកពេញដោយការចង់ជួយនាង។
« ជាដំបូងលោកប្រាប់សិនមកថាយើងគួរធ្វើយ៉ាងម៉េច? » អារ៉ាន់ មិនដកដៃចេញពីគេដូចរាល់ដងហើយបែរជាចាប់ដៃគេវិញថែមទៀត ព្រោះពេលនេះការដែលមានដៃមួយមកចាប់ដៃរបស់នាងព្រមនៅទីនេះជាមួយនាងគឺជាអ្វីដែលនាងកំពុងត្រូវការបំផុត។
« អេននី ចូលចិត្តនាំមិត្តរបស់នាងទៅក្លឹបរាត្រីរបស់លោកប៉ានាងជាប្រចាំ ជាពិសេសសិស្សដែលប្រឆាំងនឹងនាងតែងតែត្រូវធ្វើបាបនៅក្នុងក្លឹបនោះ »
« លោកធ្លាប់ទៅទេ? » អារ៉ាន់ សួរទាំងទឹកមុខភ័យខ្លាចថាគេធ្លាប់ទៅកន្លែងអាក្រក់បែបនោះហើយធ្វើរឿងអាក្រក់បែបនោះដែរ។
« ធ្លាប់...»
អារ៉ាន់ ដកដៃចេញពីគេភ្លាម គ្រាន់តែលឺគេឆ្លើយបែបនេះ នាងចាប់ផ្តើមយល់ថាខកបំណងចំពោះគេភ្លាម។
« តែខ្ញុំមិនដែលចូលរួមជា អេននី ទេ តាមធម្មតាខ្ញុំទៅតែឯងដើម្បីផឹកស្រា »
អារ៉ាន់ ធូរចិត្តបន្តិចពេលលឺថាគេមិនបានចូលរួមជាមួយពួកស្រីៗទាំងអស់នោះ ប៉ុន្តែនៅតែខឹងដែលគេផឹកស្រានៅវ័យមួយនេះដដែល។
« លោកមិនអាចផឹកស្រានៅអាយុ១៨ឆ្នាំទេព្រោះវាខុសច្បាប់ »
« ហាសហា ខ្ញុំផឹកតាំងពីអាយុ ១៦ឆ្នាំមកម្លេះ ក្រែងនាងក៏ផឹកស្រាដែរ? កាលពីពិធីខួបកំណើតរបស់នាងឆ្នាំមុន ដបស្រាថ្លៃៗធ្លាក់រាយប៉ាយពេញពិធីខួបកំណើត » រីកគី សើចនឹងសម្តីសិស្សល្អ ហើយក៏រំលឹករឿងរបស់នាងពីមុនឲ្យនាងដឹងបន្តិច ថានៅក្នុងពិភពលោករបស់គ្រួសារអ្នកមានអំណាចដូចជាពួកគេមិនដែលខ្វល់អំពីច្បាប់ទាំងអស់នោះទេ។
« ខ្ញុំមិនផឹកស្រាទេ » នាងនៅតែប្រកែកទាំងមុខមានពិរុទ្ធព្រោះអ្នកដែលផឹកជា ហេអុីន តែមិនមែននាងទេ នាងមិនដែលផឹកស្រាហើយក៏មិនទៅក្លឹបដែរ។
« ខ្ញុំចូលចិត្តនាងដែលមិនផឹកស្រាដូចពេលនេះជាង » រីកគី លូកដៃចូលហោប៉ៅខោហើយបន្ទន់ខ្លួនឱនមុខមកជិតមុខរបស់នាង និយាយឡើងដោយសំឡេងស្រទន់មានមន្តស្នេហ៍ធ្វើឲ្យនាងមុខក្រហមអឹមអៀនរហ័សដើរគេចពីគេទៅយកមួកសុវត្ថិភាពមកពាក់ជាប់ក្បាលដើម្បីត្រៀមចេញដំណើរទៅវិញ។
រីកគី ញញឹមស្រស់ហើយក៏ងាកទៅយកមួកសុវត្ថិភាពលើម៉ូតូមកពាក់លើក្បាល ហើយឆ្លៀតសួរនាងពីគោលដៅបន្ទាប់។
« តើចង់ទៅហាងកាហ្វេវិញឬទៅផ្ទះតែម្តង? » គេសួរបែបនេះព្រោះឃើញថាយប់ជ្រៅណាស់ហើយ នាងប្រហែលមិនទៅរៀនបន្តជាមួយ ថេហ៊ូ ទៀតទេ។
« គឺទៅផ្ទះ ខ្ញុំបានផ្ញើសារប្រាប់ ថេហ៊ូ ឲ្យទៅផ្ទះមុនតាំងពីយើងមកដល់ទីនេះម្លេះ »
« យល់ព្រម » គេឆ្លើយយល់ព្រមហើយក៏ឡើងម៉ូតូបញ្ឆេះម៉ាស៊ីនដោយមានរាងស្តើងអង្គុយនៅកន្ទុយម៉ូតូលូកដៃឱបចង្កេះរបស់គេណែន។
ខ្យល់រាត្រីត្រជាក់តាមដងផ្លូវបក់ប៉ះរាងកាយទាំងទ្វេ ប៉ុន្តែបែរជាគ្មានអ្នកណាម្នាក់យល់ថារងាសោះ ព្រោះរាងកាយទាំងពីរទទួលបានភាពកក់ក្តៅពីទីតាំងដែលអឹបជាប់គ្នាណែន។ អារ៉ាន់ សម្លឹងដងផ្លូវដល់មមាញឹក ភ្លើងពណ៌តាមផ្លូវនិងភ្លើងឡានបន្តកន្ទុយគ្នា មុននឹងងើយទៅសម្លឹងព្រះច័ន្ទដែលរះនៅលើក្បាលរបស់នាងនិងគេ បរិយាកាសមួយនេះបានធ្វើចិត្តភ័យខ្លាចរាល់ពេលជិះម៉ូតូជាមួយគេរលាយបាត់ដូចជាផ្សែង ហើយជំនួយមកវិញនៅអារម្មណ៍ដែលកក់ក្តៅមានក្តីសុខលើសលប់ទៅវិញ។
នាងឱបចង្កេះគេកាន់តែណែន ស្នាមញញឹមលើមុខអ្នកឌុបកាន់តែរីកធំតាមចង្វាក់បេះដូងដែលលោតញាប់ញ័រតាមម៉ាស៊ីនម៉ូតូ។ ពេលវេលានៅជាមួយនាងធ្វើឲ្យគេបំភ្លេចចោលអស់នៅបំណងដំបូងដែលគេចូលមករកនាង ពេលនេះគេគ្រាន់តែចង់ធ្វើឲ្យនាងញញឹមរាល់ថ្ងៃតែប៉ុណ្ណោះ គេគ្រាន់តែចង់ឈរនៅក្បែរនាងហើយជួយដោះស្រាយបញ្ហាគ្រប់យ៉ាងជំនួយនាង គេចង់ការពារនាងពីពិភពលោកដល់អាក្រក់មួយនាងហើយឱបនាងនៅក្នុងវង្វេងដៃដ៏កក់ក្តៅរបស់គេ ។
រងចាំភាគបន្ត
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mystery / Thrillerសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...
