ប្តូរកាយវង្វេងស្នេហ៍(៥៧)

392 6 0
                                        

” កំហុសនៃភាពលោភលន់ ”

  មន្ទីរពេទ្យ

  « អ្នកជំងឺ គីម ហេអុីន ដឹងខ្លួនហើយ » គិលានុបដ្ឋាយិកាម្នាក់រត់មកប្រាប់សាច់ញាតិអ្នកជំងឺដែលអង្គុយរងចាំនៅខាងមុខបន្ទប់សម្រាកព្យាបាលរបស់អ្នកជំងឺទាំងពីរនាក់។ ដំណឹងនៅការដឹងខ្លួនរបស់ ហេអុីន បានធ្វើឲ្យអ្នកទាំងបីក្រឡេកមើលមុខគ្នាបង្ហាញសញ្ញាភ័យព្រួយ ព្រោះគ្មាននរណាម្នាក់ដឹងថា ហេអុីននិងអារ៉ាន់ ផ្លាស់ប្តូររាងកាយគ្នាវិញហើយឬនៅទេ ដូច្នេះពេលនេះធ្វើឲ្យគ្រប់គ្នាភ័យព្រួយជាខ្លាំង។
   រីកគី ដើរនាំមុខស្រ្តីចំណាស់ទាំងពីរចូលទៅក្នុងបន្ទប់ដែលរាងកាយស្តើងគេងនៅលើគ្រែសម្លឹងពិដានពណ៌សមុននឹងងាកមកចាប់អារម្មណ៍អ្នកទាំងបីនាក់ដែលចូលទៅក្នុងបន្ទប់។
    « រីកគី! អ្នកម៉ាក់! » រាងស្តើងហៅអ្នកដែលដើរចូលក្នុងបន្ទប់ទាំងកែវភ្នែករលីងលោង ធ្វើឲ្យអ្នកទាំងបីនាក់ឈរស្រឡាំងកាំងព្រោះមិនដឹងថាអ្នកដែលនៅចំពោះមុខរបស់ពួកគេពេលនេះជាអ្នកណាឲ្យពិតប្រាកដ។ ពេលរាងស្តើងឃើញថាអ្នកទាំងបីឈរស្រឡាំងកាំងព្រោះមិនទទួលស្គាល់នាង នាងក៏លើកដៃរបស់ខ្លួនមកពិនិត្យមើលហើយស្ទាបមុខខ្លួនឯងជាច្រើនដងដើម្បីបញ្ជាក់។
      « ខ្ញុំនៅតែស្ថិតនៅក្នុងរាងកាយរបស់ ហេអុីន មែនទេ? » នាងងាកមកសួរអ្នកទាំងបីទាំងទឹកមុខតក់ស្លុត។
      « អារ៉ាន់? » អ្នកស្រី ជីអា សួរត្រឡប់ទៅនាងវិញដោយសំឡេងខ្សឹបខ្សៀវដោយសោកស្តាយដែលការផ្លាស់រាងកាយមិនបានសម្រេច។
      « ពួកនាងមិនបានផ្លាស់ប្តូររាងកាយគ្នាវិញទេ? » អ្នកមីង ស៊ូហ៊ី ដកដង្ហើមធំដោយអស់សង្ឃឹម។
      រីកគី ឈរធ្មឹងមួយកន្លែងសម្លឹងមុខអ្នកនៅលើគ្រែអ្នកជំងឺមិនព្រិចហាក់ដូចជាគេកំពុងតែដំណើរការព័ត៌មានថ្មីៗដែលទើបទទួលបាននៅក្នុងខួរក្បាលរបស់គេ ហើយគិតវិភាគថាអ្វីដែលគេបានឃើញនិងស្តាប់លឺជាការពិតឬអត់។
      « ម៉ាក់! ហ៊ឹក! » រាងស្តើងនៅលើគ្រែយំសម្លឹងអ្នកស្រី ជីអា ដែលស្រក់ទឹកភ្នែកចូលទៅក្បែរនាងហើយឱបនាងនៅក្នុងដៃដោយសោកសៅ។
      « សុំទោសដែលមិនទទួលស្គាល់កូន » អ្នកស្រី ជីអា និយាយឡើងទាំងទឹកភ្នែកពេលកំពុងក្រសោបមុខកូនស្រីដោយក្តីស្រលាញ់អាណិតអាសូរ។
      « មិនអីទេ ម៉ាក់ ខ្ញុំមិនបន្ទោសម៉ាក់ទេ » នាងយំហើយស្រវ៉ាឱបអ្នកម៉ាក់ម្តងទៀតដោយក្តីនឹករលឹក។
     ក្រាក!
     ទ្វាបន្ទប់ស្រាប់តែបើកឡើងរំខានពេលវេលារបស់ម្តាយនិងកូនស្រី ទាក់ទាញឲ្យអ្នកនៅក្នុងបន្ទប់ទាំងអស់ងាកទៅសម្លឹងមើលនាងគ្រប់គ្នា។
     « រីក! » រាងស្តើងក្នុងឈុនអ្នកជំងឺស្ទុះចូលទៅឱបករាងក្រាស់ដែលឈរស្រឡាំងកាំងជាមួយនឹងវត្តមានភ្លាមៗរបស់នាងនិងការឱបយ៉ាងតឹងរបស់នាង។ ប៉ុន្តែប៉ុន្មានវិនាទីក្រោយមកគេក៏ទទួលស្គាល់វត្តមានរបស់នាងហើយលើកដៃឱបតបនាងវិញយ៉ាងលឿន។
      « បន្ទាប់ពីថ្នាក់រៀនជួបគ្នា...» រីកគី និយាយពាក្យដែលធ្វើឲ្យអ្នកដទៃផ្សេងទៀតជ្រួញចិញ្ចើមច្របូកច្របល់ ប៉ុន្តែមិនមែនជាអ្នកនៅក្នុងដៃរបស់គេនោះទេ។
      « បន្ទាប់ពីថ្នាក់រៀនជួបគ្នាលើដំបូល គូសពពកស្តាប់ភ្លេងនិងនិយាយគ្នាលេង » នាងតបជាមួយគេទាំងនៅឱបគេមិនលែង ក្រោយគេទទួលបានការឆ្លើយតបពីនាងហើយគេច្បាស់មួយរយភាគរយពេលនេះថានាងគឺជា អារ៉ាន់។
     « គឺអូនពិតមែន អារ៉ាន់ » រីកគី និយាយឡើងទាំងត្រេកអរហើយឱបនាងកាន់តែណែនដោយមិនចាប់អារម្មណ៍នឹងអ្នកជុំវិញខ្លួនគេនិងនាងឡើយ គេសប្បាយចិត្តណាស់ដែលនាងអាចត្រឡប់ទៅកាន់រាងកាយរបស់នាងវិញ ការដែលឱបនាងក្នុងរាងកាយពិតរបស់នាងធ្វើឲ្យគេមានអារម្មណ៍ល្អលើសពីពេលដែលគេឱបនាងនៅក្នុងរាងកាយរបស់ ហេអុីន មួយពាន់ដង គេចង់ឱបនាងបែបនេះពេញមួយថ្ងៃ ប៉ុន្តែគេត្រូវបង្ខំចិត្តដកខ្លួនចេញដើម្បីដោះស្រាយជាមួយមនុស្សស្រីកុហកបោកប្រាស់នៅលើគ្រែនោះសិន។
      « នេះមានន័យថាម៉េច? » អ្នកស្រី ជីអា សម្លឹងមុខរបស់អ្នកដែលនៅលើគ្រែឆ្លាស់គ្នានឹងអ្នកដែលឈរនៅលើក្បែរ រីកគី ពេលនេះ ទាំងទឹកមុខច្របូកច្របល់។
       « គឺនាងជា ហេអុីន  នាងបោកប្រាស់ពួកយើងម្តងទៀត » រីកគី ចង្អុលទៅអ្នកអង្គុយលើគ្រែ ដែលចាប់ផ្តើមលើដៃជ្រោងសក់ក្បាលដោយអារម្មណ៍ធុញថប់។
       « ឯងគឺ ហេអុីន? » អ្នកស្រី ជីអា ងាកទៅសួរអ្នកដែលអង្គុយលើគ្រែដែលមុននេះយំគួរឲ្យអាណិត ប៉ុន្តែពេលនេះបែរជាមានទឹកមុខធម្មតាទៅវិញ។
       « ខ្ញុំមើលងាយអ្នកទាំងពីរពេក » ហេអុីន សម្លឹងមើល រីកគីនិងអារ៉ាន់ ហើយលើកដៃជ្រោងសក់ម្តងទៀតដោយទឹកមុខចុះចាញ់។
       « សំណាងល្អដែលពួកយើងបានបង្កើតឃ្លាដែលមានតែពួកយើងទាំងពីរនាក់អាចយល់និងតភ្ជាប់បាន មុនពេលដែលពួកយើងត្រឡប់មកសេអ៊ូលដើម្បីរកវិធីប្តូររាងកាយវិញ កុំអីយើងនឹងត្រូវនាងបោកប្រាស់ម្តងទៀតមិនខាន » រីកគី ញញឹមឡើងពេលនឹកឃើញដល់ពេលវេលាដែលគេនិងអារ៉ាន់សម្រេចចិត្តបង្កើតឃ្លាសម្ងាត់របស់គេនិងនាង។

♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)Where stories live. Discover now