ប្តូរកាយវង្វេងស្នេហ៍(០៩)

55 4 1
                                    

ភាគ០៩

" បារម្ភ "

អារ៉ាន់ ដើររក រីកគី ពេញសាលាព្រោះចង់សួរគេពីរឿងដែលគេបានជួប មីនយូ នៅយប់ចុងក្រោយនោះ ប៉ុន្តែនាងដើរឡើងហត់ទៅហើយនៅតែរកគេមិនឃើញដដែល។
« អើយ...ហត់ណាស់! ពេលដែលមិនចង់ជួបក៏លេចមុខមករហូត តែពេលមានការចង់ជួប គេបាត់ក្បាលទៅណាក៏មិនដឹង » អារ៉ាន់ កំពុងឈររអ៊ូទាំងមួរម៉ៅទាំងហត់សុខៗនាងក៏ក្រឡេកឃើញដំបូលអគារសិក្សាដែលនាងធ្លាប់ឡើងទៅបានជួបគេកាលពីលើកមុន ទើបនាងញញឹមឡើងដោយក្តីសង្ឃឹមវិញ។
« សង្ស័យគេចទៅគេងទីនោះទៀតហើយ » អារ៉ាន់ រហ័សរត់សំដៅទៅអគារសិក្សាមួយនោះហើយឡើងជណ្តើរទៅជាន់លើដំបូលយ៉ាងលឿន។
ក្រាក!
អារ៉ាន់ បើកទ្វាឡើងទៅកាន់ដំបូលអគារទាំងហត់ដកដង្ហើមស្ទើរមិនដល់គ្នា ប៉ុន្តែនាងក៏ប្រញាប់ដើរទៅរកមើល រីកគី នៅតុដែលគេទុកចោលលើដំបូល ប៉ុន្តែក៏មិនបានឃើញគេដដែល ទើបនាងអស់សង្ឃឹមវិញមួយរំព្រិច។
« តើគេទៅណាទៅ? » អារ៉ាន់ ច្រត់ដៃនឹងចង្កេះឈរគិតរកមើលកន្លែងដែល រីកគី ចូលចិត្តទៅនៅក្នុងសាលាមួយនេះ។
« លើដំបូលអគារ សាលកីឡា ហើយនឹង...» នាងកំពុងចោលភ្នែកសម្លឹងទីតាំងដែលនាងកំពុងគិតដល់ពីលើដំបូលអគារទៅ រហូតប្រទះភ្នែកឃើញ រីកគីនិងជុនវ៉ុន កំពុងតែប្រឈរមុខជាមួយក្មេងពាលមួយក្រុមនៅបរិវេណស្ងាត់ខាងក្រោយសាលា។
« គេចង់វាយគ្នាទៀតហើយមែនទេ? » អារ៉ាន់ បើកភ្នែកធំៗលាន់មាត់ទាំងភ្ញាក់ផ្អើលហើយរហ័សរត់ចុះពីលើដំបូលអគារសំដៅទៅបរិវេណខាងក្រោយសាលាយ៉ាងលឿន។

បរិវេណស្ងាត់ខាងក្រោយសាលា
« អ្នកណាដាល់មុខរបស់ ជុនវ៉ុន » រីកគី គំហកសួរក្មេងពាលមួយក្រុមដែលនាំគ្នាធ្វើបាបមិត្តរបស់គេ។
« គឺយើងជាអ្នកដាល់ ឯងចង់យ៉ាងម៉េចហា៎? » សិស្សប្រុសមុខឌឺដើរចូលមករក រីកគី ទាំងក្លាហាន គេហ៊ានថាគេជាអ្នកដាល់ ជុនវ៉ុន ហើយថែមបង្ហុយផ្សែងបារីដាក់មុខរបស់ រីកគី ទៀត ពិតជាប្រហើនមិនស្គាល់ស្លាប់ពិតមែន។
ផឹប!
« អួយៗ »
សិស្សប្រុសដែលមុខឌឺឫកឡូយមុននេះក្លាយទៅជាកូនឆ្កែមួយរំព្រិច ពេល រីកគី ចាប់ដៃដែលកាន់បារីកាច់ស្ទើរតែបាក់។
« យើងប្រាប់ឯងហើយថាយើងមិនចូលចិត្តក្លិនបារីទេ » រីកគី ខ្សឹបដាក់ត្រចៀករបស់គេដោយសំឡេងឃោឃៅគួរឲ្យខ្លាច រួចក៏បន្ថែមសិស្សប្រុសម្នាក់នោះមួយជើងឲ្យខ្ទាតទៅរកក្រុមពួកគេវិញ។
« ពួកឯងនៅឈរធ្វើអីទៀត ឆាប់ចាត់ការពួកគេទៅ » សិស្សប្រុសមុននេះទប់ដៃដែលត្រូវឈឺដោយសារការកាច់របស់ រីកគី ហើយស្រែកឲ្យកូនចៅរបស់គេបួននាក់ចូលមកវាយ រីកគីនិងជុនវ៉ុន។
ឌឹបៗ
ឆាកប្រយុទ្ធយ៉ាងគគ្រឹកគគ្រេងចាប់ផ្តើមឡើង ពួកគេវាយតប់គ្នាតាំងពីដៃទទេរហូតអូសយកកំណាត់ឈើដែលគរចោលនៅក្បែរនោះមកវាយគ្នាទៀត។
អារ៉ាន់ រត់មកដល់ឃើញពួកគេវាយតប់គ្នាយ៉ាងគគ្រឹកគគ្រេងបែបនេះ នាងក៏ភ័យស្លន់ស្លោធ្វើអ្វីលែងត្រូវ។
« ឈប់! ខ្ញុំប្រាប់ឲ្យឈប់ណា...អា៎! » អារ៉ាន់ ស្រែកភ្លាត់សំឡេងពេលរាងក្រាស់ថយគេចពីដំបងឈើរបស់ក្មេងពាលមកប៉ះនាង នាងថយក្រោយគេចមិនទាន់ទើបអស់ជំហរដួលផ្ងារក្រោយ ។
ផឹប!
រីកគី រហ័សដៃឈោងស្រវ៉ាចង្កេះតូចមួយក្តាប់ដៃលើកនាងឲ្យឈរត្រង់ខ្លួនវិញ។
ដុក! ដាក់!
អារ៉ាន់ ឈរធ្មឹងមួយកន្លែងងើយសម្លឹងមុខរបស់គេមិនព្រិចភ្នែក នាងភ្លឹកលែងកម្រើកពេលបានដឹងពីចង្វាក់បេះដូងលោតញាប់របស់គេតាមរយៈបាតដៃរបស់នាងដែលដាក់នៅលើដើមទ្រូងរបស់គេ សំឡេងបេះដូងរបស់គេកំពុងតែដាស់ឲ្យបេះដូងរបស់នាងលោតញាប់ឡើងមិនឈប់ ក្តីស្រលាញ់ដែលនាងតាំងចិត្តបំភ្លេចរាល់ថ្ងៃក៏កើតឡើងមកវិញមួយរំព្រិច។
« ប្រយ័ត្ន! » អារ៉ាន់ ឈរភ្លឹកសុខៗក៏ស្រែកឡើងភ្លាត់សំឡេងពេលឃើញដំបងងារមកវាយ រីកគី ពីក្រោយ។ នាងខំបង្វិលខ្លួនប្តូរទីតាំងជាមួយគេក្រែងអាចជួយគេមិនឲ្យរបួសបាន ទោះនាងត្រូវរងរបួសជំនួសគេក៏មិនអីដែរ នាងអាចទ្រាំទ្រនឹងភាពឈឺចាប់នៅលើរាងកាយបាន ប៉ុន្តែនាងពិតជាមិនអាចទ្រាំនឹងភាពឈឺចាប់ក្នុងចិត្តបានទេ។
អារ៉ាន់ បិទភ្នែកដាក់ក្បាលអឹបនឹងដើមទ្រូងហាប់ណែនទាំងត្រៀមខ្លួនឈឺចាប់ដោយសារការវាយដោយដំបងជាស្រេច ប៉ុន្តែប៉ុន្មានវិនាទីកន្លងផុតទៅ នាងនៅតែមិនមានអារម្មណ៍ថាឈឺសោះ ទើបនាងសម្រេចចិត្តបើកភ្នែកឡើងមកវិញ។
« រីកគី! » នាងងើយសម្លឹងមុខរបស់គេហើយគេក៏ញញឹមស្រស់ដាក់នាងដូចដើម ទើបធ្វើឲ្យនាងងឿងឆ្ងល់ជាខ្លាំងក៏រហ័សងាកក្រោយមើលថាអ្នកដែលលើដំបងវាយនាងមុននេះទៅណាហើយ។
« បើនាងកើតអ្វីតែបន្តិច ខ្ញុំនឹងបំបាក់ដៃរបស់ឯងទាំងសងខាងមិនខានទេ » រីកគី យកដៃរបស់គេចាប់ដំបងរបស់ក្មេងពាលជាប់ណែន មិនឲ្យពួកគេប៉ះមនុស្សស្រីរបស់គេសូម្បីតែបន្តិច រួចគេក៏កញ្ចក់ទាញយកដំបងនោះមករួចវាយទៅលើក្មេងពាលនោះវិញ ទាំងនៅឱបនាងជាប់ក្នុងដៃម្ខាង។
ឌឹបៗ
« អួយ...នៅមិនបានទេ ឆាប់រត់សិនទៅ » ក្រុមក្មេងពាលគ្នាដែលបែកមុខបែកមាត់ដេកដួលរហ័សស្រវេស្រវាក្រោកឈររត់ទៅទាញមេក្រុមរបស់គេឲ្យរត់សិន។
« ឯងហ៊ានមានរឿងជាមួយពួកយើង ចាំមើលលោកបង ហាន់ស៊ូ មិនលើកលែងឲ្យឯងទេ » មេក្រុមក្មេងពាលលើកឈ្មោះ ហាន់ស៊ូ មកគំរាម រីកគី ហើយក៏នាំគ្នារត់ចេញទៅ។
« ពួកយើងមានរឿងជាមួយ ហាន់ស៊ូ ច្បាស់ជាពិបាកមិនខានទេ » ជុនវ៉ុន និយាយឡើងដោយក្តីបារម្ភ ព្រោះ ហាន់ស៊ូ ជាបងធំនៅក្នុងសាលារៀនមួយនេះ លោកប៉ារបស់គេជាឧត្តមសេនីយ៍ពាក់ផ្កាយបួន ពេល ហាន់ស៊ូ បង្ករឿងវាយតប់ម្តងៗគ្មានអ្នកណាហ៊ានប្តឹងឬចាប់គេនោះទេ ។
« គ្រាន់តែ ហាន់ស៊ូ ប៉ុណ្ណោះ ទៅខ្លាចអីទៅ » រីកគី និយាយឡើងយ៉ាងងាយដោយមិនខ្លាចអ្វី ហើយក៏ងាកមកញញឹមសម្លឹងមុខរបស់ស្រីក្រមុំនៅក្នុងដៃរបស់គេវិញ។
អារ៉ាន់ ឃើញគេងាកមកសម្លឹងមុខរបស់នាងហើយដៃគេរឹតតែឱបនាងកាន់តែណែន ទើបនាងប្រញាប់ច្រានគេចេញ ហើយថយចេញពីគេយ៉ាងលឿន។

♡ប្តូរកាយវង្វេងស្នេហ៍♡ Where stories live. Discover now