" ការបាត់ខ្លួនឯង ចូ មីនយូ "
ក្រាក!
អារ៉ាន់ ឈានជើងចុះពីលើឡានទាំងភ័យត្រជាក់ចុងដៃចុងជើង នាងគ្មានទំនុកចិត្តក្នុងការសម្លឹងមើលមុខគ្រប់គ្នាសោះ ទោះបីជាពេលនេះនាងនៅក្នុងរាងកាយរបស់ ហេអុីន ក៏ដោយ ប៉ុន្តែរឿងដែលកើតឡើងលើនាងកាលពីមួយខែមុនបានធ្វើឲ្យនាងបាក់ស្បាតខ្លាំងណាស់ នាងខ្លាចគេគ្រប់គ្នាចាប់បានថានាងមិនមែនជា ហេអុីន ហើយក៏នាំគ្នាជេរស្តីធ្វើបាបនាងទៀតខ្លាំងណាស់ ទើបគ្រាន់តែនាងដាក់ជើងជាន់លើឥដ្ឋក្នុងបរិវេណសាលាភ្លាម បេះដូងរបស់នាងក៏លោតញ័រភ័យខ្លាចភ្លាម។
« ហេអុីន! »
អារ៉ាន់ ក្រឡេកតាមសំឡេងស្រួយដែលស្រែកហៅ ហេអុីន ទើបបានឃើញ ដាអេ កំពុងរត់ចូលមករកនាងជាមួយស្នាមញញឹម។
« ហេអុីន ឯងជាស្បះស្បើយហើយមែនទេ? » ដាអេ ព្យាយាមតាមសម្លឹងមុខរបស់អ្នកដែលព្យាយាមគេចមុខពីនាងដោយឫកពារប្លែកៗដូចជាខ្លាចនាង ខុសពីទង្វើរបស់ ហេអុីន រាល់ដង ទើបនាងងឿងឆ្ងល់បន្តិច ឬក៏ពាក្យចចាមអារ៉ាមដែលគេនាំគ្នានិយាយថា ហេអុីន បាត់បង់ការចងចាំជាការពិត?។
" តិច ដាអេ ចំណាំខ្ញុំបានទៅ? " អារ៉ាន់ គិតក្នុងចិត្តទាំងភិតភ័យព្រោះ ដាអេ ជាមនុស្សដែលចូលចិត្តធ្វើបាបនាងជាងគេ។
« ហេអុីន ឯងចាំខ្ញុំបានទេ? » ដាអេ ទាញដៃ ហេអុីន ស្រែកសួរខ្លាំងៗដើម្បីដាស់ស្មារតីរបស់មិត្តដែលឈរឱនមុខចុះរហូតនោះឲ្យប្រែមកជា ហេអុីន ងើបមុខឡើងមិនខ្លាចអ្នកណាម្តងទៀត។
" ពិតមែនហើយពេលនេះសម្រាប់គ្រប់គ្នា ហេអុីន គឺបាត់បង់ការចងចាំ ដូច្នេះទោះខ្ញុំធ្វើទង្វើខុសពី ហេអុីន ក៏គ្មានអ្នកណាអាចចាប់បានដែរថាខ្ញុំជា អារ៉ាន់ " អារ៉ាន់ គិតហើយក៏ងើបមុខឡើងមកវិញសម្លឹងមុខរបស់ ដាអេ។
« ខ្ញុំចាំអ្វីមិនបានទេ »
« ខ្ញុំគឺ ដាអេ មិត្តរបស់ឯងនោះអី » ដាអេ ណែនាំខ្លួនប្រាប់មិត្តជាថ្មី។
« ដាអេ » អារ៉ាន់ ងក់ក្បាលហើយប្រឹងញញឹមចេញមកដាក់ ដាអេ។
« ឆាប់ទៅថ្នាក់រៀនទៅ បើឯងចង់ដឹងរឿងអ្វីអាចសួរខ្ញុំបាន » ដាអេ ហៅ ហេអុីន ទៅថ្នាក់រៀនហើយដើរនាំមុខ ហេអុីន ទៅ។ថ្នាក់ទី១២បន្ទប់លេខ០១
អារ៉ាន់ ប្រើរាងកាយ ហេអុីន ដើរមកថ្នាក់រៀនជាមួយ ដាអេ ដោយមានទំនុកចិត្តបន្តិច ពេលនាងគិតថាគ្មានអ្នកណាអាចចំណាំនាងបានឡើយ។ សិស្សទាំងអស់ដែលធ្លាប់តែនិយាយអាក្រក់ពីនាងនិងសម្លឹងមើលមកនាងដោយការស្អប់ខ្ពើម ពេលនេះពួកគេប្រែជានាំគ្នាថយទៅម្ខាងពេលឃើញនាងដើរមក ម្នាក់ៗសុខតែសម្លឹងមើលមកនាងដោយស្នាមញញឹម ប៉ុន្តែក៏មានអ្នកដែលមើលមកនាងដោយការកោតខ្លាចផងដែរ។ អារ៉ាន់ ដើរមកដល់មាត់ទ្វារបន្ទប់រៀនក៏បានជួបនឹង ថេហ៊ូ ទើបគេសួររាក់ទាក់នាង។
« ហេអុីន នាងជាស្បះស្បើយហើយមែនទេ? »
« នេះគឺ ថេហ៊ូ ជាប្រធានថ្នាក់របស់យើង » ដាអេ ណែនាំ ថេហ៊ូ មុន ព្រោះដឹងថា ហេអុីន បាត់បង់ការចង់ចាំ។
« ចាស ខ្ញុំជាស្បះស្បើយហើយ គ្រាន់តែចាំអ្វីៗពីមុនមិនបានប៉ុណ្ណោះ »
« បែបនេះពិបាកហើយ »
« ចាស »
ក្រោយពី ថេហ៊ូ ដើរចូលទៅក្នុងថ្នាក់បាត់ ដាអេ ក៏ងាកមកសួរនាង។
« ហេអុីន ហេតុអ្វីឯងឆ្លើយតបជាមួយ ថេហ៊ូ ដោយសំឡេងគួសមបែបនេះ? » ដាអេ ងាកមកសួរ ហេអុីន ពេលឃើញមិត្តឆ្លើយគួរសមខុសពីមុនដែលឆ្លើយសោះកក្រោះមិនចេះគួរសមដាក់អ្នកណា។
« ចឹងពីមុនខ្ញុំនិយាយយ៉ាងម៉េចទៅ? ឯងធ្វើឲ្យមើលបន្តិចបានទេ? »
« គឺឯងនឹងឈរឱបដៃបែបនេះ ហើយក៏ឆ្លើយថា របួសតិចតួចប៉ុណ្ណោះ » ដាអេ ត្រាប់់កាយវិការនិងសម្តីរបស់ ហេអុីន ពីមុនឲ្យអ្នកនៅចំពោះមុខមើល។
« សោះកក្រោះបែបនេះ » អារ៉ាន់ ងក់ក្បាលយល់ពីអ្វីដែល ដាអេ បានបង្ហាញប្រាប់ពីអត្តចរិតរបស់ ហេអុីន ពីមុនហើយក៏ដើរចូលថ្នាក់។ អារ៉ាន់ ចូលមកដល់ក្នុងថ្នាក់នាងក៏សម្លឹងមើលតុក្រោយគេនៅជាប់ជញ្ជាំងដែលជាតុរបស់នាងពីមុន តើគ្មានអ្នកណាយកផ្កាមកដាក់នៅលើតុរបស់នាងដើម្បីកាន់ទុក្ខទេឬ? ។
« នៅឈរធ្វើអ្វីទៀតឆាប់ចូលតុទៅ »
ដាអេ ចូលមកតាមក្រោយហៅនាងឲ្យចូលតុ ទើបនាងព្រមដកភ្នែកពីតុរបស់នាងពីមុនហើយចូលអង្គុយតុជាមួយ ដាអេ វិញ។
« ហេអុីន ឯងប្តូរទូរស័ព្ទថ្មីហើយមែនទេ? »
« ទូរស័ព្ទចាស់របស់ខ្ញុំខូចពេលជួបគ្រោះថ្នាក់ហើយ ទើបប្តូរថ្មី » អារ៉ាន់ លើកទូរស័ព្ទពីក្នុងកាតាបមកបង្ហាញ ដាអេ។
« ឲ្យទូរស័ព្ទមក ចាំខ្ញុំទាញឯងចូលគ្រុបសាលារៀននិងគ្រុបថ្នាក់របស់យើង »
« គ្រុបមែនទេ? » អារ៉ាន់ លាន់មាត់ទាំងភ្ញាក់ផ្អើល ព្រោះពីមុននាងមិនធ្លាប់ត្រូវគេទាញចូលគ្រុបមិត្តក្នុងថ្នាក់និងសាលារៀនទេ ព្រោះពួកគេសុទ្ធតែស្អប់នាងមិនចង់រាប់អាននាង ប៉ុន្តែពេលនាងនៅក្នុងរាងកាយរបស់ ហេអុីន គ្រប់គ្នាក៏ស្វាគមន៍នាង។
« ពិតមែនហើយគ្រុបសាលានិងគ្រុបថ្នាក់របស់យើង ឯងនៅក្នុងគ្រុបគឺប្រៀបដូចជាតារាល្បីប្រចាំប្រទេសអញ្ចឹង អ្នកដែលទទួលបានការឆ្លើយតបពីឯងគឺជាមនុស្សសំណាងបំផុត »
« អរ...» អារ៉ាន់ ចំហរមាត់ពេលលឺបែបនេះហើយ ហេអុីន ពិតជាមានប្រជាប្រិយភាពនៅក្នុងសាលារៀនពិតមែន សមនឹងឈ្មោះថាព្រះនាងប្រចាំសាលារបស់នាងខ្លាំងណាស់។
តុកៗ
« កូនសិស្សសុំអនុញ្ញាតផង » សំឡេងគោះទ្វាដែលបើកចំហរស្រាប់ហើយនឹងសំឡេងគ្រលរចម្លែកធ្វើឲ្យសិស្សគ្រប់គ្នាក្នុងថ្នាក់ចោលភ្នែកទៅសម្លឹងវត្តមានរបស់បុរសពីរនាក់ដែលមានពាក់កាតប៉ូលីសនៅនឹងក។
" ប៉ូលីសមកធ្វើអ្វី? "
" តើមានរឿងអ្វី? "
សំឡេងសិស្សខ្សឹបខ្សៀវគ្នាបន្លឺឡើងពេញក្នុងថ្នាក់រៀន។
« ស្ងាត់បន្តិចទៅ! ថ្ងៃនេះពួកយើងមកទីនេះព្រោះរឿងក្តីបាត់ខ្លួនរបស់សិស្សឈ្មោះ ចូ មីនយូ...ប្រធានថ្នាក់! » លោកប៉ូលីសស្រែកហៅរកប្រធានថ្នាក់ ទើប ថេហ៊ូ ក្រោកឈរឡើង។
« បាទ »
« ឯងជាប្រធានថ្នាក់មែនទេ? ជួយយកតារាងឈ្មោះសិស្សទាំងអស់មកឲ្យខ្ញុំបន្តិច »
ថេហ៊ូ យកតារាងឈ្មោះទៅប្រគល់ឲ្យប៉ូលីសតាមការស្នើរសុំភ្លាមៗ។
« ឥឡូវនេះសិស្សទាំងអស់ឆាប់ចេញទៅខាងក្រៅថ្នាក់ហើយតម្រង់ជួរ ខ្ញុំនឹងហៅសិស្សម្តងម្នាក់ចូលមកក្នុងថ្នាក់ដើម្បីសួរចម្លើយម្តងម្នាក់ »
បានលឺសម្តីរបស់ក្រុមផ្នែកស៊ើបអង្កេតហើយ សិស្សទាំងអស់ក៏នាំគ្នាចេញទៅខាងក្រៅអស់។
![](https://img.wattpad.com/cover/376183787-288-k596443.jpg)
YOU ARE READING
♡ប្តូរកាយវង្វេងស្នេហ៍♡ (ចប់)
Mistério / Suspenseសាលាវិទ្យាល័យ សាន់ហ៊ូ គឺជាវិទ្យាល័យលំដាប់លេខមួយក្នុងប្រទេសដែលមានតម្លៃសិក្សាថ្លៃបំផុត សិស្សដែលចូលរៀននៅសាលាមួយនេះភាគច្រើនសុទ្ធសឹងតែជាកូនអ្នកមានលំដាប់ប្រទេសឬក៏ជាសមាជិករបស់ក្រុមហ៊ុន សាន់ហ៊ូ គ្រុប ។ យូន អារ៉ាន់ ជាក្មេងកំព្រាក្រីក្រដែលមានបំណងប្រាថ្នាចង់បា...