លង់ស្នេហ៍នាយកម្លោះ
ភាគទី០៤(ច្បាប់ការងារវណ្ឌ័ករ)
មុខសង្ហាសំឡឹងមើលទៅនាងតូចជិតៗបន្តិចមុននឹងក្រោកនាំខ្លួនចេញឆ្ងាយពីនាងដែលផ្ដល់ឱកាសដល់នាងតូចឲ្យបានសម្របខ្លួនព្រមទាំងលូកដៃទាញសៀវភៅច្បាប់ការងារយកមកមើល។
"ព្រះជាម្ចាស់៤លានវ៉ុន?" ខេតធឺរីនក៏បែរជាធ្លោយមាត់កាលបើនាងបានឃើញប្រាក់ខែដែលមាននៅដើមក្រដាសមួយនោះ តែនាងក៏ប្រញាប់លើកដៃខ្ទប់បបូរមាត់រួចងាកមើលទៅលោកអគ្គនាយកបន្តិច គាត់ទម្លាក់ខ្លួនអង្គុយនៅលើសាឡុងរួចលើកពែងកាហ្វេចឹបបែបហីៗ ខេតនាងក៏សម្រួលអារម្មណ៍រួចបើករំលងទៅកាន់ផលចំណេញដែលនៅពីលើនោះបន្ថែមទៀត។
"នាងនឹងទទួលបានប្រាក់៥០%នៃប្រាក់ខែបន្ថែមទៀតនៅចុងឆ្នាំ បើសិននាងជាបុគ្គលិកដែលធ្វើការបានល្អ នាងក៏នឹងទទួលបានសេវាធានាសុខភាពពីក្រុមហ៊ុនផងដែរ" នាយក៏និយាយឡើងបំណងចង់បញ្ជាក់ប្រាប់នាងជាមុននឹងរង់ចាំស្ដាប់ប្រតិកម្មតបរបស់នាងដូចជាអម្បាញ់មិញ តែបែរជាស្ងាត់មិនលឺសំឡេងនាងនិយាយឆ្លើយតបអ្វីសោះ អ៊ែនហ្សូក៏ប្រញាប់បែរខ្លួនមើលទើបឃើញថានាងកំពុងអង្គុយអានសៀវភៅនោះឡើងជ្រួញចិញ្ចើមអស់ទៅហើយ។
"ព្រឹកឡើងរឿងដំបូងគឺត្រូវទៅអាផាតមិនលោកអគ្គនាយក រៀបចំសម្លៀកបំពាក់ នាឡិកា ក្រវ៉ាត់ករនឹងអ្វីដែលគាត់ត្រូវការ" អានដល់ត្រឹមនេះខេតនាងក៏កាន់តែមិនយល់ទៅហើយ នាងដៀងភ្នែកមើលទៅលោកអគ្គនាយកបន្តិចរួចក៏ភ្ញាក់ ព្រោះមិនស្មានថាលោកអគ្គនាយកកំពុងតែអង្គុយសំឡឹងមើលមកនាងដូចគ្នា ស្រីតូចក៏អោនមុខចុះរួចព្យាយាមអានពីច្បាប់ការងារបន្តទៀត។
"ត្រូវធ្វើអាហារពេលព្រឹកជូនលោកនាយករឺនៅពិសារអាហារពេលព្រឹកបានជាគ្នាជាមួយលោកអគ្គនាយក- អេ៎! បើជ្រុលជាចឹងលោកមិនដណ្ដឹងខ្ញុំធ្វើជាប្រពន្ធតែម្ដងទៅ បម្រើគ្រប់សព្វ" ស្រីតូចក៏ធ្លោយមាត់និយាយតាមអារម្មណ៍នឹងចារិករបស់នាង អ៊ែនហ្សូដែលនៅអង្គុយក្បែរនោះក៏អង្គុយគងអន្ទាក់ខ្លារួចបែរមើលទៅខាងក្រៅឯណោះ។
"ចុះនាងមិនចង់បានការងារធ្វើទេ?" គេក៏បោះគ្រាប្រយោគមួយដែលជាឃ្លាប្រយោគដែលខេតនាងមិនអាចនឹងបដិសេធបានដូចគ្នា ព្រោះនាងគ្មានជម្រើសបើសិនជានាងបណ្ដោយឲ្យឱកាសការងារមួយនេះរបូតបាត់ទៅទៀត នាងច្បាស់ជាអស់ផ្លូវរស់ជាមិនខានឡើយ។
"ចង់.." ខេតធឺរីនឆ្លើយតបដោយសំឡេងស្រាលទៅកាន់នាយវិញរួចក៏ក្រោកកាន់សៀវភៅច្បាប់ការងារនោះបំណងយកទៅទុកនៅឯទូរខាងនោះវិញ។
"ឈប់សិន.." អ៊ែនហ្សូក៏ឃាំងឃាត់នាងដោយប្រើខ្សែភ្នែកសំឡឹងមើលទៅនាងតាំងពីក្បាលដល់ចុងជើងរួចចងចិញ្ចើមកាលបើឃើញការស្លៀកពាក់មិនសមសួនរបស់នាងពេលនោះ។
"នេះនាងមិនដឹងថាគួរតុបតែងខ្លួនបែបណាដើម្បីធ្វើការនៅការិយាល័យទេហេស៎?"អ៊ែនហ្សូនិយាយហាក់សង្កត់ធ្ងន់ទៅលើនាង កាលបើគ្រាន់តែជាការស្លៀកពាក់សោះ ខេតធឺរីនក៏អោនសំឡឹងមើលការស្លៀកពាក់របស់ខ្លួនរួចងើបមុខសំឡឹងទៅកាន់នាយបន្តិច។
"តែវាមិនសមសួនត្រង់ណាទៅលោកអគ្គនាយក? យ៉ាងហោចក៏ខ្ញុំមិនបានស្លៀកបញ្ចេញសាច់រឺក៏អាក្រក់ជ្រុលមកធ្វើការឯណា?" ដោយហេតុថានាងជាមនុស្សចូលចិត្តតបតរទៅវិញគ្រប់ពេល អាចនិយាយបានថានាងតែងតែជាសសរគ្រឹះចាក់មាំដើម្បីខ្លួនឯងតាំងពីដើមមកទើបនាងប្រញាប់ក្រោកឈរតទល់ជាមួយនឹងអគ្គនាយកវ័យក្មេងម្នាក់នោះវិញភ្លាម។
"ខោអាវនេះតែយាយៗក៏គាត់មិនស្លៀកទៅផ្សារផងហើយនាងក៏យកវាស្លៀកមកធ្វើការ..នាងគិតថាក្រុមហ៊ុននេះជាស្អីហាស៎!!!!" អ៊ែនហ្សូតម្លើងសំឡេងធ្ងន់ដាក់ខេតធឺរីនព្រមទាំងសំឡឹងនាងទាំងកំហឹងតែម្ដង តែគ្រានោះក៏មានបុរសម្នាក់រួចទ្វារចូលមកតាមក្រោយរួចក៏បានលឺថាអគ្គនាយកកម្លោះតែសម្លុតទាំងខឹង។
"លោកអគ្គនាយក..មានឯកសារខ្លះត្រូវសុីញ៉េទាន៎ ក្មួយខេតទៅចាក់ទឹកតែជូនលោកអគ្គនាយកបន្តិចមក" គាត់ក៏យកឱកាសនោះឲ្យខេតធឺរីនបានចេញទៅក្រៅបណ្ដោះអាសន្នសិន នាងតូចក៏អោនមុខចុះទាំងមុខក្រៀមរួចបោះជំហានចាកចេញទៅបាត់ ក្រសែភ្នែកមុតពោរពាសដោយកំហឹងក៏សំឡឹងមើលទៅនាងមិនដកសោះ។
"បន្ធូរដៃឲ្យនាងខ្លះទៅទាន៎ នាងនៅក្មេង មិនធ្លាប់មានបទពិសោធន៍លើការងារពីមុនឡើយទាន៎..លោកអគ្គនាយកក៏មិនមែនចេះតែខឹងដោយគ្មានមូលហេតុដែរមែនទេ?"
"មកពីចេះតែបន្ធូរដៃដូចជាលោកយ៉ុងនឹងឯង បានជាគ្រប់គ្នាហាក់មិនសូវខ្វាយខ្វល់ពីច្បាប់ទម្លាប់អីបន្តិចសោះ" លោកយ៉ុងជាអតីតលេខាឯណោះក៏អស់សំណើចរួចទម្លាក់ឯកសារដែលយកមកទុកលើតុ។
"នាងតូចនេះហាក់រំលឹកខ្ញុំដល់កាលដែលលោកហូស៊ុកនាំលោកអគ្គនាយកមកហាត់រៀនការងារដំបូងអញ្ចឹង លោកអគ្គនាយកក៏នៅចាំពេលដែលលោកអគ្គនាយកច្រឡំពាក់ស្បែកជើងប៉ាតាមកធ្វើការហើយត្រូវលោកហូស៊ុកថាឲ្យនោះច្បាស់នៅឡើយត្រូវទេ?" ពាក្យសម្ដីលោកយ៉ុងស្ដាប់ទៅធម្មតាតែហាក់ដូចជាអ្វីម៉្យាងដែលពញ្ញាក់ដល់អារម្មណ៍របស់អ៊ែនហ្សូអញ្ចឹង គេក៏ព្រលែងខ្យល់ដង្ហើមបន្តិចរួចដាក់ខ្លួនផ្អែកនឹងសាឡុងនោះ។
"លោកយ៉ុង.."
"ទទួលបញ្ជាទាន៎.." លោកយ៉ុងក៏ញញឹមកាលបើបានលឺចៅហ្វាយនាយប្រើទាំងក្នុងស្ថានភាពបែបនេះ ច្បាស់ណាស់គាត់ប្រាកដជាបានស្ដាប់នឹងឈ្វេងយល់ពីការដាស់តឿនរបស់គាត់មុននោះ។
...
"ហ៊ឹក..អាបុិនាយកឆ្កួត..យាយៗឯណាពាក់អាវផ្កាចឹងទៅផ្សារនោះ? ហ៊ឹក ឡប់សតិ" ខេតធឺរីនឈរឆុងតែបណ្ដើរនិយាយឡូឡាយំសោកបែបមិនសុខចិត្តម្នាក់ឯងដដែល ស្រីតូចក៏ឈរមើលពីមុខកញ្ចក់ត្បិតនាងគិតថានាងស្លៀកឈុតនេះមិនមានអ្វីខុសឡើយ។
"អាងតែមានលុយចង់និន្ទាគេយ៉ាងមិចក៏បានអញ្ចឹងហេស៎ ហ៊ឹក..ហ៊ឺ" ខេតធឺរីននិយាយផងយំផង តែនាងក៏ប្រញាប់លើកដៃជូតទឹកភ្នែករួចឈរឲ្យត្រង់កាលបើលោកអគ្គនាយកចេញមក គេងាកមើលនាងបន្តិចរួចបោះជំហានចេញទៅ លោកយ៉ុងដែលដើរតាមពីក្រោយឯណោះសុីញ៉ូឲ្យនាងទៅតាមអ៊ែនហ្សូ ខេតធឺរីនមិនបង្អង់ក៏ប្រញាប់បោះជំហានរត់ទៅតាមភ្លាម។
"លោក..ហ៊ឹក..លោកអគ្គនាយកទៅណា?" បានលឺសំឡេងដង្ហក់យំរបស់នាងបន្តិចអ៊ែនហ្សូក៏ងាកមើលទៅនាងបន្តិចរួចបន្តដំណើររហូតដល់ឡាននឹងមានអង្គរក្សចាំបើកទ្វារឲ្យគេចូល។
"យើងជូននាងទៅរើសឈុត.."
"ចាស៎?" ខេតធឺរីនក៏ភាំងកាលបើបានលឺអ្វីដែលលោកអគ្គនាយកបាននិយាយមុននេះ អ៊ែនហ្សូក៏ងើបមើលមុខនាងបន្តិចរួចចងចិញ្ចើមបន្តិច។
"នេះនាងមិនឡើងឡានទេ? នាងត្រូវតែមានឈុតសមសួនជាងនាង ព្រោះបើដើរទៅណាជាមួយឈុតបែបនេះបាក់មុខយើងជាអគ្គនាយកអស់ជាមិនខាន"
"ខ្លួនគេសោះនឹង បាក់មុខអី"
"សម្រេចថាទៅទេ?"
"ចាស៎ទៅ.." ខេតធឺរីនក៏មិនបង្អង់ប្រញាប់ទៅអង្គុយបាំងខាងមុខជាមួយតៃកុងរកតែអ៊ែនហ្សូឃាត់មិនទាន់ គ្រានោះឡានក៏បើកនាំពួកគេចេញទៅបាត់តែម្ដង៕
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន