ភាគទី១០

809 50 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគទី១០

ត្រឡប់មកកាន់បច្ចុប្បន្នវិញ
ខេតធឺរីនក៏អង្គុយសញ្ជឹងស្ដាប់ពីគ្រប់ហេតុផលដែលកើតឡើងពីក្រោយភាពភ័យខ្លាចរបស់គេទាំងអស់នោះ នាងក៏ស្រាប់តែកើតមានចិត្តអាណិតដល់នាយកកម្លោះម្នាក់នេះជាពន់ពេក។
(គេកើតមកក្នុងត្រកូលមហាសេដ្ឋី មានលុយមានឡាន មានផ្ទះល្អៗនៅនឹងមានបងប្អូនប៉ាម៉ាក់ចាំយល់ចិត្ត តែគេក៏បែរជាលាក់បាំងនូវអតីតកាលដ៏សែនឈឺចាប់បែបនេះ...)
ខេតនិយាយក្នុងចិត្តម្នាក់ឯងបណ្ដើរភ្នែកក៏ងាកសំឡឹងមើលទៅកាន់ម្ចាស់កាយសង្ហាដែលអង្គុយនៅជិតនោះផង ការសំឡឹងដ៏ចម្លែករបស់នាងក៏ធ្វើឲ្យអ៊ែនហ្សូជ្រឹមចិញ្ចើមបន្តិចរួចសំឡឹងបកមកនាងវិញ។
"អីយ៉ូយមែនហើយ! ខ្ញុំភ្លេចទៅថាខ្ញុំដាំទឹកទុកស្រុះមី លោកនាយកចាំមួយភ្លែតណា៎.." កាលបើឃើញគេសំឡឹងមើលមកនាងវិញខេតធឺរីនក៏ប្រញាប់យកលេសក្រោកចេញពីសាឡុងនោះភ្លាមតែម្ដង អ៊ែនហ្សូក៏មិនបាននិយាយអីតែក៏ក្រវីក្បាលនឹងអាការៈផ្លាស់ប្ដូររហូតមិនឈប់របស់នាង នាយក៏ងាកមើលទៅនាឡិកាប៉ោលដែលព្យួរជាប់នឹងជញ្ជាំងរួចក៏ឃើញថាវាយប់គួរសមដែរហើយ គេក៏មិនគួរនៅផ្ទះកូនក្រមុំគេយូរថ្នាក់នឹងដែរ។
"ខេត..គឺថា.."
ភឹប!!!!
"អ្ហាយ៎" នៅសុខៗភ្លើងក្នុងផ្ទះនាងក៏ដាក់ភឹប មិនមែនតែផ្ទះនាងមួយឡើយតែមួយតំបន់ដែលនាងរស់នៅនោះគឺដាច់ឡើងងងឹតស្លុបទាំងអស់តែម្ដង អ៊ែនហ្សូក៏ងាកភ្នែកមើលទៅកាន់ម្ចាស់សំឡេងរួចបែរបំណងដើរទៅមើលនាងតែក៏បែរជាត្រូវបានរាងកាយតូចដែលទើបតែដើរទៅមុននោះរត់ស្ររចូលមកអោបគេជាប់។
"នាង.." អ៊ែនហ្សូដឹងដល់រាងកាយនាងដែលកំពុងតែញ័រទទ្រើតដូចជាកូនសត្វនោះ នាយក៏មិនបាននិយាយអីច្រើនតែក៏លូកដៃទាញបើកពិលទូរសព្ទ័រួចបញ្ចាំងវាទៅរកជញ្ជាំងម្ខាងដើម្បីឲ្យក្នុងផ្ទះបានភ្លឺខ្លះ។
"នាងល្អិត..ល្មមលែងដៃបានហើយរឺនៅ?" ក្រោយបញ្ចាំងភ្លើងឲ្យភ្លឺពេញផ្ទះទៅហើយ អ៊ែនហ្សូក៏ចាប់អារម្មណ៍អោនទៅសួរអ្នកដែលអោបផ្ទប់ក្បាលនឹងទ្រូងគេឯណោះ ខេតធឺរីនក៏ងើបក្បាលឡើងតិចៗរួចងាកមើលជុំវិញខ្លួន ឃើញថាវាលែងងងឹតដូចជាពេលមុននេះទៀតហើយទើបនាងប្រញាប់ដកខ្លួនចេញពីការអោបនោះភ្លាម។
"នាងខ្លាចងងឹតហេស៎?" អ៊ែនហ្សូក៏សួរនាំទៅនាងគ្រាដែលគេដើរតាមនាងទៅកាន់ផ្ទះបាយឯណោះ ខេតក៏ចូលទៅរៀបចំលើកឆ្នាំងមីស្រុះចុះមកព្រមជាមួយនឹងភ្នែកងាកមើលទៅអ៊ែនហ្សូបន្តិច។
"មិនខ្លាចទេ..គ្រាន់តែមិនទម្លាប់" ខេតធឺរីននិយាយហំហួនខ្លាំងទាំងដែលមុននេះនាងរត់មកអោបគេឡើងញ័រសស្រាក់ដូចជាកូនសត្វទៅហើយ។
"លោក..លោកនាយក" ដោយនាងមាត់រឹងខ្លាំងពេក អ៊ែនហ្សូក៏បង្វិលពិលចេញនាំឲ្យខាងដែលនាងឈរនោះនាំឲ្យវាឡើងងងឹត ហើយវាក៏បានផលពិតមែន ព្រោះនាងស្រាប់តែឧទានហៅគេភ្លាម។
"យើងនៅទីនេះ..នាងហៅអីក៏ហៅម៉្លេះ ផ្ទះមិនដែលដាច់ភ្លើងទេរឺយ៉ាងមិច?"
"ទើបតែលោកនាយកមកនេះទេដែលដាច់នោះ.."
"នេះនាងចង់ថាយើងចង្រៃហេស៎?"អ៊ែនហ្សូក៏ទម្លាក់ខ្លួនអង្គុយនៅតុអាហារដែលនៅក្បែរនោះ គេក៏ងាកភ្នែកមើលទៅនំបុ័ងកាត់មួយដុំដែលនៅក្បែរនោះ រួចក៏ងាកមើលទៅរាងកាយស្គមតូចរបស់នាង ការគិតមួយក៏លោតឡើងក្នុងខួរក្បាលនាយ។
(នេះនាងមិនមានសូម្បីតែលុយទិញអាហារត្រឹមត្រូវញ៊ាំហេស៎?)
"គួរតែយល់ហើយ នាងខ្ញុំមិនចាំបាច់បកស្រាយ" ខេតក៏ឆ្លើយតបស្របនឹងដៃកាន់ចានគោម២ចេញមកដោយមួយដាក់ពីមុខគេ ចំណែកឯមួយទៀតក៏ដាក់ពីមុខអ៊ែនហ្សូភ្លាម។
"យើងមិនញ៊ាំទេ នាងញ៊ាំចុះ! យើងត្រូវទៅវិញហើយព្រោះវាក៏យប់ណាស់ហើយក្រែងអ្នកផ្ទះនាងមើលមកមិនសមរម្យ" អ៊ែនហ្សូក៏ងើបឡើងបំណងចង់ចាកចេញតែទ្វារផ្ទះខាងក្រោយរបស់ខេតក៏ស្រាប់តែលឺសំឡេងក្រិកៗដូចជានរណាម្នាក់ព្យាយាមបើកចូលមក នាយក៏ងាកបែរមើលទៅនាងតែខេតក៏ប្រញាប់នាំខ្លួនក្រោករួចប្រញាប់ទៅទាញទូរទឹកកកតូចរបស់នាងរុញផ្ទប់ទ្វារនោះជាប់ហាក់បីដូចជាវាកើតឡើងញឹកញាប់ដល់ថ្នាក់នាងទម្លាប់ទៅហើយ។
(អូនស្រី..បើកទ្វារឲ្យ)
ផាំង!ផាំង
ទ្វារនោះក៏ត្រូវគោះកាន់តែខ្លាំងដល់ថ្នាក់អ៊ែនហ្សូមិនអាចនៅស្ងៀមបានតែក៏ប្រញាប់ទាញទូរទឹកកកតូចនោះចេញរួចបើកទ្វារភ្លាម។
"ឯងជាអ្នកណា? មិចក៏មកនៅផ្ទះស្រីស្អាត..អឹក" បុរសប្រមឹកម្នាក់នោះមិនទាន់និយាយចបផងក៏ត្រូវអ៊ែនហ្សូចាប់ក្របួចករអាវរួចរុញទៅឆ្ងាយបន្តិច ដៃរហ័សទាញរនាស់រាស់ដីនៅជាប់ទ្វារខាងក្រោយនោះភ្ជុងករគេ បុរសដែលពុតជាស្រវឹងដើម្បីមករំខានខេតនោះក៏សភ្នែករួចប្រញាប់អង្គុយត្រង់ខ្លួន។
"មេត្តាដោះលែងខ្ញុំទៅលោក.."
"បើសិនជាយើងឃើញឯងមករញ៉េរញ៉ៃនៅផ្ទះនេះម្ដងទៀត ឯងច្បាស់ជាស្លាប់ជាមិនខានឡើយ មើលមាត់យើងឲ្យច្បាស់..ទៅ!!!!" អ៊ែនហ្សូគំហកមួយទំហឹងដេញបុរសម្នាក់នោះ គេក៏មិនបង្អង់រួចប្រញាប់ក្រោករត់ចេញទៅយ៉ាងលឿនតែម្ដង ក្រោយពីដោះស្រាយរួចនាយក៏ងាកមើលមកខេតធឺរីនដែលនៅឈរធ្មឹងនៅទីនោះ អ្វីដែលគេអាចមើលឃើញនោះជាកែវភ្នែកបែបភ័យខ្លាចរបស់នាង។
"នាងរស់នៅក្នុងជីវិតបែបនឹងបានយ៉ាងមិចទៅ?"
"ចុះខ្ញុំមានជម្រើសអីផ្សេងទេ? លោកជាកូនអ្នកមានកើតមកមានតែអ្នកចាំការពារឆ្វេងស្ដាំ មានលុយមានឡានជិះទោះជាមិនធ្វើការរកសុីអ្វី ចុះខ្ញុំ? បើសិនជាខ្ញុំមិនខំធ្វើការ ខ្ញុំក៏គ្មានអាហារយកមកដាក់លើតុដើម្បីញ៊ាំដែរ" ខេតធឺរីនឆ្លើយតបទៅគេទាំងទឹកមុខមាំទាំ តែទឹកថ្លាមួយតំណក់ក៏ស្រក់ចេញពីថ្ពាល់របស់នាង ស្រីតូចក៏លើកដៃជូតវាចេញរួចដើរចេញពីទីនោះ អ៊ែនហ្សូក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចដើរទៅអង្គុយនៅតុអាហារនោះជាថ្មី ខេតឯណោះនាងក៏ដើរហួសទៅកាន់សាឡុងដើម្បីយកទូរសព្ទ័នឹងកាបូបនាង តែនាងក៏ភ្ញាក់បន្តិចកាលបើបានឃើញមនុស្សម្នាក់ផ្ញើសារមកនាងទាំងដែលពីដើមមកពួកនាងមិនដែលនិយាយគ្នារឺក៏ស្និតស្នាលគ្នាខ្លាំងគួរឲ្យកត់សម្គាល់សោះ។
(ខេត..នេះគឺអាន់ណាណា៎..)
(ចុងសប្ដាហ៍នេះឯងទំនេរទេ? យើងចង់បបួលឯងញ៊ាំបាយមួយពេលណា៎...)

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now