ភាគ៦០+៦១

587 31 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៦០

ង៉ោង!
ឡានខ្មៅរលើបរបស់អ៊ែនហ្សូក៏បើកលឿនស្លេវចាកចេញពីបរិវេណមន្ទីរពេទ្យមួុយកន្លែងនោះ គេបើកលឿនស្លេវនាំយកវត្តមានរបស់លោកដុកទ័រម្នាក់នោះទៅជាមួយនឹងគេផងដែរ ព្រោះមានតែគាត់ទេដែលអាចដឹងពីអាការៈរបស់នាងច្បាស់ជាងនរណាៗទាំងអស់។
"អ្នកនាងខេតធឺរីនមានជម្ងឺនេះយូរឆ្នាំមកហើយបើតាមការពិនិត្យមើលរបស់ខ្ញុំ អាការៈនាងកាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃបើសិនជាបញ្ហាផ្លូវចិត្តរបស់នាងមិនល្អនឹងនាំឲ្យនាងគិតច្រើន អ្វីដែលសំខាន់នោះគឺជៀសវាងមិនឲ្យនាងមានរបួសប៉ះពាល់ផ្នែកក្បាលជាដាច់ខាត បើមិនដូច្នោះជម្ងឺនាងនឹងកាន់តែយ៉ាប់ជាមិនខាន" កាន់តែស្ដាប់លោកដុកទ័រមានប្រសាសន៍ទ្រូងខាងឆ្វេងរបស់អ៊ែនហ្សូកាន់តែចុកអួលណែនខ្លាំងលើសដើមថែមមួយកម្រិតទៀតផងដែរ។
(នាងមានរបួសហេតុអីក៏មិនប្រាប់យើង? នាងបណ្ដោយឲ្យយើងធ្វើរឿងទាំងនោះអញ្ចឹងហេស៎?)
(ហេតុអីក៏ខ្ញុំត្រូវប្រាប់? លោកក៏ដូចគ្នា បើលោកលែងគិតអ្វីមកលើខ្ញុំហើយហេតុអីក៏មិនទុកឲ្យខ្ញុំស្លាប់ទៅ?)
រាល់ពាក្យសម្ដីដែលនាងនិយាយមកកាន់គេនាគ្រានោះហាក់លោតឡើងមកក្នុងការចងចាំរបស់គេជាថ្មីដែលនាំឲ្យគេកាន់តែចុកផ្សាក្រោយពីដឹងពីហេតុផលដែលនាងនិយាយពាក្យទាំងនោះមក ទឹកថ្លាមួយតំណក់បំណងនឹងហូរស្រក់ចុះមកក៏ត្រូវដៃមាំទាំម្ខាងលូកជូតវាសចេញ សម្រួលអារម្មណ៍ដើម្បីស្ដាប់លោកដុកទ័រនិយាយបន្តទៀត។
"អ្នកនាងខេតក៏ធ្លាប់និយាយថាអ្នកនាងមិនចង់ឲ្យលោកមកលំបាកជាមួយនឹងនាង នាថ្ងៃដែលអ្នកនាងខេតដឹងថាខ្លួនមានជម្ងឺនាងក៏គេងយំមួយសន្ទុះធំតែម្ដង.."
"ហើយលោកក៏យល់ព្រមលាក់រឿងទាំងនោះពីសាច់ញាតិរបស់អ្នកជម្ងឺទៀត? លោកជាដុកទ័រប្រភេទណា?" អ៊ែនហ្សូក៏ពោលឡើងនាំឲ្យលោកដុកទ័រម្នាក់នោះព្រលែងខ្យល់ដង្ហើមធ្ងន់រួចផ្អែកខ្នងនឹងពូកឡាន។
"បើសិនវាជាបំណងចុងក្រោយរបស់អ្នកជម្ងឺទៅហើយ ក្នុងនាមខ្ញុំជាគ្រូពេទ្យមិនអាចធ្វើអ្វីបានឡើយក្រៅពីគោរពទៅតាមការសម្រេចចិត្តរបស់នាង" អ៊ែនហ្សូក្ដាប់ចង្កូតឡានសឹងតែបាក់ម្រាម ជើងព្យាយាមជាន់ហ្គែរកាន់តែលឿនជាងមុនទៅទៀត។
២០នាទីក្រោយពួកគេក៏បានមកដល់ផ្ទះមាត់សមុទ្រដែលអ៊ែនហ្សូចាកចេញទៅមុន គ្រាន់តែឡានឈប់ងក់ភ្លាមអ៊ែនហ្សូក៏បើកទ្វាររត់ចេញពីឡានមុនគេបង្អស់តែម្ដង គេមកដល់ក៏បានឃើញវត្តមានម្ដាយរបស់គេឈរយំ ភ្នែកឡើងក្រហមរងាលអស់ទៅហើយ។
"ខេតបាត់តាំងពីពេលណាទៅម៉ាក់? ហេតុអីក៏.." អ៊ែនហ្សូមិនទាន់និយាយចប់នៅឡើយផងក៏ត្រូវបានម្ដាយហុចនូវសំបុត្រមួយច្បាប់ដែលមានសភាពសើមបន្តិច ប្រៀបដូចជាដាបទៅដោយសន្សើមទឹកភ្នែកនឹង...
ឈាម...
អ៊ែនហ្សូក៏ប្រញាប់ទទួលយកសំបុត្រនោះភ្លាមព្រមជាមួយនឹងសភាពញីញ័រខុសប្រក្រតី ដៃមាំលូកបើកសំបុត្រនោះឡើងរួចក៏សំឡឹងមើលទៅខ្លឹមសារដែលនាងបានសរសេរទុកនៅក្នុងនោះ៖
[ជូនចំពោះលោកអគ្គនាយក...អូនគិតថាបើសិនជាអូនប្រើសព្វនាមបែបនេះជាមួយនឹងបង ប្រហែលជាអាចកាត់បន្ថយភាពឈឺចាប់របស់បងបានខ្លះត្រូវទេ? ហ៊ឹម! ថ្ងៃដែលអូនតែងតែខ្លាច ពេលវេលាដែលអូនមិនចង់ឲ្យវាមកដល់តែវាក៏នៅតែមករកអូន... ដំបូងអូនគិតថាបលសិនជាអូនចាកចេញឆ្ងាយពីបង ប្រើគ្រប់មធ្យោបាយឲ្យបងខឹងនឹងអស់ចិត្តប្រហែលជាអូនអាចធ្វើឲ្យបងស្អប់នឹងបំភ្លេចមនុស្សស្រីដែលគ្មានទីពំនាក់ដូចជាអូននេះ...]
"ស្រីល្ងង់.." អ៊ែនហ្សូពោលពាក្យទាំងនោះឡើងស្របនឹងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់ គេវាសភ្នែកសំឡឹងមើលទៅជ្រុងម្ខាងនៃសំបុត្រក៏ឃើញមានស្នាមឈាមប្រតាកនៅលើនោះ បបូរមាត់ក៏ញ័រឡើងតែគេក៏យកដៃទល់បបបូរមាត់រួចអានខ្លឹមសារបន្តទៀត៖
[អូនមិនចង់ឲ្យបងបានដឹង មិនចង់ឲ្យបងលំបាក ហើយក៏រឹតតែមិនចង់ឲ្យបងរស់នៅត្រាំត្រែងជាមួយនឹងភាពឈឺចាប់ពេលដែលអូនចាកចេញទៅ...រាល់ពេលដែលបងឈរសំឡឹងមើលមកអូន បានឃើញពីភាពឈឺចាប់ដែលបង្ហាញតាមរយៈក្រសែភ្នែករបស់បង អូនចង់តែក្រោកឡើងនឹងរត់ទៅអោបបង លួងលោមបងនឹងប្រាប់បងគ្រប់យ៉ាងថាអូនមិនបានបំភ្លេចបង អូនមិនបានឈប់ស្រឡាញ់បងសូម្បីតែមួយវិនាទីណាឡើយ...]
"តែអូនក៏ធ្វើឲ្យបងក្លាយជាមនុស្សល្ងង់..មនុស្សល្ងង់ដែលហ៊ានលើកដៃធ្វើបាបមនុស្សជាទីស្រឡាញ់របស់ខ្លួនឯង ខេត.." ស្កាលេតដែលនៅឈរកៀកក្បែរនោះក៏នាំខ្លួនចូលមកកាន់ក្រសោបស្មារបស់កូនប្រុសជាប់នាំរួចសំឡឹងមើលទៅកាន់សំបុត្រទាំងភ្នែកដាបដោយទឹកភ្នែកដូចគ្នា។
[ចុងក្រោយអូនគ្រាន់តែចង់ឲ្យបងថែរក្សាខ្លួន អូនបានរៀបចំគ្រប់យ៉ាងនៅឯអាផាតមិនទុកឲ្យបងរួចហើយ កាំបិតនឹងរបស់មុតស្រួចដែលបងខ្លាចក៏អូនប្រមូលវាចោលអស់ដែរ បងត្រូវហ៊ានប្រឈមមុខជាមួយនឹងគ្រប់យ៉ាងដែលអាចនឹងកើតឡើង បងត្រូវតែរឹងមាំនឹងដើរបន្តទៅមុខទៀតបើទោះជាគ្មានវត្តមានអូននៅចាំកាន់ដៃបងទៅក៏...បងនឹងរកបាននារីល្អម្នាក់នៅថ្ងៃណាមួយ នារីដែលល្អគ្រប់យ៉ាងនឹងមិនអាត្មានិយមចាកចោលបងទាំងបែបនេះ... អូនស្រឡាញ់បង ស្រឡាញ់បំផុតក្នុងមួយជីវិតនេះ អរគុណដែលបងធ្វើឲ្យប៉ុន្មានឆ្នាំនៅសេសសល់របស់អូនមានន័យបែបនេះ.. ពីអូន ខេតធឺរីន ម៊ែររី]
"អត់ទេ...អូនមិនអាចទៅណាចោលបងទេខេត..អត់ទេ" ក្រោយពីបញ្ចប់ឃ្លាប្រយោគដែលមាននៅក្នុងក្រដាសនោះរួចមក អ៊ែនហ្សូគេក៏មិនអាចនៅស្ងៀម ជើងមាំប្រញាប់បោះជំហានចាកចេញទៅកាន់ឆ្នេរសមុទ្រ គេរត់ពីឆ្នេរម្ខាងទៅឆ្នេរម្ខាងទៀតនឹងព្យាយាមរកមើលនាងគ្រប់កន្លែងទាំងអស់ តែនាយក៏មិនបានឃើញសូម្បីតែស្រមោលនាង។
"អ៊ែនហ្សូ..នាងទៅហើយកូន ហ៊ឹក" ស្កាលេតកាលបើបានឃើញកូនប្រុសបែបនេះនាងក៏និយាយឡើងរួចរត់ទៅតាមគេ ដៃទាំងសងខាងរបស់ម្ដាយក៏ស្រវាអោបក្រសោបកូនប្រុសដែលវង្វេងសតិអស់គ្មានសេសសល់កាលបើបាត់ដំណឹងរបស់មនុស្សស្រីជាទីស្រឡាញ់នោះ អ៊ែនហ្សូទម្លាក់ជង្គង់ចុះអុកនឹងខ្សាច់រួចសម្ងំយំក្នុងរង្វង់ដៃម្ដាយ ស្កាលេតក៏អោបកូនរួចអង្អែលខ្នងគេទៅមក។
"នាងប្រហែលជាហត់នឿយណាស់ហើយកូន នាងប្រហែលជាត្រូវការកន្លែងអាចលាងខួរក្បាលនាងខ្លះហើយ.." ពាក្យសម្ដីរបស់ម្ដាយក៏ហាក់ដូចជាដាស់តឿនសតិរបស់គេឲ្យមានការចងចាំមកវិញ គិតដល់ទីកន្លែងមួយដែលគេមិនអាចបំភ្លេចបាន ហើយគេក៏គិតថាខេតនាងនឹងមិនភ្លេចពីវាដូចគ្នា។
"ខ្ញុំដឹងថានាងនៅទីណាហើយ..."

រាត្រីឈានចូលមកដល់..
ក្រោយពីចាកចេញពីគេមក អ្នកដែលមានជម្ងឺជាប់ខ្លួនម្នាក់នេះមិនអាចទៅណាបានឆ្ងាយឡើយ នាងបានត្រឹមតែរត់ទាំងត្រដាបត្រដួសមកកាន់កន្លែងមួយដែលអាចឲ្យនាងចំនាយដង្ហើមដែលនៅសេសសល់នៅទីនោះបាន។
កែវភ្នែកថ្លាយ៉ង់មានដាបទៅដោយទឹកថ្លារាប់សិបតំណក់ ហូរស្រក់ម្ដងមួយតក់ៗកាលបើនាងសំឡឹងមើលទៅពន្លឺព្រះចន្ទភ្លឺថ្លាកំពុងតែតែបញ្ចេញពន្លឺស្រស់ត្រកាលមកលើឆ្នេរសមុទ្រធំល្វឹងល្វើយនេះ ដៃតូចស្រឡូនលូកអោបក្រសោបខ្លួនឯងទាំងកាយននាលលើថ្មលយចូលច្រាំងសមុទ្រ កន្លែងដំបូងដែលនាងធ្លាប់បានមកដល់ក្នុងមួយជីវិតនេះ ក៏ជាកន្លែងដំបូងដែលនាងមកជាមួយនឹងបុរសជាទីស្រឡាញ់នាង។
"ព្រះចន្ទយប់នេះស្អាត..បើសិនជាបងបានមើលវាជាមួយអូនមិនដឹងជាល្អយ៉ាងណាទេអ៊ែនហ្សូ.." ស្រីតូចពោលនិយាយតែម្នាក់ឯង ដៃម្ខាងក៏លើកឡើងបំណងដូចជាចង់ប៉ះកាន់ព្រះចន្ទដែលនៅលើមេឃឯណោះ តំណក់ឈាមក្រហមឆ្អិនក៏ហូរចេញពីច្រមុះរបស់នាង ទឹកមុខរបស់នាងក៏កាន់តែស្លេកស្លាំងលើសដើម។
"អរគុណបងសម្រាប់កន្លែងដ៏ស្រស់ស្អាតមួយនេះ.." ខេតញញឹមរួចនាងងាកមើលទៅម្ខាង កន្លែងដែលគេធ្លាប់អង្គុយ កន្លែងដែលនាងធ្លាប់ក្រឡេកឃើញស្នាមញញឹមរបស់គេតែវាគ្មានទៀតទេ គេលែងមានស្នាមញញឹមជូននាងទៀតហើយ នាងក៏លែងមានឱកាសឃើញវាទៀតដែរ។
ខេតធឺរីនងើយក្បាលឡើយបិទភ្នែកសម្រក់ទឹកភ្នែកព្រមទាំងពេបយំ រាងកាយនាងហាក់គ្មានកម្លាំងកំហែងអ្វីសូម្បីតែបន្តិចសោះឡើយ ភ្នែកនាងក៏ស្រវាំងបន្តិចម្ដងៗមើលអ្វីលែងច្បាស់ ខេតក៏បានត្រឹមលើកយកក្រដាសម៉្យាងមកអោបជាប់នឹងទ្រូងរួចបិទភ្នែកអធិដ្ឋាន។
"អរគុណសម្រាប់ជីវិតមួយនេះ..អរគុណសុីសស្ទឺខូលីន ហើយក៏សុំទោសដែលខេតមិនអាចរក្សាជីវិតខ្លួនឯងដូចជាបំណងរបស់សុីសស្ទឺ.. សុីសស្ទឺអារ៉ូនីនិយាយត្រូវ ជីវិតមនុស្សយើងផ្ដើមនឹងបញ្ចប់តែងតែស្ថិតក្នុងចំណុចរួមដដែល ខ្ញុំកើតមកតែម្នាក់ឯង ពេលដែលខ្ញុំ..ចាកចេញ..ក៏..តែម្នាក់...ឯង"
គ្រឹប!
ដៃតូចស្រឡូនដែលអោបរាងកាយខ្លួនឯងនោះក៏ស្រាប់តែធ្លាក់ស្តាកចុះស្របនឹងវត្តមានរបស់អ្នកដែលរត់ពីចម្ងាយនោះមកដល់ ផ្ទៃមុខតូចច្រមិចរបស់នាងក៏បែរទៅជ្រុងម្ខាងដែលមានអ្នករត់មកនោះ ទឹកថ្លាមួយតំណក់ក៏ហូរកាត់ផែនថ្ពាល់នាងស្របនឹងត្របកភ្នែកបិទចុះស្រាលៗ
(បងមិនគួរមកទេ...)
(កុំមើលមកអូន បងមិនគួរមកឃើញអូនក្នុងសភាពបែបនឹងទេ អ៊ែនហ្សូ...)
"ខេត!!!!!!!!!"

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now