លង់ស្នេហ៍នាយកកម្លោះ
ភាគ៥៨+៥៩"ត្រង់..ត្រង់នេះហើយ" ស្កាលេតនិយាយស្របពេលដែលនាងនឹងខេតធឺរីនជួយគ្នាគ្រារាងកាយមាំទាំរបស់អ៊ែនហ្សូម្នាក់ម្ខាងឡើងទៅកាន់បន្ទប់សម្រាកនៅខាងលើឯណោះ ខេតធឺរីនក៏ផ្ដេកដាក់គេឲ្យគេងនៅលើពូកទន់ល្មើយឯណោះ។
កែវភ្នែកថ្លាយ៉ង់សំឡឹងមើលទៅកាន់ភាពទ្រុឌទ្រោមរបស់បុរសជាទីស្រឡាញ់ ពាក្យសម្ដីនឹងការអោបរឹតទាំងភ័យខ្លាចនឹងឈឺចាប់របស់គេអម្បាញ់មិញនោះនៅលោតពេញក្នុងខួរក្បាលនាងនៅឡើយ គេតែងតែផឹករាល់ពេលដែលគេស្មុគស្មាញ ហើយគេក៏តែងតែអង្វរករនឹងបង្ហាញភពឈឺចាប់ចេញមករាល់ពេលដែលគេស្រវឹង។
"ខេត.." ការសំឡឹងមើលរបស់ខេតព្រមជាមួយនឹងភាពស្រងូតស្រងាត់ដែលបង្ហាញតាមរយៈទឹកមុខរបស់នាងក៏ធ្វើឲ្យចាស់ទុំដែលឈរសំឡឹងមើលនាងពីជ្រុងម្ខាងនៃបន្ទប់មានភាពងឿងឆ្ងល់ព្រមទាំងមានអារម្មណ៍ថាមិនស្រួល។
"លោកស្រីនៅមើលកូនប្រុសលោកស្រីចុះ ខ្ញុំទៅលាយទឹកក្ដៅយកមកឲ្យគេចាត់ទុកថាប៉ះប៉ូវការដែលគេជួយរុំរបួសឲ្យខ្ញុំទៅចុះ" ខេតធឺរីនក៏និយាយកាត់មនុស្សចាស់ដោយនាំខ្លួនក្រោកចេញពីគ្រែនោះរួចដើរសម្ដៅទៅកាន់បន្ទប់ទឹក ស្កាលេតនាងក៏ចងចិញ្ចើមរួចបោះជំហានបំណងចង់ចូលទៅមើលកូនប្រុសម្ដងតែផ្ទៃបាតជើងក៏បែរជាជាន់លើអ្វីម៉្យាងដែលនាំឲ្យនាងប្រញាប់ដកជើងចេញ។
សក់ប្រវែងវែងជាច្រើនសរសៃធ្លាក់នៅទីនោះហើយវាក៏បន្តទៅតាមដំណើរចាកចេញរបស់ខេតធឺរីន វាក៏ជាផ្នែកមួយដែលនាំឲ្យស្កាលេតកាន់តែមានភាពមិនស្រួលទើបប្រញាប់ចូលទៅតាមនាងរហូតដល់បន្ទប់ទឹក។
"ខេត..ខេតកូនកើតអី? សក់កូន..សក់កូនជ្រុះច្រើនណាស់ ខេត" ស្កាលេតកាលបើឃើញខេតធឺរីនជ្រុះសក់ជាច្រើនតាំងពីកន្លែងសាឡុងអង្គុយរហូតមកដល់ក្នុងបន្ទប់ទឹកនាងក៏កាន់តែភ្ញាក់ព្រោះសក់ខេតជ្រុះសឹងតែចង់ឃើញលលាដ៏ក្បាលទៅហើយ។
"លោកស្រីកុំខ្វល់ជាមួយខ្ញុំអី លោកស្រីទៅអង្គុយឲ្យស្រួលចុះ បើលោកស្រីមានបញ្ហាអីទៅកូនប្រុសលោកស្រីអាចនឹងសម្លាប់ខ្ញុំក៏ថាបាន.. ខ្ញុំមិនចង់មានបញ្ហាជាមួយគេទៀតទេ.." ខេតធឺរីនព្យាយាមច្បាមប្រមូលសក់ដែលធ្លាក់លើឥដ្ឋក្នុងបន្ទប់ទឹកនោះរួចចោលក្នុងធុងសម្រាម នាងព្យាយាមប្រើសម្ដីបែបហីៗទៅកាន់ស្កាលេតបំណងចង់ឲ្យគាត់ខឹងស្អប់នាងដូចជាអ្វីដែលនាងបានធ្វើលើអ៊ែនហ្សូ តែវាមិនស្របតាមការគិតរបស់នាងឡើយ ស្កាលេតចូលមករកនាងអោបក្រសោបនាងជាប់ទាំងភ្នែករលីងរលោង..
"កូនមានរឿងអីខេត? កូនលាក់ជាមួយប្រុសហ្សូបាន តែកូនមិនអាចលាក់ពីម៉ាក់បានទេ.. កូននិយាយមក" ការអោបក្រសោបពីស្ត្រីដែលខេតស្រឡាញ់នឹងគោរពដូចជាម្ដាយ ស្ត្រីតែម្នាក់ដែលផ្ដល់ឱកាសឲ្យនាងបានប្រើប្រាស់ពាក្យថាម៉ាក់ជាលើកដំបូងក្នុងមួយជីវិតនេះ នាងមិនបំភ្លេចពីគុណរបស់គាត់ឡើយ ហើយនាងក៏កាន់តែមិនអាចឲ្យគាត់មករកទុក្ខដោយសារតែការចាកចេញរបស់នាងដែរ។
(ឲ្យខ្ញុំសុំទោសផងម៉ាក់...ខ្ញុំសុំទោស)
"បានហើយលោកស្រី..ខ្ញុំមិនមានពេលនិយាយអ្វីច្រើនទេ ខ្ញុំនឹងជូតខ្លួនឲ្យគេនឹងអាលបានទៅសម្រាក...សង្ឃឹមថាលោកស្រីនឹងមិនរារាំងខ្ញុំទៀតទៅចុះ" ខេតធឺរីនក៏ប្រញាប់ដកខ្លួនចេញពីការអោបក្រសោបនោះទាំងចិត្តមិនចង់ តែនាងក៏មិនអាចខ្ចីស្មាកក់ក្ដៅនោះមកកើយបានយូរឡើយ នាងមិនអាចឲ្យម្ដាយរបស់នាយបានដឹងឡើយថានាងកំពុងតែគ្រាំគ្រាជាមួយនឹងជម្ងឺនោះ។
"ខេត.."
ព្រូស!
....
ល្ងាចបន្តិច!
ក្រោយពីស្រវឹងអស់មួយរសៀលកន្លងទៅអ៊ែនហ្សូក៏ដឹងខ្លួនឡើងតិចៗក្បាលក៏ធ្ងន់ដូចជាគេយកដុំថ្មមកសង្កត់ក្បាលអញ្ចឹងដែរ នាយក៏ក្រោកនាំខ្លួនឡើងទាំងនៅវិលមុខតិចៗរួចក៏ងាកភ្នែកមើលជុំវិញខ្លួនដូចជាកំពុងតែព្យាយាមរកវត្តមានរបស់នរណាម្នាក់ប្រញាប់អញ្ចឹង។
"ខេត..នាងទៅណា?" សំឡេងគ្រលរធំបន្លឺឡើងពីដើមកររបស់ម្ចាស់កាយមាំទាំដែលនៅអង្គុយលើគ្រែឯណោះ មួយសន្ទុះទ្វារក៏បើកឡើងសន្សឹមៗស្របនឹងវត្តមានកាយមាំទាំបោះជំហានចុះពីលើពូកសម្ដៅទៅរកអ្នកដែលចូលមកនោះ។
"នាង..អ្នកម៉ាក់" ដំបូងឡើយគេគិតថាអ្នកដែលបើកទ្វារចូលមកនោះជាខេតធឺរីនតែគេក៏បែរជាគិតខុសព្រោះតែអ្នកដែលចូលមកនោះជាវត្តមានរបស់អ្នកម៉ាក់គេទៅវិញទេ ស្ត្រីចំណាស់ក៏នាំខ្លួនចូលមកខាងក្នុងព្រមជាមួយនឹងបបរនឹងភេសជ្ជៈជួយបន្ថយភាពស្រវឹងរបស់គេ។
អ៊ែនហ្សូក៏មិនបានខ្វល់ច្រើននឹងប្រញាប់នាំខ្លួនចេញពីទីនោះទៅទាំងកម្រោលតែម្ដង ស្កាលេតកាលបើឃើញកូនបង្ហាញចារិកបែបនេះនាងក៏ក្រវីក្បាលទាំងតឹងចិត្តរួចប្រញាប់ចេញទៅតាមគេភ្លាម។
"ខេតធឺរីន ម៊ែររី!!! នាងនៅឯណា? លឺយើងហៅទេ?"
"ប្រុសហ្សូ..បានហើយ!! នាងកំពុងតែសម្រាក" កាលបើគ្រាន់តែបានលឺកូនប្រុសតំឡើងសំឡេងភ្លាម ស្កាលេតក៏ប្រញាប់ឃាត់នឹងរត់ទៅតាមគេកាន់តែលឿន តែក៏មិនឈ្នះភាពក្រោធខឹងរបស់កូនប្រុស គេលូកដៃបើកទ្វារបន្ទប់របស់ខេតធឺរីនមួយទំហឹងសឹងតែបាក់ទ្វារ មុននឹងឈរធ្មឹងមួយកន្លែង។
ជើងមាំទាំបោះជំហានមួយៗចូលទៅរកម្ចាស់កាយតូចដែលកំពុងតែដេកស្ដូកស្ដឹងនៅលើគ្រែ ដៃមានបន្ដោកសឺរ៉ូមជាប់ព្រមជាមួយនឹងទឹកមុខស្លេកស្លាំងជាខ្លាំងតែម្ដង អ៊ែនហ្សូមិនបង្អង់ក៏ប្រញាប់ចូលទៅរកនាងរួចលូកដៃកាន់ប៉ះថ្ងាសរបស់នាងស្រាលៗ ក្បាលនាងត្រជាក់ស្រេបដូចជាទឹកកក គេក៏ប្ដូរពីស្ទាបក្បាលនាងមកជាកាន់ក្រសោបម្រាមដៃនាងឲ្យប្រាកដថានាងមិនអីទេ ព្រោះដៃនាងនៅក្ដៅៗនៅឡើយ។
"នាង..នាងកើតអី? អ្នកម៉ាក់.." អ៊ែនហ្សូដែលមិនដឹងរឿងក៏ប្រញាប់សួរទៅកាន់ម្ដាយភ្លាម កែវភ្នែកក្រហមទែងរបស់គេបូកផ្សំនឹងភាពភ័យខ្លាចតាមរយៈខ្សែភ្នែកគេក៏នាំឲ្យអ្នកជាម្ដាយឯណោះកាន់តែធ្ងន់ចិត្តលើសដើម។
"នាងស្រាប់តែសន្លប់ ម៉ាក់ក៏បានហៅដុកទ័រក្បែរផ្ទះនេះមកមើលគេដាក់សឺរ៉ូមឲ្យនាងរួចគេក៏ប្រាប់ឲ្យយើងទៅរកមើលលទ្ធផលជម្ងឺដែលនាងធ្លាប់បានមើលពីមន្ទីរពេទ្យមួយកន្លែង ព្រោះម៉ាក់បានឃើញរបស់មួយនេះនៅក្នុងហោប៉ៅនាង" ស្កាលេតក៏ទាញយកក្រដាសមួយពីក្នុងហោប៉ៅនាងមកបង្ហាញ អ៊ែនហ្សូក៏ប្រញាប់បើកវាមើលភ្លាមរួចក៏ឃើញថាវាជាពេទ្យដែលគេធ្លាប់នាំនាងទៅកាលពីនាងសន្លប់ប៉ុន្មានខែមុននោះ។
"ម៉ាក់..ខ្ញុំ! ម៉ាក់នៅទីនេះហើយ ខ្ញុំនឹងទៅពេទ្យនោះ.." ស្កាលេតមិនបាននិយាយអីតែក៏ងក់ក្បាលឆ្លើយតបជាមួយនឹងសំណើររបស់កូនប្រុស អ៊ែនហ្សូឯណោះក៏ប្រញាប់រត់ចេញទៅយ៉ាងលឿនតែម្ដង ស្កាលេតនាងក៏ឈរមើលកូនប្រុសពីបង្អួចខាងលើទៅទាំងអន្ទះសារក្នុងចិត្តែម្ដង នាងលើកដៃបួងសួងសុំឲ្យកូនប្រុសនាងទៅនឹងដឹងពីរឿងរ៉ាវនោះឲ្យលឿនបំផុត។
"ព្រះអើយ! ជួយកូនៗរបស់ខ្ញុំផង..." ពាក្យសម្ដីបួងសួងរបស់ស្កាលេតក៏នាំឲ្យអ្នកដែលកំពុងតែដេកស្ដូកនៅលើគ្រែនោះស្រក់ទឹកភ្នែកមួយតំណក់តាមកន្ទុយភ្នែក។
....
នៅតាមផ្លូវ អ៊ែនហ្សូក៏បើកឡានដូចជាហោះតែម្ដងព្រោះគេចង់ប្រញាប់ទៅឲ្យដល់មន្ទីរពេទ្យមួយនោះ ដៃមាំក៏លូកកាន់ក្ដាប់ក្រដាសលេខរៀងដែលមានឈ្មោះខេតនោះជាប់ណែនព្រមជាមួយនឹងភាពច្របូកច្របល់នៅក្នុងចិត្ត។
"វាជាអីទៅខេត? អូនលាក់បាំងអីជាមួយនឹងបង? ហាស៎" អ៊ែនហ្សូនិយាយទាំងញ័រដៃទទ្រើត គេក៏បត់ឡានចូលទៅកាន់ផ្លូវក្នុងក្រុងយ៉ាងលឿនតែម្ដង។
ប្រហែលជា១៥នាទីក្រោយគេក៏មកដល់មន្ទីរពេទ្យនោះតាមបំណង ឡានខ្មៅរលើបឈប់ចតនៅចំពីមុខអាគារពេទ្យរួចក៏ប្រញាប់នាំខ្លួនចូលទៅខាងក្នុង គេរត់កាត់អ្នកជម្ងឺជាច្រើនក្នុងនោះដើម្បីទៅកាន់តុសួរព័ត៌មាន។
"អត់ទោសលោកមានអ្វីឲ្យពួកយើងជួយទេ"
"ខ្ញុំចង់ជួបដុកទ័រនេះ.." អ៊ែនហ្សូក៏បង្ហាញក្រដាសនោះទៅកាន់គ្រូពេទ្យ នាងក៏ងក់ក្បាលរួចចុចឆែកមើលអ្វីម៉្យាង។
"លោកមានបានណាត់លោកដុកទ័រជាមុន..ផាំង"
"យើងមិនត្រូវការណាត់អ្នកណាទុកជាមុនទេ ពេទ្យនោះនៅឯណាឆាប់ឲ្យគេចេញមកជួបយើងភ្លាម..." អ៊ែនហ្សូក៏ស្រែកគំហកមួយទំហឹងដល់ផ្អើលពេញក្នុងមន្ទីរពេទ្យ មួយសន្ទុះដុកទ័រម្នាក់ដែលគេរកនោះគេចេញមកល្មមព្រោះតែសំឡេងឡូឡានោះ គាត់មកដល់បានឃើញអ៊ែនហ្សូគាត់ក៏ហាក់ដឹងភ្លាម។
"សូមលោកមកតាមខ្ញុំ.." អ៊ែនហ្សូក៏ទាញអាវខ្លួនឲ្យមានរបៀបបន្តិចរួចប្រញាប់ចូលទៅតាមលោកដុកទ័រភ្លាម មកដល់ខាងក្នុងនាយក៏បានឃើញថាគេជាអ្នកឯកទេសផ្នែកខួរក្បាល នាយក៏ដាក់ខ្លួនអង្គុុយលើកៅអីរួចសំឡឹងមើលទៅអេក្រង់LEDដែលលោកដុកទ័របានបង្ហាញនោះ គេបានឃើញពីការវិវត្តនៃខួរក្បាលដែលគេមិនអាចដៅបានថាលោកដុកទ័រចង់និយាយពីនរណាឲ្យច្បាស់។
"អ្នកនាងខេតប្រហែលជាត្រៀមចិត្តនឹងប្រាប់ការពិតដល់លោកហើយពិតទេ?"
"លោកចង់បានន័យថាយ៉ាងមិច? ការពិត.." អ៊ែនហ្សូកាន់តែមិនយល់លើសដើមថែមទៀត លោកដុកទ័រក៏មើលទៅគេរួចព្រលែងខ្យល់ដង្ហើមធំបន្តិច។
"អ្នកនាងស្កាលេតមានជម្ងឺដុះសាច់ក្នុងខួរក្បាលដំណាក់កាលទី២ឈានចូលទី៣ទៅហើយ សាច់ដែលដុះនោះក៏ជាសាច់កាចទៀតផង.." ដៃមាំទាំដែលក្ដាប់ក្រដាសមុននោះក៏បែរជាធ្លាក់ស្តាកចុះទប់មិនជាប់ នាយក៏លូកដៃម្ខាងខ្ទប់ទ្រូងខ្លួនឯង រួចព្យាយាមមើលទៅកាន់លោកដុកទ័រព្រោះចង់ដឹងបន្ថែមទៀត។
"ខ្ញុំបានស្នើសុំអ្នកនាងខេតឲ្យធ្វើការវះកាត់ តែអ្នកនាងបដិសេធព្រោះតែភាពរយជោគជ័យនៃការវះកាត់តិចខ្លាំងពេក នាងសុំត្រឹមថ្នាំបំបាត់ការឈឺចាប់ដើម្បីលេប ហើយនាងក៏សុំខ្ញុំមិនឲ្យប្រាប់ទៅលោក.."
"ហ៊ឹស! ហេតុអី.." អ៊ែនហ្សូក៏ចូលទៅក្របួចករអាវដុកទ័រនោះទាំងកំហឹង កែវភ្នែកនាយឡើងក្រហមរងាលតែម្ដង នេះបើសិនជាម៉ាក់គេមិនបានរកឃើញក្រដាសនេះគេនឹងគ្មានថ្ងៃដឹងរហូតដល់នាងចាកចេញបាត់មែនទេ?
"ចុះអ្នកនាងខេតមានអាការៈយ៉ាងមិចទៅហើយលោក?"
"នាងដួលសន្លប់.." អ៊ែនហ្សូក៏ប្រមូលអារម្មណ៍ខ្លួនឯងបន្តិចរួចទម្លាក់ដៃពីករអាវដុកទ័រនោះ លោកដុកទ័រក៏ហាក់មានទឹកមុខមិនល្អរួចក៏ប្រញាប់ទៅយករបស់របរគាត់ភ្លាម។
"លោកដុកទ័រ.."
"អ្នកនាងខេតប្រហែលជាដល់ពេលហើយ! វាមិនអាចលឿនដល់ថ្នាក់នេះទេ ជម្ងឺនាងមិនអាចវិវត្តន៍លឿនថ្នាក់នេះនោះទេ.." អ៊ែនហ្សូក៏ភាំងរួចប្រញាប់ចេញទៅតាមលោកដុកទ័រ មកដល់ឡានរបស់គេក៏មានទូរសព្ទ័មួយខលចូលមក ជាលេខរបស់អ្នកម៉ាក់គេ។
(អាឡូប្រុសហ្សូ...)
(ខេត..ខេតបាត់ខ្លួនហើយ)ប្រាវ!!!
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន