លង់ស្នេហ៍នាយកកម្លោះ
ភាគ៤៣
"លោកស្រីគ្រីសស្ទីណាដូចជាចូលចិត្តនាងខ្លាំងណាស់ យើងអាចមើលដឹងច្បាស់" នាល្ងាចមួយដែលមានខ្យល់បោកបក់ត្រជាក់ល្ហឹម រាងកាយតូចស្រឡូនដែលដើរចេញមកខាងក្រៅព្រមជាមួយវត្តមានបុរសជាទីស្រឡាញ់ដែលកាន់ដៃនាងជាប់ណែនមិនលែង។
ពួកគេដើរក្នុងបរិវេណសួនកំសាន្តមួយកន្លែងដែលមានមនុស្សម្នាច្រើនកុះករទៅមកមិនឈប់ អ៊ែនហ្សូដើមឡើយជាមនុស្សដែលមិនចូលចិត្តការដើរកំសាន្តតាមសួនអីបែបនេះដែរ តែគេមកក៏ព្រោះតែខេតធឺរីននាងទទូចចង់មកតែប៉ុណ្ណោះ។
"លោកស្រីគ្រីសស្ទីនណាជាមនុស្សល្អនឹងកក់ក្ដៅ ត្រឹមតែពាក្យសម្ដីប៉ុន្មានឃ្លាដែលគាត់និយាយមកពេលកំពុងតែចរចារគ្នានោះខ្ញុំក៏មានអារម្មណ៍ថាកក់ក្ដៅជាមួយនឹងគាត់បាត់ទៅហើយ" ខេតធឺរីននិយាយបណ្ដើរភ្នែកងាកមើលទៅផ្កាជាច្រើនដែលជ្រុះនៅតាមផ្លូវនោះ ស្រីតូចបញ្ចេញស្នាមញញឹមស្រស់ស្រាយរួចដកដង្ហើមប្រមូលយកអារម្មណ៍ល្អៗចូលមកជំនួសឲ្យភាពតានតឹងវិញ។
"តាមដែលយើងបានលឺអ្នកស្រីមិនមែនជាអ្នកដែលស្លូតបូតនឹងសណ្ដោសប្រណីនរណាងាយៗទេ គាត់រឹតតែមិនចូលចិត្តមនុស្សដែលចចេសច្រើន បើសិនជាគាត់បានដឹងថានាងមាន..."
"អា៎..អា៎! លោកនាយកមិនគួរនិយាយរឿងមិនល្អនាំអោយអពមង្គលទាំងល្ងាចបែបនឹងទេណា៎.. គិតអញ្ចេសទៅពួកយើងជ្រុលជាមកដល់ទីនេះទៅហើយ គិតរកអ្វីលេងបន្តិចបានទេ?" ខេតធឺរីនងាកឃើញកន្ត្រកលើអាកាសមួយដែលខ្ពស់សន្លឹម នាងក៏មានគំនិតចង់បបួលអ៊ែនហ្សូឲ្យទៅជិះជាមួយនឹងនាងដែរ អ៊ែនហ្សូក៏ងើយមើលទៅកន្ត្រកលើអាកាសនោះរួចក៏ចងចិញ្ចើមបន្តិច។
"ជាល្បែងរបស់ក្មេងលេងទេតើ..នាងចង់លេងដូចជាក្មេងរឺ?" អ៊ែនហ្សូនៅតែមិនចោលទម្លាប់រករឿងនាងមិនឈប់នេះ ខេតធឺរីនខាំមាត់សម្លក់គេបន្តិចតែក៏នៅលូកដៃទាញគេឲ្យមកតាមនាងឲ្យទាល់តែបានដែរ។
"សុំសំបុត្រ២មក..អរគុណ" ខេតធឺរីនអូសនាយមកឈប់នៅកន្លែងលក់សំបុត្ររួចអោនទិញសំបុត្រ ចំណែកឯអ្នកដែលមកជាមួយក៏បានត្រឹមតែឈរជ្រែងហោប៉ៅសំឡឹងមើលទៅនាងទាំងហួសចិត្ត ខេតធឺរីននាងក៏បើកកាបូបលុយឡើងមុននឹងទាញយកលុយមកឲ្យគេតែថា៖
"នេះលុយ.." មាត់និយាយថាមិនឲ្យនាងជិះតែគេក៏ជាអ្នកដែលហុចលុយជួសឲ្យខេតធឺរីនទៅវិញ នាងតូចក៏ទទួលយកសំបុត្ររួចងើយក្បាលមើលទៅរាងខ្ពស់ដែលឈរជ្រែងហោប៉ៅធ្វើមុខស្មើ។
"ក្រែងថាល្បែងក្មេងលេងហេស៎?"
"ចាស់ចារិកកូនក្មេងចង់លេងទៅហើយបើយើងមិននាំទៅវាដូចជាដាច់ធម៌មេត្តាពេក.." អ៊ែនហ្សូបោះពាក្យសម្ដីឌឺដងឲ្យនាងបន្តិចរួចក៏នាំខ្លួនដើរចេញទៅទុកឲ្យខេតធឺរីននៅឈរគាំងម្នាក់ឯង។
"ចាស់ចារិកក្មេង? អេ៎..លោកនាយកចង់ថាឲ្យអ្នកណា? លោកនាយក.."
(អ្នកណារំអុកទារឲ្យយើងជូនមកជាអ្នកនោះហើយ) ខេតធឺរីនដែលរត់ទៅនោះក៏លោតតោងកររបស់នាយជាប់ឲ្យបុរសជាទីស្រឡាញ់អៀវនាងឡើងរួចដើរសម្ដៅទៅកាន់កន្ត្រកនៅលើអាកាសនោះ។
....
"វ៉ោវ! ស្អាតខ្លាំងណាស់ណ៎" ខេតធឺរីនលាន់មាត់ជាខ្លាំងកាលបើកន្ត្រកដែលនាងជិះឡើងមកដល់ជាន់ខាងលើរួចក៏ឈប់មួយកន្លែងនាំឲ្យនាងអាចមើលឃើញទេសភាពពាក់កណ្ដាលទីក្រុងសេអ៊ូលទៅហើយ ស្រីតូចក៏លើកទូរសព្ទ័នាងឡើងរួចចុចផ្ដិតយករូបភាពដ៏កម្រមួយនោះ។
"ស្អែកយើងនឹងឲ្យគេយកកាំមេរ៉ាមកឲ្យនាង.." ដោយឃើញថានាងចូលចិត្តថតរូបបែបនេះ អ៊ែនហ្សូក៏ឆ្លៀតលើកសំណើរឡើងមកដែលនាំឲ្យអ្នកនៅក្បែរញញឹមរួចក្រវីក្បាលតិចៗ។
"មិនចាំបាច់ទេ! ត្រឹមតែថតកាំមេរ៉ាទូរសព្ទ័បែបនេះក៏អាចយកជាការបានទៅហើយ លោកអគ្គនាយក" ខេតនិយាយបណ្ដើរចុចថតបណ្ដើរ នាងតូចក៏ដឹងដល់ដៃមាំទាំលូកអោបក្រសោបចង្កេះនាងជាប់ណែនពីក្រោយ ខ្យល់ដង្ហើមក្ដៅឧណ្ឌៗរបស់គេក៏ផ្លុំមកប៉ះនឹងកញ្ចឹងករនាងនាំឲ្យនាងឡើងក្រហមមុខព្រឿងៗ។
"ហេតុអីក៏នាងតែងតែខុសគេបែបនេះ?"
"ខុសគេយ៉ាងមិចទៅលោកនាយក?" ខេតធឺរីនក៏ងាកបែរមកប្រឈមមុខជាមួយគេទាំងដែលគេនៅអោបនាងជាប់នៅឡើយ អ៊ែនហ្សូសំឡឹងមើលទៅផ្ទៃមុខគួរឲ្យស្រឡាញ់របស់នាងចំៗរួចងើយទៅថើបថ្ងាសនាងតិចៗ។
"មនុស្សស្រីតែងតែរំភើបជាមួយនឹងកាដូ តែនាងតែងតែបដិសេធជាមួយកាដូរហូត ហេតុអី? រឺក៏យើងមិនទាន់ទិញអីដែលត្រូវជិតនាង?"
"អ្ហាយ៎.." ខេតធឺរីនស្រែកចាច៎រួចត្រសុលចូលអោបរាងកាយមាំទាំរបស់គេជាប់ណែនកាលបើកាំជ្រួចនៅឯមាត់ទឹកឯណោះត្រូវបាញ់ឡើងមក អ៊ែនហ្សូក៏ភ្ញាក់ដូចគ្នាតែគេក៏មិនភ្លេចលូកដៃអោបក្រសោបនាងជាប់ណែនព្រមជាមួយនឹងស្នាមញញឹម។
"ជាកាំជ្រួចទេ! វាមិនគួរអោយខ្លាចថ្នាក់នឹងឯណានាងល្អិត?" អ៊ែនហ្សូលូកច្បិចចុងចង្ការរបស់នាងបន្តិចរួចទាញនាងឲ្យបែរទៅមើលផ្ទៃមេឃភ្លើងចិញ្ចាចទៅដោយផ្កាភ្ញីគ្រប់ពណ៌ទាំងអស់ ខេតធឺរីនក៏បើកភ្នែកឡើងសន្សឹមៗទាំងមិនហ៊ានមើល តែកាលបើមានអ្នកអោបក្រសោបនាង លួងលោមនាងស្រីតូចក៏បើកភ្នែកមើលទៅទេសភាពទាំងនោះរួចក៏ញញឹមបន្តិច។
"ស្អាតទេ?" អ៊ែនហ្សូឃើញថានាងកំពុងតែមើលគេក៏សួរ ស្រីតូចក៏ងក់ក្បាលទាំងញញឹមរួចបែរមកបំណងចង់និយាយអរគុណគេតែក៏ត្រូវលេបពាក្យខ្លួនឯងបម្រុងនឹងនិយាយទៅវិញទាំងអស់កាលបើបបូរមាត់នាងត្រូវបានអ្នកម្ខាងសង្កត់ថើបផ្ដោះផ្ដងយ៉ាងកក់ក្ដៅ ស្រីតូចក៏លើកដៃអោបកញ្ចឹងកររបស់នាយរួចតបតរការថើបមួយនោះក្រោមពន្លឺភ្លើងយ៉ាងរ៉ូមែនទិក។យប់បន្តិច ពួកគេទាំង២ក៏ចុះពីកន្ត្រកលើអាកាសនោះមក ហើយវាក៏មានភ្លៀងធ្លាក់ល្មម ខេតធឺរីននឹងអ៊ែនហ្សូក៏នាំគ្នារត់មកជ្រកនៅខាងក្រោមសំយ៉ាបម៉ាតមួយដែលនៅក្នុងសួនកំសាន្តនោះ។
"រងាទេ? យកអាវនេះទៅ.."
"តែលោកនាយក.."
"មិនបាច់តែស្ករអីទេ គ្របអាវនេះសិនទៅ យើងចូលទៅខាងក្នុងទិញឆត្រ័មួយភ្លែតសិនណា៎" ខេតធឺរីនកាន់អាវក្រៅដែលបុរសជាទីស្រឡាញ់បំពាក់នៅលើស្មានោះរួចញញឹមតបនឹងការចាកចេញរបស់គេ អ៊ែនហ្សូក៏ចូលទៅខាងក្នុងយ៉ាងលឿនដើម្បីទិញឆត្រ័។
ខេតធឺរីននៅឈរខាងក្រៅមើលទៅទឹកភ្លៀងដែលធ្លាក់ចុះ ស្រីតូចលូកដៃត្រងតំណក់ទឹកភ្លៀងដែលស្រក់នោះព្រមជាមួយនឹងស្នាមញញឹម នាងងាកភ្នែកមើលទៅកាន់កន្លែងមួយនៅទីនោះក៏បានឃើញថាវាជាទីកន្លែងដែលនាងធ្លាប់បានស្គាល់ ហើយជាកន្លែងដែលនៅដក់ជាប់ក្នុងខួរក្បាលនាងគ្មានថ្ងៃភ្លេច។
១០ឆ្នាំកន្លងផុតទៅ
(សេចក្ដីរាយការណ៍!!! នៅឯសួនកំសាន្តមួយកន្លែងមានដូនជីម្នាក់បានលង់ទឹកស្លាប់បាត់បង់នៅនឹងកន្លែង ជនរងគ្រោះមាន២នាក់ដោយម្នាក់ជាដូនជីកាតូលិកនឹងម្នាក់ទៀតជាទារកដែលទើបនឹងកើត មូលហេតុដែលបណ្ដាលឲ្យមានរឿងហេតុអាក្រក់បែបនេះពួកយើងនៅមិនទាន់អាចបញ្ជាក់បានឡើយ..)
ជើងតូចបោះជំហានស្រាលៗឆ្លងកាត់ភ្លៀងទៅឈរកាន់បង្កាន់ដៃស្ពានមួយដែលមានទឹកហូរខ្លាំងព្រោះតែភ្លៀងនោះ ព្រមជាមួយនឹងខួរក្បាលនឹកគិតដល់រឿងពីអតីតកាលដែលតែងតែតាមលងបន្លាចនាងមិនឈប់។
"សុីសស្ទឺ...ក្មេងដែលសុីសស្ទឺខូលីនជាខេតមែនទេ? ហ៊ឹក! ហេតុអីក៏សុីសស្ទឺសុខចិត្តប្រថុយជីវិតព្រោះតែក្មេងអនាថាដូចជាខ្ញុំបែបនេះ... សុីសស្ទឺ.." ខេតធឺរីនសម្រក់ទឹកភ្នែកស្របនឹងដៃម្ខាងលូកគួកទ្រូងខ្លួនឯងយ៉ាងខ្លាំង មួយសន្ទុះនាងក៏បានលឺសម្រឹបជើងរត់មករបស់នរណាម្នាក់ទើបនាងប្រញាប់លើកដៃជូតទឹកភ្នែករួចងាកមើលទៅគេ។
"លោក..លោកនាយក" អ៊ែនហ្សូចូលមកព្រមជាមួយនឹងឆត្រ័ក្នុងដៃរួចបាំងវាឲ្យនាង ស្រីតូចក៏ញញឹមរួចមើលទៅកាន់គេមិនដាក់ភ្នែក។
(បើសិនជាខ្ញុំនៅជាមួយលោកនាយក..ខ្ញុំអាចនឹងនាំបញ្ហាឲ្យលោកនាយកដូចជាសុីសស្ទឺខូលីនទេ? ខ្ញុំមិនចង់អោយនរណាម្នាក់លះបង់ដើម្បីខ្ញុំទៀតទេ..)
"មិចក៏មកឈរនៅទីនេះ ហីយ៉ា! កាន់ឆត្រ័បន្តិចយើងទៅយកអាវក្រៅដែលនាងធ្វើជ្រុះនោះ" អ៊ែនហ្សូក៏ហុចឆត្រ័ឲ្យខេតរួចប្រញាប់រត់ទៅរើសអាវក្រៅរបស់គេ ខេតក៏បោះជំហានឈានដើរមករកអ៊ែនហ្សូតែនាងក៏បែរជាឈប់ ខួរក្បាលនាងក៏ចាប់ផ្ដើមវិលវល់ ភ្នែកចាប់ស្រវាំងមើលអ្វីមិនឃើញ នៅចុងបញ្ចប់នាងក៏ដួលគ្រឹបនៅលើដី ស្របនឹងសំឡេងរបស់មនុស្សប្រុសជាទីស្រឡាញ់របស់នាងបន្លឺឡើងមក...
(ខេត...ខេតដឹងខ្លួនឡើង)
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន