ភាគទី១៦+១៧

800 55 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ១៦+១៧

នៅតាមផ្លូវចាកចេញពីក្រុមហ៊ុនអ៊ែនហ្សូក៏ព្យាយាមចុចខលទាក់ទងទៅកាន់នាងល្អិតខេតធឺរីនដែលចេញទៅទាំងមិនបានប្រាប់មុននោះជាប់រហូតមិនឈប់ តែថាគេទាក់ទងទៅនាងយ៉ាងណាក៏នៅតែមិនទទួលបានការឆ្លើយតបពីនាងត្រឡប់មកវិញដែរ។
"នាងទៅណាទៅ?" អ៊ែនហ្សូក៏បត់ឡានចូលទៅឈប់ចតនៅនឹងចិញ្ចើមផ្លូវរួចក៏ប្រញាប់បើកមើលកាំមេរ៉ាសុវត្ថិភាពនៅប៉ុន្មានម៉ោងមុននោះ កន្លែងដែលគេបើកមើលមុនដំបូងគេនោះគឺកន្លែងខាងមុខការិយាល័យរបស់គេឯណោះតែគេបានឃើញនាងតែមួយភ្លែតប៉ុណ្ណោះ នាយក៏ជ្រឹមចិញ្ចើមរួចមើលកាំមេរ៉ាសុវត្ថិភាពនៅកន្លែងផ្សេងៗទៀត រួចក៏មកឈប់នៅត្រឹមកាំមេរ៉ាដែលបញ្ចាំងក្នុងបន្ទប់ទុកឯកសារឯណោះ វត្តមានម្ចាស់កាយតូចស្រឡូនដែលកំពុងតែអង្គុយចាក់អ្វីម៉្យាងនៅលើដៃរួចរីតវាទៅមកៗតិចៗថ្នមៗហាក់បីដូចជាវាបង្កការឈឺចាប់ខ្លាំងណាស់អញ្ចឹង អ្វីដែលគេបានឃើញនឹងកាន់តែធ្វើឲ្យគេនៅមិនស្ងប់នោះគឺសកម្មភាពញីញ័រនឹងលើកដៃជូតទឹកថ្លាដែលហូរស្រក់ពីថ្ពាល់នាងនាគ្រានោះ។
(មនុស្សផ្ដាច់ការ.. ខ្ញុំក៏ចេះឈឺដែរតើ) សំឡេងស្អកៗបន្លឺឡើងពីមាត់អ្នកដែលអង្គុយលាងរបួសតែម្នាក់ឯងនាគ្រានោះ ភាសានិយាយទាំងតឹងទ្រូងហាក់ដូចជាកំពុងតែនាំឲ្យអ្នកអង្គុយមើលគ្រប់សកម្មភាពនោះកាន់តែតឹងចិត្តថែមមួយកម្រិតទៀតអញ្ចឹង។
ក្រឺង!ក្រឺង
កំពុងតែមើលវីដេអូនោះលេខទូរសព្ទ័មួយក៏លោតឡើង ជាលេខរបស់មនុស្សម្នាក់ដែលគេមិនអាចគេចវេសថាមិនទទួលបានឡើយ អ៊ែនហ្សូក៏ដាក់កាសភ្ជាប់នឹងការខលនោះរួចក៏បើកឡានបន្តទៅទៀត។
(អាឡូ! អ្នកម៉ាក់..) សំឡេងគ្រលរធំរបស់អ៊ែនហ្សូក៏បន្លឺឡើងនៅក្នុងទូរសព្ទ័របស់អ្នកម្ខាងទៀតឯណេះ អ្នកជាម្ដាយកាលបើបានលឺកូនប្រុសឆ្លើយតបភ្លាមក៏ញញឹមរួចប្រញាប់ងាកមើលទៅនាឡិកាប៉ោលព្រោះខ្លាចក្រែងថាអាចនឹងរំខានដល់ម៉ោងធ្វើការរបស់កូន។
"កូននៅឯណា? អាចមកផ្ទះបានទេថ្ងៃនេះ?" ស្កាលេតក៏លើកជាសំណើរទៅកាន់កូនប្រុសរួចក៏ញញឹមស្រស់បស់វិញក្រោយពីទទួលបានការយល់ព្រមពីកូនប្រុសរបស់នាងមកវិញ។
"ល្អ! ចាំម៉ាក់រៀបចំអាហារឆ្ងាញ់ៗឲ្យកូនណា៎ មកឲ្យឆាប់បន្តិចទៅកុំឲ្យគេចាំ.."
(អ្នកចាំទៅម៉ាក់?) បានលឺសំនួររបស់អ៊ែនហ្សូភ្លាម ស្កាលេតក៏អស់សំណើចបន្តិចរួចព្រលែងខ្យល់ដង្ហើមស្រាលបន្តិច។
"មកដល់កូនគង់តែដឹងទេណា៎ បានហើយ! បើកឡានឲ្យស្រួលបួលណា៎ ម៉ាក់នឹងវ៉ាយ៍នៅចាំកូន" ស្កាលេតបញ្ចប់ការទាក់ទងគ្នាជាមួយកូនប្រុសដោយការដាក់ទូរសព្ទ័ចុះមុនរួចក៏ប្រញាប់ត្រឡប់ទៅកាន់ផ្ទះបាយវិញ ព្រោះថាមានអ្នកនៅរង់ចាំនៅទីនោះ។
"មកវិញហើយៗ" ស្កាលេតក៏ផ្ដល់ជាសំឡេងស្រាលកាលបើនាងមកដល់នឹងបានឃើញវ៉ាយ៍នឹងមនុស្សស្រីម្នាក់ទៀតដែលនាងចាត់ទុកដូចជាគ្រួសារតែមួយទៅហើយត្បិតថានាងតែងតែចេញចូលអាផាតមិនរបស់កូនប្រុសនាងហើយថែមទាំងជិតស្និតជាមួយនឹងនាងផងដែរ អាចនិយាយបានថានាងបានដឹងពីកូនប្រុសរបស់នាងច្រើនក៏ព្រោះតែស្កាលេតទាក់ទងតាមរយៈនាងនឹងឯង។
"លោកស្រីម្ចាស់.." ខេតធឺរីនក៏អោនគំនាបដល់ស្កាលេតម្ដងហើយម្ដងទៀតឲ្យតែនាងបានជួបប្រឈមនឹងស្កាលេត អ្នកដែលត្រូវបានគេគោរពនោះក៏ញញឹមរួចចូលទៅជិតនាងរួចកាន់ស្មានាងជាប់ណែនរួចអង្អែលទៅមកៗ ពួកគេក៏នាំគ្នារៀបចំអាហារបន្តជារឿយៗ ហើយស្កាលេតក៏តែងតែងាកមើលទៅខេតជាប់រហូតមិនដកភ្នែកហាក់មាននិស្ស័យជាមួយគ្នាខ្លាំង។
"ហៅថាអ្នកម៉ាក់ៗក៏បានព្រោះកុំឲ្យឃ្លាតឆ្ងាយគ្នាខ្លាំងពេកល្អទេ? ម៉្យាងខេតក៏មិនមែនជាអ្នកក្រៅគ្រួសារមួយនេះឯណាណ៎កូនណ៎ ហៅឲ្យជិតស្និតបន្តិចបានទេ?" ស្កាលេតក៏និយាយលួងលោមឲ្យអ្នកម្ខាងទៀតមានអារម្មណ៍កក់ក្ដៅនឹងចាត់ទុកថាទីនេះដូចជាផ្ទះរបស់នាងដែរ។
"អញ្ចឹងខ្ញុំសុំហៅថាអ្នកមីងទៅចុះ ព្រោះឃើញដល់អ្នកមីងខ្ញុំក៏មានអារម្មណ៍កក់ក្ដៅដូចជាមានចាស់ទុំចាំជួយនឹងមើលថែជានិច្ច" ការឆ្លើយតបយ៉ាងគួរឲ្យស្រឡាញ់របស់នាងមិនត្រឹមតែនាំស្នាមញញឹមដល់អ្នកដែលកាន់ស្មានោះឡើយ សូម្បីតែអ្នកដែលទើបតែចូលមកដល់ឯណោះក៏នៅសំឡឹងមើលមកនាងមិនទម្លាក់ភ្នែកដូចគ្នា។
"អូ! បងហ្សូមកដល់ហើយ? លឿនដូចជារន្ទះ.." កាលបើបានឃើញវត្តមានរបស់បងប្រុសនៅឈរមើលពីមាត់ទ្វារមកវ៉ាយ៍លេតឯណោះក៏ចាត់ការញ៉ោះបងប្រុសមួយទំហឹងតែម្ដង នាយកម្លោះក៏ចូលមករកម្ដាយរួចអោនទៅអោបម្ដាយព្រមជាមួយនឹងស្នាមញញឹម តែថាខេតឯណោះកាលបើគេចូលមកជិតនាងក៏ខិតថយក្រោយនាំអោយគេត្រូវងាកមើលមកនាងបន្តិច។
"ហេតុអីក៏ម៉ាក់មិនប្រាប់ថាខេតនៅទីនេះ?"
"គឺថា.."
"នាងខ្ញុំនៅទីនេះរឺអត់ហេតុអីក៏លោកនាយកចង់ដឹងដែរ?" ស្កាលេតមិនទាន់ទាំងបាននិយាយបកស្រាយផង កប៉ាល់ភ្លើងទាំង២ក៏ប្រឈមមុខដាក់គ្នាបាត់ទៅហើយ អ៊ែនហ្សូក៏ជ្រែងហោប៉ៅរួចចូលទៅរកនាង តែខេតធឺរីនក៏ដើរគេចដោយយកលេសលើកយកចានទៅរៀបនៅឯតុអាហារឯណោះវិញ ទុកឲ្យអ៊ែនហ្សូនៅតាមសំឡឹងមើលនាងទាំងចិត្តនៅខឹងនៅឡើយ។
"អូយ៎..ម៉ាក់" អ៊ែនហ្សូភ្លេចខ្លួនក៏ត្រូវបានម្ដាយលូកក្ដិចស្មានាយភ្លាមទាំងភាពខ្នក់ខ្នាញ់តែម្ដង។
"ទៅធ្វើអីខេត មើលចុះនាងខឹងមិនមើលមុខបែបនេះច្បាស់ណាស់ថាប្រុសកណ្ដាលរករឿងនាង ម៉ាក់ប្រាប់ប៉ុន្មានដងទៅហើយថាកុំតឹងតែងជាមួយនាងពេក កម្រមានលេខាណានៅជាមួយកូននឹងមើលថែកូនដិតដល់ដូចជាខេតណាស់ ហេតុអីក៏មិនស្ដាប់ម៉ាក់?"
"អ្នកម៉ាក់..ហ៊ើយ!!!" អ៊ែនហ្សូក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចកាលបើម៉ាក់គេនិយាយរួចក៏ចេញទៅតាមខេតធឺរីនបាត់ មិនលួងកូនខ្លួនឯងទេបែរជាលួងកូនគេទៅវិញ។
"ស្ដាប់តាមម៉ាក់ទៅបងហ្សូ! ម៉ាក់គាត់មើលមនុស្សមិនដែលខុសឡើយ..ខេតធឺរីនមើលទៅជាមនុស្សល្អខ្លាំងណាស់ ស្អាត ឆ្លាត មានហេតុផល.."
"មើលចុះម្នាក់ទៀតហើយ នេះអ្នកផ្ទះនេះត្រូវស្នេហ៍លេខាខ្ញុំអស់ហើយរឺយ៉ាងមិច?" អ៊ែនហ្សូក៏ក្រវីក្បាលហួសចិត្តបន្តិចរួចក៏មូរដៃអាវជួយការងារប្អូនស្រីនៅផ្ទះបាយនោះ។
ត្រឡប់មកមើលខេតឯណេះវិញនាងក៏ចេញមករៀបចំចានក្បាននៅឯតុអាហារតែម្នាក់ឯងត្បិតថានាងមិនចង់ជួបមុខអ្នកដែលរករឿងកាលពីព្រឹកមិញតែនាងក៏មិនអាចគេចពីចាស់ទុំដែលខំមកតាមនាងដូចគ្នាដែរ។
"ខេត.."
"ចាស៎អ្នកមីង.." ស្កាលេតក៏ញញឹមរួចចូលមកជួយរៀបចំចាននាង ខេតធឺរីននាងរៀបយ៉ាងមានរបៀបមិនទាស់ភ្នែកដែលនាំឲ្យស្កាលេតដែលឈរមើលនោះញញឹម។
"ខេតមានរបៀបណាស់មើលចុះ និយាយអញ្ចឹងមីងសួរកូនខ្លះបានទេ?" ខេតធឺរីនក៏ងាកមើលទៅអ្នកដែលសួរនាំរួចក៏ងក់ក្បាលឆ្លើយតបទាំងចង់ដឹងលឺសំនួរ។
"ខេតនៅជាមួយកូនហ្សូជាង៣ឆ្នាំទៅហើយ.."
"កូនហ្សូមានចាប់អារម្មណ៍នរណាទេ?" សំនួរមួយនេះក៏នាំឲ្យខេតនាងភាំងបន្តិច នាងក៏ងាកមើលទៅស្កាលេតវិញទាំងទឹកមុខញឹមៗ នាងមានចម្លើយក្នុងចិត្តតែនាងមិនអាចឆ្លើយចេញមកបាន ព្រោះវាជារឿងដែលនាងគិតដោយខ្លួនឯង តែភាគរយដែលអាចក្លាយជាការពិតវាមានច្រើន។
មិនត្រឹមតែស្កាលេតឡើយដែលនៅឈរចាំស្ដាប់ សូម្បីតែម្ចាស់សមីខ្លួនក៏នៅឈរជ្រុងម្ខាងចាំស្ដាប់ចម្លើយរបស់នាងដូចគ្នាដែរ។
....
យប់បន្តិច
ក្រោយទទួលទានអាហារពេលល្ងាចជាមួយគ្នាចប់សព្វគ្រប់រួចមកខេតក៏សុំខ្លួនចេញមកខាងក្រៅដោយឈរលេងនៅរានហាលបែរទៅសួន ស្រីតូចក៏ឈរសំឡឹងមើលទៅផ្កាយដែលពេញលើផ្ទៃវេហា វាហាក់បីនាំឲ្យនាងកាន់តែល្ហល្ហេវក្នុងចិត្តថែមទៀត។
"ហ៊ឹម!"
"ហេតុអីក៏ដកដង្ហើមធំ? តឹងចិត្តនឹងសំនួរអ្នកម៉ាក់បានសួរនាងពីក្បាលព្រលប់មែនទេ?" ម្ចាស់កាយមាំទាំងក៏ចូលមកឈរពីក្រោយនាងរួចក្រពាត់ដៃទៅក្រោយ ខេតធឺរីននាងក៏មិនទាន់ឆ្លើយតែក៏នាំខ្លួនចេញទៅ។
"អូយ៎.." ខេតស្រែកចាច៎កាលបើគេកាន់ប៉ះចំដៃដែលនាងមានរបួស អ៊ែនហ្សូក៏អោនមុខតិចៗមកជិតនាង គេអោនកាន់តែជិតៗរហូតដល់ខ្ទង់ច្រមុះពួកគេទល់នឹងគ្នា។
"យើងគិតថាយើងដូចជាចាប់ផ្ដើមចាប់អារម្មណ៍នឹងនរណាម្នាក់ហើយ..."


លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now