លង់ស្នេហ៍នាយកកម្លោះ
ភាគ៧៣
រីនក៏បានទុកឲ្យម៉ែដោះដែលនាងយកមកជាមួយនោះឲ្យនៅមើលថែអ៊ីវ៉ែន ចំណែកឯនាងក៏ចេញមកខាងក្រៅព្រោះនាងមិនចង់ឲ្យកូនក្រោកឡើងមកបានឃើញនាងយំសោកព្រោះតែប្រុសគ្មានបានការដូចជារ៉ូមនោះ។
នាងក៏មិនបានចេញមកតែម្នាក់ឯងតែនាងក៏ចេញមកជាមួយនឹងបុរសម្នាក់ដែលទៅគោះទ្វាររកនាងដល់បន្ទប់ឯណោះ អ៊ែនហ្សូអង្គុយសំឡឹងមើលទៅនាងតូចមុននឹងលូកដៃជួយជូតផ្ដិតទឹកថ្លាដែលហូរស្រក់កាត់ផែនថ្ពាល់របស់នាង។
"នាងមិនគួរយំព្រោះមនុស្សប្រភេទនឹងទេ.." អ៊ែនហ្សូក៏ពោលឡើងកាលបើគេឃើញនាងអង្គុយសំឡឹងមើលទៅផ្ទៃទឹកទាំងទឹកភ្នែកហូរស្រក់មិនឈប់បែបនេះ កែវភ្នែកទន់ជ្រាយនឹងភ្នែករលីងរលោងរបស់នាងក៏នាំឲ្យអ៊ែនហ្សូកាន់តែធ្ងន់ចិត្តត្រដុក វាដូចជារំលឹកនាយពីគ្រាដែលនាងយំពេលដែលគេចួបនាងដំបូងអញ្ចឹងដែរ។
"លោកដឹងទេ? មនុស្សប្រភេទដែលលោកនិយាយនេះខ្ញុំនឹងត្រូវប្រឈមមុខជាមួយគេរាល់ថ្ងៃ ខ្ញុំមិនចង់ឈ្លោះមិនចង់មានបញ្ហាព្រោះខ្ញុំយល់ថាវាអាចប៉ះពាល់ដល់មុខមាត់របស់អ្នកម៉ាក់.."
"តែកិត្តិយសអ្នកនាងក៏សំខាន់ មនុស្សប្រភេទនឹងបើសិនជាអ្នកនាងកាន់តែអោបក្រសោប អ្នកដែលឈឺគឺមានតែអ្នកនាងរីននឹងឯង.. ចុះអ៊ីវ៉ែន? អ្នកនាងគិតថាកូននឹងចង់រស់នៅក្នុងទិដ្ឋភាពគ្រួសារបែបនឹងហេស៎?" ឃើញនាងដូចជាខ្លាចរអែងនឹងបុរសម្នាក់នោះ អ៊ែនហ្សូក៏លូកមាត់និយាយបែបខឹងសម្បារតែម្ដង នេះភាពក្លាហាននាងបាត់ទៅណាអស់ហើយ? ហេតុអីក៏នាងព្រមឲ្យមនុស្សធន់អន់ដូចជាប្រុសម្នាក់នោះធ្វើបាបបាន?
"អ៊ីវ៉ែនហេស៎? ហ៊ឹក..បើសិនជាខ្ញុំដឹងថាលោកប៉ារបស់អ៊ីវ៉ែនជាអ្នកណា ខ្ញុំក៏មិនចាំបាច់ជាប់ឈ្មោះជាគូដណ្ដឹងប្រុសម្នាក់នោះ យ៉ាងហោចក៏ខ្ញុំអាចយកលេសថាគេនឹងមករកខ្ញុំវិញ តែលោកដឹងទេ? សូម្បីតែពេលដែលខ្ញុំកើតអ៊ីវ៉ែនមកក៏ខ្ញុំមិនបានឃើញស្រមោលគេ..អ្នកម៉ាក់និយាយថាគេបោះបង់ខ្ញុំនឹងកូន.."
ក្រឹប! ម្រាមដៃអ៊ែនហ្សូក៏ក្ដាប់ណែនកាលបើបានលឺពីពាក្យដែលរីនបាននិយាយ ជាពិសេសគឺសម្ដីដែលម្ដាយរីនបាននិយាយនោះ គេបោះបង់នាងនឹងកូនហេស៎? គេរងទុក្ខនឹងការបាត់បង់នាងអស់ជាង២ឆ្នាំព្រោះគិតថានាងបានលាចាកលោកបាត់ទៅហើយ..គួរឲ្យខឹងពិតមែន។
"ខ្ញុំហត់..ហត់នឿយនឹងការរង់ចាំ អ៊ីវ៉ែនក៏តែងតែសួរថាលោកប៉ារបស់គេជានរណា ពេលណាលោកប៉ាគេមកវិញ? លោកប៉ាគេស្អប់គេមែនទេ? ខ្ញុំ ហ៊ឹក ភឹប.." រាងកាយញ័រសស្រាក់របស់រីនក៏ត្រូវបាននាយទាញចូលមកអោបសារជាថ្មី ស្រីតូចក៏មិនបានបដិសេធការអោបរួចលូកក្រសោបតបទៅគេវិញរួចយំខ្សឹបខ្សួលអួលទ្រូង អ៊ែនហ្សូអង្អែលក្បាលនាងស្រាលៗស្របនឹងភ្នែកពោរពេញទៅដោយកំហឹងតែម្ដង។
..
អ៊ែនហ្សូក៏មិនបានទុកឲ្យនាងមានអារម្មណ៍ថាឯកោពោលគឺគេនាំនាងញ៊ាំនេះញ៊ាំនោះ នាំនាងទៅអង្គុយលំហែកំសាន្តនឹងព្យាយាមធ្វើយ៉ាងណាឲ្យនាងបានញញឹម។
"ញញឹម.." នាយស្រែកទៅកាន់អ្នកដែលឈរក្រោមដើមផ្កាមួយនោះ រីនក៏ងាកមើលមកគេទាំងមុខជូរ អ៊ែនហ្សូក៏ទាញកាំមេរ៉ាចេញមកបំណងចង់ថតនាងតែនាងក៏មិនញញឹមអីបន្តិចសោះ។
"អ្នកណាឲ្យធ្វើមុខជូរពេលថតរូប? អត់មានហុងស៊ុយសោះ" អ៊ែនហ្សូក៏ចូលទៅរកនាងរួចលូកដៃទាញថ្ពាលនាងតិចៗបំណងចង់ឲ្យនាងញញឹម តែគេក៏បែរជាទទួលបានការសំឡឹងមើលបែបឆ្ងល់ពីរីនមកវិញ។
"ញញឹម..."
"ខ្ញុំមិនមែនក្មេងទេលោក.." រីនក៏និយាយកាលបើគេមើលទៅដូចជាគ្រូែដលចាប់បង្ខំឲ្យនាងញញឹមដើម្បីបានថតរូបដាក់កាតសិស្សអញ្ចឹង អ៊ែនហ្សូក៏មិនទាន់និយាយអីតែក៏លូកដៃអង្អែលក្បាលនាងតិចៗ។
"មិនមែនក្មេងនឹងហើយទើបគេលួងមិនឲ្យយំ មោះញញឹមមួយមក.." អ៊ែនហ្សូលូកដៃកាន់ស្មារបស់រីនរួចក៏ទាញកាំមេរ៉ាមកថតសែលហ្វីជាមួយគ្នា រីនមិនទាន់និយាយអីតែក៏ងាកមើលទៅមុខនាយបន្តិចព្រោះតែនាងមានអារម្មណ៍ចម្លែកខុសធម្មតា នាងដូចជាមានអារម្មណ៍ថាកក់ក្ដៅពេលនៅជាមួយនឹងគេ ហើយនាងក៏មានអារម្មណ៍ថាពួកគេដូចជាធ្លាប់ស្គាល់គ្នាជាយូរយាណាស់មកហើយអញ្ចឹង។រៀងយូរបន្តិចអ៊ែនហ្សូក៏ជូនរីនត្រឡប់មកកាន់សណ្ឋាគារវិញ នាយជូននាងឡើងទៅកាន់ជាន់ខាងលើបន្ទប់របស់នាងឯណោះ រីនក៏ដើរបណ្ដើរនិយាយគ្នាជាមួយនាយបណ្ដើរ បានចេញទៅខាងក្រៅជាមួយគេតែមួយស្រប៉ក់នាងក៏មានអារម្មណ៍ថាស្រស់ថ្លានឹងល្អជាងមុនច្រើន គេអាចជាមនុស្សដែលមិនសូវចូលចិត្តលេងសើចតែនាងក៏ចូលចិត្ត។
"លោកអាចជូនខ្ញុំត្រឹមនឹងក៏..ហ៊ឹម" រីនបែរមករកគេបំណងចង់និយាយអរគុណនឹងប្រាប់ឲ្យគេទៅវិញតែក៏បែរត្រូវនាងថើបបំបិទមាត់នាងជាថ្មីម្ដងទៀត រីនក៏លូកដៃកាន់ប៉ះទ្រូងនាងបន្តិចតែក៏បែរជាមិនអាចធ្វើអីបានក្រៅពីទទួលការថ្នាក់ថ្នមនោះ។
"ចាត់ទុកថាខ្ញុំយកវាជំននួសពាក្យអរគុណចុះ រាត្រីសួស្ដីរីន ហើយនេះ..នាមបណ្ណ័ខ្ញុំ" អ៊ែនហ្សូក៏ហុចនាមបណ្ណ័របស់នាយឲ្យទៅនាង រីនក៏បើកភ្នែកមីរៗសំឡឹងមើលទៅកាន់គេ ស្រីតូចក៏លើកដៃឈ្លីក្បាលខ្លួនឯងបន្តិចរួចចូលទៅខាងក្នុងបាត់។
ទឹកមុខញញឹមរបស់អ៊ែនហ្សូអម្បាញ់មិញក៏ប្ដូរមកជាស្មើធេង នាយងាកមើលទៅជ្រុងម្ខាងដែលមានកាំមេរ៉ាសុវត្ថិភាពមួយទុកចោលនៅក្នុងថូផ្កាមើលទៅចម្លែកខុសធម្មតា នាយក៏ចូលទៅទាញវាយកមករួចជាន់កម្ទេចចោល។
"អាចង្រៃយ៎រ៉ូម.." អ៊ែនហ្សូជេរប្រទិចអ្នកដែលគេសង្ស័យរួចទាញទូរសព្ទ័ឡើងចុចខលទៅកាន់អ្នកដែលខ្លួនបានជួលនោះ។
"យ៉ាងមិចហើយ? រឿងដែលយើងឲ្យស៊ើបពីគ្រួសាររបស់រីននោះ?"
"ដូចលោកស្មានមិនខុសទេទាន៎ នាងគឺជាអ្នកនាងខេតធឺរីន ម៊ែររី នាងត្រូវបានម្ដាយបង្កើតនាងយកទៅនៅអុីរ៉ាក់នឹងព្យាបាលខ្លួនអស់ជាង២ឆ្នាំ ហើយម្ដាយនាងគឺលោកស្រីគ្រីសស្ទីនណា.."
"គ្រីសស្ទីនណា?"
"គ្រីសស្ទីនណា ម៉ាហ្គារ៉េត?"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន