លង់ស្នេហ៍នាយកកម្លោះ
ភាគ២៩+៣០"មនុស្សផ្ដាច់ការ..ប្រុសព្រាន..លោកមិនមែនលោកនាយករបស់ខ្ញុំទៀតទេ" ខេតធឺរីនព្យាយាមរើបម្រាស់ចេញពីការកាន់ក្រសោបចង្កេះរបស់គេតែក៏មិនបានការព្រោះនាងកាន់តែរើគេក៏អោបកាន់តែជាប់រួចក៏អោនទៅកាន់តែកៀកជិតជាមួយនឹងនាងដល់ថ្នាក់ខេតអ៊ែនបុកខ្នងនឹងតុអាហារយ៉ាងដំណំតែម្ដង។
"លោកនាយករបស់ខ្ញុំ?..មានអី..ខ្ជូតដែរតើស៎ មិនដែលដឹងសោះថាយើងជាកម្មសិទ្ធិរបស់នាងតាំងពីអង្កាល់មក ពេលនេះនាងក៏បានដូចបំណងមែនទេ? ហ៊ឹម?" អ៊ែនហ្សូក៏ទម្លាក់ចុងច្រមុះមកទល់គ្នានឹងចុងច្រមុះរបស់រួចញល់វាតិចៗ ផ្ទៃមុខតូចច្រមិចរបស់ខេតធឺរីនដែលធ្លាប់តែសក្បុសក៏បែរជាឡើងក្រហមព្រឿងៗពីតិចៗទៅជាច្រើន សាច់ដែលត្រជាក់ស្រេបមុននេះក៏ប្ដូរមកជាមានចំហាយក្ដៅភាយៗដែលនាំឲ្យអ្នកកំពុងតែញ៉ោះនាងកាន់តែបានចិត្ត។
"មុខក្រហមបែបនេះ..អៀន?"
"មិនអៀនទេ..គ្រាន់តែមិនស្រួលខ្លួន! ខ្ញុំងើបហើយ" ខេតក៏វាសដៃអ៊ែនហ្សូចេញបន្តិចរួចនាំខ្លួនក្រោកចេញពីគេ ដៃម្ខាងក៏លួចលូកប៉ះថ្ពាល់ខ្លួនឯងដែលឡើងកម្ដៅក្ដៅងំនោះរួចប្រញាប់ប្រមូលចានប្រឡាក់យកទៅដាក់ក្នុងឡាបូដើម្បីលាងសម្អាត។
"លោកនាយកទៅសម្អាតខ្លួនទៅ ថ្ងៃនេះនៅក្រុមហ៊ុនដូចជាមានឯកសារដែលមិនទាន់សុីញ៉េច្រើនណាស់ហើយការងារដែលមិនទាន់បង្ហើយក៏មានដែរ..អឹប"
"តែយើងចង់បង្ហើយក្មេងមាត់រឹងដូចជានាងសិន មិនល្អទេហេស៎? ខេតធឺរីន ម៊ែររី?" អ៊ែនហ្សូចូលមកកាន់អោបចង្កេះនាងតិចៗនិយាយពាក្យពេចន៍កាន់តែបញ្ឆេះឲ្យនាងអៀនលើសដើមថែមទៀត នាយបានឃើញថ្ពាល់នាងកាន់តែក្រហមក៏លូកដៃច្បិចបន្តិចរួចទើបនាំខ្លួនឡើងទៅជាន់ខាងលើដើម្បីផ្លាស់ឈុតទៅក្រៅតាមការប្រាប់របស់ខេត។
"ស្អីអញ្ចេស! ឃើញមិនមាត់ៗតែក៏ព្រើលមិនធម្មតា ហ៊ឹសមុខក្ដៅដូចឆ្នាំងអ៊ុត.." មាត់គិតតែពីរអ៊ូពិតមែនតែខេតក៏មិនភ្លេចលូកដៃមកស្ទាបថ្ពាល់ខ្លួនឯងដែរ វាឡើងក្ដៅហើយក្រហមរងាលដល់ថ្នាក់នាងត្រូវបើកទឹកយកមកលុបមុខដើម្បីបន្ថយកម្ដៅខ្លះ គួរឲ្យខឹងណាស់ មនុស្សស្អីចូលចិត្តតែមកដុតអារម្មណ៍គេហើយសើចដើរចេញទៅបាត់បែបនេះ គួរឲ្យខឹងពិតមែន។
...
រសៀលបន្តិច!
អ៊ែនហ្សូឡើងទៅសម្ងំយូរយកតែមែនទែនតែម្ដង មិនមែនគេមិនដឹងថាខេតចាំឡើយតែគេចង់ធ្វើបាបនាង គេឲ្យនាងនៅអង្គុយសំកុកចាំនៅសាឡុងខាងក្រោមឯណោះតាំងពីព្រឹករហូតដល់រសៀលទើបគេចុះមក។
អ៊ែនហ្សូនាំខ្លួនចុះមកដល់ខាងក្រោមទាំងក្នុងចិត្តប៉ងថានាងនឹងខឹងដាច់ក្បាលដាច់កន្ទុយជាមិនខានឡើយ តែវាផ្ទុយស្រឡះ គេបែរជាមកឃើញរាងកាយតូចអង្កុញជើងគេងនៅលើសាឡុង លង់លក់មិនដឹងតាំងពីថ្មើរណាមក ដឹងត្រឹមតែថានាងដូចជាគេងលក់សុបិន្តល្អដល់ហើយ។
"អឺម" អ៊ែនហ្សូបញ្ឈប់ដំណើរបោះជំហានរបស់ខ្លួនបន្តិចកាលបើខេតនាងគេងបែរមកម្ខាងនៃសាឡុង រួចយកដៃទាំងសងខាងធ្វើជាកំណល់កល់ថ្ពាល់ប៉ោងៗគួរឲ្យស្រឡាញ់របស់នាងឯណោះ។
"សាឡុងតូចយ៉ាងនឹងក៏នៅមើលឃើញធំព្រោះតែរាងល្អិតរបស់នាងដែរ ខេតធឺរីន ម៊ែររី! កាន់តែនៅជិតនាង យើងកាន់តែងឿងឆ្ងល់នឹងចង់ស្វែងយល់ពីនាងទ្វេរដង នាងដឹងពីយើងគ្រប់យ៉ាង ស្គាល់អ្វីជាខ្លួនយើងច្បាស់ជាងនរណាទាំងអស់ នាងធ្វើឲ្យយើងរអៀសចិត្តដែលយើងបែរជាមិនយល់ពីនាង នៅមានអារម្មណ៍ស្រពិចស្រពិលជាមួយនឹងនាង តែយើងនឹងព្យាយាម..ព្យាយាមស្វែងយល់ពីនាងបន្ថែមទៀត.." អ៊ែនហ្សូក៏លូកដៃប៉ះអង្អែលសក់ខ្មៅរលើបរបស់នាងស្រាលៗមុននឹងវាដាស់ឲ្យអ្នកដែលកំពុងតែគេងលង់លក់នោះញ៉ោចត្របកភ្នែកតិចៗជាសញ្ញាឲ្យគេដកដៃចេញមកវិញ។
"មកហើយ? អឹម.." ខេតធឺរីននិយាយទាំងបើកភ្នែកមីរៗរួចក្រោកឡើងដោយមិនភ្លេចលូកដៃទៅអោបអ្នកដែលបន្ទន់ខ្លួនមកមើលនាងមុននោះ អ៊ែនហ្សូក៏ភ្ញាក់បន្តិចរួចលូកដៃកាន់ខ្នងនាងជាប់។
"អរគុណសុីសស្ទឺ...អ្ហាយ៎" ខេតធឺរីននាងតែងតែមានទម្លាប់ក្រោកឡើងនឹងអោបអ្នកដែលអង្គុយរឺនៅក្បែរពេលនាងគេង វាជាទម្លាប់ដែលនាងធ្វើជាមួយសុីសស្ទឺ តែពេលនេះនាងក៏ធ្វើមកលើអ៊ែនហ្សូម្ដង នាងតូចដឹងស្មារតីក៏បើកភ្នែកធំៗរួចប្រញាប់រុញគេចេញបន្តិច។
"លោកនាយកហេតុអីក៏មិនឃាត់?" ខេតនិយាយផងលើកដៃអោបខ្លួនឯងផង អ៊ែនហ្សូក៏ក្រោកឡើងមួយអស់កម្ពស់រួចអោបដៃមើលមកនាង។
"ឃាត់ធ្វើអីបើគេចង់អោបយើងហើយ..ឆាប់ក្រោកមកនឹងអាលបានទៅ.."
"មនុស្សឆ្លៀតឱកាស" ខេតធឺរីនក៏ឆ្លៀតប្រទិចទៅនាយបន្តិចរួចក្រោកឡើងរត់ត្រុកៗទៅតាមគេ។
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន