លង់ស្នេហ៍នាយកកម្លោះ
ភាគ៩២"ប៉ាប៉ាជុប៎ៗម៉ាក់ៗមួយទៅ អាហិហិ ប៉ា" កន្លងទៅប៉ុន្មានថ្ងៃហើយក៏ដោយក៏អ៊ីវ៉ែនគេនៅតែនិយាយញ៉ោះប៉ាម៉ាក់គេបែបនេះដដែល ខេតធឺរីននាងមិនដឹងជានិយាយអីតែក៏បានតែអៀនប្រៀននឹងគេចមិនហ៊ានប្រឈមមុខកូនរហូតដូចជាពេលនេះអញ្ចឹងដែរ...
"កូនញ៉ោះអ្នកម៉ាក់រហូតបែបនេះ ចុះបើសិនជាម៉ាក់មុខក្រហមខ្លាំងម៉ាក់ឡើងបង្ហាញឈុតបានយ៉ាងមិចទៅកូនប្រុសប៉ា?" អ៊ែនហ្សូនិយាយឡើងស្របនឹងភ្នែកងាកមើលទៅកូនប្រុសតាមកញ្ចក់ដែលបញ្ចាំងទៅខាងក្រោយឯណោះ អ៊ីវ៉ែនក៏សើចកក្អឹកមុននឹងក្រោកឡើងរួចដាក់ដៃអោបករម្ដាយជាប់មិនភ្លេចថើបម្ដាយផង។
"ជុប៎..កូនឈប់ញ៉ោះម៉ាក់ហើយ ខ្លាចម៉ាក់ៗមិនស្អាត"
"កូនអ្នកណានឹងឆ្លាតថ្នាក់នេះ?" ខេតធឺរីនលូកចាប់ច្បិចថ្ពាល់កូនប្រុសបន្តិច។
"ជាកូនបង.." អ្នកដែលមិនបានចូលរួមស្និតស្នាលជាមួយក៏ព្រោះតែខ្លួនជាអ្នកបញ្ជាចង្កូតនោះក៏និយាយឡើង ខេតក៏ងាកមើលទៅនាយរួចក្ដាប់បបូរមាត់បន្តិច ស្រីតូចក៏ងាកមើលទៅកូនប្រុសរួចពេបមាត់បន្តិចដូចជាកំពុងតែដាក់មូរគ្នា។
"អ៊ីវ៉ែនជាកូនអូនទេ.."
"កុំតែបានបងជួយជាកម្លាំងអូនមិចនឹងអាចមាននោះ? សូម្បីតែមុខអ៊ីវ៉ែនក៏កាត់មកបងដែរ..ឃើញទេ?" អ៊ីវ៉ែនចូលទៅអោបករលោកប៉ាគេរួចដាក់មុខជិតគ្នាហាក់បញ្ជាក់ថាគេនឹងប៉ាគេមានមុខមាត់ដូចគ្នាពិតមែន។
"ឆើស! អញ្ចឹងដេនហ្សូច្បាស់ជាមុខកាត់មកអូនម្ដង" ខេតក៏ទម្លាក់ខ្លួនផ្អែកនឹងពូកឡានរួចបែរធ្វើមុខស្អុយប៉ែហាក់ដូចជាមិនពេញចិត្ត អ៊ែនហ្សូងាកមើលទៅកូនប្រុសបន្តិចរួចលូកដៃម្ខាងទៅកាន់ប៉ះដៃនាង។
"តែកូនក៏កាត់ភាពគួរឲ្យស្រឡាញ់តាមអូន ហើយបងក៏សង្ឃឹមថាដេនហ្សូ កូនប្រុសទី២របស់ពួកយើងក៏នឹងមានអត្តចារិកគួរឲ្យស្រឡាញ់ដូចជាអូនដែរ" អ៊ែនហ្សូពោលពាក្យលួងលោមនាងទាំងដែលគេមិនបានដឹងថានាងមិនបានខឹងអ្វីនឹងគេឡើយ នាងគ្រាន់តែចង់ញ៉ោះគេលេងប៉ុណ្ណោះ ស្រីតូចក៏លូកដៃទៅស្ទាបដៃអ៊ែនហ្សូបន្តិចរួចញញឹម។
"អូនក៏ចង់ឲ្យកូនយើងក្លាហាននឹងអង់អាចដូចជាបងដែរណា អូនស្រឡាញ់បង.." ខេតធឺរីនផ្ដេកក្បាលលើស្មារបស់អ៊ែនហ្សូរួចញញឹម នាយក៏អស់សំណើចនឹងរំភើបដៃម្ខាងក៏កាន់ប៉ះសក់នាងបម្រុងនឹងហាមាត់និយាយបន្ត..
(បងក៏ស្រឡាញ់..)
(ប៉ាប៉ាក៏ឡាញ់ម៉ាក់ អាហិហិ)
ពាក្យមួយឃ្លានេះជាសម្ដីរបស់ក្មេងតូចដែលអង្គុយនៅបាំងខាងក្រោយឯណោះ គេញញឹមគួរឲ្យស្រឡាញ់នឹងសប្បាយជាមួយជីវិតគ្រួសារតូចមួយដែលគេមាន ខេតធឺរីនក៏ញញឹមរួចទាញដៃកូនមកអោបករនាងជាប់ ទាំង៣នាក់ម្ដាយឪពុកនឹងកូនក៏បន្តដំណើរទៅមុខទាំងសំឡេងសើចក្អាកក្អាយនឹងស្រស់ថ្លាជាទីបំផុត។
...
ល្ងាចនាថ្ងៃពិធី..
កម្មវិធីបង្ហាញម៉ូដគ្រឿងពេជ្រធំបំផុតប្រចាំឆ្នាំត្រូវបានប្រារព្ធធ្វើឡើងនារង្គសាលបែបទំនើបដែលមានទីតាំងនៅក្បែរទន្លេហានហើយវាក៏ជាទីកន្លែងដែលមានអ្នកមានមិនច្រើនអ្នកទេដែលអាចមានសិទ្ធិប្រើប្រាស់រង្គសាលនេះបាន។
"ព្រះអើយស្រស់ស្អាតណាស់.."
"ពិតមែនហើយ..." សំឡេងភ្ញៀវកិត្តិយសបន្លឺអឺងកងបង្ហាញនូវប្រយោគមួយឃ្លាដូចៗគ្នានោះគឺភាពស្រស់ស្អាតនារង្គសាលមួយនោះ ព្រោះមនុស្សធម្មតាមិនអាចមានសិទ្ធិចូលមកបាននោះឡើយ គ្រប់គ្នាក៏ភ្លឹកសំឡឹងមើលទៅទិដ្ឋភាពនឹងការរៀបចំយ៉ាងស្រស់ស្អាតនោះ។
"អរគុណអុំហ្វីសម្រាប់រង្គសាលមួយនេះ.." គ្រានោះក៏មានវត្តមានម្ចាស់កាយមាំទាំឈរជជែកគ្នាជាមួយស្ត្រីម្នាក់ដែលធ្លាប់មានងារជាfirst ladyហើយនាងក៏ជាអ្នកដែលអះអាងនឹងផ្ដល់សិទ្ធិនៃការប្រើប្រាស់រង្គសាលនេះមកឲ្យគេដែរ។
"មិនដឹងជាអរគុណអីទេកូន ពួកយើងសុទ្ធតែជាគ្រួសារតែមួយ ម៉្យាងម៉ាក់អុំចង់ឲ្យកូនខេតបានដើរម៉ូដក្នុងកន្លែងល្អបំផុតបែបនេះ ឲ្យសាកសមនឹងឋានៈជាភរិយាក្មួយប្រុសម៉ាក់អុំណា៎" សម្ដីនិយាយបែបកក់ក្ដៅរបស់ជូហ្វីមិនត្រឹមតែធ្វើឲ្យអ៊ែនហ្សូមានអារម្មណ៍កក់ក្ដៅឡើយ សូម្បីតែលោកស្រីគ្រីសស្ទីនណាដែលជាម្ដាយរបស់ខេតដែលនៅឈរក្បែរនោះក៏ញញឹមបិទមាត់មិនជិត។
"កូនខេតមានសំណាងណាស់ដែលមានចាស់ទុំស្រឡាញ់នឹងមើលថែបែបនេះ ខ្ញុំជាម្ដាយតែប៉ុណ្ណេះក៏បានធូរចិត្តណាស់ទៅហើយ.. អរគុណណាស់លោកស្រីជូហ្វី" លោកស្រីគ្រីសស្ទីនណាក៏លូកចាប់ដៃជូហ្វីបន្តិច ពួកគាត់ទាំង២ក៏នាំគ្នាដើរទៅរកតុកិត្តិយសដើម្បីអង្គុយជុំគ្នា។
អ៊ែនហ្សូក៏ញញឹមតាមមើលពួកគាត់រហូតដល់ទាក់ភ្នែកនឹងវត្តមានប៉ាម៉ាក់នឹងបងប្អូនរបស់គេដែលកំពុងតែអង្គុយនៅតុកិត្តិយស អ៊ីវ៉ែនក៏អង្គុយលើភ្លៅលោកប៉ាគេ ហូស៊ុកមិនសូវមាត់ពិតមែនតែជាមួយអ៊ីវ៉ែនគឺគេខ្និខ្នក់មិនឲ្យចៅទាស់ចិត្តនោះឡើយ ចំណែកឯស្កាលេតឯណោះក៏អង្គុយនៅតុជាមួយគ្នាតែរវល់តែមើលវីនហ្សេន គេញញឹមជាប់លើផ្ទៃមុខព្រោះតែក្រោយពីព្យុះភ្លៀងទាំងអម្បាល់ម៉ានមកគ្រប់យ៉ាងក៏ប្រែមកជាល្អ គេសប្បាយចិត្តណាស់។
"នេះជិតដល់ម៉ោងហើយ ខេតយ៉ាងមិចទៅហើយន៎?" កំពុងតែឈរៗគេក៏នឹកឃើញដល់មនុស្សស្រីជាទីស្រឡាញ់ឯណោះ គេមិនបង្អង់ក៏ប្រញាប់ចូលទៅមើលនាង។ចង់ដឹងថាអ្នកម្ខាងទៀតនោះយ៉ាងមិចទៅហើយ?
រាងកាយតូចស្ថិតនៅក្នុងឈុតរ៉ូបស្រស់ស្អាត សក់ក៏តុបតែងរួចតែនាងក៏បែរជារេរ៉ាមិនឈប់ព្រោះតែនាងភ័យ ខេតធឺរីនដើរទៅមកៗមិនឈប់រហូតដល់ទូរសព្ទ័នាងមានអ្នកខលចូលមក។
"អាន់ណា?" ខេតធឺរីនលើកទូរសព្ទ័មកនិយាយទាំងមុខស្អុយ តែមិនដល់៥វិនាទីស្នាមញញឹមនាងក៏លោតឡើងកាលបើអាន់ណាបង្ហាញវីដេអូទៅកាន់សុីសស្ទឺអារ៉ូនី នាងនៅព្រះវិហារនៅឡើយទេរឺ?
(សុីសស្ទឺថាចង់ឃើញឯងតុបតែងខ្លួន មិនមែនសុីសស្ទឺអារ៉ូនីមួយទេ..)
អាន់ណានិយាយរួចក៏បែរកាំមេរ៉ាទៅកាន់សុីសស្ទឺអេននីដែលជាសុីសស្ទឺធំ ខេតធឺរីនក៏ញញឹមលាយឡំនឹងភ្នែកចង់យំ ក្រោយពីគាត់ព្រងើយកន្ដើយដាក់នាងរាប់ឆ្នាំមកគាត់ក៏យល់ព្រមនិយាយជាមួយនាងហើយរឺ?
(អ្នកណាឲ្យយំមុនឡើងកម្មវិធីនាងល្អិត? ទំនេរៗមកលេងខ្ញុំផង.. ខ្ញុំនឹកឯង! បានហើយ..)
(ហេ៎ មើលធ្វើអៀនដើរចេញអីណាទេសុីសស្ទឺអេននី)
គ្រាន់តែគាត់និយាយប៉ុណ្ណេះខេតក៏សប្បាយចិត្តជាងបានពរពីព្រះជាម្ចាស់ទៅទៀត នាងក៏ញញឹមស្របនឹងមានដៃមាំមួយគូលូកកាន់ស្មានាងដូចគ្នា។
"សួស្ដី សុីសស្ទឺអារ៉ូនី.. នាងច្រម៉ក់អាន់ណា"អ៊ែនហ្សូនិយាយនាំឲ្យអាន់ណាសើច សុីសស្ទឺក៏ចេញទៅសល់តែអាន់ណាដែលនៅនិយាយ នាងញញឹមមើលទៅពួកគេទាំង២រួចព្រលែងខ្យល់ដង្ហើមធំបន្តិច។
(ទីបញ្ចប់យើងក៏នៅតែច្រណែនជីវិតឯងដដែលនាងខេត ឯងជាមនុស្សល្អ ឯងសាកសមនឹងក្ដីសុខទាំងនេះបំផុត អ៊ែនហ្សូ..ផ្ញើមើលបងប្អូនល្អខ្ញុំផង)
"អាន់ណា.."
"កុំបារម្ភអី ចាំពេលដែលដេនហ្សូកើត ចាំយើងឲ្យឯងបីមុនគេល្អទេ?" អ៊ែនហ្សូនិយាយលេងមួយសន្ទុះទាល់តែអាន់ណាចុចបិទ ខេតក៏ញញឹមទាំងភ្នែករលីងរលោង អ៊ែនហ្សូក៏អោនថើបស្មានាងបន្តិចរួចទម្លាក់កាន់ដៃនាងជាប់។
"តោះយើងទៅ..ពិធីចាប់ផ្ដើមហើយប្រពន្ធសម្លាញ់"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន