លង់ស្នេហ៍នាយកកម្លោះ
ភាគ២៣+២៤ឡានខ្មៅក្រឹបឈប់ចតនៅខាងមុខសណ្ឋាគារលំដាប់ផ្កាយមួយកន្លែងដែលរៀបចំជួបជុំប្រមូលផ្ដុំទៅដោយអ្នកជំនួញល្បីៗក្នុងប្រទេស ទាស់ត្រង់ថាពួកគេដូចជាមកលឿនពេកហើយទេដឹង?
"ហុចដៃមក.." គ្រាន់តែឡានឈប់ចតភ្លាមអ៊ែនហ្សូដែលជាអ្នកអង្គុយនៅបាំងម្ខាងនោះក៏ហុចដៃមករកនាងផ្ដល់ជំនួយឲ្យនាងតោងទប់លំនឹងខ្លួន ខេតធឺរីនក៏ងាកមើលមុខគេបន្តិចរួចខិតទាញជាយសំពត់ខ្លួនឯងឡើងតែមិនហុចដៃឲ្យគេទាល់តែសោះ។
"នាងខ្ញុំអាចឡើងខ្លួនឯងបា..ហ្អាយ៎" ខេតធឺរីនប្ដូរពីការនិយាយហីៗដោយចេតនាមកជាស្រែកចាច៎កាលបើលោកអគ្គនាយកសុខៗក៏ត្រកងបីនាងឡើងទាំងកម្រោលតែម្ដង ខេតធឺរីនឯណោះក៏បើកភ្នែកធំៗមុននឹងផ្ទប់ក្បាលនឹងទ្រូងរបស់នាយហាក់បីដូចជាខ្មាសនឹងក្រសែភ្នែកអ្នកដែលនៅទីនោះអញ្ចឹងដែរ។
"លោកនាយកហេតុអីក៏មិនប្រាប់នាងខ្ញុំជាមុន?"
"ហ៊ឹស! បើប្រាប់គិតថានាងនៅស្ងៀមឲ្យយើងបីមកអញ្ចឹងហេស៎? នៅឲ្យតែស្ងៀមទៅ.." អ៊ែនហ្សូអោនមើលទៅនាងក៏ឃើញថានាងកំពុងតែផ្ទប់ក្បាលនឹងទ្រូងគេទើបនាយនឹកអស់សំណើចរួចរួសរ៉ាន់បីនាងចូលទៅខាងក្នុងនោះទាំងមិនបានខ្វល់ខ្វាយអ្វីទាល់តែសោះ។
"ហីយ៉ា! នោះគឺបងហ្សូទេតើ..នេះបីមីស្រីចង្រៃណានឹង? ហូយ៎ ក្ដៅណាស់ៗ" នាងតូចឡៃឡាដែលមានឈ្មោះជាអ្នកចូលរួមដែរនោះក៏មកទាន់បានឃើញសកម្មភាពអ៊ែនហ្សូបីខេតធឺរីនចូលទៅខាងក្នុងឯណោះផងដែរ នាងខឹងរហូតដល់ទន្ទ្រាំជើងសឹងតែបាក់កែងទៅហើយ ឡៃឡាក៏លើកជាយសំពត់រួចចូលទៅខាងក្នុងបាត់ទុកឲ្យលេខាអាន់ណាដែលមកជាមួយនាងនោះនៅតាមមើលអ៊ែនហ្សូនឹងខេតធឺរីនអម្បាញ់មិញនោះ។
(អាន់ណា៎!!! ឲ្យឆាប់ឡើង..)
"ចាស៎! អ្នកនាង.." អាន់ណាក៏អោនក្បាលគោរពឡៃឡាពីចម្ងាយរួចក៏ប្រញាប់ដកក្រសែភ្នែកពីអ្នកខាងនោះរួចនាំគ្នាទៅកាន់សាលពិធីនៅខាងក្នុងនោះ។ងាកមកមើលអ្នកដែលបីត្រកងគ្នាចូលមកខាងក្នុងឯណេះវិញ អ៊ែនហ្សូនាំនាងចូលមកកាន់បន្ទប់វីអាយភីដែលលោកយ៉ុងបានរៀបចំជាស្រេចនោះរួចក៏ដាក់នាងឲ្យអង្គុយនៅលើពូកឯណោះ។
"យកចូលមក.." អ៊ែនហ្សូក្រោកឡើងរួចបញ្ជាឲ្យកូនចៅយកស្បែកជើងទាំងជួងមកឲ្យនាងរើសសម្រាប់ពាក់ចូលក្នុងកម្មវិធីដែលហៀបនឹងចាប់ផ្ដើមនាពេលបន្តិចទៀតនេះ។
"ខ្ញុំសុំយកមួយនេះបានហើយព្រោះវាទាបល្មមហើយមើលទៅប្រហែលជាអាចនឹងធូរថ្លៃជាងគេបន្តិច.."
"អ្នកនាងខេតគិតខុសហើយនេះជាម៉ូដថ្មីសម្រាប់រដូវរំហើយនេះហើយមួយគូតម្លៃជិត២០លានឯណោះ.."
"ថា..ថាមិច? ២០លាន?" គ្រាន់តែបានលឺតម្លៃស្បែកជើងសាមញ្ញបំផុតដែលនាងកាន់នោះភ្លាម ខេតក៏ភាំងដល់ថ្នាក់ស៊កស្បែកជើងលែងចង់ចូលជើងទៅហើយ អ៊ែនហ្សូក៏ឈរនៅមុខកញ្ចក់រួចទាញក្រវ៉ាត់កររបស់គេបន្តិចរួចមិនភ្លេចងាកមើលទៅនាងតូចខេតធឺរីននោះផង។
"លោកយ៉ុងចាត់ចែងយកបង់បិទរបួសជើងឲ្យនាងផង មុននេះមិនដឹងជាទៅបានស្បែកជើងមកពីណាទេអង្គុយញ៉ុកឡើងស្រួចមាត់អស់ ជើងដាច់រយៈរយាយគ្មានសល់តែម្ដង"
"ធ្វើមិចខ្ញុំមិនមែនជាអ្នកមានដូចលោកនាយក អញ្ចឹងស្បែកជើងមួយគូក៏ច្រកទាល់តែច្រកលែងកើតទើបចោល មិនអីទេលោកយ៉ុង! ខ្ញុំអាចបិទខ្លួនឯងបាន" ខេតធឺរីនក៏លូកយកបង់បិទរបួសមកបិទខ្លួនឯងរួចក្រោកឡើងក្រោយពីស៊កស្បែកជើងរួច។
"នាងខ្ញុំរួចហើយ, ទៅបានរឺនៅចាស៎?" នាងមិនត្រឹមតែមិនខ្លាចតែក៏នៅនិយាយបញ្ចោះដល់អ្នកម្ខាងទៀតផងដែរ អ៊ែនហ្សូសង្គ្រឺតធ្មេញរួចជ្រែងហោប៉ៅចាកចេញទៅមុននាង ស្រីតូចក៏ព្រលែងខ្យល់ដង្ហើមរួចលើកជាយសំពត់ចេញទៅតាមនាយបាត់ លោកយ៉ុងដែលជាចាស់ទុំនាទីនោះក៏បានតែតាមមើលកម្លោះក្រមុំងរងក់ដាក់គ្នាទាំងអស់សំណើចតែគាត់ក៏សប្បាយចិត្តត្បិតខាងក្រុមការងារក៏បានរាយការណ៍ប្រាប់ថាខេតនាងកាចរឹងរូសតែនាងមិនដែលធ្វើឲ្យមានបញ្ហានៅក្នុងការងារឡើយ។
...
ទ្វាររង្គសាលក៏បើកឡើងនាំរាងកាយមនុស្សប្រុសស្រី២នាក់ដែលមកជាគូជាមួយគ្នា មិនមែនជាគូស្នេហ៍ដូចនឹងអ្នកដទៃឡើយតែជាគូជម្លោះទៅវិញទេ អ៊ែនហ្សូក៏ឈប់ធ្មឹងរួចខិតដៃទៅឲ្យខេតធឺរីនកៀក ស្រីតូចក៏មើលមុខគេបន្តិចរួចពេបមាត់ហាក់មិនចង់កៀក ហើយនាងក៏បានដូចបំណងពិតមែនព្រោះមានអ្នកចូលមកកៀកជំនួសនាងភ្លាមៗតែម្ដង។
"ហាឡូ! បងហ្សូម្ចាស់ចិត្ត..អីយ៉ា! សង្ហាគ្មានទាស់តែម្ដងណ៎ អេ៎! នេះអាវបងហ្សូត្រូវគ្នាជាមួយនឹងរ៉ូបឡៃឡាតែម្ដងណ៎" ឡៃឡានិយាយធ្វើដូចជាវាជាភាពចៃដន្យទាំងដែលនាងជាអ្នកចាំមើលគេនឹងស្លៀករ៉ុបឲ្យដូចគ្នានឹងពណ៌ឈុតរបស់អ៊ែនហ្សូសោះ។
"ខេត.."
"យ៉ុនហាន់..អេ៎.." ខេតធឺរីនឯណោះក៏មានអ្នកមករាក់ទាក់ផងដែរ ហើយគ្មានអ្នកណាឡើយក្រៅពីនាយកម្លោះកូនប្រុសច្បងរបស់លោកឧត្តមសេនីយ៍យ៉ុនឯណោះ យ៉ុនហាន់ក៏ចូលមករកនាងរួចអោនគោរពដូចជាព្រះរាជបុត្រមកសុំព្រះនាងចូលរាំ ចំណែកឯខេតនាងក៏ទាញជាយសំពត់រួចបន្ទន់ជង្គង់ដូចគ្នាដែរ ពួកគេទាំង២ក៏សើចសប្បាយជាមួយនឹងគ្នា យ៉ុនហាន់ក៏លូកដៃកាន់ប៉ះស្មាខេតរួចនាំនាងទៅរកអីញ៊ាំព្រោះមើលទៅទឹកមុខនាងគេក៏ដឹងថានាងមើលទៅនឿយហត់នឹងមិនទាន់បានញ៊ាំអ្វីទេ។
"បងហ្សូ..បងហ្សូទៅណា!! ហេ៎.." អ៊ែនហ្សូឯណោះក៏ក្ដាប់ម្រាមដៃខ្លួនឯងណែនរួចនាំខ្លួនចេញទៅបាត់ទុកឲ្យឡៃឡារត់តាមនាយឲ្យតត្រុកតែម្ដង។
យប់ជ្រៅបន្តិច...
ត្រឡប់ទៅមើលខេតនឹងយ៉ុនហាន់ឯណោះវិញ នាយក៏បានត្រឹមឈរមើលខេតញ៊ាំអាហារពេញៗមាត់ព្រោះតែនាងឃ្លាន គេក៏ញញឹមព្រោះថាគេចូលចិត្តមនុស្សស្រីណាដែលមិនចេះលាក់អ្វីដែលជាខ្លួនឯងបែបនេះ។
"មួយៗទៅតិចបានអួលណា៎" យ៉ុនហាន់ក៏ដាស់តឿនដល់មិត្តបន្តិចមុននឹងងាកភ្នែកមើលទៅម្ខាង វត្តមានមនុស្សម្នាក់ដែលស្លៀកឈុតស្រមោលសរស្រស់ស្អាតដើរកាត់ហ្វូងភ្ញៀវចូលមកកាន់តុដាក់វ៉ាញឯណោះ មិនបង្អង់យ៉ុនហាន់ក៏ចូលទៅរាក់ទាក់ជាមួយនឹងនាង។
"ស្មានតែអ្នកណាការពិតគឺនាងច្រម៉ក់វ៉ូយ៉នសោះ"
"ច្រម៉ក់ៗនឹងតិចបានត្រូវទៅ និយាយចឹងឯងមកជាមួយនឹងអ្នកណា?" យ៉ុនហាន់មិនបាននិយាយតែក៏ចង្អុលទៅជ្រុងម្ខាង វ៉ូយ៉នងាកមើលរួចញញឹមនឹងប្រញាប់ចូលទៅរកអ្នកដែលអង្គុយញ៊ាំអាហារតែឯងនោះ។
"សួស្ដីបងខេត.."
"អូ! អ្នក..អ្នកនាងវ៉ូយ៉ន.." ខេតក៏ដកឃ្លាពីការញ៊ាំរួចងាកមករាក់ទាក់នឹងក្មួយរបស់ចៅហ្វាយវិញ វ៉ូយ៉នក៏មើលទៅខេតរួចលើកមេដៃឲ្យនាងតែម្ដង។
"បងខេតស្អាតបំផុតតែម្ដងហើយ តែថាពូហ្សូទៅណាបានជាទុកឲ្យស្រីស្អាតនៅអង្គុយញ៊ាំតែឯងអញ្ចឹង?" វ៉ូយ៉ននាងក៏ងាករកមើលលោកពូរបស់នាង រួចក៏ប្រទះភ្នែកនឹងវត្តមានរបស់គាត់ដែលកំពុងតែអង្គុយអកស្រាឯណោះ។
"ខ្ញុំទៅមើលពូហ្សូបន្តិចសិន នេះមិនដឹងកើតអីទេ..ផឹកទៀតហើយ ចំជាយ៉ាប់មែន" វ៉ូយ៉ននាងក៏នាំខ្លួនទៅរកលោកពូ ខេតនាងក៏បំណងចង់ឃាត់វ៉ូយ៉នតែមិនទាន់ព្រោះយ៉ុនហាន់កាន់ដៃនាងជាប់រួចទាញនាងចូលហ្វូងរាំតែម្ដង។
ផាំង!
វត្តមានមនុស្សប្រុសស្រី២នាក់ចូលរាំក្នុងហ្វូងនោះកាន់តែនាំឲ្យអ្នកដែលស្រវឹងស្រាផង ស្រវឹងស្នេហ៍ផងនោះខឹងជាខ្លាំង គេក្រោកវាសដៃឡៃឡាដែលកំពុងតែអោបកឪបកៀកកើយគេនោះឲ្យចេញរួចចូលទៅចាប់ទាញដៃអ្នកដែលកំពុងតែរាំស្លូទាំងញញឹមនោះ។
"ពូហ្សូ.."
"លោកនាយកលែង.." ខេតនាងក៏ព្យាយាមរើតែមិនបានការ វ៉ូយ៉នក៏ចូលមកឃាត់ដែរក្រែងគេមើលឃើញវាមិនសាកសមតែក៏បែរជាត្រូវអ៊ែនហ្សូវាសនាងចេញមួយជំហរតែសំណាងល្អបានដៃមាំរបស់យ៉ុនហាន់ទប់ទ្រចង្កេះនាងជាប់ ជាឱកាសឲ្យអ៊ែនហ្សូអូសខេតធឺរីនចេញទៅបានសម្រេច។ នៅខាងក្រៅខេតក៏ព្យាយាមរើបម្រាស់ជាខ្លាំងពីការចាប់អូសតែមិនបានការ អ៊ែនហ្សូស្រវឹងកាន់តែមានកម្លាំងខ្លាំងលើសដើម..
"លោកនាយក..លែងខ្ញុំ.."
"នាងកាន់តែផ្គើនជាមួយយើងឡើងហើយខេត.."
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fiksi Penggemar- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន