លង់ស្នេហ៍នាយកកម្លោះ
ភាគ៤៤+៤៥នៅមន្ទីរពេទ្យដ៏មមាញឹកមួយក្នុងក្រុង ឡានសង្គ្រោះព្រមជាមួយនឹងទោចក្រយានយន្តផ្ទាល់ខ្លួនរបស់ប្រជាជនក៏បើកចេញចូលមកជាហូរហែបង្ហាញថានៅទីនេះគឺទទួលបានការទុកចិត្តជាខ្លាំងពីសំណាក់ប្រជាជនក្នុងក្រុងមួយនេះ។
រាងកាយតូចស្រឡូនដែលដេកនៅលើគ្រែអ្នកជម្ងឺឯណោះក៏ងាកមើលទៅកាន់លោកដុកទ័រដែលកំពុងតែពិនិត្យមើលសឺរ៉ូមឲ្យនាងនោះ។
"លោកដុកទ័រ.." សំឡេងស្រាលស្រទន់បន្លឺចេញពីបបូរមាត់នាងនាំឲ្យអ្នកដែលកំពុងតែពិនិត្យមើលសឺរ៉ូមនោះបែរជាប្រញាប់ងាកមកផ្ដោតនឹងការដឹងខ្លួនរបស់នាងវិញ។
"អ្នកនាងម៊ែររីដឹងខ្លួនហើយរឺ? មានមិនស្រួលនៅត្រង់កន្លែងណាទៀតទេ? ជាពិសេសគឺកន្លែងក្បាល.."
"ក្បាល?" បានលឺពីសំនួរដែលលោកដុកទ័រសួរនាំពីផ្នែកក្បាល ខេតធឺរីនក៏ចងចិញ្ចើមបន្តិចបែបឆ្ងល់ ស្រីតូចក៏ព្យាយាមក្រោកនាំខ្លួនឡើងអង្គុយឲ្យត្រង់តែនាងក៏មិនអាចធ្វើបានព្រោះតែនាងនៅវិលមុខមិនទាន់បាត់នៅឡើយ។
"អ្នកនាងអាចសម្រាកសិនបាន ព្រោះខ្ញុំក៏មានបញ្ហាចង់ពិភាក្សាជាមួយអ្នកនាងទាក់ទងនឹងជម្ងឺប្រចាំកាយដែលអ្នកនាងមានដូចគ្នាដែរ" ខេតធឺរីនមិនបានប្រកែកតែក៏ផ្ដេកខ្លួនដេកនៅលើគ្រែវិញរួចសំឡឹងមើលទៅលោកដុកទ័រទាញក្ដារមួយចេញមកដែលបង្ហាញពីអាការៈជម្ងឺរបស់នាង។
"អ្នកនាងមានជម្ងឺដុះសាច់ក្នុងខួរក្បាលដំណាក់កាលទី២ឈានចូលទៅ៣ទៅហើយ អ្នកនាងត្រូវការវះកាត់វាចេញឲ្យបានទាន់ពេលវេលា បើមិនដូច្នោះវាអាចនឹងប៉ះពាល់ដល់សុខភាពរបស់អ្នកនាងជាមិនខានឡើយ" ខេតធឺរីននាងក៏មិនបានដឹងពីវា ស្រីតូចបានត្រឹមលើកដៃខ្ទប់មាត់ខ្លួនឯងរួចងាកសំឡឹងមើលទៅកាន់លោកដុកទ័រ កែវភ្នែករលីងរលោងបំណងនឹងយំក៏ត្រូវដៃតូចស្រឡូនជូតវាសទឹកភ្នែកដែលហៀបស្រក់នោះរួចព្យាយាមធ្វើខ្លួនឲ្យរឹងមាំសួរទៅកាន់លោកដុកទ័រ។
"ចុះខ្ញុំនៅសល់ពេលប៉ុន្មានទៅ បើសិនជាខ្ញុំមិនទទួលការវះកាត់នោះ..."មួយសន្ទុះធំក្រោយមក..
"លោកដុកទ័រ! ខេតនាង.." គ្រាន់តែបានឃើញវត្តមានចេញមករបស់លោកដុកទ័រ អ៊ែនហ្សូក៏កាន់តែអន្ទះសារចង់ដឹងពីអាការៈនាងខ្លាំងលើសដើម លោកដុកទ័រក៏មើលមកគេព្រមជាមួយនឹងទឹកមុខស្មើធេងដែលនាំអោយអ៊ែនហ្សូកាន់តែតានតឹងចិត្តថែមមួយកម្រិតទៀត។
"អ្នកជម្ងឺយ៉ាងមិចទៅហើយលោកដុកទ័រ? នាងកើតអី? ធ្ងន់ធ្ងរដែរទេ? លោក.." អ៊ែនហ្សូផ្ទួនសំនួរជាច្រើនមិនដកមាត់តែម្ដង គ្រាន់តែប៉ុណ្ណេះក៏អាចដឹងបាត់ទៅហើយថាគេបារម្ភពីនាងខ្លាំងកម្រិតណានោះ។
"លោក.."
"លោកនាយក.." អ៊ែនហ្សូនៅមិនទាន់បានសួរនាំទៅកាន់លោកដុកទ័រអស់សេចក្ដីផងក៏ឃើញវត្តមានរបស់នាងតូចចេញមកដោយមានគ្រូពេទ្យរុញនាងចេញមក ស្រីតូចសំឡឹងមើលទៅកាន់មនុស្សប្រុសជាទីស្រឡាញ់ទាំងមិនទាន់បាននិយាយអីផងក៏ត្រូវបានគេចូលមកអោបក្រសោបនាងជាប់ណែនបាត់ទៅហើយ។
"លោកនាយក..ខ្ញុំថប់ដង្ហើម" កាលបើគេអោបក្រសោបនាងជាប់ណែនខ្លាំងពេកខេតធឺរីនក៏និយាយឡើងព្រមទាំងគោះខ្នងគេតិចៗ អ៊ែនហ្សូក៏ព្រលែងនាងពីការអោបរួចលូកដៃកាន់ប៉ះថ្ពាល់នាងតិចៗទាំងព្រួយបារម្ភ។
"ថ្ងៃក្រោយបើឈឺគួរតែប្រាប់យើង.. សូម្បីតែបន្តិចបន្តួចក៏ដោយ កុំទុកដល់ធ្ងន់ខ្លួនហើយសន្លប់បែបនេះបានទេ? យើងសុំចិត្តនាង..ខេត" គេនិយាយផ្ដាំផ្ញើនាងតូចប៉ុណ្ណឹងរួចក៏អោបនាងជាថ្មីម្ដងទៀត ស្រីតូចក្នុងឈុតអ្នកជម្ងឺមានមុខមាត់ស្លេកស្លាំងក៏ញញឹមរួចអោបតបទៅកាន់គេវិញ ស្របនឹងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់។
"ការជួបតែងតែមានបែក ជីវិតមនុស្សយើងម្នាក់ៗមើលមិនឃើញឡើយលោកនាយកដឹងទេ?" នាងក៏មិនបានទុកឱកាសឲ្យបន្តទៅមុខដោយទទេៗឡើយ នាងក៏អោបនឹងប្រើប្រាស់ក្ដីសុខដែលនៅសេសសល់ឲ្យបានល្អបំផុត នាងមិនខ្ជះខ្ជាយពេលទៀតទេ។
(បើសិនជាអ្នកនាងមិនវះកាត់..)
(អ្នកនាងគួរតែថែទាំខ្លួន ព្រោះអ្នកនាងសល់ពេលមិនដល់១ឆ្នាំទៀតទេ...) ពាក្យពេចន៍ដែលលោកដុកទ័រនិយាយមុននោះក៏លោតឡើងមកក្នុងខួរក្បាលរបស់នាងជាថ្មីម្ដងទៀតនាំអោយខេតធឺរីនអោបក្រសោបអ៊ែនហ្សូកាន់តែណែនដៃលើសដើមថែមទៀត។
...
នៅតាមផ្លូវ
អ៊ែនហ្សូទាមទារចង់ឲ្យខេតធឺរីននាងនៅសម្រាកតាមដានមើលអាការៈបន្តដែរតែនាងខ្លួនឯងជាអ្នកមានៈចង់ទៅផ្ទះវិញសម្រាក អ៊ែនហ្សូក៏មិនអាចជំទាស់មានតែធ្វើតាមចិត្តនាងព្រោះនាងជាអ្នកជម្ងឺ។
"ហេតុអីក៏មិននៅសម្រាកនៅមន្ទីរពេទ្យ? មុននេះសន្លប់បាត់មាត់បាត់ករឈឹងដឹងរឺក៏អត់ថាគេភ័យប៉ុណ្ណា? នាងច្រម៉ក់ខេត.." ទោះបីជាពេទ្យនិយាយថានាងមិនអី ហើយក៏មិនបង្ខំឲ្យនាងសម្រាកនៅឯមន្ទីរពេទ្យតាមដានសុខភាពក៏ដោយ តែអ៊ែនហ្សូគេក៏នៅតែមានមន្ទិលសង្ស័យព្រមទាំងជីកកកាយសួរនាំពីសុខភាពរបស់ខេតធឺរីនជានិច្ច។
"នៅពេទ្យមនុស្សអ៊ូអរណាស់ខ្ញុំមិនទម្លាប់ ម៉្យាងខ្ញុំក៏មិនចង់ខ្ជះខ្ជាយលុយដេកនៅពេទ្យបើគ្រាន់តែជម្ងឺធ្វើការហួសកម្លាំងអីបែបនេះ.." ខេតធឺរីននិយាយរៀបរាប់ស្របនឹងខ្សែភ្នែកសំឡឹងមើលទៅទេសភាពខាងក្រៅ អ៊ែនហ្សូកាលបើបានដឹងលឺពីដើមហេតុដែលនាំអោយនាងកើតនូវបញ្ហានេះគេក៏បង្ហាញទឹកមុខព្រួយបារម្ភនឹងដឹងខុសស្របគ្នា ដៃមាំលូកចុះមកទាញដៃនាងទៅកាន់ក្រសោបជាប់ណែនតែម្ដង។
"មួយរយៈនេះហត់នឿយខ្លាំងណាស់ពិតទេ? បងមិនគួរណាដាក់ការងារឲ្យអូនធ្វើច្រើនថ្នាក់នឹងសោះ.." សព្វនាមដែលគេនិយាយមុននោះមិនបានធ្វើឲ្យនាងតូចភ្ញាក់នឹងចាប់អារម្មណ៍ដូចជាផ្លូវដែលគេកំពុងតែជិះនោះឡើយ ស្រីតូចក៏អង្រួនដៃនាយបន្តិចកាលបើផ្លូវទៅផ្ទះនាងជាផ្លូវត្រង់តែគេក៏បែរជាបត់ទៅវិញ។
"លោកនាយក..ផ្លូវនេះមិនមែនជាផ្លូវទៅផ្ទះខ្ញុំទេ" អ៊ែនហ្សូងាកមើលទៅមុខនាងបន្តិចរួចក៏ញញឹមទាំងដៃនៅបញ្ជាចង្កូតជាប់នៅឡើយ។
"ត្រឹមត្រូវណាស់"
"អញ្ចឹងលោកនាយកនាំខ្ញុំទៅណា?" នាងតូចក៏ងាកបែរមកចំមុខអគ្គនាយកព្រមទាំងលើកសំនួរបែបអន្ទះសារមួយតែនាងក៏នៅស្ងៀមកាលបើដៃតូចស្រឡូនរបស់នាងត្រូវបានអ្នកម្ខាងទៀតត្រកងឡើងរួចផ្ដិតស្នាមថើបលើខ្មងដៃនាងបន្តិច។
"ទៅផ្ទះរបស់បង.."
"ហ៊ឺ..បង?" ម្ដងនេះខេតធឺរីននាងក៏ភ្ញាក់នឹងសព្វនាមដែលគេប្រើនោះ វាក៏ជាអ្វីដែលអ៊ែនហ្សូចង់ឃើញដែរ ពោលគឺជាទឹកមុខបែបភ្ញាក់ផ្អើលរបស់នាងនឹងតែម្ដង អ៊ែនហ្សូក៏បត់ឡានចូលទៅកាន់អាផាតមិនដែលពួកគេធ្លាប់មកម្ដងជាមួយគ្នា វាជាទីកន្លែងសាងស្នេហ៍នាយប់ដំបូងដ៏សែនកក់ក្ដៅរបស់ពួកគេនឹងឯង ពេលនេះគេក៏នាំនាងមកម្ដងទៀតហើយ។
ឡានខ្មៅរលើបបើកចូលមកដល់បរិវេណអាផាតមិនធំស្កឹមស្កៃនោះរួចក៏ឈប់ចតនៅកន្លែងចតឡានដែលនៅក្បែរនឹងអាផាតមិននោះ គេក៏ងាកមកឃើញថាខេតធែរីននាងនៅមិនទាន់បាត់ឆ្ងល់នឹងអ្វីដែលគេបាននិយាយមុននោះនៅឡើយទេ គេក៏ចូលមកជិតនាងរួចទម្លាក់បបូរមាត់ថើបនាងបន្តិចរួចដកមកវិញ ដៃម្ខាងក៏លូកកាន់ប៉ះថ្ពាល់របស់នាងជាប់តែម្ដង។
"បងបណ្ដោយឲ្យអូនធ្វើការហួសកម្លាំងដល់ឈឺបែបនេះទៅហើយ បងមិនបណ្ដោយឲ្យវាកើតឡើងជាលើកទី២ដាច់ខាត បងសន្យា.." អ៊ែនហ្សូកាន់ដៃនាងនិយាយលួងលោមដល់ស្រីតូចយើងដែលមានមុខមាត់ស្រគត់ស្រគុំមុននោះឲ្យបានញញឹមសារជាថ្មី ស្នាមញញឹមរបស់គេនេះឯងដែលនាំឲ្យមនុស្សដែលចង់បោះបង់ចោលគ្រប់យ៉ាងប្រែក្លាយមកជាមានសង្ឃឹមវិញ។
(១ឆ្នាំក៏យូរណាស់ដែរ អូននឹងចំណាយពេលឲ្យបានល្អបំផុតជាមួយនឹងបង អ៊ែនហ្សូ សម្លាញ់ចិត្ត)
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន