ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ អ្នកគ្រប់គ្នាក៏ក្រោកពីព្រលឹមស្រាងដើម្បីបំពេញតួនាទីការងារខ្លួននៅក្នុងបរិវេណវីឡាធំទូលាយរបស់ត្រកូលអាល់ម៉ាឌី បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរាត្រីមកក៏មានសម្លេងចេចចាច៎បន្លឺឡើងជាថ្មីវាដូចជាការដាស់ស្មារតីអ្នកកំពុងតែដេកលង់លក់នៅលើគ្រែចឹងដែរ នាយសង្ហាជាអ្នកប្រុសរបស់វីឡានេះក៏បើកភ្នែកឡើងសន្សឹមៗមកជាមួយនឹងអាការៈងងុយនៅឡើយតែក៏មិនភ្លេចលូកដៃវាសលើពូកទន់ល្មើយបំណងចង់ឲ្យប៉ះនឹងរាងកាយរបស់ភរិយាខ្លួនតែបែរជាមិនប៉ះអ្វីទាំងអស់គ្រប់យ៉ាងគឺទទេស្អាត។
"ហ៊ឹម!!!"ដំណកដង្ហើមធំបន្លឺឡើងពីដើមកររបស់ហូស៊ុកបន្ទាប់ពីគេបានបាត់ភរិយាពីបន្ទប់ទៅមិនដឹងជាប៉ុន្មានលើកទៅហើយទេ គេក៏ក្រោកឡើងអង្គុយនៅលើគ្រែតែកែវភ្នែកវាងវៃរបស់នាយក៏ងាកទៅចំឈុតអាវធំដែលត្រូវបានភ្ជួរនៅនឹងស្នួលសម្លៀកបំពាក់វាមានសភាពស្អាតល្អមានភ្លីត្រឹមត្រូវធ្វើឲ្យគេញ៉ោចស្នាមញញឹមឡើងនៅលើមុខតិចៗព្រោះប្រាកដណាស់ថាវាជាស្នាដៃរបស់ភរិយាគេ ស្កាលេតទោះបីជានាងមិនជាពេញចិត្តនឹងនិយាយឆ្លើយឆ្លងជាមួយនឹងគេរឺក៏នៅក្បែរគេតែនាងក៏តែងតែបំពេញតួនាទីជាភរិយាដ៏ល្អម្នាក់ មនុស្សស្រីដែលមិនចេះអ្វី មិនដែលធ្វើការងារអ្វី រស់នៅតែលើគំនរមាសប្រាក់ មានអ្នកបម្រើឆ្វេងស្ដាំតែពេលនេះក៏បែរជាមកឈរសំកុកធ្វើម្ហូបនឹងការងារសព្វសារពើនៅក្នុងផ្ទះ តែប៉ុណ្ណេះទោះជាមិននិយាយក៏យើងអាចដឹងដែរថាស្កាលេតផ្ដល់ភាពសំខាន់ទៅលើចំណងគ្រួសារមួយនេះយ៉ាងណា..
"លេត?!"ហូស៊ុកឧទានហៅឈ្មោះភរិយាស្រាលៗកាលបើគេងាករកមើលនាងពេញក្នុងបរិវេណបន្ទប់ហើយនៅមិនឃើញនាងទៀត រាងក្រាស់បោះជំហានស្រាលៗដើរចូលមកខាងក្នុងបន្ទប់ទឹកក៏ស្រាប់តែជ្រួសគ្នានឹងភរិយាល្មម ស្កាលេតចេញមកដោយមានកូនកន្សែងតូចកាន់ជាប់នឹងដៃហើយឈ្លីជូតសក់សើមរបស់នាង កែវភ្នែកមូលក្រឡង់ងាកសម្លឹងមើលផ្ទៃមុខរលោងស្រិលរបស់ស្វាមីសម្អប់នោះ បូករួមជាមួយនឹងស្នាមញញឹមរបស់គេមកកាន់នាងធ្វើឲ្យសាច់ដុំទ្រូងខាងឆ្វេងរបស់ស្កាលេតហាក់លោតខុសចង្វាក់រហូតដល់ម្ចាស់រាងកាយលើកដៃទប់ទ្រូងខ្លួនឯងមុននឹងងាកភ្នែកចេញពីគេ។
"អៀនប្ដីរឺ?មកខានបានសម្លឹងមើលមុខអូនចំៗបែបនេះយូរហើយ"ដៃមាំលូកទាញក្រសោបចង្កេះប្រពន្ធមកកៀកកិតជិតខ្លួន ស្កាលេតនាងមិនបានប្រុងប្រៀបខ្លួនក៏ត្រូវបានតែលើកដៃតូចស្រឡូនលូកទប់ទ្រូងគេជាប់ បើកភ្នែកភ្លឹសៗសម្លឹងមើលទៅគេសភាពនាងនាពេលនេះប្រៀបបីដូចជាកូនក្មេងដែលភ្ញាក់ពីការប៉ះពាល់របស់មនុស្សចម្លែកចឹង ហូស៊ុកក៏រាងអស់សំណើចបន្តិចធ្វើឲ្យលេតកាន់តែឆ្ងល់ថែមទៀត។
"សើចរឿងអី?មុខខ្ញុំប្រឡាក់អីរឺ?ហ៊ឹម"ស្កាលេតនិយាយចប់ភ្លាម ហូស៊ុកក៏ឆ្មក់ថើបមាត់នាងមួយខ្សឺត ទឹកមុខនៅតែរក្សាភាពច្រឡើមដូចជាមុនៗដែរ។
"ពេលនេះមាត់របស់អូនប្រឡាក់ជាប់ស្នាមថើបរបស់ប្ដីហើយ ចាត់ទុកថាវាជំនួសឲ្យពាក្យអរុណសួស្ដីទៅចុះ"ហូស៊ុកលូកដៃច្បិចចុងច្រមុះនាងបន្តិចមុននឹងដើរបង្ហួសចូលទៅបន្ទប់ទឹកម្ដង ពាក្យគេនិយាយមកកាន់នាងអម្បាញ់មិញនេះកាន់តែធ្វើឲ្យនាងមានការងឿងឆ្ងល់ជាខ្លាំងតែនាងក៏មិនអាចនិយាយអីបាន ដៃស្រឡូនតូចលូកកាន់ប៉ះបបូរមាតខ្លួនឯងត្រង់កន្លែងដែលហូស៊ុកថើបថ្នាក់ថ្នមអម្បាញ់មិញនោះ អារម្មណ៍រំជួលបុកទម្លុះអង្រួនឲ្យស្នាមញញឹមនាងញ៉ោចឡើងបន្តិចបូករួមនឹងស្នាមក្រហមឡើងព្រឿងៗនៅលើថ្ពាល់របស់នាង។
"គេកើតស្អីអញ្ចេស?"ស្កាលេតពោលប្រយោគមួយឃ្លាឡើងមកទាំងកំពុងតែមិននឹកនរអារម្មណ៍រួចក៏ប្រញាប់បោះជំហានដើរចាកចេញទៅមិនបានដឹងថាអ្វីដែលនាងនិយាយនោះត្រូវបានអ្នកនៅខាងក្នុងលបលួចស្ដាប់ឡើយ..
"ប៉ុន្មានឆ្នាំទៅហើយក៏អូននៅតែដដែលលេត"ហូស៊ុកនៅឈរអោបដៃក្បែរទ្វារបន្ទប់ទឹកនិយាយឡើងម្នាក់ឯងទាំងញញឹម គេលួចសម្លឹងមើលទៅនាងនឹងស្ដាប់នាងនិយាយម្នាក់ឯងចឹងបានន័យថាគេបានដឹងលឺនឹងឃើញកាយវិការអៀនប្រៀនរបស់នាងអស់ទៅហើយត្រូវទេ???
កន្លះម៉ោងក្រោយបន្ទាប់ពីរៀបចំខ្លួនស្អាតបាតរួចរាល់ហូស៊ុកក៏ចុះមកជាន់ខាងក្រោមជាមួយនឹងទឹកមុខស្រស់ស្រាយជាងសព្វដង គេកាន់កាបូបធ្វើការដែលស្អាតភ្លឹងគ្មានសូម្បីតែស្នាមប្រឡាក់ ខោអាវភ្លឹងមើលភ្លីដែលសុទ្ធតែជាស្នាដៃការរៀបចំរបស់ភរិយាគេតែម្នាក់នឹងឯង ទោះជានាងនឿយយ៉ាងណាក៏នាងមិនដែលបណ្ដោយឲ្យស្វាមីចេញទៅទាំងគ្មានរបៀបរៀបរយដែរ។
"អរុណសួស្ដីបងប្រុស"
"អូ!ឡេនណានេះអូនទើបមកពីណា?"ហូស៊ុកចុះមកដល់ក៏ជ្រួសផ្លូវគ្នាជាមួយនឹងស្រីស្រស់ដែលទើបតែមកពីខាងក្រៅមក ឡេនណាក៏ឈប់ឆ្កក់រួចញញឹមទៅកាន់បងប្រុសនាងយ៉ាងសមសួន។
"ខ្ញុំទើបមកពីក្រៅ និយាយចឹងចុះឯណាអ្នកបងលេតនោះ?ថ្ងៃនេះខ្ញុំមានការងារផ្សេងឲ្យគាត់មើលផង"ស្ដាប់មើលតែសព្វនាមដែលស្រីក្រមុំនេះប្រើក៏អាចអោយយើងដឹងទៅហើយថានាងមានតួនាទីជាអ្វីនៅក្នុងវីឡានេះ ។ ឡេនណាអាល់ម៉ាឌី!!! អ្នកនាងតូចរបស់ត្រកូលអាល់ម៉ាឌីនេះ នាងមានអាយុស្របាលៗជាមួយនឹងស្កាលេតដែរ តែនាងជាមនុស្សស្រីជោគជ័យវ័យក្មេងម្នាក់ ព្រោះថាឡេនណាមានក្រុមហ៊ុនមួយដំណើរការក្រោមការគ្រប់គ្រងរបស់នាងដែរ វាជាជំនួញទាក់ទងនឹងការច្នៃម៉ូដសម្លៀកបំពាក់ ស្នាដៃច្នៃម៉ូដរបស់នាងបានរីកសុះសាយខ្លាំងកំឡុងប៉ុន្មានខែចុងក្រោយនេះ នឹងមានតារាបង្ហាញម៉ូដជាច្រើនទាក់ទងនឹងចាប់អារម្មណ៍នឹងស្នាដៃនាង។ ហេតុនេះហើយទើបនាងទទួលបានការស្ញប់ស្ញែងនឹងនារីវ័យក្មេងម្នាក់នេះ សូម្បីតែហូស៊ុកក៏បែបនេះដែរ ចឹងហើយទើបគេព្យាយាមបញ្ចុះបញ្ចូលឡេនណាអោយជួយជ្រោមជ្រែងនឹងបង្រៀនស្កាលេតអោយបានចេះដឹង ព្រោះថាស្កាលេតក៏បានបញ្ចប់ការសិក្សាខាងផ្នែកឌីសាញនេះដែរ តែស្កាលេតនាងតែងតែព្យាយាមគេចវេសរហូតមិនចង់រៀនសូត្រសោះ។
"នាងប្រហែលជាកំពុងតែបញ្ចុកអាហារពេលព្រឹកកូនហើយមើលទៅនោះ! ឡេនណាឡើងទៅសម្អាតខ្លួនសិនចុះព្រោះមើលទៅដូចជាហត់នឿយណាស់ ហើយក៏អរគុណដែរដែលជួយដល់ប្រពន្ធបងណា៎"ឡេនណាក៏ងក់ក្បាលតិចៗជាមួយនឹងស្នាមញញឹមរួចនាងក៏បន្តឡើងទៅខាងលើចំណែកឯហូស៊ុកក៏ចុះមកខាងក្រោមបន្តដើរទៅកាន់បន្ទប់អាហារដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាន។
....
"មោះហា៎មាត់ទៅកូន ឆ្លាត!!!"ស្កាលេតពោលទាំងញញឹមកាលបើអែមមីនាងស្ដាប់ទម្លាប់ហើយញ៊ាំបបរគ្រឿងដែលម្ដាយបានចម្អិននោះពេញៗមាត់ហើយក៏ញ៊ាំយ៉ាងមានសណ្ដាប់ធ្នាប់ទៀតមិនមានការខ្ចាយរឺប្រឡាក់ដល់ឯកសណ្ឋានសាលានោះឡើយ ពួកគេអង្គុយទល់កៅអីគ្នាជាមួយនឹងនាយសង្ហាជាឪពុកដែលកំពុងតែអង្គុយបរិភោគអាហារពេលព្រឹករបស់គេ អាចនិយាយបានថាគេមិនសូវជាបាននៅញ៊ាំអាហារពេលព្រឹកនៅផ្ទះប៉ុន្មានទេ ហូស៊ុកលើកពែងកាហ្វេឡើងចិបវាបន្តិចជាមួយនឹងក្រសែភ្នែកសម្លឹងមើលមកកូនស្រីនឹងភរិយាដែលកំពុងតែញញឹមស្រស់ដាក់គ្នាធ្វើឲ្យគេហាក់មានចិត្តរំភើបប្លែកគិតថាបើសិនជាគេនៅទទួលទានអាហារពេលព្រឹកបែបនេះរាល់ថ្ងៃគេក៏នឹងអាចឃើញស្នាមញញឹមភរិយានឹងកូនបែបនេះដូចគ្នាដែរ..
"មោះកុំលេងច្រើនណា៎កូន ញ៊ាំបបរឲ្យឆាប់អស់នឹងអាលបានទៅសាលាណា៎ មិត្តរបស់កូនអាចនឹងកំពុងតែចាំកូន ចាំព្រះនាងតូចរបស់ម៉ាក់ទៅសាលាលេងជាមួយនឹងពួកគេ ហ៊ឹម"
"តែកូនចង់នៅលេងជាមួយម៉ាក់ៗជាង ពួកគេទាំងនោះមិនយល់ចិត្តកូននឹងស្រឡាញ់កូនដូចម៉ាក់ៗទេ ម៉ាក់ៗជូនកូនទៅសាលាបានទេម៉ាក់?ទៅនៅជាមួយនឹងកូនមួយថ្ងៃបានទេ?"អែមមីលើកពាក្យស្នើសុំនេះមកជាថ្មីម្ដងទៀតហើយ រាល់លើកឲ្យតែនិយាយដល់ការចេញទៅខាងក្រៅបែបនេះទឹកមុខអ្នកជាឪពុកក៏បែរជាក្រម៉ូវជានិច្ច មិនបាច់ស្កាលេតងាកមើលទៅគេក៏នាងអាចដឹងដែរ ហូស៊ុកដាក់ពែងកាហ្វេចុះនៅលើចានទម្ររួចក៏ក្រោកឡើងមួយអស់កម្ពស់ចាកចេញទៅដោយមាននាយជំនិតរបស់គេទៅតាម ស្កាលេតតាមមើលការដើរចាកចេញរបស់ស្វាមីទៅទាំងដឹងច្បាស់គេកំពុងតែក្រពុលមុខនឹងបញ្ហារបស់នាងទៀតហើយ មិនបង្អង់យូរស្កាលេតនាងក៏ប្រញាប់សម្រួលអារម្មណ៍ខ្លួនរួចបែរមករកកូនព្យាយាមញញឹមទៅកាន់នាង...
"កូនទៅសាលាលេងជាមួយនឹងមិត្តសិនទៅណា៎ ថ្ងៃណាមួយដែលមានឱកាសម៉ាក់នឹងទៅជូនកូនទៅហើយនឹងលេងជាមួយកូនណា៎កូនស្រីម៉ាក់"
"សន្យាទេម៉ាក់ៗ?"ស្កាលេតងក់ក្បាលទាំងញញឹមរួចក៏ថ្ពក់ដៃសន្យាជាមួយនឹងកូនជាថ្មីម្ដងទៀតទោះជាដឹងថានាងអាចធ្វើបានត្រឹមតែជាពាក្យសន្យាប៉ុណ្ណោះ...
នៅខាងក្រៅជំនិតរបស់ហូស៊ុកក៏យកកាតាបរបស់នាងតូចអែមមីដាក់លើឡានបាំងខាងក្រោយរួចក៏ពរអ្នកនាងតូចដាក់លើឡានដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពមួយកំប៉្លេតែម្ដង ចំណែកឯហូស៊ុកក៏ហៀបនឹងឡើងលើឡានទៅហើយតែក៏មានទូរសព្ទ័មួយខ្សែទាក់ទងចូលមក វាជាលេខប្លែកទើបនាយប្រញាប់លើកក្រែងជាលេខរបស់អតិថិជន
<អាឡូបងសម្លាញ់ នេះជេនណា៎! បងនៅឯណានឹង?អូនមកដល់ការិយាល័យហើយមិនឃើញបងទើបអូនខលទៅ..>
"ខ្ញុំប្រាប់នាងប៉ុន្មានដងហើយថាកុំឲ្យទាក់ទងមកពេលដែលខ្ញុំកំពុងតែនៅផ្ទះនាងចង់ឲ្យខ្ញុំ.."
"ហូស៊ុក"សម្លេងតូចស្រាលមួយបានបន្លឺឡើងពីក្រោយខ្នងរបស់គេ នាយក៏ងាកបែរមកទើបដឹងថាជាវត្តមានភរិយារបស់គេ ហូស៊ុកក៏រហ័សចុចផ្ដាច់ការទាក់ទងជាមួយនឹងជេនភ្លាមរួចក៏ញញឹមដាក់ប្រពន្ធ ស្រីតូចក៏ដើរមកជិតគេមុននឹងលូកដៃចូលហោប៉ៅអាវគេ...
"កុំយកវាទៅអី យកអានេះជំនួសវិញទៅ"ស្កាលេតដកបារីពីហោប៉ៅរបស់ស្វាមីរួចក៏ជំនួសវិញដោយស្ករកៅស៊ូមួយដុំតូចដាក់នៅក្នុងនោះជំនួសវិញ ហូស៊ុកក៏តាមសម្លឹងមើលទៅសភាពទឹកមុខស្មើរបស់នេះមិនដាក់ភ្នែក...
"លេត..មុននេះអូនបានលឺបង.."
"លោកចង់មានអ្នកណាក៏មានចុះ ខ្ញុំមិនថាអ្វីនោះទេព្រោះវាជាសិទ្ធិនឹងការសម្រេចចិត្តរបស់លោក តែសូមមេត្តាកុំឲ្យកូនដឹងអីព្រោះនាងអាចនឹងខូចចិត្ត ព្រោះលោកតែងតែជាប៉ាល្អម្នាក់ក្នុងភ្នែករបស់អែមមីរហូតមក"ស្កាលេតនាងនិយាយទាំងទឹកមុខស្ងួតហាក់ដូចជាគ្មានការឈឺចាប់តែអ្នកណាទៅដឹងថាក្នុងចិត្តនាងយ៉ងមិចនោះ?
YOU ARE READING
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanfictionស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត