ភាគទី៣៣

574 19 0
                                    

បល្ល័ង្កស្នេហ៍
ភាគទី៣៣💔

ក្រឡេកមកវីឡាត្រកូលអាល់ម៉ាឌីឯណោះវិញ ការពិតទៅលេខដែលបានខលមកនោះជាលេខរបស់ឡេនណា នាងឈាងចូលទៅទទួលក្មួយស្រីពីមន្ទីរពេទ្យមក នាងសឹងតែមិនអាចនៅធ្វើការកើតទៅហើយព្រោះនាងច្រម៉ក់ជាក្មួយស្រីនោះខលទៅនាងមិនឈប់និយាយថានាងនឹកអ្នកមីងខ្លាំងណាស់ កាលទើបអ្នកមីងមកលេងនឹងនាង តែគ្រាន់តែនាងមកដល់ផ្ទះភ្លាមនាងក៏បែរជារត់ស្ររពេញក្នុងវីឡាហាក់មិនខ្វល់នឹងវត្តមានរបស់អ្នកមីងដែលនាងល្បួងឲ្យទៅទទួលនាងដោយពាក្យថានឹកនោះសោះ។
"មើលចុះនិយាយថានឹកមីងតែមកដល់ក៏គ្មានអើពើអីជាមួយនឹងមីងសោះអែមមី"ឡេនណានិយាយឡើងទាំងភ្នែកងាកសម្លឹងមើលទៅក្មួយស្រីកំពុងតែរត់លេងនោះមិនឈប់ អែមមីនាងរត់ស្ររពេញក្នុងផ្ទះអូសកូនតុក្កតាចេញភ្លើង ក្នុងចំណោមតុក្កតាទាំងអស់វាជារបស់ដែលនាងស្រឡាញ់ជាងគេនឹងជាកាដូតែមួយគត់ដែលម៉ាក់នាងបានទិញជូននាង អែមមីស្រឡាញ់វាណាស់ទៅណាក៏នាងតែងតែយកទៅតាមដែរ មួយសន្ទុះកូនឆ្កែតូចរបស់នាងក៏រត់មកទៀតឡេនណានាងក៏ក្រវីក្បាលតិចៗមុននឹងរហ័សរហួនឡើងទៅជាន់ខាងលើភ្លាមព្រោះថានាងនៅទីនេះមិនបានយូរទេដោយសារតែខ្លួននាងមានប្រតិកម្មជាមួយនឹងរោមសត្វវាអាចធ្វើឲ្យនាងពិបាកដកដង្ហើមនឹងឡើងកន្ដួលរមាស់ បាត់វត្តមានឡេនណាទៅនៅទីនេះក៏មានតែនាងតូចអែមមីប៉ុណ្ណោះដែលនៅអង្គុយលេងកូនឆ្កែកណ្ដាលវីឡាធំស្កឹមស្កៃម្នាក់ឯង សម្លេងសើចកក្អឹកបន្លឺចេញពីមាត់នាងតូចគួរឲ្យស្រឡាញ់កាលបើកូនឆ្កែនោះងើបមកតោងនាងហើយឈ្មុលនឹងកញ្ចឹងករនាង អែមមីអោបកូនឆ្កែហើយផ្ដេកខ្លួនបង្រាស់ពេញលើឥដ្ឋការ៉ូម្នាក់ឯង។
"អត់ទោស!"
"មានមនុស្សនៅផ្ទះទេ?"
ហ៊ឺ!!
អែមមីបន្លឺសម្លេងពីដើមករមកកាលបើសម្លេងគ្រលរធ្ងន់បន្លឺប្រហើរតាមខ្យល់មកហោះប៉ះនឹងត្រចៀកនាងបើតាមដែលនាងស្ដាប់ដូចជានៅមិនឆ្ងាយពីនាងប៉ុន្មាននោះទេ ក្មេងល្អិតក៏ស្រវ៉ាអោបកូនឆ្កែមុននឹងក្រោកអង្គុយត្រង់ខ្លួន នាងភ្ញាក់សឹងតែដាច់ខ្យល់ព្រោះថានាងក្រោកមកភ្លាមក៏មានវត្តមានមនុស្សម្នាក់មកឈរទល់ស្របទិសគ្នាជាមួយនឹងនាងតែម្ដងហើយគេនោះមានមុខមាត់ស្រស់សង្ហាគួរឲ្យទាក់ទាញតាមបែបមនុស្សចាស់ តាមមើលការស្លៀកពាក់នឹងស្នាមញញឹមគេក៏ដឹងថាគេមិនមែនជាមនុស្សអាក្រក់អីនោះដែរ។
"នាងល្អិតអែមមីមែនទេនៀក៎?"រាងសង្ហាបោះជំហានស្រាលៗចូលមកកៀកជិតនឹងក្មេងតូចរួចបន្ទន់ជង្គង់ចុះឲ្យស្មើសណ្ឋានជាមួយនាងងាយស្រួលឲ្យគេអាចកាន់ប៉ះក្បាលនាងបាន អែមមីបើកភ្នែកមីរៗសម្លឹងមើលទៅគេទាំងមិនយល់ន័យសោះ។
"អុំជាអ្នកណា?មិចក៏អុំស្គាល់អែមមីដែរ?"ក្មេងតូចសួរនាំទៅកាន់បុរសសង្ហាដែលកំពុងតែសួរនាំមកកាន់ខ្លួននោះ ទឹកមុខមិនដឹងអីរបស់នាងបង្ហាញយ៉ាងច្បាស់មកកាន់គេធ្វើឲ្យគេអស់សំណើចកាន់តែខ្លាំងទៀត ក្មេងម្នាក់នេះមិនត្រឹមតែគួរឲ្យស្រឡាញ់ប៉ុណ្ណោះទេ នាងក៏មានភាពវ័យឆ្លាតផងដែរ។
"ឯងជាក្មេងឆ្លាតតែមានចំណុចមួយដែលធ្វើឲ្យពូផ្លាស់ប្ដូរចិត្ត"
"អីទៅពូ?!"
"គឺត្រង់ឯងហៅខ្ញុំថាអុំ.."នាយសង្ហានិយាយឡើងជាមួយនឹងទឹកមុខបញ្ចើចបញ្ចើរនាងល្អិត មុននឹងលូកដៃកាន់ចង្កេះនាងបម្រុងពរនាងតែក៏ត្រូវក្មេងល្អិតវ៉ៃដៃគេបន្តិចហើយក៏រារខ្លួនថយក្រោយបន្តិចសម្លឹងមើលមកគេទាំងឆ្ងល់លើសដើមទៅទៀត។
"ម៉ាក់ៗប្រាប់ថាមិនអោយអែមមីនៅក្បែរមនុស្សប្លែកមុខទេហើយម៉្យាងទៀតអុំជាមនុស្សមានវ័យចំណាស់ទៅហើយទើបអែមមីមិនចង់ខ្វះការគួរសមជាមួយ វាជាសុជីវធម៌ណាអុំ"
"អូហូតែក៏អាចហៅថាអាហ៊ាបានដែរណានាងល្អិត! វាជាសុជីវធម៌ដូចគ្នាហើយវាក៏មើលទៅធ្វើឲ្យខ្ញុំរាងក្មេងសម្រាប់ឯងដែរយល់ទេនាងច្រម៉ក់កំហូច"នាយលើកដៃផ្ទាល់ថ្ងាសនាងស្រាលៗគេមិនយល់ថាហេតុអីក៏គេតែងតែចង់ញ៉ោះក្មេងម្នាក់នេះ?កាន់តែនិយាយ កាន់តែធ្វើឲ្យគេជក់ចិត្តមិនចង់ឈប់ប្រាស្រ័យទាក់ទងជាមួយនាង។
"សម្រេចថាពូមកមានការអីមែនទេ?ប៉ាៗម៉ាក់ៗគាត់អត់នៅទេ នៅតែម៉ាក់មីងឡេនណាប៉ុណ្ណោះ"ស្រីតូចក្រើនរំលឹកប្រាប់គេឲ្យបានដឹងថាក្នុងផ្ទះអត់មានអ្នកណានៅទេ នាយសង្ហាក៏ងក់ក្បាលតិចៗទាំងញញឹមមុននឹងមានទូរសព្ទ័មួយខ្សែខលចូលមក។
(អាឡូលោកនាយក!គឺថាទំនិញដែលយើងបានបញ្ជាទិញនោះមកដល់ហើយទាន៎ លោកនាយកចង់មកពិនិត្យដោយផ្ទាល់រឺក៏ចង់ឲ្យពួកខ្ញុំឃាំងវាទុកសិន)
"មិនអីទេ!បន្តិចទៀតខ្ញុំនឹងទៅដល់"នាយនិយាយឆ្លងឆ្លើយគ្នាជាមួយនឹងអ្នកម្ខាងទៀត នាងល្អិតអែមមីក៏សម្លឹងមើលទៅគេមិនដាក់ភ្នែកមុននឹងដើរត្រុកៗទៅរកកូនឆ្កែវិញរួចក៏អោបវាឡើងជាប់ដៃ តែនាងក៏នៅតែមិនដកការចាប់អារម្មណ៍ពីគេដដែល ទាល់តែមួយសន្ទុះនាយសង្ហានិយាយទូរសព្ទ័ចុះហើយសម្លឹងមើលមកនាងទាំងទឹកមុខមិនដាច់អាល័យតែយ៉ាងណាក៏គេដល់ពេលត្រូវចាកចេញទៅហើយ រាងខ្ពស់ក៏បន្ទន់ជង្គង់ចុះបន្តិចសម្លឹងភ្នែកមើលចំជាមួយនឹងក្មេងតូចនោះ ដៃមាំក៏លូកយករបស់ម្ខាងពីហោប៉ៅមកឲ្យនាង អែមមីនាងមិនចង់ទទួលទេទើបគេលូកកាន់ដៃនាងហើយដាក់វាក្នុងដៃនាងរួចក៏ញញឹម...
"ទុកឲ្យលោកប៉ាឯងហើយបើមានឱកាសទៅអង់គ្លេសកុំភ្លេចទៅលេងនឹងអាហ៊ាផង"នាយសង្ហាក៏ក្រោកឈរឡើងមកអស់កម្ពស់រួចចាកចេញទៅបន្សល់ទុកចម្ងល់មិនចេះចប់ឲ្យនាង ស្រីតូចក៏អោនសម្លឹងមើលក៏ឃើញថាវាជាកាតVIPរបស់សណ្ឋាគារនៅទីក្រុងឡុងដ៏ដែលស្ថិតនៅក្រោមឈ្មោះរបស់CEOល្បីឈ្មោះម្នាក់...
"ស៊ុកជីន វីគ្រីស?"

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Where stories live. Discover now