ភាគទី៣៦

576 18 0
                                    

បល្ល័ង្កស្នេហ៍
ភាគទី៣៦💔

"កុំជ្រុលហួសហេតុពេក"រាងខ្ពស់និយាយខ្លាំងតបទៅកាន់ភរិយាវិញ បន្ទាប់ពីមកទាន់មកលឺនាងស្រែកដាក់កូនស្រី កែវភ្នែកមុតសម្លឹងមើលទៅនាងទាំងក្នុងចិត្តមានមន្ទិលរាប់មិនអស់តែក៏ជ្រើសយកការពរកូនចាកចេញឆ្ងាយពីនាង ដោយនាំកូនទៅផ្ដេកគេងលើគ្រែធំទូលាយដោយមិនមានវាចាទៅកាន់ម្ចាស់ខ្លួនដែលកំពុងឈរសម្លឹងមើលមកពួកគេទាំងមិនអស់ចិត្តនោះសោះ ស្កាលេតកាលបើហូស៊ុកធ្វើបែបនេះរួចមកនាងក៏ហាក់គាំងអណ្ដាតនិយាយអ្វីបន្តមិនចេញ ស្រីតូចបោះជំហានចាកចេញទៅខាងក្រៅបន្ទប់ដោយភាពស្ងៀមស្ងាត់ អែមមីងាកតាមសម្លឹងមើលម្ដាយទាំងមាត់ពេបតិចៗភ្នែកដាមដោយទឹកភ្នែកស្រក់ចុះមករឹមៗ នាងមិនបានខឹងនឹងម្ដាយទេ នាងគ្រាន់តែអន់ចិត្តព្រោះតាំងពីតូចមកនាងមិនដែលត្រូវម្ដាយតម្លើងសម្លេងដាក់បែបនេះឡើយ។
"កុំយំកូន គេងទៅណា!ប៉ាៗនៅទីនេះជាមួយកូនហើយ"កាយមាំនៅផ្ដេកខ្លួនក្បែរកូន គោះខ្នងកូនស្រាលៗឲ្យកូនឈប់យំនឹងសម្ងំគេងទាំងក្នុងទ្រូងចុកអួលណែនព្រោះគេមិនដែលប្រាថ្នាចង់ឃើញកូនជាកែវភ្នែកសម្រក់ទឹកភ្នែកបែបនេះឡើយ ទ្រូងខាងឆ្វេងឈឺចុកព្រោះតែភាពឈឺចាប់២ក្នុងពេលតែមួយនាពេលនេះ។
ក្រាក!
សម្រឹបជើងស្រាលៗទម្លាក់ទម្ងន់ចុះដើរសម្ដៅទៅកាន់បន្ទប់ម្ខាងនៅមិនឆ្ងាយពីទីនោះ វាមានសភាពងងឹតនឹងកក់ក្ដៅខុសពីបន្ទប់ផ្សេងៗទាំងដែលយើងអាចទទួលអារម្មណ៍ដឹងបើគ្រាន់តែឈានចូលមកភ្លាម គ្មានអ្វីគួរឲ្យសង្ស័យនោះទេព្រោះវាជាបន្ទប់សម្រាករបស់បុរសចំណាស់មានជម្ងឺជាប់ខ្លួនត្រូវសម្រាកព្យាបាលហើយគ្រូពេទ្យបាននិយាយយ៉ាងច្បាស់ថាត្រូវរក្សាសីតុណ្ហភាពទីនេះឲ្យបានថេរដើម្បីឲ្យអាការៈលោកវីលាមបានធូរស្រាល ងាយស្រួលនឹងទទួលការព្យាបាលពីសំណាក់ពេទ្យជំនាញៗទៀត។
កែវភ្នែកថ្លាយ៉ង់សម្លឹងមើលចំរាងកាយស្គមស្គាំងរបស់អ្នកមានគុណដែលសម្រាន្តស្ដឹងនៅលើគ្រែបើសិនជាសម្លឹងមើលទៅទឹកមុខនឹងស្ថានភាពរបស់គាត់ក៏ដឹងហើយថាគាត់ព្យាយាមយកឈ្នះនឹងជម្ងឺនេះខ្លាំងយ៉ាងណា គាត់ចង់រស់ខ្លាំងប៉ុណ្ណានោះ ជើងតូចស្រឡូនឈប់ងក់ក្បែរគ្រែគេងរបស់ឪពុក កាយបន្ទន់ចុះតិចៗរហូតដល់ប្រាកដថានាងបានអង្គុយជាប់នឹងឥដ្ឋដោយមិនបានបង្កការរំខានដល់ដំណេករបស់ឪពុក ស្កាលេតសម្លឹងមើលទៅឪពុកជាមួយនឹងទឹកមុខក្រៀមក្រោះ កែវភ្នែកថ្លាស្រាប់តែប្រែជាស្រអាប់ព្រាលៗដោយសារតែមានតំណក់ទឹកហូរជ្រាបមករឹមៗទាំងសងខាង នាងលូកកាន់ក្រសោបដៃឪពុកជាប់ផ្អឹបនឹងថ្ពាល់ខាងស្ដាំខ្លួនឯង ផ្ដេកក្បាលកើយនៅលើដៃគាត់ដោះលែងទឹកភ្នែកទន់ជ្រាយដែលខ្លួននាងព្យាយាមលាក់ឲ្យចេញមកទាំងស្រុងក្នុងពេលនេះ ក្នុងបន្ទប់ងងឹតស្លុបនេះ នៅចំពោះមុខបុរសតែម្នាក់ដែលតែងតែស្មគ្រ័ចិត្តធ្វើជាកញ្ចក់ឲ្យកូនស្រីឆ្លុះ ជាទីសម្រាប់ឲ្យកូនស្រីព្រលែងភាពហ្មងសៅទាំងអស់គ្រប់ពេល ស្កាលេតបង្ហើបបបូរមាត់តិចៗព្យាយាមទប់សម្លេងយំខ្លួនឯងឲ្យលឺតិចបំផុត វាធ្វើឲ្យនាងសឹងតែស្ទះទ្រូងស្លាប់ទៅហើយនាពេលនេះ។
"កូនលេត"
"ហ៊ឹមលោកប៉ា!"កាលបើលឺសម្លេងគ្រលរខ្សាវៗរបស់ឪពុកបន្លឺឡើងស្កាលេតក៏រហ័សងើបមុខឡើង ដោយដៃទាំងសងខាងវាសជូតទឹកភ្នែកដែលហូរស្រក់ចេញប្ដូរមកវិញជាមួយនឹងស្នាមញញឹមទៅកាន់ឪពុកវិញតែយ៉ាងណាក៏វាមិនអាចលាក់បាំងគាត់បានដែរ គាត់បានដឹងលឺនឹងឃើញអស់ហើយថាកូនមានបញ្ហាអ្វីនោះ បើសិនជាមិនមែនជាបញ្ហាធំកូនស្រីគាត់ក៏មិនមកអង្គុយយំបែបនេះឡើយតែគាត់ក៏ឃើញថាមួយរយៈនេះកូនស្រីរបស់គាត់ទន់ខ្សោយច្រើនបែបនេះគាត់ក៏មិនស្រួលក្នុងចិត្តដែរ លោកវីលាមព្យាយាមប្រើប្រាស់កម្លាំងដែលខ្លួនមានកម្រើកម្រាមដៃឡើងកាន់ប៉ះក្បាលកូនស្រី អង្អែលស្រាលៗលួងលោមកូនដូចជាសព្វដងដែលនាងយំ ស្កាលេតកាន់តែទប់លែងបាន នាងលូកចាប់កាន់ដៃឪពុកដែលបន្តុបនៅលើក្បាលនោះរួចយំចេញមកលែងលាក់លៀម។
"បើយំហើយកូនបានធូរស្រាលចិត្តក៏យំចេញមក ចាត់ទុកថាប៉ាជាតុក្កតា teddy bearដែលកូនតែងតែអោបគ្រប់ពេលគ្មានវិញ្ញាណនោះទៅចុះឲ្យតែកូនអាចសប្បាយចិត្ត"
"កូនគួរធ្វើយ៉ាងមិចទៅប៉ា?កូនគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានទេ កូនតែងតែប្រព្រឹត្តិកំហុសដោយមិនបានព្រៀងទុក កូនមានអារម្មណ៍ថាកូនមិនមែនជាខ្លួនឯងទៀតនោះទេប៉ា,កូនខ្លាចថាកូននឹងធ្វើអោយអែមមីភ័យខ្លាច ហ៊ឹកៗ"ស្កាលេតនិយាយរៀបរាប់ញាប់មាត់ស្របនឹងមាត់ពេបយំមិនឈប់ នាងហាក់មិនបានដឹងពីរឿងគ្រប់យ៉ាងដែលខ្លួនឯងបានប្រព្រឹត្តិទេដូចជារឿងកើតឡើងមុននេះ នាងមិនបានដឹងឡើយថានាងបានស្រែកថាឲ្យកូនរហូតទាល់តែលឺសម្លេងកូន ទឹកភ្នែកកូនទើបស្មារតីនាងត្រឡប់មកវិញតែវាក៏ហួសហើយ នាងបានប្រព្រឹត្តកំហុសរួចអស់ហើយ។
"ប៉ាមិនដឹងថាគ្រប់យ៉ាងបែបណាទេ តែប៉ាចង់ឲ្យលេតប្រយត្ន័ខ្លួន ទោះបីជាគេធ្វើល្អដាក់កូនម្ដងជាពីរដងក៏ដោយតែកូនក៏មិនអាចប្រាកដនោះឡើយថាគេធ្វើល្អមកចេញពីចិត្តរឺក៏ប៉ុនប៉ងចង់បានអ្វីពីកូននោះទេ ប៉ា...ហឹសៗប៉ាមិនអាចមើលថែកូនបានដូចកាលពីតូចទេ ប៉ាក៏មិនដឹងថាប៉ាអាចនៅសម្លឹងមើលកូន ផ្ដល់យោបល់ឲ្យកូនបែបនេះបានយូរប៉ុណ្ណាដែរតែប៉ាចង់ឲ្យកូនប៉ាបានដឹងនឹងយល់ច្បាស់ថាពិភពលោកខាងក្រៅមិនមែនពណ៌ផ្កាឈូកគ្រប់ពេលឡើយ"
"ប៉ា.."
"កូនធ្លាប់បាននិយាយហើយថាបើសិនជាប៉ាទៅទីណាក៏លេតនឹងតាមប៉ាគ្រប់ជំហាន លេតបាត់បង់ម៉ាក់ បាត់បង់បងប្រុសទៅហើយ លេតមិនអាចបាត់បង់ប៉ាម្នាក់ទៀតទេ"
"លេត!"
"លេតស្រឡាញ់លោកប៉ាណាស់"ស្រីតូចអោនបន្ទាបខ្លួនចូលទៅកៀកជិតឪពុករួចក៏អោបគាត់យ៉ាងណែនទាំងក្នុងចិត្តវិលវល់ជាមួយនឹងអារម្មណ៍កក់ក្ដៅនឹងអារម្មណ៍ខ្លាចបាត់បង់។

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Où les histoires vivent. Découvrez maintenant