រីករាយអានណាចាស៎❤️
"លេត!"រាងកាយមាំសង្ហាមិនបង្អង់យូរក៏ស្ទុះចូលមកត្រកងបីរាងកាយភរិយាជាប់ក្នុងរង្វង់ដៃ មិនស្មានថាគេត្រូវមកឃើញនាងនៅក្នុងសភាពបែបនេះឡើយគិតហើយថានាងច្បាស់ជាមកទីនេះព្រោះថាក្រៅពីលោកប៉ារបស់នាងគឺនាងគ្មានសាច់ញាតិឯណាដែលនាងអាចពឹងពាក់ទុកចិត្តបានឡើយក្រៅពីគ្រួសាររបស់អតីតគូដណ្ដឹងនាងនេះឯង។
"បីលេតឡើងមកខាងលើមក"សម្លេងធំគ្រលរបន្លឺឡើងស្របនឹងដំណើរបោះជំហាននាំផ្លូវគេ ហូស៊ុកបីស្កាលេតដើរញាប់សណ្ឋានជើងឡើងទៅកាន់ជាន់វីឡាខាងលើតាមសម្លាញ់ខ្លួនដោយគ្មានការប្រឆាំងតវ៉ាអ្វីឡើយ អ្វីដែលសំខាន់នាពេលនេះគឺជាសុវត្ថិភាពនឹងសុខភាពរបស់លេតទៅវិញទេ គ្មានពេលវេលាឯណាទៅជជែកតវ៉ាជាមួយគ្នាឡើយ។
ណាមជុនលូកដៃបើកទ្វារបន្ទប់ជាន់ខាងលើឲ្យហូស៊ុកនាំប្អូនស្រីចូលទៅបន្ទាន់ រាងខ្ពស់ស្រឡះទម្លាក់រាងកាយលេតស្រាលៗនៅលើពូក ដៃម្ខាងលូកវែកសក់នាងចំណែកឯដៃម្ខាងទៀតក៏ស្ទាបប៉ះកញ្ចឹងកររបស់នាងឃើញថាខ្លួននាងត្រជាក់ស្រេវដូចជាទឹកកកចឹងឯង នាងបែបនេះកាន់តែធ្វើឲ្យហូស៊ុកតឹងចិត្តថែមមួយកម្រិតទៀត រឹតតែស្ដីបន្ទោសខ្លួនឯងដែលបង្កឲ្យភរិយាទៅជាបែបនេះ កែវភ្នែកមុតរបស់អ្នកម្ខាងទៀតដែលឈរនៅក្បែរនោះក៏សម្លឹងមើលមកពួកគេមិនដាក់ភ្នែកតែម្ដង..
"ទុកឲ្យលេតសម្រាកចុះបន្តិចទៀតនឹងមានដុកទ័រមកពិនិត្យមើលនាងហើយ ចំណែកឯងចុះទៅក្រោមតាមយើង"ណាមជុននិយាយតែប៉ុណ្ណេះរួចគេក៏បោះជំហានដើរចាកចេញទៅស្របនឹងវត្តមានរបស់ភរិយាគេចូលមកជាមួយនឹងកន្សែងត្រជាក់រួមនឹងទឹក..
"ជុន"
"បងទៅខាងក្រោមនិយាយជាមួយហូស៊ុកបន្តិចសិន អូនអាចនៅខាងលើនេះកំដរអូនលេតបានទេ?"
"ប្រាកដជាបានបងទៅចុះ ទីនេះទុកឲ្យអូនជាអ្នកចាត់ចែងចុះ"ណាមជុនក៏លូកដៃកាន់អង្អែលស្មាភរិយាបន្តិចទាំងញញឹមរួចក៏ចាកចេញទៅដោយមានសម្លាញ់គេទៅតាមពីក្រោយ ហូស៊ុកងាកមើលមកហ្វីរួចក៏ញញឹមបន្តិចមុននឹងចាកចេញទៅបាត់ រាងតូចក៏បានតែដកដង្ហើមធំបន្តិចព្រោះមើលតែសភាពពួកគេម្នាក់ៗក៏ដឹងថាពួកគេទាំង២កំពុងតែមានបញ្ហាជាមួយនឹងគ្នាដែរតែថានាងនៅមិនទាន់មានឱកាសអាចសួរនាំបានពោលគឺនាងចាំឲ្យទាំង២នាក់គេបើកចិត្តនិយាយប្រាប់តែម្ដងទើបមិនមានសម្ពាធសម្រាប់អ្នកណាម្នាក់។
ត្រឡប់ទៅមើលបុរសសង្ហាទាំង២នាក់ជាសម្លាញ់គ្នាឯណោះវិញ ពិតណាស់ថាពួកគេទាំង២ស្និតស្នាលរាប់អានគ្នាមករាប់ឆ្នាំទៅហើយ អាចនិយាយបានថាណាមជុនក៏ស្គាល់ពីហូស៊ុកច្បាស់ហើយហូស៊ុកឯណេះក៏ដូចគ្នា..
តែមួយរយៈចុងក្រោយនេះសម្លាញ់របស់គេបែរជាផ្លាស់ប្ដូរនឹងធ្វើអ្វីតាមតែចិត្តខ្លួនឯងមិនគិតពីអ្នកដទៃរឺក៏មនុស្សដែលគេស្រឡាញ់នោះឡើយ វាជាចំណុចដែលណាមជុនចាប់ផ្ដើមស្រពិចស្រពិលជាមួយនឹងគេនោះ អាចនិយាយបានថាកាលពីមុនហូស៊ុកក៏ជាមនុស្សឆេវឆាវចិត្តក្ដៅដែរតែគេក៏នៅមានហេតុផលនឹងចេះវែកញែកមិនមែនយកបញ្ហានឹងកំហឹងមកបាំងមុខបែបនេះឡើយ។
មើលមកសួនច្បារនាពេលនេះក៏ឃើញថាបុរសទាំង២នាក់នេះកំពុងតែអង្គុយកៅអីទល់គ្នាខណ្ឌ័ចែកដោយតុនឹងពែងកាហ្វេនៅចំពីមុខតែប៉ុណ្ណោះ ហូស៊ុកលើកពែងកាហ្វេមកក្រេបកាហ្វេបន្តិចរំងាប់ចិត្តព្រួយបារម្ភដែលខ្លួនកំពុងតែមានពេលនេះរួចក៏ចាប់ភ្លឹកឃើញថាណាមជុនកំពុងតែអង្គុយសម្លឹងមើលគេជាប់រហូតមិនដាក់ភ្នែក ការសម្លឹងមើលរបស់ពោរពេញទៅដោយចម្ងល់ បូករួមនឹងភាពឃ្នើសចិត្តប្រហែលមកពីរឿងដែលកើតឡើងនាថ្ងៃនេះ។
"រវាងឯងនឹងអូនលេតមានរឿងអីឲ្យច្បាស់ទៅ?រឺក៏ឯងបង្កបញ្ហាឲ្យប្អូនស្រីយំទៀតហើយ?"ណាមជុនបន្លាយសំណួរជាច្រើនហាក់ដូចជាគប់ចំកណ្ដាលមុខសម្លាញ់ឲ្យគាំងនិយាយមិនចេញ មិនដឹងថាគួរតែនិយាយរៀបរាប់ប្រាប់ណាមជុនពីចំណុចណាឲ្យច្បាស់នោះទេក៏ព្រោះថាបើសិនជាគេលើកនិយាយឡើងទាំងរឿងរបស់ជេនទៀតច្បាស់ណាស់ថាគេប្រាកដជាបានវារត្រឡប់ទៅវីឡាវិញដោយសារតែស្នាដៃរបស់ណាមជុនជាមិនខាន។
"ឯងក៏ដឹងថាលេតនាងជាមនុស្សបែបណា?បើទោះជានាងឈឺចាប់ខ្លាំងយ៉ាងណាក៏នាងមិនបង្ហាញរឺក៏យំឲ្យឯងបានឃើញនោះឡើយ ដំបូងឡើយយើងគិតថាឯងប្រហែលជាអាចយល់ពីអូនលេតច្បាស់ជាងយើង គិតថាឯងនឹងអាចមើលថែប្អូនស្រីម្នាក់នេះបានល្អជាងបងប្រុសម្នាក់នេះតែមើលចុះ...ឯងមិនទាំងយល់ថាលេតនាងជាមនុស្សបែបណាផង ឯងកាន់តែធ្វើបែបនេះភាពស្ដាយក្រោយរបស់ឯងក៏នឹងកាន់តែឈានចូលមកដល់ហើយកុំនិយាយពាក្យថាស្ដាយក្រោយឲ្យសោះព្រោះពាក្យស្ដាយក្រោយវាគ្មានរូបរាង គ្មានប្រយោជន៍អ្វីឡើយ វាគ្រាន់តែជាលេសរបស់មនុស្សដែលប្រព្រឹត្តកំហុសដដែលៗប៉ុណ្ណោះ"ទោះជាគេខឹងនឹងសម្លាញ់យ៉ាងណាក៏គេនៅតែព្យាយាមនិយាយដាស់តឿនជារឿយនឹងសង្ឃឹមថាគេអាចនឹងយល់ហើយយកពាក្យសម្ដីគេទៅគិតពិចារណាកែប្រែអ្វីដែលគេកំពុងតែខ្វះខាតដើម្បីឲ្យជីវិតគ្រួសារគេកាន់តែប្រសើរជាងនេះ គេមិនមែនមានគ្រួសារដែលល្អឥតខ្ចោះនោះទេតែជីវិតគេក៏មានសុភមង្គលទាំងជីវិតគ្រួសារនឹងដៃគូជីវិតរវាងគេនឹងហ្វី គេក៏ចង់ឲ្យហូស៊ុកនឹងស្កាលេតមានជីវិតរីករាយបែបនេះដូចគ្នាដែរ។
"ឯងមិននិយាយយើងក៏មិនបង្ខំដែរតែយើងគ្រាន់តែចង់ឲ្យឯងបើកចិត្តនឹងស្វែងយល់ពីអូនលេតឲ្យបានច្រើន គិតថាបើសិនជាពួកឯងទាំង២នៅតែប្រកាន់ខ្ជាប់ភាពរឹងរូសរៀងៗខ្លួនច្បាស់ណាស់ថាជីវិតគ្រួសារមួយនេះនឹងប្រេះស្រាំជាមិនខានឡើយហូស៊ុក"
"យើងអាចមើលដឹងថាលេតសំខាន់យ៉ាងណាក្នុងក្រសែភ្នែករបស់ឯងតែឯងក៏មិនព្រមបន្ទាបខ្លួនរឺក៏ចុះចាញ់នាងឡើយទាំងដែលឯងដឹងថាធ្វើបែបនេះឯងអាចនឹងបាត់បង់នាង!"ហូស៊ុកអង្គុយសញ្ចឹងស្ដាប់ពក្យដែលសម្លាញ់និយាយទាំងមិនមាត់ករអ្វីសោះតែវាក៏មិនប្រាកដថាគេមិនបានយកពាក្យសម្ដីនោះមកគិតដែរ...
កន្លងផុតទៅប្រហែលជាកន្លះម៉ោងលោកដុកទ័រក៏ចុះពីជាន់ខាងលើមករួចក៏មានអ្នកបម្រើមកនាំផ្លូវគាត់ លោកដុកទ័រក៏ដើរមកតាមពួកគេរហូតឆ្លងមកដល់ខាងក្រៅជាទីធ្លាសួនច្បារក៏បានឃើញរាងក្រាស់២នាក់កំពុងតែអង្គុយជជែកគ្នានៅទីនោះគ្រាន់តែបានឃើញលោកដុកទ័រមកភ្លាមហូស៊ុកក៏ប្រញាប់ក្រោកឡើងភ្លាម...
"លោកដុកទ័រ..ភរិយាខ្ញុំយ៉ាងមិចទៅហើយ?នាងមិនអីទេមែនទេ? នាងមានបញ្ហាអ្វីប៉ះពាល់ខ្លាំងទេ?"ហូស៊ុកសួរនាំទាំងអន្ទះសារចង់ដឹងពីអាការៈរបស់ភរិយា លោកដុកទ័រក៏សម្លឹងមើលនាយរួចញញឹមបន្តិច
"ភរិយាលោកមិនអីនោះទេនាងប្រហែលជាអស់កម្លាំងខ្លាំងពេកហើយមកពីនាងមិនសូវបរិភោគបានទៀងពេលផង"លោកដុកទ័រនិយាយមកហាក់ធ្វើឲ្យហូស៊ុកគិតសញ្ជឹងដល់នាង មិនបង្អង់យូរគេក៏ចូលទៅវីឡាភ្លាមព្រោះតែចង់ទៅជួបភរិយាភ្លាមៗមិនអាចឃាត់បាន លោកដុកទ័រក៏តាមមើលគេរួចអស់សំណើចបន្តិចកាលបើឃើញគេព្រួយបារម្ភពីភរិយាខ្លាំងដល់ថ្នាក់សូម្បីតែអាវក្រៅក៏ភ្លេចមិនបានយកទៅតាមទៀត។
"លេត! អូនសម្លាញ់"ហូស៊ុកបើកទ្វារចូលមកខាងក្នុងក៏បានឃើញភរិយាអង្គុយផ្អែកខ្នកនឹងក្បាលគ្រែជាមួយនឹងជូហ្វី មិនបង្អង់យូរគេក៏ចូលទៅជិតនាងហើយអោបនាងមួយសន្ទុះរួចកាន់ក្រសោបដៃនាងទាំងសងរបស់នាង ស្កាលេតសម្លឹងមើលគេទាំងមិនយល់កាលបើគេស្រាប់តែចូលមកទាំងស្រស់ៗបែបនេះ?
"បង..មិចក៏បងដឹងថាអូននៅទីនេះ?"
"បើខឹងបងអូនអាចនិយាយជាមួយបងបានតែកុំចាកចេញអីបានទេ?បងសុំទោស..."ពាក្យគេនិយាយកាន់តែបង្កើនចម្ងល់ឲ្យស្កាលេតនឹងជូហ្វីចឹង ជូហ្វីក៏ស្រាប់តែអស់សំណើចបន្តិចកាលបើហូស៊ុកគេបង្ហាញអាការៈបែបនេះ ស្កាលេតក៏ក្រវីក្បាលទាំងដៃនាងនៅហូស៊ុកកាន់នៅឡើយ។
"បងយល់ច្រឡំហើយ.."
"អូនមកទីនេះដើម្បីយកកន្សែងបង់ករជូនបងជុននឹងបងហ្វីតើ"
KAMU SEDANG MEMBACA
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fiksi Penggemarស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត