ភាគទី ៧៨

466 17 0
                                    

#បល្ល័ង្កស្នេហ៍                       ភាគទី៧៨ ❣️

ខ្ញុំស្អប់លោក /បងស្រឡាញ់អូន

"គឺស្អំបេះដូងលោកប៉ានឹងណាអ្នកម៉ាក់ ហ៊ិហ៊ិ"នាងល្អិតផ្ទួនប្រយោគទៅកាន់ម្ដាយមុននឹងសើចកក្អឹកកាច់ករហាក់ដូចជាន័យលេងសើចនឹងម្ដាយចឹង តែចំណែកស្កាលេតឯណោះនាងមិនបានគិតថាលេងសើចដូចជាកូននោះទេ ស្រីស្រស់បែរជាគិតថាហូស៊ុកបង្គាប់បញ្ជាកូនឲ្យមកនិយាយទៅវិញ។
រាងកាយតូចស្ដើងក្រោកឈរមួយអស់កម្ពស់បូករួមនឹងទឹកមុខស្ងប់ដូចជាទឹកសមុទ្រស្ងប់ចឹងឯង នាងក៏ស៊កជើងតូចស្រឡូនចូលក្នុងស្បែកជើងរោមសត្វរួចក៏បោះជំហានចាកចេញទៅខាងក្រៅ អែមមីឯណោះក៏ចេញទៅតាមម្ដាយដែរព្រោះមិនចង់ឲ្យម្ដាយដើរហើរតែម្នាក់ឯងអីបែបនេះ។
ក្រាក!លេត
បើកទ្វារបន្ទប់ភ្លាមនាងបែរជាបានឃើញវត្តមានមនុស្សដែលនាងកំពុងតែខឹងនោះមុនគេទៅវិញ ហូស៊ុកឈរកាន់ថាសមួយជាមួយក្នុងដៃដែលលើផ្ទៃថាសឈើនោះមានផ្ទុកទៅដោយចានបបរ ទឹកដោះគោ បូករួមនឹងថ្នាំជាតិដែកដែលស្ត្រីមានគភ៌តែងតែប្រើប្រាស់ ស្កាលេតជ្រួញចិញ្ចើមចូលគ្នាកាលបើឃើញគេថ្លើមធំហ៊ានចូលមកក្នុងផ្ទះ រឹតតែថ្លើមធំទៀតដែលហ៊ានកម្រើកខ្លួនឡើងមករកនាងដល់មុខបន្ទប់បែបនេះ។
"បងប្រុសអូននិយាយថាអូនមិនទាន់បានញ៊ាំអីពេលព្រឹកចឹងហើយទើបបង..."
"បងយ៉ាងមិច?"ស្កាលេតនាងក៏ជ្រើសរើសយកការមិនគេចវេសពីគេ ដោយប្រឈមមុខនឹងគេនិយាយតទល់គ្នាតែម្ដង ហូស៊ុកសម្លឹងមើលទឹកមុខប្រាកដប្រជារបស់ភរិយាគេក៏ហាក់មានភាពស្ទាក់ស្ទើរក្នុងការនិយាយនាងតែបំណាច់ថាគេមកដល់ទីនេះហើយបានជួបនឹងនាងដូចបំណងហើយចឹងក៏តស៊ូឲ្យដល់ទីបញ្ចប់ទៅចុះ។
"លេត ស្ដាប់បងនិយាយសិនណា"ហូស៊ុកទម្លាក់ថាសឈើនោះដាក់នៅលើតុក្បែរទ្វារ ដៃមាំក៏ប្រញាប់លូកកាន់ក្រសោបម្រាមដៃរបស់ភរិយាភ្លាម ស្កាលេតសម្លឹងមើលទៅគេមិនព្រិចភ្នែក តែទឹកមុខនៅចងចិញ្ចើមដដែល មុននឹងនាងលូកដៃបេះដៃគេចេញ។
(អែមមី! អែមមីចុះមកខាងក្រោមបន្តិចក្មួយ)
"ចាស៎ អុំហ្វែល"អែមមីបានតែងាកសម្លឹងមើលប៉ាម៉ាក់ទៅមកមួយភ្លែត នាងក៏ប្រញាប់ចុះទៅខាងក្រោមភ្លាមតាមការដង្ហោយហៅរបស់អុំប្រុសនាង ចឹងនៅទីនេះសល់តែ២នាក់ប្ដីប្រពន្ធនេះ អូ!មិនមែនទេ គឺអតីតប្ដីប្រពន្ធគ្នាទៅវិញទេព្រោះពួកគេបានសុីញ៉េលិខិតលែងលះហើយ។
"បងចង់និយាយជាមួយអូនណាលេត"
"និយាយពីអី?រឿងពួកយើងបានចប់អស់ហើយតើមិនចឹងហេស៎?លោកមិនចងចាំទេ ហូស៊ុក អាល់ម៉ាឌី?"ស្កាលេតប្រើប្រាស់សព្វនាមដូចជាពួកគេមិនធ្លាប់ស្គាល់គ្នាពីមុនមកសោះ ទ្រូងខាងឆ្វេងរបស់ហូស៊ុកក៏ហាក់ចុកអួលនិយាយមិនចង់ចេញព្រោះថាគេអាចមើលដឹងថាភាពសោះអង្កើយរបស់នាងកំពុងតែព្យាយាមហុំព័ទ្ធ័បេះដូងដ៏សែនកក់ក្ដៅរបស់មនុស្សស្រីជាទីស្រឡាញ់គេហើយ គេមិនអាចបណ្ដោយឲ្យមានរឿងនោះកើតឡើងទេ។
ហូស៊ុកមិនបានព្រលែងចោលឱកាសទទេៗដោយព្យាយាមលូកដៃមកកាន់ក្រសោបរាងកាយនាង សម្លឹងមើលនាងទាំងក្រសែភ្នែកអង្វរលន់តួចង់ឲ្យនាងបានយល់ពីទំហំចិត្តនឹងការដឹងខុសរបស់គេនាពេលនេះ គេដឹងថាកំហុសកន្លងមករបស់គេវាច្រើនលើសលុប លើសពីពាក្យថាសុំទោសទៅទៀត តែគេគ្រាន់តែចង់ឲ្យនាងបានដឹងថាបើទោះបីជាពាក្យសម្ដីកន្លងមកជាការកុហកតែក្ដីស្រឡាញ់ដែលគេមានមកលើនាងកន្លងមកវាជាការពិត។
ស្កាលេតងើយសម្លឹងមើលមុខនាយចំមិនព្រិចភ្នែក បបូរមាត់ក្រពុំឈូកក៏ហាក់កម្រើកបញ្ចេញខ្យល់ដង្ហើមធុញទ្រាន់ពេញកម្រិត នាងតូចលូកដៃគៀសហូស៊ុកចេញមិនឲ្យនាយមកពាំងមុខ ថ្ងៃថ្មីគួរណាស់តែនាងបានជួបអ្វីថ្មីនឹងសប្បាយចិត្តតែបែរជាមកឈរចាំស្ដាប់ពាក្យបកស្រាយពីមនុស្សម្នាក់ដែលនាងមិនចង់សូម្បីតែឃើញមុខសោះមួយជីវិតនេះ។
"បងចង់ប៉ះប៉ូវជាមួយនឹងអូន បងចង់សុំខ្លួនមើលថែអូននឹងកូនជាថ្មិម្ដងទៀត លេត..."ហូស៊ុកស្រវាអោបនាងអឹបជាប់នឹងទ្រូងភ្លាមរួចក៏ព្យាយាមនិយាយគ្រប់សព្វពាក្យសម្ដីដែលនាយបានកប់ទុកក្នុងការចងចាំតាំងពីរឿងទាំងអស់បានកើតឡើងមក គេស្ដាយក្រោយខ្លាំងណាស់ដែលគេមិនបានគិតឲ្យល្អិតល្អន់សោះ។
"បងស្រឡាញ់អូន"
"ខ្ញុំស្អប់លោកណាស់"
អ្ហឹម!រាងកាយមាំទាំងាកសម្លឹងមើលរាងកាយមនុស្សប្រុសស្រី២នាក់ដែលកំពុងតែខ្វែងពាក្យសម្ដីគ្នាទៅវិញទៅមកនៅជាន់ខាងលើដោយម្នាក់ព្យាយាមចង់ផ្សះផ្សាស្របនឹងម្នាក់ទៀតកំពុងតែចចេសចង់ចាកចេញមិនបន្តទៀត រ៉ាហ្វែលក្រវីក្បាលតិចៗហាក់ដូចជាទាល់គំនិត នេះគេព្យាយាមបើកផ្លូវប៉ុណ្ណឹងហើយគេមិនអាចជួយអ្វីបានច្រើនទៀតឡើយ...
(លើកនេះពឹងលើការតស៊ូឯងទាំងស្រុងហើយ ហូស៊ុកអាល់ម៉ាឌី)
រ៉ាហ្វែលគិតបន្តិចរួចក៏ទាញទ្វារផ្ទះខាងមុខបិទ កែវភ្នែកមុតថ្លាងាកសម្លឹងមើលទៅសកម្មភាពមនុស្ស២នាក់ទៀតដែលម្នាក់ជាកម្លោះសង្ហានឹងម្នាក់ទៀតជាក្មេងតូចល្អិតមិនដឹងខ្យល់អ្វីសោះកំពុងតែឈរនិយាយគ្នា មើលតាមស្នាមញញឹមរបស់នាយកម្លោះម្នាក់នោះបាញ់សម្លឹងមកកាន់ក្មួយស្រីខ្លួនក៏អាចឲ្យគេដឹងថានាយនោះមានអារម្មណ៍ល្អយ៉ាងណាមកលើនាង រ៉ាហ្វែលក៏មិនបង្អង់បោះជំហានចូលទៅរកគេស្របពេលដែលនាយសង្ហាម្នាក់នោះលើកអែមមីពរឡើងភ្លាម។
"អុំហ្វែល?"
"អូ!លោកជាបងប្រុសស្កាលេតមែនទេ?ខ្ញុំមកទីនេះដើម្បីសុំការអនុញ្ញាតនាំអែមមីទៅជិះ Roller coastersនៅក្នុងក្រុងឯណោះ សង្ឃឹមថាលោកនឹងយល់ព្រមចុះណាស់"
"អុំជីន! ប្រយត្ន័ក្អួតទៀតណា៎"
"ស្ងាត់មាត់ទៅនាងល្អិត"

បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]Donde viven las historias. Descúbrelo ahora