បន្ទាប់ពីញ៊ាំប្រហិតត្រីនោះរួចរាល់ហើយពួកគេទាំង២នាក់ក៏ដល់ពេលត្រូវចាកចេញទៅព្រោះហូស៊ុកមានបំណងចង់នាំស្កាលេតទៅផ្សារទំនើបទិញរបស់របរខ្លះសម្រាប់ការចូលធ្វើការថ្ងៃដំបូងរបស់នាងនាថ្ងៃស្អែក តែស្កាលេតវិញនាងហាក់បីដូចជាមិនចង់ចាកចេញពីម្ដុំផ្លូវនោះទាល់តែសោះហើយ កែវភ្នែកស្រស់ថ្លាងាកសម្លឹងមើលទៅទិដ្ឋភាពស្រស់បំព្រងនៅតាមសួនច្បារនោះ ដៃតូចស្រឡូនត្រូវហូស៊ុកក្រសោបកាន់នាំនាងចេញទៅដើរបានតែប៉ុន្មានជំហានហូស៊ុកក៏ឈប់ឆ្កក់កាលបើមនុស្សស្រីនៅខាងក្រោយខ្នងនោះបែរជាបញ្ឈប់ដំណើរដោយមិនបានប្រាប់ ហូស៊ុកក៏ងាកសម្លឹងមើលទៅស្កាលេតទើបឃើញថានាងកំពុងតែឈរសម្លឹងមើលទៅកាន់ក្មេងតូចម្នាក់ដែលអង្គុយផ្ទាល់នឹងថ្មហើយលក់ផ្កាកូលាបមួយធុង
"មីងជួយទិញផ្កាមួយទៅខ្ញុំនឹងអាលបានលុយហូបបាយ ខ្ញុំអត់បានហូបបាយ២ថ្ងៃហើយ"សម្ដីថ្ងួចថ្ងូរសុំការសន្ដោសប្រណីនឹងភាពហេវហត់របស់ក្មេងម្នាក់នោះធ្វើឲ្យនាងតូចស្កាលេតយើងមិនអាចដើរឆ្លងកាត់ហួសបាន ដៃតូចស្រឡូនលូកកាន់ក្រសោបជាយរ៉ូបខ្លួនឯងក៏ព្រោះថានាងចង់ជួយទិញក្មេងនោះតែនាងគ្មានប្រាក់សូម្បីតែមួយកាក់មួយសេននៅជាប់ខ្លួនឡើយ។
"នេះយកលុយទៅទិញបាយហូបចុះហើយផ្កានេះទុកលក់បន្តចុះពូមិនយកទេ"ដៃមាំហុចលុយមួយចំនួនឲ្យទៅក្មេងនោះកាត់មុខកាត់មាត់ភរិយា ស្កាលេតក៏ងាកសម្លឹងមើលគេបន្តិច ផ្ទៃមុខនៅរក្សាភាពមាំទាំមិនញញឹមដដែលតែនាងបែរជាអាចមើលឃើញពន្លឺនៃភាពកក់ក្ដៅពីក្នុងរាងកាយបុរសទឹកកកម្នាក់នេះ។
"អរគុណពូ អរគុណណាស់"ក្មេងប្រុសម្នាក់នោះក៏ក្រោកឈរឡើងមួយអស់កម្ពស់ហើយអោនគំនាបអរគុណហូស៊ុកនឹងស្កាលេតជាច្រើនដងមិនឈប់ ស្រីតូចយើងក៏បានតែញញឹមដាក់គេមិនបាន៥នាទីស្រួលបួលផងដៃនាងក៏ត្រូវគេក្រសោបកាន់ជាថ្មីនឹងនាំនាងចាកចេញទៅ ហូស៊ុកដើរទៅមុខជារឿយៗរហូតមកដល់ផ្លូវបែកជា៤ដែលពួកគេត្រូវឆ្លង ហូស៊ុកទាញនាងមកអោបអឹបជាប់នឹងទ្រូងធ្វើឲ្យប្រាកដថានាងនឹងមានសុវត្ថិភាពក្រោមការការពាររបស់គេទើបនាយបោះជំហានដើរឆ្លងផ្លូវទៅ គ្រប់យ៉ាងនៅទីនោះហាក់ស្ងប់ស្ងាត់មានតែសម្លេងសម្រឹបជើងនឹងខ្យល់ដង្ហើមធ្ងន់ពីដើមកររបស់កាយមាំដែលកំពុងនាំផ្លូវនាងទៅ ស្រីតូចដើរទៅតាមគេហើយក៏ងើយសម្លឹងមើលមុខនាយជារឿយៗឆ្ងល់ថាហេតុអីឲ្យតែនាងនៅក្បែរគេយូរៗនាងតែងតែមានអារម្មណ៍ថាមិនអាចប្រកែកមិនព្រមទទួលការថ្នាក់ថ្នមពីគេបានឡើយ នេះនាងចិត្តទន់ជាមួយនឹងគេហើយរឺ?
ហូស៊ុកនាំស្កាលេតឆ្លងថ្នល់មកបានដោយសុវត្ថិភាព គេអោនសម្លឹងមើលក៏ប្រទាក់នឹងក្រសែភ្នែកស្រស់ថ្លាសម្លឹងមើលខ្លួនមិនដឹងតាំងពីពេលណាគឺនាងសម្លឹងមើលឡើងភ្លឹកតែម្ដង ហូស៊ុកញ៉ោចស្នាមញញឹមឡើងបន្តិចមុននឹងទម្លាក់បបូរមាត់សង្កត់ថើបនាងមួយដង្ហើមវែង ស្កាលេតហាក់មានស្មារតីត្រឡប់មកវិញក៏ប្រញាប់លើកដៃគក់ទ្រូងគេលាន់ឌឹបហើយរុញគេឲ្យជៀសបន្តិច ភ្នែកស្រស់ថ្លាអម្បាញ់មិញក៏ប្ដូរមកជាសម្លក់សម្លឹងគេបែបកាចឆ្នាស់វិញ។
"អូនដឹងទេថាបបូរមាត់អូនកាន់តែផ្អែមនៅពេលដែលអូនភ្លឹកបែបនេះប្រពន្ធសម្លាញ់ ហ៊ឹម"គេជ្រលរមុខរកថើបនាងជាថ្មីតែក៏ត្រូវស្កាលេតរុញទ្រូងគេនឹងងាកមុខចេញមិនប្រឈមនឹងគេ ហូស៊ុកក៏បានតែអស់សំណើចនឹងកាយវិការប្រយត្ន័ប្រយែងរបស់នាង សូម្បីតែជាមួយប្ដីខ្លួនឯងនាងការពារដែរ...
"មោះបងឈប់លេងហើយ ពួកយើងនាំគ្នាទៅ"
"ទៅណា?"ស្កាលេតជ្រលៀសសួរគេឲ្យខានតែបានព្រោះតាំងពីចេញពីវីឡាមកនាយមិនទាប់បានប្រាប់នាងនៅឡើយទេថាគេនាំនាងទៅណា ហើយនាងក៏មិនទាន់យល់នូវអ្វីដែលគេនិយាយកាលពីព្រឹកនោះឡើយ...
"ទៅដល់អូនគង់តែដឹងទេ សំខាន់ពេលនេះរួសរ៉ាន់ទៅ"ហូស៊ុកគេនិយាយមិនទាន់ចប់នៅឡើយផងទូរសព្ទ័របស់គេក៏រោទ៍ឡើងមក នាយព្រលែងដៃភរិយាបន្តិចកាលបើមកដល់ជិតឡាន..
"អាឡូ..ល្អរៀបចំតាមឈុតតាមអ្វីដែលខ្ញុំប្រាប់ហើយរសៀលនេះនាំកូនជាងមកការិយាល័យខ្ញុំ"ហូស៊ុករវល់តែនិយាយឆ្លងឆ្លើយគ្នាជាមួយនឹងអ្នកម្ខាងទៀតហាក់ដូចជាការងារសំខាន់ណាស់ចឹង ស្កាលេតនាងក៏មិនបាននៅទើសទែងគេដែរ ស្រីតូចក៏បើកទ្វារចូលទៅអង្គុយរង់ចាំនាយនៅក្នុងឡាន ចូលមកដល់ភ្លាមភ្នែកនាងក៏ងាកប្រទះនឹងថង់អ្វីម៉្យាងដែលនៅកៅអីបាំងខាងក្រោយ ដោយសារតែចិត្តចង់ដឹងចង់លឺនាងក៏ក្រោកឡើងឈោងទាញវាយកមកមើលក៏ឃើញថាវាជាប្រអប់អាហារដែលមានសភាពក្រៀមដូចជាទុកចោលប៉ុន្មានថ្ងៃ ហើយក៏មានបិទភ្ជាប់នឹងក្រដាសnoteមួយសន្លឹកជាមួយផងដោយក្នុងក្រដាសនោះមានន័យសេចក្ដីថា..
(ភ្លេចពិសារអាហារផងបងសម្លាញ់ អូនធ្វើជូនបងជាពិសេស)
ស្កាលេតអានន័យសេចក្ដីនោះរួចនាងក៏ដឹងទៅហើយថាម្ចាស់ប្រអប់អាហារនឹងក្រដាសnoteនោះជាអ្នកណាហើយ រឿងរវាងហូស៊ុកនឹងស្រីកំណាន់ជាលេខានោះនាងបានដឹងអស់ទៅហើយតែនាងមិនបាននិយាយដេញដោលព្រោះនាងគិតថានាងគ្មានសិទ្ធិ។
ក្រឹប!!!
កំពុងតែឈោងដាក់ប្រអប់អាហារនោះនៅបាំងខាងក្រោយវិញស្របពេលនោះហូស៊ុកក៏បើកទ្វារចូលមកល្មមទាន់នឹងសភាពមុខស្មើធេងរបស់នាង ស្កាលេតសម្លឹងមុខគេបន្តិចរួចក៏ផ្អែកខ្លួននឹងកៅអីទាញខ្សែក្រវ៉ាត់មកពាក់ឈៀងខ្លួនហើយអង្គុយស្ងៀមទ្រឹង ហូស៊ុកកើតមានចម្ងល់ក៏ងាកមើលទៅខាងក្រោយទើបឃើញថាមានថង់នៅបាំងខាងក្រោយ នាយក៏រហ័សបើកវាមើលហើយក៏បើកភ្នែកធំៗមុននឹងងាកមកមើលលេតវិញ..
"លេត!"
"ប្រញាប់ចេញដំណើរទៅក្រែងលោកថាមានការប្រញាប់មែនទេ? ខ្ញុំនឹងអាលបានទៅផ្ទះវិញមើលការខុសត្រូវអាហារជូនអ្នកម៉ាក់នឹងកូនផង"ស្កាលេតនិយាយជាមួយគេដូចជាធម្មតាហាក់ដូចជានាងមិនបានឃើញរឺក៏ជួបបញ្ហាអ្វីទាំងអស់ចឹងអម្បាញ់មិញនេះ ហូស៊ុកទាញដៃនាងស្រាលៗឲ្យបែរមកប្រឈមជាមួយនឹងគេទោះជានាងរើយ៉ាងណាក៏គេមិនព្រមលែងដែរ..
"និយាយគ្នាសិន របស់ទាំងនេះបងមិនបានដឹងទេ..វាមកនៅទីនេះតាំងពីពេលណា?ជារបស់អ្នកណាបងមិនដឹងនោះទេ"
"ខ្ញុំក៏មិនបានចង់ដឹងលឺការបកស្រាយរបស់លោកដែរ ខ្ញុំនៅតែរក្សាសម្ដីខ្ញុំដូចដើមថាលោកចង់ធ្វើអីក៏ធ្វើចុះខ្ញុំមិនប្រកាន់ចាប់កំហុសលោកទេ សូមតែលោកកុំធ្វើឲ្យលើសលួសទៅបានហើយ"ស្កាលេតនិយាយម៉ាត់ៗដាក់គេរួចក៏វាសដៃគេចេញបែរមុខទៅខាងក្រៅបញ្ឈប់ការនិយាយឆ្លើយឆ្លងគ្នានឹងស្វាមី ហូស៊ុកក៏បានតែនៅស្ងៀមមិននិយាយអីហើយងាកមកបើកឡានចាកចេញទៅភ្លាមព្រោះបើនៅតែវែកញែកពួកគេច្បាស់ជាមិនត្រូវគ្នាទៀតជាមិនខាន។
៚អាគារប្រណិតត្រកូលអាល់ម៉ាឌី៚
ហូស៊ុកដឹកដៃនាំភរិយាមកក្រោមការគោរពអោនគំនាបពីសំណាក់បុគ្គលិកក្នុងហាងទាំងអស់ ស្កាលេតនាងក៏ចេះតែងាកមើលអ្នកជុំវិញខ្លួនជារឿយៗព្រោះថាគ្រប់គ្នាមើលមកនាងហាក់ដូចប្រើក្រសែភ្នែកចម្លែកនឹងភ្ញាក់ផ្អើល ឯហូស៊ុកឯណោះវិញគេមិនបានខ្វល់គិតតែពីនាំភរិយាឡើងជណ្ដើរយន្តទៅកាន់ជាងទី១៥ដែលជាជាន់លើគេបង្អស់នឹងជាជាន់ការិយាល័យរបស់គេ។
"បានហើយលោកខ្ញុំអាចដើរខ្លួនឯងបាន មិនចាំបាច់អូសដូចជាសត្វចិញ្ចឹមបែបនេះទេ"ស្កាលេតគ្រាន់តែចូលមកដល់ខាងក្នុងជណ្ដើរយន្តប្រអប់នាងក៏ប្រញាប់វាសដៃគេចេញ ហូស៊ុកក៏ព្រមលែងដៃតែនាយប្រើដៃម្ខាងទៀតជំនួសមកចាប់ទាញនាងឲ្យងើយឡើងរួចផ្អឹបបបូរមាត់ជាមួយនាងតូច កម្រើកចលនាបបូរមាត់ស្រាលៗជាការថើបលួងលោមនឹងសុំការអភ័យពីនាង ស្កាលេតលើកដៃរុញទ្រូងរបស់គេ គក់ឌឹបៗទាល់តែនាយព្រមឈប់ ដកបបូរមាត់ចេញហើយសម្លឹងមើលភ្នែកនាង..
"មិនថានៅលើវេទិកាបែបណា មានប្រុសសង្ហាចូលរួមច្រើនប៉ុណ្ណាក៏ភ្នែកនេះត្រូវសម្លឹងមើលតែបងម្នាក់បានហើយលេត"ពាក្យនិយាយទាំងប៉ុន្មានកាន់តែនាំឲ្យចិត្តនាងច្របូកច្របល់ថែមទៀត..
"លោកចង់បានន័យថាមិច?វេទិកាអី?"
"អូននឹងត្រូវដើរបង្ហាញឈុតគ្រឿងពេជ្រដែលបងបានឌីសាញនៅដើមខែក្រោយនេះ ដើរបង្ហាញក្នុងនាមជារាជនីគ្រឿងអល្លង្ការរបស់ត្រកូលបង"
ESTÁS LEYENDO
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fanficស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត