ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០១៖ ការស្វែងរកគេ (តចប់)ភាគទី០៤
ដេនឌ្រីក៍មិនបានគិតច្រើននឹងរឿងសុវត្ថិភាពជាចម្បងដែលគេខ្លួនឯងតែងតែលើកឡើង ដោយពេលនេះគេប្រញាប់ប្រញាល់ចាកចេញពីកោះដោយការប្រើប្រាស់កាណូតផ្ទាល់ខ្លួនរបស់គេតែម្ដង។
"លោកបង..លោកបងចាំពួកយើងផង អូយ៎ស្ពឹក..ស្ពឹកជើងណាស់" ដេនឌ្រីក៍ដើរកាត់តាមបណ្ដោយឆ្នេរនៃកោះដោយមានកូនចៅជំនិតទាំង៤នាក់រត់ទៅតាមពីក្រោយ។
"ពួកឯងមកតាមយើងធ្វើអី? ទៅយាមកាមអ្នកភូមិវិញទៅ"
"ភូមិនៅហ្នឹងរហូតហើយលោកបងគ្មានអ្នកណាចាប់ទេ តែខ្ញុំខ្លាចតែលោកបងទៅវិញទេដែលត្រូវគេចាប់នោះ"
"មាត់ចង្រៃណា៎អាប្រុសពៅនេះ! បើឯងចង់ជួយលោកបងក៏ជួយរើសហេតុផលណាឲ្យសមបន្តិចទៅមើល"
"មែនហើយៗ" បុរសដែលត្រូវបានគេដាក់នាមថាជាប្រុសពៅនោះឈ្មោះថា ស៊ុងគី ហើយគ្នាគេបីនាក់ទៀតក៏មានស៊ុងយី ស៊ុងប៉ាវនិង ស៊ុងយ៉ុន ពួកគេទាំងបួនសុទ្ធតែជាក្មេងដែលត្រូវម្ដាយឪពុកលក់ឲ្យឈ្មួញតាមទូក តែក៏ត្រូវបានដេនឌ្រីក៍លួសយកពេលដែលទូកនោះមកឈប់ចតនៅលើកោះមួយនេះ ពួកគេទាំងអស់គ្នាគោរពស្រឡាញ់ដេនឌ្រីក៍ខ្លាំងរហូតដល់ព្រមក្រាបក្បាលបម្រើនាយកម្លោះយើង ហើយពួកគេក៏ប្ដូរអត្តសញ្ញាណនឹងឈ្មោះដោយប្រើត្រកូលដូចគ្នា ព្រោះទោះជាមិនបានកើតចេញពីផ្ទៃតែមួយ តែពួកគេជាបងប្អូនល្អជាមួយគ្នាចាប់ពីពេលនោះមក។
"បើចង់មកក៏ប្រញាប់ឡើងកាណូត យើងមិនមែនជិះតែកាណូតនេះទេ នៅឡើងទៅដល់ដីគោកត្រើយម្ខាងហើយឡើងឡានទៅមួយដំណាក់ទៀត"
"ពួកយើងត្រូវចំណាយពេលជាង៨ម៉ោងទើបទៅដល់ក្រុងណាលោក" ស៊ុងយ៉ុនដែលជាបងប្រុសធំចំណោមគ្នីគ្នាទាំង៤ក៏ប្រញាប់ឧទានឡើង ខណៈអ្នកផ្សេងនាំគ្នារត់ឡើងទៅកាណូតដែលដេនឌ្រីក៍បំណងចង់ប្រើប្រាស់នោះ។
"យើងមានផ្លូវកាត់ ឡើងមក.." ដេនឌ្រីក៍ក៏ដើរចូលទៅកាន់កន្លែងបើកបញ្ជាកាណូតនោះ រួចពួកគេក៏ចាកចេញទៅនាំជាការភ្ញាក់ផ្អើលដល់អ្នកភូមិឲ្យចេញមក ស៊ូរីដែលកំពុងតែហាលក្រណាត់ក៏ចេញមករួចចោលភ្នែកមើលទៅកាន់កាណូតដែលបើកចេញឆ្ងាយនោះទាំងងឿងឆ្ងល់។
"អនាគតប្ដីឯងមិនប្រាប់ទេហ្អរ៎ថាគេទៅណា?" អុំស្រីម្នាក់ក៏ចោទសំនួរមួយទៅកាន់ស៊ូរី នាំឲ្យកាន់តែច្បាស់ថានរណាៗនៅលើកោះនេះក៏ដឹងនិងទទួលស្គាល់ថានាងនិងដេនឌ្រីក៍មានចំណងមេត្រីភាពបែបណា អនាគតស្វាមីអញ្ចឹងហ្អេស៎?
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង