ភាគទី៥០

467 19 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)

ភាគទី50

"មុខលោកក្រហមហើយ ហាសហា៎ ក្រហមងាំងហើយនៀក៎" ការជជីកសួរនាំរបស់ដាលីក៏នាំឲ្យផ្ទៃមុខទាំងស្រុងរបស់អ្នកម្ខាងទៀតប្រែក្លាយទៅជាក្រហមទែងដូចជាម្ទេសទុំ នាយលើកដៃម្ខាងស្ទាបប៉ះថ្ពាល់ខ្លួនឯង រួចប្រញាប់ក្រវីក្បាលបំភ្លេចគំនិតគ្រប់យ៉ាងដែលហោះហើរពេញលើក្បាលគេ ប៉ុន្មាននាទីមុននេះ។
"អ្នកនាងដាលីគួរតែពិសារអាហារទាំងអស់នេះទៅ បើត្រជាក់អស់ វាច្បាស់ជាលែងឆ្ងាញ់ហើយទាន៎" ដេនឌ្រីក៍នៅតែព្យាយាមនិយាយបង្វែរប្រធានបទ គេក៏លូកទាញរបស់របរមកជិតខ្លួននាង រួចគេក៏ប្រញាប់ដើរចេញទៅកាន់ផ្ទះបាយ ដោយមិននិយាយអ្វីទាំងអស់។
"ប្រុសអីអៀនឡើងក្រហមមុខបែបនេះ? ចំជាយ៉ាប់មែនដេន" ការចាកចេញរបស់នាយក៏នៅក្នុងក្រសែភ្នែករបស់ដាលីជានិច្ច នាងតាមមើលផងញញឹមផង ហាក់ដូចជារក្សាទុកស្នាមញញឹមនោះមកជាយូរសម្រាប់តែបុរសជាទីស្រឡាញ់នេះម្នាក់គត់ ការបែកនៅឆ្ងាយគ្នាអស់រយៈពេលត្រឹមតែជាងមួយខែ ក៏ប៉ុន្តែវាយូរយាហាក់ដូចជារយៈពេលមួយឆ្នាំអ៊ីចឹង នាងនឹកខ្លួន នឹកការប៉ះពាល់ ការព្រួយបារម្ភដែលគ្មានបុរសណាម្នាក់ប្រគល់ឲ្យនាងដូចជាគេ គេជាអ្វីគ្រប់យ៉ាងរបស់នាង។
ក្រឺង!ក្រឺង
ខណៈកំពុងតែសញ្ជឹងគិតទូរសព្ទ័នៅលើតុក៏រោទ៍ឡើង ដាលីក៏ងាកមើលទៅទាំងមិនចង់លើកទទួល តែក្រោយពីនឹកឃើញដល់កាំមេរ៉ាបង្កប់គ្រប់កន្លែងពេញលើក្បាលនោះរួចមក នាងក៏មានតែបង្ខំចិត្តទទួលវាយកមកនិយាយ។
(គឺបងហ្វ្រេដណា៎..បងមិននឹកស្មានថាដាលីជាអ្នកទទួលសោះ)
នដាលីមិនទាន់ទាំងហើបមាត់និយាយអ្វីផង ហ្វ្រេដគេក៏និយាយមកហាក់ដូចជាគេបានមើលផ្ទាល់ ឃើញផ្ទាល់ថានាងជាអ្នកទទួលទូរសព្ទ័អ៊ីចឹង ដាលីបែរខ្លួនរួចក៏ក្រោកដើរចេញពីសាឡុង ទាំងដែលនាងមិនទាន់បានញ៊ាំអាហារអីពេញមាត់នៅឡើយនោះ អ្នកនៅផ្ទះបាយគេក៏ចេញមកមើល រួចគេក៏ប្រញាប់យកអ្វីយកមកគ្របអាហារដែលទុកចោលលើតុនោះ។

សកម្មភាពរបស់គេគ្រប់យ៉ាងក៏ត្រូវបានអ្នកដែលតាមឃ្លាំមើលនោះមើលមកមិនដាក់ភ្នែក បុរសក្នុងឈុតឧត្តមសេនីយ៍និងបុរសក្នុងឈុតអាវធំបែបអ្នកធ្វើការក្រុមហ៊ុនធម្មតានោះក៏ជាអ្នកតាមដាននិងឃ្លាំមើលគ្រប់សកម្មភាពទាំងអស់ដែរ បូករួមទាំងរឿងចៃដន្យដែលកើតឡើងរវាងដាលីនិងពេទ្យចំណូលថ្មីម្នាក់នោះ។
"បងនឹងទៅទទួលដាលីចេញទៅញ៊ាំអាហារពេលល្ងាចនៅវិមាន"
(មិនចាំបាច់ទេ ខ្ញុំអាចឲ្យវីលាមបើកឡានជូនខ្ញុំទៅបាន អរគុណណាស់ដែលស្នើមកទទួល)
ហ្វ្រេដក្ដៅស្លឹកត្រចៀកងឺង គ្រាដែលគេឃើញពេទ្យម្នាក់នោះដួលទ្រោមនៅលើខ្លួនរបស់ដាលី អ៊ីចឹងហើយទើបគេប្រញាប់ខលទៅរកនាង រកលេសដើម្បីឲ្យតែបានជួប ដើម្បីឲ្យអស់ចិត្ត ហ្វ្រេដព្យាយាមធ្វើល្អ និយាយផ្អែមជាមួយដាលី ព្រោះដើម្បីប៉ះប៉ូវនិងទទួលបានភាពស្និតស្នាលដូចដែលពួកគេមានលើគ្នាដូចកាលពីមុន តែក្រោយពីនាងត្រឡប់មកពីកោះនោះមក នាងក៏ខុសដាច់ឆ្ងាយ នាងមិនចង់សូម្បីតែនិយាយរឺនៅក្បែរគេ គេព្យាយាមចង់ក្បែរ នាងក៏ព្យាយាមគេចវេស ដូចជាពេលនេះ នាងបដិសេធមិនព្រមឲ្យគេទៅទទួល តែក៏បែរជាឲ្យពេទ្យទើបជួបគ្នាពីម្សិលម៉្ងៃនោះជូននាងមកទៅវិញ។
"ក៏បាន! អ៊ីចឹងល្ងាចជួបគ្នាណា៎ បងចាំដា-"
ទឺត!ទឺត..
ដាលីនាងក៏ចុចផ្ដាច់ការទាក់ទងជាមួយនិងហ្វ្រេដភ្លាមៗប្រៀបដូចពួកគេជាអ្នកក្រៅនិងគ្នាអ៊ីចឹងដែរ ហ្វ្រេដមុខឡើងម៉ូវ ដើរចូលទៅទម្លាក់ខ្លួនអង្គុយលើសាឡុង ខណៈជុងហ្គុកកំពុងតែឈរមើលកាំមេរ៉ាសុវត្ថិភាពឯណោះ។
"យើងថាឯងទម្លាក់ទង់សចុះត្រឹមនេះហើយហ្វ្រេដ ដាលីនាងជាមនុស្សប្រកាន់សម្ដីណាស់ បើនាងថានាងមិនចាប់អារម្មណ៍នរណាហើយ ទោះបីជាខំប្រឹងក៏នាងមិនយកភ្នែកមើលដែរ.. ឯងលេងជាមួយនាងតាំងពីក្មេង ឯងច្បាស់ជាដឹងហើយថាដាលី ជាក្មេងបែបណា" សម្ដីជុងហ្គុកកាន់តែឆ្កឹះឆ្កៀលទ្រូងហ្វ្រេដ ដល់ថ្នាក់គេទាញវីស្គីមកចាក់ដាក់កែវរួចលើកអកផឹកក្អឹកៗអស់មួយកែវត្រឹមតែមួយដំណកដង្ហើម។
"ខ្ញុំមិនយល់ពិតមែន.."
"អាចង្រៃដេននោះវាមានស្អីល្អ? ទើបបានជាដាលីការពារហួងហែង ហើយក៏ស្រឡាញ់វាដល់ថ្នាក់នេះ?" ជាតិស្រាចូលខ្លួនភ្លាម ហ្វ្រេដក៏លើកឈ្មោះមនុស្សម្នាក់ឡើងមកនាំទឹកមុខនិងអារម្មណ៍លេងសើចរបស់ជុងហ្គុករលាយរលត់បាត់អស់មួយរំពេច។
"មិនថាវាល្អកម្រិតណាទេ យើងមិនព្រមឲ្យប្អូនស្រីតែមួយរបស់យើងទៅពាក់ពន្ធ័ជាមួយមនុស្សក្រៅសង្គមដូចជាវាទៀតនោះទេ យើងនឹង-"
តុក!តុក..
ការសន្ទនារវាងបុរសទាំងពីរនាក់ក៏ត្រូវកាត់ដោយសំឡេងគោះទ្វារដែលបើកស្រាប់នោះ ជុងហ្គុកងាកបែរក្រសែភ្នែកទៅក៏ឃើញថាជាវត្តមានរបស់មាល៍លីន នាយក៏ញញឹមរួចប្រញាប់ចូលទៅកៀកក្បែរនិងកាន់ដៃនាង តែចម្លែកដែរ ថ្ងៃនេះនាងបែរជាបដិសេធការចាប់កាន់របស់គេ ថែមទាំងងើបមុខមើលគេទាំងក្រសែភ្នែកបង្ហាញការខកចិត្តថែមទៀត។
"មាល៍! អូនមានរឿងអី?" ឃើញនាងធ្វើខ្លួនបែបនេះ ជុងហ្គុកគេក៏គ្មានអ្វីក្រៅពីពាក្យថាព្រួយបារម្ភ គេសង្ឃឹមថានាងមិនបានលឺអ្វីដែលគេនិយាយជាមួយហ្វ្រេដមុននេះចុះ ពិសេសរឿងដែលគេប្រឆាំងទំនាក់ទំនងរវាងដាលីនិងដេនឌ្រីក៍នោះ ព្រោះមាល៍លីននាងមិនដែលមើលឃើញចំណុចអាក្រក់របស់ម្សៀរនោះម្ដងណាទេ ហើយនាងក៏មិនដែលជំទាស់និងទំនាក់ទំនងរវាងពួកគេដែរ អ៊ីចឹងគេនឹងនាងដូចជានៅពីបក្សផ្សេងគ្នាអ៊ីចឹង។
"ម៉ាម៉ា..ប៉ាប៉ា" ជុនវ៉ូដូចជាយល់ការណ៍ គ្រាន់តែប៉ាម៉ាក់បំណងចង់និយាយជីករឹសគល់ភ្លាម គេក៏រត់កាន់តុក្កតាមកភ្លាមៗ ជុងហ្គុកគេក៏ញញឹមរួចលើកកូនឡើងមកអោបថើបទាំងសប្បាយចិត្ត ជុនវ៉ូក៏ថើបថ្ពាល់ឪពុកខ្សឺតទុកជាកាដូ មុននិងឪពុកដាក់គេចុះវិញ។
"ថ្ងៃនេះខ្ញុំទៅទទួលលោកប៉ា ហើយខ្ញុំក៏នឹងយកជុនវ៉ូទៅជាមួយដែរ"
"អូនអាចទុកគេនៅជាមួយបងក៏បាន ថ្ងៃនេះបងមិនទៅការិយាល័យទេ" ជុងហ្គុកគេនិយាយឃាត់ឃាំងនាង តែមាល៍លីនក៏ប្រញាប់ក្រវីក្បាលឆ្លើយតបទាំងមុខញញឹមស្ងួត បញ្ជាក់ប្រាប់គេកាន់តែច្បាស់ថានាងពិតជាបានលឺគេនិយាយមុននោះពិតមែន។
"បងនៅនិយាយការងារជាមួយហ្វ្រេដចុះ ខ្ញុំមិនរំខានបងទេ"
"ជុនវ៉ូហ្អា៎.. តោះទៅទទួលលោកតាជាមួយម៉ាម៉ាណា៎"
"យ៉េៗ ទៅទទួលលោកតា ហិហិ" ជុនវ៉ូគេសប្បាយចិត្តនិងទៅតាមការដឹកដៃរបស់ម្ដាយ ខុសឆ្ងាយពីឪពុកឯណោះ ដែលពេលនេះបេះដូងប្រហោង ព្រោះភាពសោះកក្រោះដែលមាល៍លីនបានផ្ដល់ឲ្យខ្លួន គេមិនគួរនិយាយរឿងទាំងនោះឲ្យនាងបានលឺទេ នេះគេដូចកំពុងតែធ្វើឲ្យខ្លួនឯងខាតពិន្ទុក្នុងការតាមយកបេះដូងនាងត្រឡប់មកវិញអ៊ីចឹង។

ពេលល្ងាចក៏ឈានចូលមកដល់ ការណាត់ដែលហ្វ្រេដបានប្រាប់ទៅដាលីនោះក៏ដល់ដូចគ្នាដែរ ពេលនេះនាងតូចក៏កំពុងតែជ្រើសរើសឈុតនៅខាងក្នុង ស្របពេលដែលអ្នកនៅខាងក្រៅឯណេះកំពុងតែរៀបចំថ្នាំឲ្យនាងជាស្រេច។
(នាយ..ចូលមកនេះបន្តិចបានរឺអត់?)
កំពុងតែរៀបចំ សំឡេងស្រាលតែច្បាស់ៗក៏បន្លឺឡើងពីក្នុងបន្ទប់មក ដេនឌ្រីក៍ក៏ប្រញាប់ប្រញាល់ក្រោកចូលទៅភ្លាម ព្រោះគិតថានាងច្បាស់ជាមានអ្វីសំខាន់ខ្លាំងហើយ។
ដេនប្រញាប់ចូលទៅទាំងប្រញាប់ប្រញាល់ តែអ្វីដែលគេឃើញពេលចូលទៅដល់ក៏ធ្វើឲ្យគាំងសឹងតែទន់ជង្គង់ដួលព្រូស។ ផែនខ្នងសក្បុសបង្ហាញត្រឹមចង្កេះឡើងទៅដល់កញ្ចឹងករផ្នែកខាងក្រោយ ព្រោះវាជាផ្នែកដែលមិនទាន់បានរ៉ូតឡើង ខុសពីកន្លែងផ្សេងដែលត្រូវបិទបាំងដោយសាច់ក្រណាត់រ៉ូប ដាលីងាកបែរមើលមកគេ រួចក៏បក់ដៃម្ខាងហៅនាយបន្តិច។
"រ៉ូតឲ្យខ្ញុំបន្តិចបានទេ?"
"ថា..ថាម៉េច? រ៉ូតរ៉ូបហ្អេស៎?" ការសួរបែបភ្ញាក់ផ្អើលរបស់គេក៏នាំឲ្យដាលីងាកមើលបន្តិច នាងដើរថយក្រោយមួយជំហានៗ រហូតដល់ជិតគេ នាងក៏ទាញដៃគេម្ខាងប៉ះនិងខ្នងនាង នាំឲ្យដេនភ្ញាក់បះសក់ច្រូងតែម្ដង នាយធ្វើខ្លួនមិនត្រូវ ព្រោះខ្លាចគេមើលឃើញផង ហើយក៏ឆ្ងល់ដែលថ្ងៃនេះដាលីនាងធ្វើខ្លួនចម្លែកដាក់គេបែបនេះ។
(នេះបើសិនជាអូនធ្វើជាមួយអ្នកផ្សេង បងច្បាស់ជាគិតថាអូនឲ្យដៃគេហើយដាលី ក្មេងកំហូច)
(អូននឹងធ្វើឲ្យបងនៅលែងសុខ ចាំតែមើលចុះប្រុសដេនឆ្កួត)

==
480 50នាទីបានភាគបន្តមួយភាគទៀត៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now