ភាគទី០៧

713 22 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់(ត)

ភាគទី០៧

ហ្វូ! ឈូ..
ខ្យល់ត្រជាក់បក់បោកមកហាក់បីដូចជាព្យាយាមផ្ដល់ភាពត្រជាក់ស្រេងមកកាន់មនុស្សពីរនាក់ដែលកំពុងតែបន្តដំណើរត្រឡប់ទៅកាន់ភូមិវិញជាមួយគ្នា ពួកគេមិនមែនជាអ្វីនិងគ្នា តែពួកគេក៏តែងតែស្និតស្នាលនិងផ្ដល់ភាពសំខាន់ឲ្យគ្នារហូតមក។
"បងដេនចាំរឺអត់? កាលពីក្មេង ពេលដែលស៊ូរីដួលនៅមាត់សមុទ្របងដេនក៏តែងតែមករកស៊ូរី ហើយអៀវស៊ូរីត្រឡប់ទៅផ្ទះវិញបែបនេះ កាន់តែគិតស៊ូរីក៏កាន់តែនឹកថែមទៀត" ខ្លួនកំពុងតែនៅលើខ្នងគេ ដៃទាំងសងខាងក៏អោបកញ្ចឹងករគេពីក្រោយជាប់ ស៊ូរីនិយាយរៀបរាប់កំដរបរិយាកាស ខណៈដេនឌ្រីក៍ឯណោះគេក៏ស្ងាត់ចាំស្ដាប់នាងនិយាយជំនួសវិញ។
"ស៊ូរីតែងតែគិតថាបងដេនជាមនុស្សម្នាក់ដែលនៅក្បែរស៊ូរីរហូត មិនបោះបង់ស៊ូរីនៅថ្ងៃខាងមុខតែ.."
"តែក្រោយឃើញវត្តមានរបស់បងស្រីម្នាក់នោះ ស៊ូរីដឹងច្បាស់ហើយថាស៊ូរីមិនមែនជាមនុស្សដែលបងតែងតែបារម្ភដូចជាកាលពីមុនទេ"
"វាមិនមែនបែបហ្នឹងទេ!" ដេនឌ្រីក៍ក៏ប្រញាប់ប្រកែកកាលបើស្ថានភាពរបស់ស៊ូរីត្រឡប់ទៅកាន់សភាពដូចជាពេលមុននោះវិញ នាងតូចក្រាបក្បាលលើស្មាគេរួចសម្រក់ទឹកភ្នែកជាច្រើនតំណក់ចុះមក នាំឲ្យអ្នកកំពុងតែអៀវនោះបានដឹង ហើយក៏ប្រញាប់ដើរចូលទៅកាន់ផ្ទះតូចដែលមានការតុបតែងខ្ជូតៗ ព្រោះវាជាផ្ទះរបស់ស៊ូរីនោះអី។
"បងដេន!"
"នៅជាមួយស៊ូរីសិនបានទេ? ហ៊ឹក" កាលបើដេនឌ្រីក៍ដាក់នាងចុះពីខ្នងភ្លាម ស៊ូរីក៏មិនបានដោះលែងគេឲ្យទៅណា នាងលូកដៃអោបក្រសោបចង្កេះនាយជាប់រួចក៏សុំនាយមិនឲ្យទៅណាទាំងអស់។
"បើសិនជាស៊ូរីចូលគេង បងនឹងមិនទៅណាទេ"
"បងដេនគេងកំដរស៊ូរីបានទេ? គេងដូចជាកាលពួកយើងនៅពីក្មេងណា៎ ស៊ូរីខ្លាចណាស់ មិនចង់នៅម្នាក់ឯងទេ" ស៊ូរីបញ្ចប់ប្រយោគដោយការដកដៃពីចង្កេះនាយរួចបែរទៅដេកនៅលើពូកទន់ល្មើយរបស់នាង ដេនឌ្រីក៍ក៏ព្រលែងដង្ហើមស្រាលក្នុងបែបលាក់លៀម រួចទើបទម្លាក់ខ្លួនដេកនៅលើគ្រែក្បែរនាងតូចឯណោះ។
"ហ៊ឹម! កក់ក្ដៅណាស់" គ្រាន់តែដេនឌ្រីក៍ដាក់ខ្នងដល់គ្រែ អ្នកម្ខាងទៀតក៏ស្រវ៉ាអោបគេជាប់ទាំងសំឡេងនៅញ័រនៅឡើយ ដេនឌ្រីក៍ក៏មិនបាននិយាយអ្វី ក្រៅពីទម្លាក់ដៃម្ខាងអង្អែលក្បាលនាង មួយស្របក់ធំនៃការលួងលោមរបស់គេ អ្នកដែលមានទុក្ខសោកអម្បាញ់មិញក៏ដេកលក់បាត់មាត់បាត់ករឈឹង ដេនឌ្រីក៍អោនមុខមើលក៏ឃើញថាស៊ូរីនាងពិតជាគេងលក់ពិតមែនទើបនាយព្យាយាមរើបម្រាស់ខ្លួនបន្តិច។
ក្រាក!
ទ្វារបន្ទប់ក៏បើកឡើងទាំងដែលដេនឌ្រីក៍កំពុងតែបម្រាស់ខ្លួនឯណោះ..
"លោកបង.." ដំណើរបោះជំហានបែបប្រញាប់របស់ស៊ុងគីក៏ត្រូវបញ្ឈប់ គ្រាដែលគេចូលមកឃើញលោកបងគេកំពុងតែអោបនឹងអង្អែលលួងលោមអ្នកដែលបាត់ខ្លួនពីភូមិអស់មួយល្ងាចនោះ គេបានឃើញត្រឹមទឹកមុខស្រគត់ស្រគុំ បូកផ្សំនិងទឹកមុខបែបមានអារម្មណ៍ថាខុសលើមុខលោកបងធំរបស់គេ។
"ឯងមានការអីស៊ុងគី?"
"គឺរឿងរបស់ដាលី.."
"ហ៊ឹម" គ្រាន់តែលឺឈ្មោះរបស់នាងភ្លាម អារម្មណ៍នាយក៏កាន់តែតានតឹងថែមទៀត គេឈ្ងោកមុខមើលទៅអ្នកដែលដេកអោបខ្លួនទាំងស្នាមទឹកភ្នែកឯណោះ រួចទើបងាកមើលទៅកូនចៅវិញ។
"រៀបកន្លែងឲ្យនាងសម្រាកមួយយប់សិនទៅ ស្អែកចាំយើងចាត់ការរឿងនាំនាងទៅក្រុងវិញ"
"រឿងនេះខ្ញុំថាជាលោកបងទៅវិញទេដែលគួរតែនិយាយប្រាប់ទៅដាលីនោះ"
"យប់នេះយើងទៅណាចោលស៊ូរីមិនបានទេ.." ដេនឌ្រីក៍គេក៏ឆ្លើយតបប្រយោគឈឺក្បាលដាក់កូនចៅវិញឲ្យគេកាន់តែធ្ងន់ក្បាលត្រដុកដូចជាទូលភ្នំ ស៊ុងគីលើកដៃអេះក្បាលខ្លួនឯងតិចៗរួចក៏បោះជំហានចេញទៅខាងក្រៅបន្ទប់វិញទាំងតឹងចិត្តបំផុត។
(០៣ស៊ុងយ៉ុន..០៤ទទួលបានទេ?)
គ្រាន់តែគេចេញមកដល់ខាងក្រៅភ្លាម អាយកូមរបស់ស៊ុងគីក៏បន្លឺឡើងភ្លាម ស៊ុងគីក៏ច្បូញមាត់បន្តិចរួចងាកមើលទៅលោកបងធំដែលកំពុងតែដេកលើគ្រែឯណោះ។
"០៤ស៊ុងគីទទួលបាន..មានរឿងអីមែនទេ?"
(លោកបងឆ្លើយយ៉ាងមិចហើយរឿងរបស់អ្នកនាងដាលី?)
"លោកបងគាត់ជាប់មើលស៊ូរីហើយ មិនបានត្រឡប់ទៅវិញទេ គាត់ឲ្យឯងរៀបចំកន្លែងជូនអ្នកនាងដាលីហើយក៏យាមនៅខាងក្រៅទៅ"
(មិនបាច់ទេ ស៊ុងយ៉ុនគេអាចគេងនៅខាងក្នុងជាមួយខ្ញុំបាន)
គ្រាំង!
"ផ្ដេសផ្ដាសបំផុត.." ការនិយាយសន្ទនាគ្នារវាងពួកគេមើលទៅដូចជាធម្មតាទេ តែវាក៏ធ្វើឲ្យអ្នកដែលនៅខាងក្នុងរុញទ្វារមកលាន់គ្រាំងស្ទើរតែលួសព្រលឹងអស់ អ្នកដែលប្ដេជ្ញាថាមិនទៅណា ពេលនេះក៏ចេញមកកញ្ឆក់អាយកូមពីដៃកូនចៅទៅនិយាយតែម្ដង។
"ជាស្រីនឹងប្រុសមិចនឹងអាចដេកបន្ទប់ជាមួយគ្នាបាន?"
(ចុះលោកជាខ្ទើយមែនទេ ទើបអាចដេកបន្ទប់ជាមួយអ្នកនាងស៊ូរីបាននោះ?)
"នាង.."


ដាលីថាខ្ញុំសួរ ហើយឆ្លើយ!!!

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now