ភាគទី៥៣,៥៤

454 15 0
                                    

អរគុណសម្រាប់900.. នេះ2ភាគតាមសន្យា

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)

ភាគទី53,54

ក្រឡេកមើលទៅអ្នកនៅតុអាហារឯណោះវិញ ហ្វ្រេដត្រឡប់ទៅកាន់តុអាហារវិញ ព្រមជាមួយនិងស្នាមញញឹមក្លែងក្លាយពាសពេញលើផ្ទៃមុខ គេបោះជំហានឈានចូលទៅអង្គុយកៅអីខ្លួន មិនភ្លេចផ្ដល់ស្នាមញញឹមស្រស់ស្រាយទៅកាន់ដាលីផង ធ្វើដូចជាមុននោះគេមិនបានលឺនាងនិយាយពីអ្វីទាំងអស់ មិនបានឃើញទង្វើស្អប់ខ្ពើមដែលនាងធ្វើមកលើខ្លួនសោះ នេះទើបគេនិយាយស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែកពិតមែន។
"និយាយអ៊ីចឹងការងារយ៉ាងណាទៅហើយហ្វ្រេដ? លោករដ្ឋមន្ត្រីសុខទុក្ខយ៉ាងណាដែរ?" ក៏ព្រោះតែឃើញដាលីនាងមិនផ្ដល់ការចាប់អារម្មណ៍ទៅហ្វ្រេដសោះ ទើបជុងហ្គុកប្រញាប់បោះសំនួរប៉ុន្មានសំនួរទៅកាន់គេ ហ្វ្រេដក៏ងាកមើលទៅមេគ្រួសាររបស់ត្រកូលនេះរួចក៏ញញឹមបន្តិច។
"លោកប៉ាសុខទុក្ខធម្មតាទេទាន៎ លោកកំពុងតែនៅអុីតាលីជួបប្រជុំជាមួយរដ្ឋមន្ត្រីនៅទីនោះ លោកក៏ផ្ដាំមកសួរសុខទុក្ខលោកម្ចាស់ និងគ្រួសារដែរ"
"ពេលលោករដ្ឋមន្ត្រីត្រឡប់មកវិញ យើងគិតចង់អញ្ជើញគាត់ពិសារតែជជែកគ្នាបន្តិច ខានជួបគ្នាមកចូលជាឆ្នាំ យើងក៏នឹកពេលវេលាចាស់ៗ"
"បាទ៎" ហ្វ្រេដផ្ដល់ស្នាមញញឹមទៅកាន់ជុងហ្គុកបន្តិច តែក៏ប្រញាប់ងាកមើលទៅដាលីវិញ ក៏ព្រោះតែពេលនេះនាងមិនអោនមុខចុះទៀត គឺនាងងើបមុខឡើង ងាកមើលឆ្វេងស្ដាំ ហើយក៏ងាកមកចំមុខគេ បានជាធ្វើឲ្យគេសប្បាយចិត្ត គិតថាទីបំផុតនាងក៏យល់ព្រមមើលមុខគេ។
"ដាលី.."
"ហេតុអីក៏គេទៅយូរម៉្លេះ?ថ្មើរនេះនៅមិនទាន់មកទៀត?" ការគិតរបស់ហ្វ្រេដក៏ខុសស្រឡះ ព្រោះដាលីងើបមុខឡើងមិនបានមានបំណងចង់មើលរឺនិយាយរកគេទេ តែនាងក៏រកមើលមនុស្សម្នាក់ ក្រោយពីបាត់វត្តមានគេយូរពេក។
ការឧទានឡើងរបស់ដាលី ក៏នាំឲ្យជុងហ្គុកចាប់អារម្មណ៍ដូចគ្នា ព្រោះពេទ្យប្រចាំខ្លួនរបស់ប្អូនស្រីសុំទៅបន្ទប់ទឹកមួយសន្ទុះធំហើយនៅឡើយមិនទាន់ត្រឡប់មកវិញទៀត។
"ខ្ញុំគិតរកឡើងទៅមើលគេសិន សង្ស័យតែគេដើររកបន្ទប់ទឹកមិនឃើញទេដឹង?"
"មិនចាំបាច់ដល់ថ្នាក់ឡើងទៅរកខ្លួនឯងទេ ពួកឯង.." ដាលីក្រោកឡើងមិនទាន់ផុតគូថពីកៅអីក៏ត្រូវបងប្រុសជាប់ដៃ ទាញឲ្យអង្គុយវិញ ហើយគេក៏ហៅកូនចៅដែលនៅយាមទ្វារឲ្យចូលមកភ្លាមៗ។
"បាទលោកម្ចាស់"
"ពួកឯងឡើងទៅខាងលើទៅមើល ដុកទ័រប្រចាំខ្លួនរបស់អ្នកនាងពួកឯងឡើងទៅបាត់មិនទាន់ឃើញមកវិញទេ"
"អូ! គឺលោកម្នាក់មានពុកចង្ការពាក់វែនតាធំនោះមែនទេ? គាត់ចុះមកមួយសន្ទុះ ហើយក៏ផ្ដាំប្រាប់ពួកខ្ញុំថាគេសុំទៅចាំអ្នកនាងដាលីនៅឯឡានមុនឯណោះទាន៎"
"ហេតុអីក៏សុខៗគេទៅឡានមុនបែបនេះ? នេះគេមិនគិតញ៊ាំអាហារសិនទេហ្អេស៎?" ដាលីក៏ដាក់ចម្ងល់ភ្លាម កាលបើលឺថាគេទៅចាំនាងនៅក្នុងឡានមុនបែបនោះ ជុងហ្គុកវិញ បើសិនជាគេមិនធ្វើខ្លួនគួរឲ្យសង្ស័យនៅក្នុងផ្ទះគេ គេក៏គ្មានអ្វីងឿងឆ្ងល់ដែរ ព្រោះអ្វីដែលគេយកខួរក្បាលគឺមិនមែនអ្នកដទៃម្នាក់នោះទេ តែជាប្អូនស្រីគេឯណេះទៅវិញទេ បានឃើញនាងញញឹមនិងញ៊ាំអាហារពេញៗមាត់បែបនេះ គេក៏អស់ចិត្តហើយ។
"ខ្ញុំគិតថាខ្ញុំក៏ដូចជាឆ្អែតដែរហើយ" គ្រាន់តែដេនលែងនៅក្បែរកាយភ្លាម ដាលីនាងក៏បែរជាលែងមានអារម្មណ៍ចង់នៅបន្តរួមតុអាហារនឹងអ្នកគ្រប់គ្នាទៀត ជាពិសេសមិនចង់រួមតុជាមួយប្រុសសម្អប់ម្នាក់នោះ។
"ឯងគិតចង់ទៅវិញហើយហ្អេស៎នាងល្អិត?"
"អឺម! អរគុណសម្រាប់អាហារមួយពេលនេះ ហើយក៏អរគុណបងមាល៍ដែរ អាហារបងនៅតែរសជាតិពិសេសដដែលមិនប្ដូរ" ដាលីនាងក៏ក្រោកឡើងពីកៅអី រួចចូលទៅរកបងប្រុស ជុងហ្គុកលាដៃម្ខាងអោបប្អូនស្រី រួចថើបសក់នាងស្រាលៗ ខណៈដាលីកំពុងតែអោបគេ។
"ដាលី.. មុននិងទៅអូនយកដំណាប់និងនំទៅជាមួយផង" ពេលជុងហ្គុកនិងដាលីអោបគ្នា វាក៏ដូចជាហុចឱកាសឲ្យមាល៍លីនក្រោកឡើងទៅរៀបចំដំណាប់និងនំដាក់ប្រអប់រួចរុំក្រណាត់យ៉ាងស្អាតយកមកផ្ញើប្អូន។
"ហ៊ឹម មិនដឹងជារបស់ផ្ញើអីទេបងមាល៍ នេះបងខំធ្វើម្ហូបហត់ថ្នាក់ហ្នឹងទៅហើយ"
"អូនក៏ដឹងថាឲ្យតែមនុស្សជុំវិញខ្លួនបងសប្បាយចិត្ត បងក៏ធ្វើការងារមិនហត់ដែរត្រូវទេ?" ដាលីញញឹមកាលបើមាល៍លីនលើកដៃម្ខាងចុចចុងច្រមុះនាង ស្រីៗទាំងពីរនាក់អោបគ្នា ខណៈបុរសៗទាំងពីរនាក់ទៀតក្រោកឡើងពីកៅអីរៀងខ្លួន ដោយម្នាក់ដាលីនាងបានអោបលាគ្នារួចជាស្រេច នៅសល់តែម្នាក់ទៀតដែលកំពុងតែរង់ចាំឲ្យដល់វេនខ្លួនម្ដង។
"ពេលទំនេរចាំបងនាំជុនវ៉ូទៅលេងអូនណា៎ដាលី ថែរក្សាខ្លួន ហើយក៏ញ៊ាំអាហារនិងថ្នាំឲ្យទៀងទាត់ពេលផង អូខេ?"
"ចាស៎អ្នកម៉ាក់មាល៍លីន ហិហិ" ដាលីសើចកក្អឹក មុននិងដកខ្លួនពីការអោបរបស់បងស្រីជាទីស្រឡាញ់ កូនចៅជុងហ្គុក2នាក់ក៏ចូលមកយួរដំណាប់និងនំយកទៅឡានមុន ដាលីឯណេះក្រោយលាគ្នាជាមួយមាល៍លីនរួច នាងក៏ដើរចេញមកក្រៅ ជុងហ្គុកនិងហ្វ្រេដមិនបង្អង់ប្រញាប់ចេញទៅតាមបីក្រោយពួកនាងដូចគ្នា។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now