ឃើញតែរូបក៏អ្នកអានអាចទាយដឹងថាភាគក្រោយជាភាគអី ហិហិ កុំភ្លេចណា like cmtឲ្យបានគ្រប់ៗគ្នា ព្រោះដើម្បីបានភាគបន្ទាប់ស្អែក..
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី07៖ នារីខួរក្បាលទទេស្អាតភាគទី71,72
"អ្ហឹក" លឺពាក្យលួងលោមចេញពីមាត់គេ វាក៏ធ្វើឲ្យដាលីបានធូរស្រាលចិត្តបន្តិច តែនាងក៏នៅតែដង្ហក់ខ្យល់ ព្រោះមុននោះអារម្មណ៍កម្សួលវាបុកឡើងមកខ្លាំងពេក នាងដកដៃលែងអោបស្រាក់ចង្កេះគេ តែប្ដូរមកជាលើកដៃវាសទឹកភ្នែកចេញពីថ្ពាល់របស់ខ្លួនវិញ ដេនឌ្រីក៍ក៏ងាកបែរមកទាន់ពេលដែលនាងកំពុងតែពេបយំ ទើបធ្វើឲ្យគេលេចស្នាមញញឹមមកទាំងមិនដឹងខ្លួន មុននិងចូលទៅនិយាយលួងនាងបន្ត។
"អ្នកណាឲ្យយំ? អូនទើបតែងើបពីឈឺ តិចមិនស្រួលខ្លួនថែមទៅនាងច្រម៉ក់"
"ខ្ញុំគ្រាន់តែរំជួលអារម្មណ៍ ពេល..ពេលឃើញស្នាម ស្នាមនៅលើខ្នងនាយ ហ៊ឹក" ដំបូងមនុស្សយំរកតែនឹងបាត់យំទៅហើយ តែពេលដែលដេនព្យាយាមដេញដោលនាងម្ដងទៀត ដាលីក៏ទប់លែងជាប់ ហើយក៏យំចេញមកសារជាថ្មីទៀត តែម្ដងនេះនាងយំខ្សឹបខ្សួល មិនបានស្រវ៉េនស្រវ៉ាន់ដូចជាមុននេះទេ។
"អូខេ! ចាំបងយកអាវមកពាក់ បងមិនឲ្យអូនឃើញវាទៀតទេ ប៉ុណ្ណឹងបានទេ?" ដេនដើរទៅទាញយកអាវយឺតពណ៌ប្រផេះរបស់គេមកពាក់ តែថាគេជ្រើសរើសកន្លែងពាក់មិនត្រូវ ទើបត្រូវអ្នកយំយែកចាប់ដៃជាប់ និងទាញគេឲ្យអង្គុយចុះលើពូកក្បែរនាង ដេនគេក៏រៀងភ្ញាក់និងព្យាយាមងាកទៅរកដាលី តែនាងក៏មិនព្រម ដោយនាងទាញឲ្យគេអង្គុយបែរខ្នងមករកខ្លួន រួចនាងក៏ប្រើភ្នែកវាងវៃមើលទៅស្នាមទាំងនោះ ដើម្បីឲ្យបានកាន់តែច្បាស់លាស់តែម្ដង។
"ស្នាមទាំងអស់នៅលើនេះ វាសុទ្ធតែតំណាងឲ្យរឿងទាំងអស់ដែលបងបានឆ្លងកាត់កន្លងមក អូនឃើញស្នាមនៅរង្វង់កញ្ចឹងកររបស់បងទេ?" ដោយឃើញថានាងចង់ដឹងលឺពីវា ដេនក៏សម្រេចចិត្តនិយាយបកស្រាយប្រាប់នាងដោយឯកឯងតែម្ដង គេបង្ហាញពីស្នាមនៅលើកញ្ចឹងករ ហើយនាងតូចយើងក៏ងាកមើល រួចក៏ឃើញថាវាមាននៅទីនោះពិតមែន ដាលីក្ដាប់មាត់រួចលើកដៃខាងស្ដាំទៅប៉ះវាសនៅលើវាទាំងក្ដុកក្ដួលចិត្ត។
"ស្នាមនេះជាស្នាមបន្សល់ពីការអូសនិងខ្សែតី ក្នុងថ្ងៃដែលគេចាប់ម្ដាយចិញ្ចឹមបងវាយ ហើយនិងសម្លាប់គាត់ក្នុងថ្ងៃនោះ ពួកគេចាប់បងចងជាប់ ព្រោះខ្លាចថាបងលួចរត់ហើយរឿងទាំងអស់ត្រូវបែកការណ៍អស់" ស្នាមរបួសវាមើលទៅសាហាវ តែក៏មិនសាហាវដល់ទង្វើនិងមនុស្សដែលបន្សល់ស្លាកស្នាមទាំងនេះដែរ ដាលីដកដៃពីកញ្ចឹងកររបស់ដេន រួចទម្លាក់ទៅលើស្នាមសន្លាកនៅលើស្មាខាងស្ដាំរបស់នាយម្ដង។
"ស្នាមត្រង់នេះ"
"ជាស្នាមគេវាយបង កាលនៅពីតូច"
"ចុះស្នាមត្រង់នោះ.."
"វាជាស្នាមដែលបងឆ្កូតខ្នងពេលចុះរកផ្កាថ្មនៅសមុទ្រ" ការរៀបរាប់របស់ដេនក៏ជ្រួតជ្រាបដល់ក្នុងចិត្តរបស់អ្នកសួរនាំនោះ គេនិយាយពីផ្កាថ្ម ទ្រូងនាងក៏ហាក់រីកសាយហាក់បីដូចជាអារម្មណ៍រំភើបដែលនាងមាននាគ្រានោះកំពុងតែព្យាយាមរំលឹកឲ្យនាងចងចាំវាវិញសារជាថ្មីអ៊ីចឹង។
"ចុះអាស្នាមខ្វាចវែងៗនោះ?"
"...." ម្ដងនេះដាលីនាងក៏ប្រទះភ្នែកនឹងស្នាមខ្វាចដែលមានលើសឹងតែពាសពេញលើខ្នងគេ ស្នាមក្រហមវែងៗដូចជាស្នាមក្រចកម្រាមដៃទាំង10ម្រាម ស្នាមដែលនាងមើលម្ដងហើយម្ដងទៀតនៅតែមិនចង់យល់ ឯដេនឯណេះវិញ លឺនាងសួរពីស្នាមទាំងនេះ គេក៏បែរជាស្ងាត់មាត់ ព្រោះស្នាមទាំងនេះមានប្រវត្តិខុសពីស្នាមអស់ទាំងនោះ។
"នាយ..." ឃើញដេនឌ្រីក៍ស្ងប់ស្ងាត់ ដាលីនាងក៏ឧទានហៅគេជាថ្មីម្ដងទៀត។
"ជាស្នាមដៃអូនខ្វាច.." ដេនរាងស្ទាក់ស្ទើរបន្តិច តែគេក៏ឆ្លើយចេញមកទាំងមិនគិតលាក់លៀម ដាលីនៅស្ងៀម តែភ្នែកក៏សំឡឹងនាយមិនដាក់ សំឡឹងចង់ធ្លុះមុខអ្នកនិយាយប្រាប់ទៅហើយ។
"ចុះនាយថាខ្ញុំមិនដែលធ្វើអីលើនាយទេអូហ៍? បើខ្ញុំខ្វាចម្លឹងៗមិចក៏នាយមិនឃាត់?"
"ឲ្យបងឃាត់យ៉ាងមិច បើកាលនោះអូនអោបករបងជាប់.." កាន់តែស្ដាប់ ដាលីនាងក៏កាន់តែវិលវល់ ជាជាងការសួរគេ នាងក៏ងាកមកដាក់សំនួរលើខ្លួនឯងវិញ ថាកាលនោះនាងបានធ្វើស្អីខ្លះ ទើបបានជានាងត្រូវទៅតោងករគេជាប់នោះ? មើលទៅរាងកាយនាងក៏ដូចជារឹងមាំ ទាំងជើងទាំងដៃនៅប្រើការណ៍បានធម្មតាសោះ ដូចជាគ្មានទាស់អ្វីទេ។
"វាមិនដែល.. ពួកយើងឡើងភ្នំមែនទេ កាលនោះ?"
"អត់ទេ! ឡើងឋានសួគ៌..." ការឆ្លើយបកមកវិញលើកនេះ វាក៏ដូចជាចំចំណុចដែលនាងអាចកាត់យល់បាន ដាលីនៅស្ងៀម អោនមុខចុះភ្លាមៗតែម្ដង ដេនខំគិតភ័យថានាងអាចនឹងអាក់អន់ចិត្តដូចជាពេលមុន ទើបគេលូកដៃចាប់ទ្រចង្ការនាង រួចផ្ងើយឡើងតិចៗ តែអ្វីដែលគេបានឃើញ វាជាបបូរមាត់ញញឹមខ្ជឹប និងថ្ពាល់ក្រហមព្រឿងៗបែបអៀនរបស់នាង ដេនក៏លួចញញឹមបន្តិចរួចប្ដូរជាលើកដៃច្បិចថ្ពាល់ដាលីជំនួសវិញ។
"អូនច្បាស់ជាយល់ពីអ្វីដែលបងនិយាយមុននេះហើយពិតទេ? រឿងឡើងឋានសួគ៌ដែល..."
"បានហើយ ឈប់និយាយទៅ! ខ្ញុំ..ខ្ញុំទៅញ៊ាំបបរវិញហើយ" ដាលីប្រញាប់យកលេសដោះសារ ដោយការគេចបែរចេញរួចទាញតុបបរមកដាក់ពីមុខខ្លួនវិញ នាងដួសបបរដាក់ចូលមាត់ តែក៏ទាញចានបែរចេញមិនហ៊ានប្រឈមមុខជាមួយនាយសោះ ដេនអស់សំណើចនឹងនាងមិនស្ទើរ ព្រោះតែភាពគួរឲ្យស្រឡាញ់ចម្លែកនាពេលនោះ។
"ញ៊ាំតាមសម្រួល បងមិនដណ្ដើមអូនទេ" គេទាញអាវយឺតយកមកពាក់ រួចអង្គុយកំដរនាងញ៊ាំបបររហូតទាល់តែអស់។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង