ភាគទី៨៤,៨៥

736 16 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី07៖ នារីខួរក្បាលទទេស្អាត

ភាគទី84,85

"ក៏បាន បើសិនជាវាអាចបញ្ជាក់ថាខ្ញុំដឹងខុសពិតមែន ខ្ញុំមិនខ្លាចនឹងធ្វើទេ.."
គ្រឹប! ប្រោក..
ស៊ូរីទម្លាក់ជង្គង់ដល់ដីភ្លាម ដេនដាលីក៏បែរខ្លួនចេញ នាំជំហានដើរចេញទៅឆ្ងាយ ហាក់បីដូចជាបង្ហាញកាយវិការច្បាស់ដាក់អ្នកកំពុងតែលុតជង្គង់ថា នាងគ្មានថ្ងៃលើកឱកាសឲ្យខ្លួននោះទេ។ ខណៈពេលដែលដាលីនាងចេញទៅ ពេលនេះអ្នកដែលស៊ូរីលុតជង្គង់ពីមុខក៏គ្មាននរណាផ្សេងក្រៅពីដេន គេឈរសំឡឹងមើលទៅអតីតប្អូនស្រីដែលស្លូតបូតនិងគួរឲ្យស្រឡាញ់របស់គេ តាំងពីដើមមក គេស្រឡាញ់និងយកចិត្តទុកដាក់ជាមួយនាងខ្លាំង មិនមែនក្នុងន័យស្នេហា តែក្នុងន័យបែបដូចជាបងប្អូនសាច់បង្កើត តែការស្រឡាញ់និងមើលថែរបស់គេបែរក្លាយជាដើមហេតុដែលធ្វើឲ្យស៊ូរីផុងខ្លួននិងគិតថាគេស្រឡាញ់នាងលើសពីបងប្អូនទៅវិញ។
"ក្រោកឡើងមក ដាលីចូលទៅក្នុងផ្ទះបាត់ហើយ"
"នាងពិតជាមិនអាចលើកលែងទោសឲ្យខ្ញុំបានពិតមែនរឺបងដេន? កំហុសកាលនោះវាធ្ងន់ធ្ងរណាស់មែនទេ?"
"មែនហើយស៊ូរី! កំហុសឯងកាលនោះវាធំ ហើយក៏នាំទុក្ខលំបាកដល់ដាលីមិនតិចទេ ឯងមើលសភាពដាលីនៅពេលនេះក៏ឯងដឹងដែរមែនទេ? បងមិនចង់ឲ្យឯងសាងកំហុសច្រើនជាងហ្នឹងទេ កុំព្យាយាមចូលមកយាយីជីវិតបងនិងដាលីទៀត បងនឹងនាងឆ្លងកាត់រឿងហត់នឿយមកច្រើនសមល្មមហើយដែរ"
"ខ្ញុំដឹងហើយបងដេន, បែបនេះទើបខ្ញុំមកទីនេះចង់ជួបសុំទោសបងនឹងដាលី ខ្ញុំមិនមានបំណងចង់បំបែកអ្នកទាំងពីរទៀតនោះទេ ខ្ញុំមកនេះ ខ្ញុំគ្រាន់តែមកចង់លា"
"នេះឯងគិតទៅណាហ្អេស៎?" ទោះការខឹងស្អប់ ខកចិត្តមានច្រើនកម្រិតណា តែការចង់ដឹង ព្រួយបារម្ភក្នុងនាមជាបងក៏នៅតែមានក្នុងខ្លួនដេនខ្លះ គ្រាន់តែលឺថាស៊ូរីចង់លា គេក៏ចង់ដឹងភ្លាមថានាងនឹងទៅណា ស៊ូរីសំឡឹងមើលទៅផ្ទៃមុខសួរនាំរបស់ដេនឌ្រីក៍រួចក៏ញញឹមបន្តិច។
"ក្រសែភ្នែកមួយនេះ, ខ្ញុំនឹកក្រសែភ្នែកមួយនេះខ្លាំងណាស់ បងប្រុស" សព្វនាមសាកសមដែលទីបំផុតក៏ចេញពីមាត់នាងតូចស៊ូរី សព្វនាមដែលនាំឲ្យទឹកមុខស្មើរបស់ដេនប្រែក្លាយមកជាញញឹមបន្តិច គេលើកដៃម្ខាងប៉ះអង្អែលនាងមួយប៉ព្រិចរួចដកមកវិញ ស៊ូរីឯណោះវិញក៏ញញឹមសឹងតែរហែកមាត់ដល់គុម្ពត្រចៀក។
"ខ្ញុំសម្រេចចង់ទៅរៀនជំនាញនៅឯកោះឆ្ងាយពីទីកន្លែងធ្លាប់រស់នៅ ក្រោយពីរឿងរ៉ាវកើតឡើងកន្លងមក វាក៏ធ្វើឲ្យខ្ញុំគិតឃើញថា ការដែលខ្ញុំនៅតែមួយកន្លែង រង់ចាំតែផ្លូវមនុស្សដែលមិនត្រូវការខ្លួនឯង វាដូចជាការចាយពេលឥតប្រយោជន៍ខ្លាំងពេក ខ្ញុំធំហើយ! ខ្ញុំគួរតែចេញក្រៅស្វែងរកនិងជួបអ្វីៗដែលថ្មីៗក្រៅពីនៅលើកោះមួយនោះ កោះhiddensea ស្ដាប់មើលទៅវាដូចជាសមុទ្រដែលលាក់ខ្លួន វាជាកន្លែងដែលខ្ញុំ បងប្រុស និងអ្នកគ្រប់គ្នាជ្រើសរើសលាក់កំបាំងឆ្ងាយពីភ្នែកអ្នកដទៃ រហូតដល់ថ្នាក់ភ្លេចគិតដល់អ្វីដែលហៅថាអត្ថន័យនៃជីវិត" បែកគ្នាមួយរយៈ ដេនក៏មិននឹកស្មានថាស៊ូរីនាងផ្លាស់ប្ដូរច្រើនថ្នាក់នេះ នាងស្ងប់ជាងមុន និយាយដឹងហេតុផលជាងមុន គេសប្បាយចិត្តដែលឃើញនាងកែប្រែខ្លួនបែបនោះ ក៏ល្អ! ព្រោះនាងអាចនឹងស្វែងរកក្ដីសុខសម្រាប់ខ្លួនពិតប្រាកដ ជាជាងការមកត្រាំត្រែងតាមមនុស្សបេះដូងងាប់ដូចជាគេ ក្រៅពីដេនដាលី បេះដូងគេមិនបើកចំហឲ្យនរណាទៀតនោះទេ។
"ខ្ញុំអាចអោបបងបន្តិចបានទេ? តែម្ដងនេះទៀតទេ ខ្ញុំមិនទាមទារអ្វីទៀតនោះឡើយ" ដេនមិនបានឆ្លើយតែក៏ត្រដាងដៃឲ្យនាងចូលអោប ស៊ូរីឯណោះនាងក៏ចូលទៅអោបគេទាំងទឹកភ្នែកជោគថ្ពាល់ នាងអោបតែមួយភ្លែតក៏ប្រញាប់ដកខ្លួនវិញ ព្រោះដេនបានគោះស្មាឲ្យជាសញ្ញាដល់នាង។
"បងមិនមានអ្វីច្រើនទេ ក្រៅពីជូនពរឲ្យឯងបានសម្រេចនូវរាល់អ្វីដែលឯងចង់បាន បើសិនជានឹកអាចខលមកលេងបាន ព្រោះឯងជាប្អូនស្រីរបស់បងជានិច្ច ថែរក្សាខ្លួនផង" ដេនញញឹមផ្ដែផ្ដាំប្អូនស្រីក្រៅសាច់ឈាមបន្តិច ស៊ូរីឯណោះវិញក៏ញញឹមរួចងក់ក្បាលឆ្លើយតបទាំងចិត្តនៅអាឡោះអាល័យដេនជាទីបំផុត តែណ្ហើយ! ពួកគេកើតមកមាននិយាយបានត្រឹមតែរួមសុខទុក្ខគ្នាក្នុងនាមជាបងប្អូនទេ គ្មានអ្វីលើសពីនោះឡើយ។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now