ភាគទី៤៦

428 18 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ

ភាគទី46

"អ្នកនាងគួរតែដល់ពេលញ៊ាំអាហារហើយ" ទោះបីចិត្តកាយចង់ចូលអោបក្រសោបប្រាណភរិយាខ្លាំង តែដេនក៏ព្យាយាមហាមប្រាមចិត្តខ្លួនឯង មិនឲ្យធ្វើអ្វីផ្ដេសផ្ដាស នេះវាទើបតែជំហានទីមួយនៃការចូលទៅបន្លំខ្លួនចូលមកក្នុងចំណោមគ្រួសារមួយនេះ នាលើកនេះគេមិនមែនចូលមកត្រឹមតែមើលថែភរិយាជាទីស្រឡាញ់តែមួយមុខនោះទេ តែគេក៏នឹងមកធ្វើកិច្ចការងារចាំបាច់មួយផ្សេងទៀតដែរ។
(មិនថាឯងជានរណាទេ យើងនឹងចាំហែកស្បែកមុខឯងឲ្យបាន ហើយក៏ដើម្បីលាងឈ្មោះយើងពាក្យនាមជាឧក្រិដ្ឋជនផងដែរ)
ច្រាវ៎!
ការគិតសញ្ជឹងតែម្នាក់ឯងរបស់ដេន ត្រូវរំខានដោយសំឡេងធ្លាក់បែកច្រាវនៃរបស់ដែលនៅមិនឆ្ងាយពីគេឯណោះ។
"អ្នកនាង..អ្នកនាងកំពុងតែធ្វើអីហ្នឹង?"
"លែង..លែងខ្ញុំទៅ! ហ៊ឹស ខ្ញុំមិនព្យាបាល ខ្ញុំមិនចង់ជាសះស្បើយ ខ្ញុំមិនចង់ធ្វើអ្វីទាំងអស់ ហ៊ឹក" ការពិតសំឡេងធ្លាក់បែកលាន់ច្រាវមុននោះ វាជាស្នាដៃរបស់ដាលីសោះ នាងក្រោកឡើងរុះរើ បោកប្រាស់របស់ដែលនៅលើតុចោលទាំងអស់ ដេនឌ្រីក៍មិនបង្អង់ចាំយូរក៏ប្រញាប់រត់ចូលទៅហាមឃាត់ ដោយការទាញនាងឲ្យក្រោកពីអំបែងមុតស្រួចបែកខ្ចាត់ខ្ចាយពេញឥដ្ឋការ៉ូជុំវិញខ្លួន ដាលីនាងក៏មិនព្រមតាមការអូសទាញរបស់បុរសដែលនាងគិតថាជាអ្នកក្រៅ ជាពេទ្យដែលមិនយល់ពីរឿងរ៉ាវលាក់កំបាំងរបស់នាង ដូចជាពេទ្យមុនៗដែរ។
"លោកចង់បានលុយប៉ុន្មានលោកនិយាយមក មួយសែន មួយលាន រឺក៏ដប់លាន? ប៉ុន្មានក៏បានដែរឲ្យតែលោកព្រមលុបចោលការងារមួយនេះ ហើយឈប់មករំខានខ្ញុំបន្តទៀត" ដាលីគ្រវាសដៃគេពីការចាប់កាន់ រួចបែរបោះជំហានដើរទៅកាន់មាត់បង្អួចដែលមានថ្ងៃចាំងចូលមកប្រះៗនឹងគ្រែដេករបស់ខ្លួន។
"ខ្ញុំមិនបានឈឺអ្វី ខ្ញុំក៏មិនបានឆ្កួត.." សម្ដីប៉ោចៗបែបកាចរបស់ដាលី ដូចជារសាយបាត់អស់ត្រឹមតែរយៈពេលខ្លី ពេលនេះសម្ដីនាងក៏ទន់ខ្សោយ ស្ដាប់មើលទៅដូចជាមនុស្សដែលបោះបង់ចោលអ្វីទាំងអស់ បែបនេះហើយទើបដេនដែលនៅឈរមើលផែនខ្នងនាងពីក្រោយចាប់ចងចិញ្ចើមមិនឈប់ ព្រោះខ្វល់គិត។
"ខ្ញុំគ្រាន់តែមិនដឹងថា ខ្ញុំគួររស់នៅបន្តដើម្បីនរណា ខ្ញុំប្រឹងតស៊ូបើកភ្នែកដើម្បីឃើញនរណាប៉ុណ្ណោះ ព្រោះចាប់តាំងពីខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំក៏រកមូលហេតុដែលធ្វើឲ្យខ្លួនឯងមានក្ដីសុខលែងបាន..."
"តែអ្នកនាងក៏ដឹងដែរថាថ្ងៃណាមួយ អ្នកនាងអាចនឹងបានជួបគេនោះម្ដងទៀត មិនអ៊ីចឹងហ្អេស៎? គេច្បាស់ជារកវិធីបានជួបជាមួយអ្នកនាងមែនទេ?" ដាលីងាកភ្នែកបែរទៅពេទ្យដែលថ្លើមធំហ៊ាននិយាយកាត់សម្ដីនាង តែអ្វីដែលនាំឲ្យនាងងាកមើលទៅគេញាប់ មិនមែនព្រោះតែខឹងនិងគេនិយាយកាត់តែមួយមុខនោះទេ តែព្រោះគេនិយាយចេញមក ដូចជាគេអានចិត្តនាងដាច់អស់អ៊ីចឹង។
"បងស្រីអ្នកនាងបាននិយាយថា អ្នកនាងតែងតែអង្គុយរង់ចាំវត្តមានរបស់មនុស្សម្នាក់ មនុស្សដែលអាចធ្វើឲ្យបេះដូងអ្នកនាងរត់ត្រូវចង្វាក់ជាថ្មីម្ដងទៀត អ៊ីចឹងបានន័យថាអ្នកនាងក៏ដឹងថាអ្នកនាងនឹងបានជួបគ្នាជាមួយគេ នៅថ្ងៃណាមួយម្ដងទៀត តើពិតទេ?"
"បើសិនជាវាងាយដូចជាអ្វីដែលលោកនិយាយ ខ្ញុំប្រហែលជាមិនចាំបាច់មកអង្គុយអោបជង្គង់សញ្ជឹងគិតសឹងតែបែកខួរម្នាក់ឯងបែបនេះទេ.." នាងដើរទៅមុខបន្ត ដើររហូតទាល់តែមកជិតកញ្ចក់បង្អួច ទេសភាពមើលទៅកាន់តែឆ្ងាយអាចឲ្យនាងបានឃើញទឹកសមុទ្រ ឃើញកន្លែងដែលនាងនឹករលឹកតិចតួច សមល្មមអាចឲ្យនាងអាចលុបបំបាត់ភាពនឹករលឹកមួយផ្នែកតូចដែលមាននៅក្នុងចិត្ត។
"សមុទ្រស្អាតណាស់ វាលាតសន្ធឹងធំល្វឹងល្វើយអាចឲ្យគ្រប់គ្នា មិនថានៅHiddensea រឺនៅ Berlin សុទ្ធតែមើលឃើញវាទាំងអស់.. ទេសភាពស្រស់ត្រកាលនៅពេលថ្ងៃ បូករួមជាមួយនិងសំឡេងរលក"
"ហើយខ្យល់ជំនោរត្រជាក់ បូកផ្សំនិងពន្លឺព្រះចន្ទរះខ្ពស់នាពេលយប់.." ប៉ុន្មានប្រយោគដំបូង វាចេញពីមាត់របស់អ្នកកំពុងតែកើតទុក្ខ តែមួយប្រយោគបន្ទាប់នោះវាក៏ចេញមាត់អ្នកដែលដឹងនិងយល់ច្បាស់ពីមូលហេតុដែលដាលីនាងស្រឡាញ់សមុទ្រ រយៈពេលមួយខែដែលឃ្លាតឆ្ងាយពីកាយនាង ដេនឌ្រីក៍ក៏តែងតែអង្គុយសំឡឹងមើលទៅផ្ទៃសមុទ្រ ទាំងពេលថ្ងៃនិងយប់ គេកាន់តែមើល គេក៏កាន់តែយល់ថាសមុទ្រវាអាចនឹងបោកបក់មិនឈប់ក៏ពិតមែន តែសំឡេងនៃរលកបោកបក់នោះ វាជាតន្ត្រីកំដរអារម្មណ៍មួយដែលមានប្រសិទ្ធភាពបំផុត ជាពិសេសនៅពេលដែលយើងមានអារម្មណ៍ថាឯកោជាទីបំផុត។
"លោកអាចទៅវិញបានហើយ មិនបាច់មកខ្វល់ខ្វាយជាមួយនិងខ្ញំទេ.." ដាលីបោះសម្ដីនិយាយឆ្លើយតបទៅកាន់គេ រួចក៏បែរដើរទៅទម្លាក់ខ្លួនដេកនៅលើគ្រែធ្វើមិនដឹង នាងដេកអង្កុញជើងនៅលើពូក ដេកទាំងមិនមានអ្វីដណ្ដប់ខ្លួនពីលើទាល់តែសោះ ដេនតាមសំឡឹងមើលនាងរួចព្រលែងខ្យល់ដង្ហើមស្រាល ហើយក៏ចូលទៅក្បែរគ្រែនិងទាញភួយមកដណ្ដប់ឲ្យនាងទាំងមិនសុំការអនុញ្ញាតជាមុនសោះ ទុកថាជាសំណាងល្អហើយដែលដាលីនាងនៅដេកបែរទៅម្ខាងស្ងៀមមិនរករឿងគេនាពេលនោះ។
"ល្ងាច ខ្ញុំនឹងមកមើលអ្នកនាងម្ដងទៀត ហើយក៏នឹងយកអាហារព្រមទាំងថ្នាំមកជូនដែរទាន៎" ដេនឌ្រីក៍និយាយរួចក៏ដើរចេញឆ្ងាយពីគ្រែគេងរបស់ដាលីបន្តិច ភ្នែកទាំងសងខាងក៏ងាករ៉េមើលពេញក្នងបន្ទប់ រួចក៏ប្រទះឃើញមានកាំមេរ៉ាមួយបំពាក់នៅជ្រុងម្ខាង បែរទៅកាន់គ្រែដែលដាលីកំពុងតែដេកឯណោះ ដូចជាគេស្មានមិនខុស ដាលីនាងត្រឡប់មកវិញនាលើកនេះ គ្រប់គ្នាក៏តឹងរឹងនិងយាមកាមនាង មិនឲ្យឆ្ងាយពីក្រសែភ្នែកទៀតនោះទេ ដូច្នេះហើយទើបគេមិនអាចធ្វើអ្វីបាន មិនអាចសូម្បីតែណែនាំប្រាប់នាងថាគេជាដេន..មនុស្សដែលនាងកំពុងតែរង់ចាំនោះ។ ដេនដើរមកដល់មាត់ទ្វារ គេក៏ចេញមកក្រៅផុត មុននិងទាញទ្វារបិទ គេក៏មិនភ្លេចងាកបែរមើលទៅកាន់ផែនខ្នងអ្នកដែលកំពុងតែគេងស្ងៀមមួយកន្លែងឯណោះ។
(អូនទ្រាំបន្តិចទៅណាដាលី.. មិនយូរទេ បងនឹងនាំជីវិតដែលអូនចង់បានត្រឡប់មកវិញ)

(ឯងជានរណា?)
ខណៈដេនទាញទ្វារបំណងចង់បិទទៅហើយ ក៏មានសំឡេងនរណាមិនដឹងសួរឡើងពីក្រោយខ្នងគេ នាយសង្ហាក៏ប្រញាប់ងាកបែរទៅរួចក៏អោនមុខចុះហាក់ដូចជាគោរពទៅកាន់អ្នកដែលទើបតែមកដល់នោះ។
"ខ្ញុំវីលាម.. ជាពេទ្យផ្ទាល់ខ្លួនរបស់អ្នកនាងដាលីទាន៎" គេប្រើតុងសំឡេងបែបស្រាល ខុសពីសំឡេងនិយាយធម្មតារបស់គេ ទើបអ្នកដែលសួរនាំនោះមិនអាចចំណាំសំឡេងគេបាន។
"អូនដាលីអាការៈយ៉ាងមិចទៅហើយ? បានធូរស្រាលអីខ្លះទេ?" ហ្វ្រេដក៏សួរនាំទាំងមិនមានការសង្ស័យអ្វីទាំងអស់ ដៃម្ខាងក៏រុញទ្វារបើក រួចសំឡឹងមើលទៅអ្នកដែលកំពុងតែដេកលង់លក់លើគ្រែតែម្នាក់ឯងឯណោះ ចាប់តាំងពីនាងត្រឡប់មកវិញ ហ្វ្រេដក៏តែងតែមកមើលនាងជានិច្ច មើលឲ្យច្បាស់ថានាងនឹងមិនអាចរត់ចេញទៅណាឆ្ងាយពីគេម្ដងទៀត។
"អ្នកនាងមិនទាន់បានប្រសើរទេ តែខ្ញុំបាទនឹងព្យាយាមឲ្យអស់ពីសមត្ថភាព"
"ល្អហើយ! ព្យាបាលនាងឲ្យល្អ យើងមិនចង់ឲ្យមនុស្សស្រីរបស់យើងសោយសោកបែបនេះយូរទេ នាងត្រូវតែរីករាយ ត្រូវតែស្រស់ស្អាត ឲ្យសាកសមនិងអនាគតងារជាលោកស្រីរបស់នាង" កាន់តែស្ដាប់ហ្វ្រេដនិយាយ អារម្មណ៍ស្ងប់សុខរបស់ដេនឌ្រីក៍កាន់តែរលាយបាត់បន្តិចម្ដងៗ ដៃមាំម្ខាងទម្លាក់ចូលក្នុងហោប៉ៅខោខ្លួន តែវាគ្រាន់តែជាការលាក់បាំងការក្ដាប់ម្រាមដៃណែនបែបខឹងរបស់គេប៉ុណ្ណោះ។
(មនុស្សស្រីរបស់ឯងអ៊ីចឹងហ្អេស៎? ទាល់តែឯងរំលងសាកសពរបស់យើងសិន អា ហ្វ្រេដទីក៍..)
__
480 រយៈពេល50នាទីសម្រាប់ភាគបន្ត៕

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now