ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)ភាគទី59,60
ដេនដាលី ក្រោយពីចាកចេញពីបន្ទប់ធ្វើការបងប្រុសនាងរួចមក ស្រីតូចក៏ប្រញាប់ចូលទៅអង្គុយក្នុងឡាន ដែលមានពេទ្យប្រចាំកាយ(ដេន) នៅរង់ចាំជាស្រេចនៅទីនោះ។
ប្រឹប!
នាងចូលអង្គុយរួចក៏ទាញទ្វារឡានបិទគ្រឹប នាំការភ្ញាក់ផ្អើលបន្តិចទៅកាន់អ្នកអង្គុយចុចទូរសព្ទ័ឯណោះ ដេនងាកបែរមើលមកក៏ឃើញមុខដាលីឡើងក្រហម ជាពិសេសភ្នែកទាំងគូដ៏ស្រស់ស្អាតរបស់នាងតែម្ដង វាមិនត្រឹមតែក្រហម ថែមទាំងមានដក់ស្នាមទឹកភ្នែកទៀត។
"អ្នកនាង..មានរឿងអីមែនទេ?" ទោះបីជាដឹងថាគេមិនគួរសួរនាំនាងទាំងនាងទើបតែមកដល់បែបនេះទេ តែភាពស្រងូតស្រងាត់ ការសម្រក់ទឹកភ្នែករបស់នាង វាដូចជាយកបន្លាមកចាក់ទ្រូងគេឲ្យឈឺអូចៗដែរ។
"ខ្ញុំមិនអីទេ លោកចេញឡានទៅដុក" ដាលីប្រញាប់ប្រញាល់លើកដៃជូតជម្រះទឹកភ្នែកដែលស្រក់កាត់ផែនថ្ពាល់ ភ្នែកក៏ងាករ៉េមើលទៅអ្នកដែលសួរ ព្រមទាំងបង្ហាញស្នាមញញឹមដាក់គេថែមទៀត តែស្នាមញញឹមនាងវាមិនបានកែខៃចិត្តដេនឌ្រីក៍ឲ្យអស់កង្វក់អីសូម្បីតែប៉ុនចុងក្រចក។
"អ្នកនាងដាលី"
"សូមអង្វរណា៎ បើកឡានចេញឲ្យតែផុតពីទីនេះសិនទៅបានទេ? ខ្ញុំចង់ចេញពីទីនេះ" ខណៈដេនព្យាយាមចង់ដឹងលឺពីនាង ដាលីក៏ប្រញាប់និយាយប្រាប់គេក្នុងន័យទទូចសុំ អ្នកម្ខាងទៀតក៏មិនបង្ខិតបង្ខំហើយក៏ចេញឡានតាមការសុំ។
ឡានពួកគេធ្វើដំណើរត្រាច់ចរចេញឆ្ងាយពីភូមិគ្រឹះហ្សាម៊ែនតូស បន្តទៅកាន់ដងវិថីដែលមានសន្សើមធ្លាក់មករិចៗ ព្រោះតែភ្លៀងទើបតែរាំង ក្រោយបង្អុរចុះតាំងពីព្រឹកព្រលឹមរហូតទាល់តែពេលនេះ ខ្យល់អាកាសត្រជាក់ បូករួមជាមួយនិងម៉ាសុីនត្រជាក់នៅខាងក្នុងឡានក៏ធ្វើឲ្យអ្នកកំពុងអង្គុយសញ្ជឹងគិតរងាស្រៀវស្រាញបន្តិច ដាលីលូកដៃទៅបិទម៉ាសុីនត្រជាក់ខាងខ្លួនឯងបន្តិច រួចក៏ផ្អែកក្បាលនឹងពូកឡានជាថ្មីម្ដងទៀត តែកាន់តែស្ងៀមនាងក៏កាន់តែរងាថែមទៀត។
"ហ៊ឹម" ដាលីព្រលែងដង្ហើមធ្ងន់ បំណងចង់ក្រោកឡើងរកអ្វីមកដណ្ដប់ តែក៏មិនរហ័សជាងអ្នកកាន់ចង្កូតឡានឯណោះដែរ ដេនទាញអាវក្រៅពីកៅអីឡានខ្លួន រួចដណ្ដប់ឲ្យទៅអ្នកកំពុងតែរងាញាក់ឯណោះ។
"អ្នកនាងគិតចង់ញ៊ាំអ្វីក្ដៅៗទេ? ចាំខ្ញុំបង្អង់ឡានឈប់ចុះទិញឲ្យ"
"មិនអីទេ ពួកយើងទៅផ្ទះវិញទៅ ព្រោះល្ងាចខ្ញុំមានណាត់ផង"
"មានណាត់ហ្អេស៎? អ្នកណាមានណាត់ជាមួយនរណាទៅ?" ក៏ព្រោះតែគេមិនដឹងថានាងមានណាត់ជាមួយនរណា ទើបដេនប្រញាប់ចោទសួរទាំងភ្លេចគិតថាគេនឹងនាងនាពេលនេះត្រឹមតែជាចៅហ្វាយនិងកូនចៅប៉ុណ្ណោះ។
"គឺរឿងការងារតិចតួច អូ!មែនហើយ..ល្ងាចនេះដុកមិនចាំបាច់ជូនខ្ញុំទៅទេ"
"ហេតុអីទៅ?" ដេនឌ្រីក៍គេក៏កាន់តែងឿងឆ្ងល់ថែមទៀត ព្រោះនាងមិនដែលទៅណាមកណាដោយគ្មានគេទេ ចុះហេតុអីលើកនេះនាងបែរជាមិនឲ្យគេទៅជាមួយ? រឺមួយក៏នាងមានអ្វីលាក់បាំងនឹងគេ?
"គឺខ្ញុំគិតចង់ទៅមួយភ្លែត ហើយមកផ្ទះវិញញ៊ាំបាយជាមួយលោកហ្នឹងណា៎ បើខ្ញុំយកលោកទៅតាម បាននរណាធ្វើម្ហូបទៅ?" ដាលីនិយាយទៅកាន់អ្នកម្ខាងទៀតទាំងស្នាមញញឹមជាប់លើផ្ទៃមុខ ដេនគេក៏មិនទុកចិត្តមួយរយភាគរយដែរថានាងទៅណាត់បែបធម្មតាៗនោះ តែដាលីនាងក៏ធ្វើឲ្យគេស្ងប់ចិត្តដោយលើកនេះនាងមិនត្រឹមតែញញឹម នាងក៏ទម្លាក់ក្បាលកើយស្មាគេ កើយហើយឈ្លីតិចៗដូចជាកូនក្មេង។
"អ្នកនាងដាលី..ធ្វើអីហ្នឹង?"
"សុំខ្ចីស្មាកើយមួយភ្លែតសិន បើកឡានតាមសម្រួលទៅ ខ្ញុំសុំគេងមួយភ្លែត" តាមសម្ដីសម្ដៅរបស់ដាលី បូកផ្សំនិងភាពក្រមិចក្រមើមរបស់នាងក៏ធ្វើឲ្យអ្នកដែលមានមន្ទិលសង្ស័យរាងរសាយចិត្តបន្តិច មុខចងចិញ្ចើមងឿងឆ្ងល់មុននោះក៏រសាយមកជាញញឹមតិចៗ គេលើកម្ខាងទៅកាន់ប៉ះក្បាលអ្នកគេងលង់លក់ឯណោះ ដាលីនាងហត់នឿយច្រើន សាកសមតែបានសម្រាកឲ្យបានស្រួលបែបនេះ។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
عاطفيةគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង