ពីភាគនេះទៅទាល់តែតាមដានសង្កេតបន្តិចហើយ ព្រោះចាប់វែកមុខជនអាក្រក់បណ្ដើរៗហើយ ហិហិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (ត)ភាគទី57,58
ភាពខឹងស្អប់ដែលដែលមាននៅក្នុងទ្រូងដេនឌ្រីក៍នាពេលនេះ ហាក់នៅតិចជាងចិត្តខឹងស្អប់ដែលដាលីកំពុងតែមានទៅវិញទេ ចិត្តស្អប់ចំពោះហ្វ្រេដ ដែលកើតពីការដែលគេមកបំបែកបំបាក់ស្នេហានាងកំពុងតែលេចរូបរាងចេញមកកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ស្រាប់តែពេលនេះទង្វើអាក្រក់ដែលកើតឡើងមកលើដេនក៏កំពុងតែចង្អុលបង្ហាញថាលោករ៉ូម៉ាណូ ប៉ាហ្វ្រេដអាចជាអ្នកនៅពីក្រោយទៀត ដាលីនាងក៏កាន់តែខឹងស្អប់គ្រួសារនោះខ្លាំងលើសដើមថែមទៀត។
"បងលំបាកព្រោះតែពពួកមនុស្សថោកទាបអស់ទាំងនេះច្រើនពេកហើយដេន.. អូននឹងមិនបន្តឲ្យវាកើតឡើងចំពោះបងទៀតនោះទេ" ដាលីក៏មិនបង្អង់ប្រញាប់នាំខ្លួនត្រឡប់ទៅកាន់បន្ទប់ខ្លួនវិញ ព្រោះខ្លាចថាដេនគេអាចនឹងដឹងថានាងបានមកលបលួចស្ដាប់លឺរឿងសម្ងាត់រវាងគេនិងកូនចៅទាំងពីរនាក់នោះ។
មកដល់ជាន់ខាងលើនាងក៏រៀបចំកន្លែងដេកឲ្យស្រួលបួល រួចក៏ទាញយកទូរសព្ទ័មកផ្ញើសារប្រាប់អ្នកយាមទាំងពីរនាក់ដែលនៅយាមទ្វារខាងមុខឯណោះ ឲ្យទៅដេកហើយព្រឹកឡើងក៏ទៅភូមិគ្រឹះដើម្បីយកអាហារបន្ថែមមកឲ្យនាង ដាលីធ្វើគ្រប់យ៉ាងដើម្បីកុំឲ្យស៊ុងយ៉ុននិងស៊ុងគីត្រូវគេចាប់បាន ជាពិេសសជួយកុំឲ្យអត្តសញ្ញាណពិតប្រាកដរបស់ដេនត្រូវបានលាតត្រដាង មុនពេលដែលនាងអាចបកមុខជនថោកទាបដែលនៅពីក្រោយរឿងអស់ទាំងនោះ។
តុប!តុប..
ខណៈកំពុងតែគិត សម្រឹបជើងដេនឌ្រីក៍ក៏បន្លឺឡើងធ្វើឲ្យដាលីនាងឆ្លេឆ្លាប្រញាប់ខ្លួនដេក តែមិនទាន់ទាំងបានប្រែខ្លួនឲ្យស្រួលបួលផង ដេនឌ្រីក៍គេក៏ចូលមកដល់ល្មម នាំឲ្យគេដឹងថានាងមិនទាន់បានដេកលង់លក់នោះទេ។
"អ្នកនាងដាលី?"
"នេះទើបតែមកពីណាហ្នឹង?" ដូចដែលដាលីបានគិតទុកជាមុនមិនខុស បើគេចូលមកឃើញនាង គេក៏ច្បាស់ជាសួរនាំថានាងទើបតែមកពីណា ដាលីក៏ក្រោកពីគ្រែធ្វើជាពើតពើងខ្លួនរួចឈ្លីភ្នែកខ្លួនឯងថ្នមៗដូចជាងងុយគេងខ្លាំង។
"គឺស្រេកទឹកពេកទើបចុះទៅយកនៅជាន់ខាងក្រោមហ្នឹងណា៎ មិញដេនគេងនៅឯណា?" ទាំងដាលី ទាំងដេនសុទ្ធតែមានរឿងលាក់បាំងដូចគ្នា ដូច្នេះហើយការសួរសំនួររកគ្នាទៅវិញទៅមកបែបនេះ វាក៏គ្មានបានអ្វីក្រៅពីពាក្យកុហកត្រឡប់រកគ្នាទៅមកនោះដែរ។
"ខ្ញុំគេងនៅបន្ទប់សៀវភៅឯណោះ តែក្រោកឡើងមកបាត់មិនឃើញអ្នកនាងដាលី ទើបព្យាយាមដើររក តែមិនអីទេ បើអ្នកនាងមកវិញដោយសុវត្ថិភាពហើយ អ្នកនាងក៏គេងចុះ ខ្ញុំមិនរំខានទេ ហ្គូតណាយ" ដាលីក៏មិនចាំបាច់បកស្រាយ គ្រាន់តែផ្ដល់ស្នាមញញឹមមួយទៅឲ្យដេន រួចនាងក៏ទម្លាក់ខ្លួនគេងនៅលើគ្រែព្រះនាងរបស់នាងបន្ត ចំណែកដេនឯណោះ គេក៏មិនបានទៅដេកនៅបន្ទប់សៀវភៅ តែក៏ប្ដូរមកអង្គុយនៅលើសាឡុងទល់នឹងគ្រែដែលដាលីគេងវិញ គេសំឡឹងមើលទៅអ្នកដែលក្តោបភួយសម្ងំគេងបែរខ្នងយ៉ាងស្ងប់ស្ងាត់នោះ គេញញឹមអោបដៃរួចក៏ផ្អែកខ្នងសំងំដេកដូចជានាងដែរ ពួកគេថ្ងៃនេះហត់នឿយបន្តិចហើយ គួរតែសម្រាកឲ្យបានស្ងប់ខ្លាំង។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង