មកហើយៗណា៎ អរគុណដែលយប់មិញចាំដល់ម៉ោង11យប់ហើយនៅឈ្នះលក្ខខណ្ឌទៀត ហិហិ
អានរួចcmtម្នាក់មួយផង!
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (តចប់)ភាគទី67,68
មាត់និយាយថាចូលចិត្ត ដៃទាំងសងខាងដែលមានបន្តោកសឺរ៉ូមក៏ព្យាយាមលើកឡើងទាំងញ័រទទ្រើត ចាប់កាន់មុខអ្នកថើបនាងមុននោះតិចៗ ឃើញស្នាមញញឹមនាង ភាពស្ងប់សុខតាមក្រសែភ្នែករបស់ដាលី ដេនឌ្រីក៍ក៏ញ៉ោចស្នាមញញឹមឡើងរួចញញឹមតបទៅកាន់នាងវិញ។
"លោកមើលទៅដូចជាមនុស្សល្អណាស់ ហ៊ឺ.. លោក" ភ្នែកដែលសំឡឹងមើលគេក៏ស្រាប់តែរលីវៗ ដៃកាន់ក្រសោបគេតែបន្តិចក៏ចាប់ទន់ តែសំណាងល្អដែលដេនកាន់ទប់ដៃនាងទាន់ រួចដាក់ដៃនាងចុះស្រាលៗឲ្យស្ងប់ដូចជាការបិទភ្នែកគេងរបស់នាង។
"ក្រោយអ្នកជម្ងឺដឹងខ្លួនម្ដងទៀត ពួកយើងនឹងកាន់តែប្រាកដថាការចងចាំរបស់នាងបែបណា ពេលនេះនាងកំពុងតែរវើរវាយស្រពិចស្រពិល ព្រោះសារជាតិថ្នាំក្នុងកំឡុងពេលវះកាត់"
"បាទ៎ ដុកទ័រ" ដេនឌ្រីក៍ក៏ញញឹមទទួលស្ដាប់ការរ៉ាយរ៉ាប់គ្រប់សព្វពីសំណាក់ខាងដុកទ័រ គេមិនមានអ្វីគួរឲ្យខ្វល់ទៀតទេ បើទោះជានាងមិនចងចាំគេ ក៏សុំត្រឹមតែកុំឲ្យនាងស្អប់គេទៅ គឺល្អណាស់ទៅហើយ។
"អ៊ីចឹងសូមលោកចេញទៅខាងក្រៅសិនទៅ ខាងពួកយើងសុំធ្វើការរៀបចំជូនអ្នកនាងដាលីឲ្យល្អសិន" ដេននាពេលនេះគឺព្យាយាមទទួលយកគ្រប់យ៉ាង ព្រមទាំងស្ដាប់តាមដុកទ័រគ្រប់ជំហាន ព្រោះបើគេរឹងរូស គេភ័យខ្លាចថាដាលីអាចនឹងមិនជាឆាប់។
ដេនឌ្រីក៍ចោលភ្នែកមើលទៅអ្នកគេងលើគ្រែមួយចុងភ្នែកជាលើកចុងក្រោយ មុននិងនាំខ្លួនចាកចេញទៅ គេចាកចេញមកស្របនិងវត្តមានមនុស្ស2នាក់ចូលមកដល់ល្មម។ មាល៍លីនគ្រាស្វាមីដែលមានរុំរបួសនៅលើខ្លួន ដែលជាការបង្កឡើងដោយលោករូម៉ាណូ តែក៏ល្អ ព្រោះគេក៏នឹងប្រើវាជាភស្តុតាង ដាក់បន្ទុកលើការកាត់ទោសបុរសទុរយសម្នាក់នោះឲ្យចាស់ដៃតែម្ដង។
"មកធ្វើអីក្រែងឈឺហ្អេស៎?" មនុស្ស2នាក់ធ្លាប់តែស្អប់ ចង់តែសម្លាប់គ្នា បែរជាត្រូវកែប្រែមកជាបងប្អូនសាច់បង្កើតនិងគ្នាវិញ ទោះបីជាចិត្តគុំស្អប់លែងមាន តែពួកគេក៏នៅពិបាកក្នុងការធ្វើខ្លួនធម្មតាៗពេលនៅក្បែរគ្នាដែរ។
"ដាលីក៏ជាប្អូនយើងដែរ យ៉ាងម៉េច? ទោះបីជាឈ្មោះឯងត្រូវលាង តែរឿងឯងជាមួយប្អូនយើងនៅមិនទាន់ជម្រះបញ្ជីដដែល" ជុងហ្គុកនៅតែបន្តគម្រោះគម្រើយដាក់ដេនដដែល គ្រាន់តែគ្រានេះគេនិយាយគម្រោះគម្រើយបែបបញ្ចើចបញ្ចើរ មិនប្រាកដប្រជាដូចជាកាលពីមុន មាល៍លីនដែលជាចំណែកលើសដែលមានវត្តមាននៅទីនោះក៏បានត្រឹមតែក្រវីក្បាល ដោយសារតែហួសចិត្តខ្លាំងពេក។
"និយាយអ៊ីចឹងអូនដាលីយ៉ាងមិចទៅហើយដេន? ខ្ញុំលឺដុកទ័រនិយាយរឿងដាលីវះកាត់ តែមកពីរវល់ជូនជុងទៅបំភ្លឺរឿងគ្រួសារលោករូម៉ាណូនោះ ទើបមិនអាចឈាងមកទាន់ពេលនាងវះកាត់"
"ទៅបំភ្លឺរឿងគ្រួសារនោះហ្អេស៎? ពេលណាទើបខ្ញុំត្រូវទៅបំភ្លឺដែរ?" សំនួរដេនហាក់បីដូចជាចាក់ចំចំណុចដែលមាល៍លីនចង់និយាយស្រាប់ នាងហាមាត់រកនិយាយ ជុងហ្គុកឯណោះក៏ដើរទៅរកទ្វារបន្ទប់ដែលដាលីសម្រាក មើលនាងពីតាមកញ្ចក់ទ្វារឯណោះឆ្កុយ។
"ដេនមិនចាំបាច់ហត់ទេ ព្រោះជុងហ្គុកក៏បានបំភ្លឺរឿងដេន ហើយក៏ដាក់បន្ទុកទៅលើពួកគេខ្លាំងៗ ឲ្យសាកសមនិងអ្វីដែលពួកគេធ្វើមកលើដេនក្នុងនាមជាប្អូនប្រុសគាត់"
"យើងគ្មានប្អូនឯណាច្រឡើសបើសដូចជាឯងទេអាកាដេន"
"ធ្វើមើលតែយើងចង់បានបងមានៈនិងរឹងក្បាលដូចជាឯងអ៊ីចឹង ជុងហ្គុកហ្សាម៊ែនតូស" មាត់និយាយគម្រោះគម្រើយដាក់គ្នា តែទង្វើដែលធ្វើក៏សុទ្ធតែគិតដល់គ្នា ដូចជាការទៅបំភ្លឺជំនួសរបស់ជុងហ្គុកថ្ងៃនេះ បើសិនជាអ្នកដែលត្រូវបំភ្លឺឲ្យនោះមិនមែនជាមនុស្សសំខាន់ គ្មាននរណាហ៊ានធ្វើវាទេ ព្រោះបើថ្លោះថ្លោយតែបន្តិច អ្នកបំភ្លឺជំនួសហ្នឹងឯងជាអ្នកទទួលទោសជំនួស។
"គួរឲ្យស្ដាយ" គ្រាន់តែលឺអ្នកជាប្អូនពោលបែបនោះភ្លាម ជុងហ្គុកក៏ងាកបែរមើលទៅគេ ព្រមជាមួយការចងចិញ្ចើមបែបមិនយល់ការណ៍សោះ នេះគេអាចលុបលាងឈ្មោះអាក្រក់ ឈ្មោះជាឧក្រិដ្ឋជនខ្លួនហើយ គេនៅមានស្អីត្រូវសោកស្ដាយទៀត?
"យើងស្ដាយដែលមិនបានឃើញមុខបង្ហាញពីភាពបរាជ័យរបស់ពួកវា ជាពិេសសគឺអាអ្នកដែលតាមចងពៀរយើងនិងដាលីរហូតមក" ទោះជាមិនបានបញ្ចេញឈ្មោះចំ តែមាល៍លីននិងជុងហ្គុកក៏ដឹងច្បាស់ថាដេននិយាយពីនរណា ដេនស្អប់លោករូម៉ាណូខ្លាំង តែក៏មិនខ្លាំងដល់កម្លោះហ្វ្រេដកូនប្រុសគាត់នោះដែរ។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
रोमांसគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង