ភាគទី២៩

587 23 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី03៖ គ្រាដំបូងដែលក្បែរនាង (ត)

ភាគទី29

"មិនមែនជាប្អូន? នេះវាយ៉ាងមិចទៅវិញដាលី?" ក្រោយពីឃ្លាប្រយោគចុងក្រោយរបស់ដាលីបន្លឺចេញពីមាត់នាងរួចមក ដេនឌ្រីក៍លោតសញ្ញាសួរពេញលើក្បាលតែម្ដង ព្រោះគេមិនធ្លាប់ដឹងទេថាគ្រួសារហ្សាម៊ែនតូសមានកូនប្រុសតែម្នាក់ ព្រោះតាំងពីដើមមកនរណាៗក៏ដឹងថាគ្រួសារនេះមានកូនប្រុសស្រី2នាក់ កូនដែលលោកស្រីម្ចាស់បានផ្ដល់កំណើតមុននិងគាត់សម្រេចចាកចោលពិភពលោកនេះ តែគ្រប់យ៉ាងក៏ប្រែក្លាយមកត្រឹមជាពាក្យនិយាយបន្តៗគ្នា មិនមែនជាការពិតអ៊ីចឹងហ្អេស៎?
"បើដូចអ្វីដែលនាងនិយាយ..អ៊ីចឹងគ្រួសារហ្សាម៊ែនតូសមានតែអាជុងម្នាក់ទេហ្អេស៎?"
"អត់ទេ! កូនរបស់គ្រួសារហ្សាម៊ែនតូសមានកូនពីរនាក់ តែកូនទីពីរក៏ស្លាប់ក្រោយពេលសម្រាលរួច.." ដេនឌ្រីក៍ពេលនេះ គេដូចជាលែងខ្វល់ខ្វាយរឿងខ្លួនឯងហើយ គេងាកបែរមើលទៅដាលីទាំងស្រុង តែដៃក៏នៅរក្សាការអោបក្រសោបរាងកាយនាងជាប់ដូចមុន ដាលីព្រួសខ្យល់ដង្ហើមតានតឹងហាក់ដូចជាព្រលែងវាចេញពីទ្រូងដែលតឹងណែនផ្អឹស ព្រោះតាំងពីដើមមកនាងមិនដែលនិយាយរឿងអាថ៌កំបាំងនេះប្រាប់ដល់នរណាម្នាក់ទេ តែដេនជាមនុស្សសំខាន់របស់នាង មនុស្សដែលនាងទុកចិត្តជាងគេបំផុតទើបនាងនិយាយប្រាប់គេ។
"តែតាមអ្វីដែលនាងនិយាយ នាងថាជីវិតនាងក៏មិនខុសពីជីវិតយើងដែរ តែក្រែងនាងជាកូនដែលលោកម្ចាស់យកមកចិញ្ចឹមហ្អេស៎? អ៊ីចឹងបានន័យថាគាត់ច្បាស់ជាយកនាងមកចិញ្ចឹមតាំងតែពីកូនង៉ែតហើយត្រូវទេ ព្រោះពួកគេជាអ្នកមាន រឿងខូចខាតកេរ្តិ៍ឈ្មោះវាតែងតែជារឿងសំខាន់បំផុតត្រូវទេ?" សំនួរដេនលើកឡើងសុទ្ធតែជាសំនួរដែលសមហេតុផលទាំងអស់ តែការឆ្លើយតបវិញក៏ត្រូវការពេលវេលានិងការតាំងចិត្តដែរ តែដាលីនាងមានបំណងនិយាយប្រាប់គេទៅហើយ នាងក៏សង្ឃឹមថាក្រោយពីបានដឹងរឿងសម្ងាត់របស់នាងរួចមក គេនឹងអាចយល់ពីនាងហើយទទួលយកនាងបានច្រើនជាងនេះ។

18ឆ្នាំមុន
"ប៉ា.. អ្ហឹក ពូដោះលែងប៉ាខ្ញុំទៅ គាត់មិនមែនជាមនុស្សអាក្រក់ទេ"
"ច្រាវ! នេះហ្អេស៎? នេះមែនទេដែលថាមិនមែនជាមនុស្សអាក្រក់នោះ?" នៅខាងមុខប៉ុស្តិ៍ប៉ូលីសដែលកំពុងតែមានសភាពមមាញឹកស្រាប់ ពេលនេះថែមទាំងសម្លេងក្មេងស្រីស្រែកយំអោបជើងប៉ូលីសម្នាក់ យំឡាំប៉ាទាមទារឲ្យគេដោះលែងលោកប៉ាខ្លួនដែលត្រូវចាប់បានពីបទលួចរបស់របរនៅម៉ាតឯណោះ។ ប៉ូលីសថែមទាំងចាក់របស់របរដែលលោកប៉ានាងបានលួចលើដីឲ្យក្មេងស្រីនោះមើលទៀត តែមើលទៅនាងហាក់បីដូចជាមិនបានយកចិត្តទុកដាក់រឺក៏ជឿថាប៉ានាងបានធ្វើរឿងខុសច្បាប់នោះទេ។
ក្មេងអាយុប្រមាណជា5ទៅ6ឆ្នាំទេ តែនាងក៏មានភាពក្លាហានមិនធម្មតា ដែលនាងតែម្នាក់ឯងបែរជាហ៊ានចូលទៅស្រែកយំតតាំងចង់បានលោកប៉ាជាជនល្មើសត្រឡប់ទៅផ្ទះវិញ ក្មេងតូចប្រញាប់អោនរើសយករបស់របរដែលសុទ្ធតែជារបស់របរញ៊ាំដាក់ចូលក្នងក្នុងថង់វិញ នាងរើសគ្រប់យ៉ាងមិនថាវាខូចខាតយ៉ាងណាក្ដី នាងធំធាត់ឡើងមកជាមួយភាពស្រេកឃ្លាន អ៊ីចឹងហើយនាងមិនអាចឈរសំឡឹងមើលអាហារមានតម្លៃទាំងនោះធ្លាក់នៅលើដីទេ។
"វាជាអាហារដែលជិតផុតកំណត់ទៅហើយ ម្ចាស់ហាងក៏ដាក់ជាកេសទុកចោលមុខហាងទៅហើយទើបលោកប៉ាខ្ញំរើសមក ប៉ាខ្ញុំមិនបានចូលទៅលួចនោះទេ វាជារបស់ដែលគេបោះចោលទេ.. លែងប៉ាខ្ញុំទៅ ហ៊ឹក" នាងតូចនិយាយផងយំផង ទាមទារសុំការអាណិតអាសូរពីមនុស្សចាស់ដែលគ្មានធម៌មេត្តាទាំងនោះ តែពួកគេមិនស្ដាប់ គ្រប់គ្នាក៏នៅតែអូសលោកប៉ានាង ដាក់ច្រវ៉ាក់គាត់បញ្ជូនចូលទៅក្នុងឡានដដែល ត្រឹមតែអាហារផុតកំណត់មួយថង់លោកប៉ានាងត្រូវបានគេធ្វើទោសដូចជាគាត់បានសម្លាប់មនុស្ស វាមិនអយុត្តិធម៌ពេកទេមែនទេ?
"ពូ..ពូយកប៉ាខ្ញុំទៅណា? ពូយកប៉ាខ្ញុំទៅណា ហ៊ឹកៗអត់ទេ..ឲ្យប៉ាខ្ញុំមកវិញ ហ្អា៎..ប៉ា" ក្មេងតូចយំក៏នោតែយំ អ្នកដែលមានទោសក៏ត្រូវគេចាប់ចូលឡានប៉ូលីសយកទៅកាន់មន្ទីរឃុំឃាំងឯណោះ ក្មេងតូចអាយុប៉ុណ្ណេះ នាងមានតែលោកប៉ាម្នាក់ មនុស្សចាស់ដែលនាងអាចពឹងពាក់និងផ្ញើជីវិតរហូតទាល់តែនាងអាចធំធាត់និងអាចចេញរកលុយខ្លួនឯងបាន ក្មេងតូចដែលមានក្ដីស្រម៉ៃនិងអនាគតនៅរង់ចាំ តែពេលនេះក៏ត្រូវបានបំផ្លាញខ្ទេចគ្មានសេសសល់ត្រឹមមួយប៉ព្រិចតែប៉ុណ្ណោះ។
"ប៉ា.. ហ៊ឹកមកវិញមកប៉ា.."
ព្រូស!
ការរត់របស់នាងក៏ត្រូវពាំងដោយកាយបុរសម្នាក់ដែលចុះពីឡានខ្មៅរលើបឯណោះ បុរសចំណាស់ដែលមានមុខមាត់បែបកាច ក្រសែភ្នែកកាចសំឡឹងមើលមកនាង ក្មេងតូចដួលព្រូសនោះក៏ក្រោកលែងរួច ដៃជើងដាច់រលាត់មានឈាមហូរស្រក់រហាចគួរឲ្យអាណិត។ បុរសចំណាស់មុខកាចនោះគាត់មិនបាននិយាយអ្វី តែក៏អោនបន្ទន់ជង្គង់ម្ខាងចុះ ដៃម្ខាងលូកកាន់ប៉ះជង្គង់នាងដែលមានស្នាមឯណោះ ដៃម្ខាងទៀតក៏មិនទំនេរលូកយកកូនកន្សែងដៃតម្លៃថ្លៃពីហោប៉ៅមកជូតទប់ឈាមជង្គង់ឲ្យនាង ទាំងដែលពួកគេទាំងពីរមិនដែលធ្លាប់ស្គាល់គ្នាទាល់តែសោះ។
"លោកឧត្តមសេនីយ៍.." ភាពស្ងប់ស្ងាត់ត្រូវបានកាត់ផ្ដាច់គ្រាដែលប៉ូលីសប៉ុន្មាននាក់ដែលនៅទីនោះនាំគ្នាចូលមករួចអោនលំទោនហៅងារបុរសចំណាស់ម្នាក់នេះថាជាឧត្តមសេនីយ៍ តែនាងនៅក្មេង នាងមិនយល់ថាតំណែងមួយនេះវាជាតំណែងអ្វី ដឹងតែត្រឹមថាប៉ូលីសទាំងនោះខ្លាចគាត់ អ៊ីចឹងគាត់ប្រហែលជាតំណែងធំជាងគេនៅទីនេះហើយពិតទេ?
"លោកអុំ..លោកអុំជួយប៉ាខ្ញុំផង ហ៊ឹក ប៉ាខ្ញុំមិនបានខុសទេ គាត់គ្រាន់តែរកអាហារមកឲ្យខ្ញុំញ៊ាំទេ អុំ.. ហ៊ឹក"
"មកនេះនាងល្អិត..ឯងហ៊ានទៅរំខានលោកឧត្តមសេនីយ៍ទៀតហ្អេស៎?"
"មិនអីទេ! ពួកឯងជាមនុស្សចាស់ មិចក៏ចិត្តអាក្រក់ដាក់ក្មេងម៉្លេះ? គ្នាមើលទៅនៅតូចណាស់" ខុសប្លែកពីអ្នកគ្រប់គ្នាដែលនាងបានជួបមុននេះ គាត់មិនត្រឹមតែសម្ដីពិរោះ គាត់ថែមទាំងចិត្តល្អដាក់នាងថែមទៀត គាត់ងាកទៅនិយាយជាមួយប៉ូលីសទាំងនោះដោយមុខស្មើធេង តែពេលដែលងាកមករកនាងវិញ ទឹកមុខនិងក្រសែភ្នែកគាត់ក៏ប្រែមកជាស្រទន់និងមានពន្លឺខុសពីធម្មតា គាត់លាដៃប៉ះអង្អែលក្បាលនាងតិចៗ ធ្វើឲ្យនាងមានអារម្មណ៍ថាកក់ក្ដៅជាមួយទើបគាត់ចោទសួរសំនួរពីនាងខ្លះៗ។
"ឆ្នាំនេះអាយុប៉ុន្មានហើយកូន?"
"គឺ..ប្រាំ...ប្រាំមួយឆ្នាំ" ការឆ្លើយតបរបស់នាងក៏នាំឲ្យបុរសចំណាស់ចិត្តល្អម្នាក់នោះលើកចិញ្ចើមបន្តិច គាត់អោនមុខចុះដូចជាគិតអ្វីម៉្យាងក្នុងខួរក្បាលភ្លាម។
"ខុសគ្នា4ទៅ5ឆ្នាំ.." ខណៈគាត់កំពុងតែគិត នាងតូចក៏លូកចាប់ជាយអាវគាត់ ម្ដងនេះនាងក៏លើកដៃសំពះត្រដុសចំពោះមុខគាត់ សំពះទាំងទឹកភ្នែកស្រក់កាត់ថ្ពាល់ព្រោះនាងអស់ជម្រើសពិតមែន នាងមិនដឹងជាទៅសុំនរណាជួយប៉ានាងបានទៀតទេ មានតែគាត់ម្នាក់នេះឯងជាជម្រើសចុងក្រោយរបស់នាង។
"ជួយប៉ាខ្ញុំផងអុំ ឲ្យខ្ញុំធ្វើអីក៏បាន ឲ្យតែលោកប៉ាអាចមានសេរីភាពម្ដងទៀត អុំចង់បានអីខ្ញំឲ្យទាំងអស់"

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now