ភាគទី០៦

712 17 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់(ត)

ភាគទី០៦

ដេនឌ្រីក៍បោះសម្ដីដ៏សែនគម្រោះគម្រើយដាក់ដេនដាលីរួចហើយ នាយក៏ប្រញាប់រត់ទៅតាមអ្នកដែលគេចចេញទៅមុននោះបាត់ ទីនេះក៏នៅសល់តែនាងតូចយើងដែលកំពុងតែស្រពិចស្រពិលជាមួយនិងសម្ដីរបស់គេជាខ្លាំងឯណោះ។ ដេនដាលីព្រលែងខ្យល់ដង្ហើមស្រាលរួចក៏ទម្លាក់ខ្លួនអង្គុយចុះទាំងខួរក្បាលនាងខ្លួនឯងក៏ពន្យល់មិនបានថាហេតុអ្វីបានជាគេស្អប់គ្រួសារនាងថ្នាក់នេះ? តើនាងខុសអីទៅ?
"បងហ្គុកគាត់មិនមែនជាមនុស្សអាក្រក់អ្វីទេ លោកប៉ាអ្នកម៉ាក់ គាត់ក៏មិនដែលធ្លាប់ទៅវាយដំច្រំធាក់នរណាពីមុនដែរ តែហេតុអី? ហេតុអីក៏ដេនឌ្រីក៍ស្អប់ពួកយើងថ្នាក់នេះ?"
"គឺមកពីគ្រួសារនាងជាអ្នករាជការណ៍នោះអី" ខណៈពេលដែលកំពុងតែសញ្ជឹងគិតតែម្នាក់ឯង នាយកម្លោះដែលស្រគត់ស្រគំនិងស្ងប់ស្ងាត់ជាងគេក្នុងចំណោមគ្នាពួកគេទាំងអស់នោះក៏ចូលមក ដេនដាលីងាកភ្នែកបែរមើលទៅវត្តមានអ្នកចូលមករួចក៏ព្រលែងខ្យល់ដង្ហើមស្រាលបន្តិច។
"តើគ្រាន់តែជាអ្នករាជការវាអាក្រក់ណាស់ណាទៅនាយ? បងប្រុសខ្ញំ លោកប៉ាខ្ញុំពួកគាត់សុទ្ធតែលះបង់កម្លាំងកាយចិត្តជាមួយនិងការងារ ពួកគាត់ធ្វើគ្រប់យ៉ាងក៏សុទ្ធតែដើម្បីប្រជាជនទាំងអស់" កម្លោះសង្ហាក៏ញញឹមស្ងួតបន្តិចរួចចូលទៅទម្លាក់ខ្លួនអង្គុយនៅលើកៅអីទល់គ្នានិងកៅអីដែលនាងកំពុងតែអង្គុយឯណោះ គ្រាន់តែដាក់ខ្លួនអង្គុយចុះភ្លាម ភ្នែកគេក៏បែរមើលទៅផ្ទៃសមុទ្រដែលឆ្ងាយដាច់កន្ទុយភ្នែកឯណោះ។
"អ្នកនាងធ្លាប់តែរស់នៅសុខស្រួល ខ្ពស់ត្រដែតដូចជាព្រះចន្ទរះនៅលើផ្ទៃមេឃឯណោះ ជីវិតអ្នកនាងក៏ប្រហែលជាពោរពេញទៅដោយពណ៌ផ្កាឈូក មិនមែនខ្មៅកខ្វក់ដូចជាជីវិតជនទន់ទាបដូចជាពួកយើងនោះទេ ពួកយើងរាល់ថ្ងៃនេះរស់នៅត្រដរជីវិត ព្រោះតែពួកយើងគិតរំពឹងថាថ្ងៃណាមួយជីវិតពួកយើងអាចនឹងរស់បានសុខស្រួលខ្លះ តែពួកយើងក៏មិនអាច ព្រោះអ្នកមានឋានៈខ្ពស់ អ្នកមានគ្រប់យ៉ាងទាំងអស់នោះតែងតែគាបសង្កត់ ពួកគេមានមិនខ្វះអ្វីសូម្បីតែម៉្យាង តែពួកគេក៏នៅតែព្យាយាម នៅតែប្រជែងព្រោះតែអ្វីអ្នកនាងដឹងទេ?" ដេនដាលីមិនបានឆ្លើយតបជាមួយអ្វីដែលប្រុសប្លែកមុខម្នាក់នេះនិយាយទេ នាងបានត្រឹមតែងាកបែរភ្នែកមើលទៅគេព្រមជាមួយនិងអារម្មណ៍ចង់ដឹងលឺតែប៉ុណ្ណោះ។
"ភាពលោភលន់" គ្រាន់តែមួយឃ្លាប្រយោគនេះវាក៏អាចបកស្រាយបានរាល់អ្វីដែលដេនដាលីនាងងឿងឆ្ងល់តែម្ដង មនុស្សយើងម្នាក់ៗជៀសមិនផុតឡើយពីពាក្យថាលោភលន់ គ្រាន់តែការលោភលន់វាមានតាមស្ថានកម្រិតដែលមនុស្សម្នាក់ៗចង់បានតែប៉ុណ្ណោះ។
"ខ្ញុំមិនបានគិតថាអ្នកនាងដេនដាលីជាមនុស្សអាក្រក់អីនោះទេ តែលោកបងដេនគាត់ប្រហែលជាអាចគិតផ្សេងក៏ថាបាន ទើបគាត់ធ្វើជាមិនអើពើជាមួយអ្នកនាងបែបនេះ" គេនិយាយរួចក៏ក្រោកចេញពីកៅអីបំណងចង់ចេញ តែដេនដាលីនាងក៏ក្រោកឡើងតាមគេដែរ។
"និយាយអញ្ចឹងនិយាយគ្នាមួយសន្ទុះហើយ ខ្ញុំនៅមិនទាន់ស្គាល់ឈ្មោះនាយនៅឡើយទេ នាយឈ្មោះអីដែរ?"
"ហៅខ្ញុំស៊ុងយ៉ុនៗទៅបានហើយបាទ៎ បន្តិចទៀតចាំខ្ញុំទៅយកមុងភួយមកឲ្យអ្នកនាងសម្រាក" ស៊ុងយ៉ុនក៏ប្រញាប់បែរខ្លួនដើរទៅយ៉ាងលឿន មិនសូម្បីតែងាកមើលទៅអ្នកដែលខ្លួនបានសន្ទនាជាមួយអម្បាញ់មិញនោះសោះ ដេនដាលីវិញកាលបើឃើញគេដើរចេញទៅទាំងបែបនោះ នាងក៏លួចឆ្ងល់ហើយក៏លួចអស់សំណើចបន្តិច។
"កម្លោះៗនៅលើកោះនេះគួរឲ្យស្រឡាញ់ម៉្លេះនរ៎?"

ក្រឡេកទៅមើលដេនឌ្រីក៍ឯណោះវិញ គេរត់តាមពីក្រោយស៊ូរី រត់រហូតទាល់តែផុតដល់ឆ្នេរម្ខាងទៀតទើបគរប្រទះឃើញនាងនៅទីនោះ នាងអង្គុយខ្ទប់មុខខ្លួនឯងនៅក្រោយផ្ទាំងថ្មដែលមានទំហំធំល្មមអាចបិទបាំងខ្លួនតូចតែមួយរបស់នាងជិត។
"ស៊ូរី?!"
"បងដេនចេញទៅ! ហ៊ឹក..នេះមែនទេ ជាមូលហេតុដែលបងព្យាយាមគេចពីស៊ូរីរហូតនោះ? ព្រោះតែបងមានប្រពន្ធនៅទីក្រុងបាត់នោះមែនទេ? ហ៊ឹក"
"មិនមែនបែបហ្នឹងទេ ស៊ូរី! ស្ដាប់បង.." ដេនឌ្រីក៍គេក៏ចូលទៅរកនាង លូកដៃទាញនាងឲ្យក្រោក ទោះជាស៊ូរីព្យាយាមគេចមុខយ៉ាងណាក៏គេនៅតែទាញនាងឲ្យបែរមករកគេឲ្យទាល់តែបាន។
"ស៊ូរីប្អូនបងតែងតែជាក្មេងស្រីស្រស់ស្អាត នឹងឆ្លាត ហេតុអីក៏បែរជាមកទុក្ខសោកនឹងរឿងអស់ទាំងនេះទៅវិញ? ឯងមិនចង់ឃើញបងមានក្ដីសុខទេមែនទេ? ហ៊ឹម?" ដេនឌ្រីក៍លើកដៃម្ខាងឈ្លីក្បាលនាងទៅមក ខណៈអ្នកម្ខាងទៀតងើបភ្នែកមើលគេទាំងភ្នែករលីងរលោង។
"ចុះនៅជាមួយស៊ូរីបងគ្មានក្ដីសុខទេមែនទេ? ស៊ូរីមិនល្អជាមួយបងទេមែនទេកន្លងមកនេះ? ហ៊ឹក"
"កុំនិយាយអញ្ចឹងស៊ូរី.." ដេនឌ្រីក៍ក្រវីក្បាលរួចទាញនាងមកអោបជាប់ទ្រូងបន្តិច ការអោបគ្នាយ៉ាងស្និតស្នាលរវាងពួកគេជៀសមិនផុតពីភ្នែកអ្នកដែលកំពុងតែដើរកំសាន្តនៅតាមមាត់ឆ្នេរនាពេលនោះ ក្រសែភ្នែកថ្លាយ៉ង់សំឡឹងមើលការអោបដ៏សែនកក់ក្ដៅដែលបុរសឈាមត្រជាក់ម្នាក់នោះផ្ដល់ឲ្យទៅស្រីផ្សេង ខណៈក្នុងចិត្តក៏លួចគិតពាក្យខ្លះតែម្នាក់ឯង។
(បើលោកកក់ក្ដៅជាមួយខ្ញុំបានតែពាក់កណ្ដាលនេះ ខ្ញំក៏នឹងសប្បាយចិត្តខ្លះ ដេនឌ្រីក៍..)

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now