ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី០២៖ ជីវិតគូបោកប្រាស់ភាគទី០៥
"ក្មេងស្រីម្នាក់នេះជានរណាមកពីណា? ហេតុអីក៏នៅលើទូករបស់ដេនឌ្រីក៍នឹងគ្នីគ្នាគេទៅវិញ?"
"មើលទៅប្រុសដេនដូចជាភ្ញាក់ផ្អើលខ្លាំងដូចជាឃើញខ្មោចលង ខ្ញុំថាពួកគេច្បាស់ជាធ្លាប់ស្គាល់គ្នាជាមិនខានទេ"
កិច្ចសន្ទនារបស់អ្នកភូមិដែលកំពុងតែកាន់គុបភ្លើងឯណោះក៏បន្លឺអ៊ុល ខណៈភ្នែករាប់សិបគូសំឡឹងមើលទៅនារីម្នាក់ដែលទើបតែមកដល់ នារីដែលពួកគេចាត់ទុកជាមនុស្សចម្លែកឯណោះ។
"ស៊ូរី? អនាគតប្ដីឯងមានប្រាប់ស្អីទាក់ទងនឹងមនុស្សស្រីនោះខ្លះទេ? អុំមើលទៅពួកគេដូចជាស្និតស្នាលគ្នាណាស់" បើគិតតែគ្នាឯង វាក៏ដូចជាមិនសមស្របនិងអ្វីដែលមនុស្សចាស់តែងតែធ្វើសោះ គាប់ជួនជាស៊ូរីនាងដើរចូលមក អុំៗអ្នកភូមិទាំងនោះក៏ប្រញាប់ដាក់សំណួរចោទសួរនាងភ្លាម។
"អត់មានប្រាប់អ្វីទេអុំ ម៉្យាងខ្ញុំក៏ទុកចិត្តគាត់ស្រាប់ហើយ" បបូរមាត់ព្យាយាមញញឹម សម្ដីនៅរក្សាភាពស្រទន់ភ្លន់ដូចជាអ្វីដែលនាងតែងតែនិយាយទៅកាន់មនុស្សជុំវិញខ្លួនកន្លងមក តែទោះបីជានាងមិនមាត់ មិនច្រឡោត ក៏មិនប្រាកដថានាងមិនបានគិតអ្វីនោះទេ ជាពិសេសពេលដែលឃើញបុរសដែលនាងស្រឡាញ់និងហួងហែងនៅជាមួយស្រីផ្សេងបែបនោះ។"អឺម! ឆ្ងាញ់ណាស់ ផ្លែម្នាស់ឡើងស្រស់តែម្ដង គ្រូក៎" ដេនដាលីកាលបើមកដល់ នាងក៏រអ៊ូតម្អូញថាឃ្លាន ដេនឌ្រីក៍បើទោះបីជាចិត្តខឹងសម្បារនឹងភាពខូចខិលរបស់នាងកម្រិតណា គេក៏នៅតែបញ្ជាកូនចៅឲ្យទៅរោងអាហារនិងដួសយកអាហារខ្លះ ព្រមទាំងផ្លែឈើស្រស់យកមកឲ្យនាងផង ដេនដាលីញ៊ាំអាហារផងផ្លែឈើផង លូកឡំគ្នានាំឲ្យអ្នកដែលអង្គុយជ្រឹមថ្ងាស ទើសភ្នែកមិនស្ទើរ។
"តាមសម្រួលទៅ គ្មាននរណាទៅដណ្ដើមនាងទេ! ញ៊ាំរួចយើងឡើងកាណូតម្ដងទៀត"
"ទៅណា?" ដេនដាលីងាកបែរមើលមុខរបស់បុរសដែលខ្លួនព្យាយាមតាមរករាប់ខែនោះ ស្របនឹងដៃម្ខាងដួសអាហារញ៉ុកណែនមាត់ នាងមិនគិតអ្វីទាំងអស់ បិទខួរក្បាល បើកតែមាត់និងក្រពះទទួលយកអាហារដ៏ឈ្ងុយឆ្ងាញ់បែបអ្នកកោះឯណោះជំនួស ព្រោះនាងសម្ងំដេកក្នុងហិបនោះអស់មិនតិចម៉ោងទេទម្រាំតែមកដល់ទីនេះ។
"នាងដឹងខ្លួនទេថានាងកំពុងតែធ្វើស្អីខ្លះ ដេនដាលី ហ្សាម៊ែនតូស?"
"តាមដែលដឹងគឺខ្ញុំបោកលោកឲ្យទៅជួយខ្ញុំ តែលោកទៅយឺតដល់ទៅ២ថ្ងៃ សឹងតែខ្ញុំអស់ការអត់ធ្មត់បំណងនឹងបញ្ចប់គម្រោងខ្លួនឯងទៅហើយ តែអាចថាជាសំណាងដែលលោកនិងកូនចៅទៅដល់ គាប់ជួនជាពេលលោកទុកឡានចោលខ្ញុំក៏លួចចូលទៅតែម្ដងទៅ អឹប.." ដេនដាលីនិយាយចប់សេចក្ដីស្របនឹងដៃមាំលូកកាន់ច្របាច់ចង្ការនាង ដាលឡើងទៅដល់ថ្ពាល់តែម្ដង ច្របាច់ដូចជាបង្ហាញភាពខឹងសម្បារមួយគំហុកដែលមានក្នុងខ្លួនគេ ជាពិេសសនៅក្នុងក្រសែភ្នែករបស់មនុស្សដែលមិនសូវជានិយាយលេងសើចរបស់គេនោះ។
"នាងនិយាយថាមិច? រឿងចាប់ជម្រិតទាំងអស់របស់នាងវាជាការបោកប្រាស់អញ្ចឹងហ្អេស៎? ឆាប់ឆ្លើយមក!!!!" លឺថានាងបោកប្រាស់រឿងចាប់ជម្រិតនោះ វាដូចជាចាក់សាំងដុតចិត្តរបស់ដេនឌ្រីក៍ឲ្យឆេះសន្ធោសន្ធៅអញ្ចឹង គេនឹងកូនចៅខំប្រឹងបើកកាណូតនិងបើកឡានរាប់ម៉ោងដើម្បីទៅរកនាង ទោះបីជាដឹងថាពួកគេទៅយឺតថ្ងៃក៏គេនៅតែជម្នះទៅ ព្រោះគេគិតថាបើសិនជាបងប្រុសនាងនៅមិនទាន់រកឃើញ ពួកគេក៏នឹងអាចមានឱកាសបានជួយនាង ព្រោះអាចរាប់បានថាគេក៏ជាមនុស្សម្នាក់ដែលនាងចងចាំ ទើបបានជាមានឈ្មោះគេក្នុងបណ្ដាំនោះ តែនរណាទៅដឹងថាការបារម្ភរបស់គេត្រូវរលាយអស់ដូចជាអំបិលត្រូវទឹក ព្រោះគ្រប់យ៉ាងវាជាផែនការដ៏សែនអាក្រក់របស់ដេនដាលីប៉ុណ្ណោះ។
"មើស៎! លែងខ្ញុំ..អ..អូយ៎ អឹស" ដេនដាលីប្រញាប់លើកដៃរុញដេនឌ្រីក៍ ជាពិេសសទាញដៃដែលកំពុងតែច្របាច់ថ្ពាល់នាងសឹងតែបាក់ច្របល់ថ្គាមចូលគ្នាតែម្ដង ដេនឌ្រីក៍មិនព្រមព្រលែង តែក៏ប្រញាប់ចូលទៅកាន់តែជិតនាងថែមទៀត។
"លែង..ដេនឌ្រីក៍!"
"បងដេន!" ការឈ្លោះទាស់ទែងគ្នាក៏ត្រូវរំខានដោយសំឡេងស្រាលស្រទន់របស់មនុស្សស្រីម្នាក់ ដេនឌ្រីក៍ដែលដំបូងមានកំហឹងពេញប្រៀប ពេលនេះគេក៏បែរជាបន្ធូរដៃ ភ្នែកវិញក៏ងាកបែរមើលទៅអ្នកដែលហៅគេមុននោះទាំងក្រសែភ្នែកថ្លាយ៉ង់ ខុសពីមើលមកនាងដាច់។
ដេនដាលីក៏ដកខ្លួនរួចអើតករមើលទៅអ្នកដែលចូលមកនោះដូចគ្នា អ្វីដែលនាងបានឃើញវាក៏ជាមនុស្សស្រីស្រស់ស្អាតម្នាក់ ទឹកមុខនាងស្រទន់ដូចជាពន្លឺដួងចន្ទ កាយវិការនាងក៏ទន់ភ្លន់ល្វត់ល្វន់ដូចជាកេណរនារី កាន់តែមើលទៅនារីម្នាក់នោះសំនួរមួយក៏លោតឡើងក្នុងខួរក្បាលនាងមក។
(នេះដេនឌ្រីកគេចូលចិត្តស្រីប្រភេទហ្នឹងហ្អេស៎?)
"ស៊ូរីមានការអីមែនទេ?"
"ខ្ញុំយកបង្អែមមកឲ្យ ហើយក៏ចង់មកសួរមិត្តរបស់បងម្នាក់នេះ.."
"ខ្ញុំដេនដាលី.. ខ្ញុំជាប្រពន្ធរបស់គេ រីករាយណាស់ដែលបានជួបអ្នកនាងស៊ូរី.."
ច្រាវ!
គ្រាន់តែដេនដាលីឆ្លើយលើកខ្លួនជាមួយសព្វនាមនោះភ្លាម ចានបង្អែមដែលខ្លួនហៀបនឹងលូកដៃទៅទទួលនោះក៏ស្រាប់តែធ្លាក់លាន់តែច្រាវ មុខមាត់ស្រទន់ក៏ប្រែជាស្រពន់ដូចជាផ្កាត្រូវពន្លឺថ្ងៃហើយក៏ស្លោកអស់ កែវភ្នែកថ្លាយ៉ង់របស់នាងក៏មានទឹកភ្នែកជ្រាបចេញមក។
"ស៊ូរី! ស៊ូរីឈប់សិន" នាងតូចនោះក៏ស្រាប់តែរត់ចេញទៅទាំងមិននិយាយអ្វីទាំងអស់ ដេនឌ្រីក៍ក៏ឧទានស្រែកហៅនាង មិនភ្លេចងាកសំឡឹងភ្នែកមើលទៅអ្នកដែលបង្កបញ្ហាផង។
"នាងមិនខុសពីគ្រួសារនាងទេ កើតមកដើម្បីតែបំផ្លាញក្ដីសុខរបស់អ្នកដទៃ ដេនដាលី!"
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង