ភាគទី៤២

417 16 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី05៖ វេលាដែលគ្មាននាង

ភាគទី42

"ស្រីចង្រៃ!!" សព្វនាមដ៏សែនគម្រោះគម្រើយ កាយវិការនិងសម្ដីដែលគេមិនធ្លាប់ប្រើលើស្រីណាទាំងអស់ ពេលនេះស៊ូរីក៏ជាអ្នកដាស់អារម្មណ៍ខឹងដល់កំណត់របស់គេឲ្យចេញមក ដេនឌ្រីក៍ចូលទៅរកនាងរួចចាប់ច្របាច់ដើមដៃស៊ូរី ច្របាច់ខ្លាំងដល់នាងស្រែកចាច៎ ព្រោះតែវាឈឺខ្លាំងពេក។
"បងប្រែប្រួលច្រើនណាស់ដេន បងដឹងទេថាតាំងពីបងមានស្រីម្នាក់នោះ បងប្រែប្រួលខ្លាំងបំផុត" ដៃត្រូវគេចាប់ច្របាច់សឹងតែបាក់ តែក្រសែភ្នែកមាំប្រកាន់គោលជំហខ្លួនក៏នៅសំឡឹងមើលមកដេនមិនសូម្បីតែទម្លាក់ចុះ ស៊ូរីសំឡឹងមើលក្រសែភ្នែកមនុស្សប្រុសដែលតែងតែប្រើសម្ដីផ្អែមស្រទន់ដាក់នាង មើលថែនាងតាំងពីតូច ជាមនុស្សប្រុសដែលនាងចង់នៅក្បែរអស់មួយជីវិត តែក្រោយពីមានរឿងកើតឡើងនេះ នាងមើលមិនឃើញវត្តមានមនុស្សប្រុសម្នាក់នោះក្នុងខ្លួនគេទៀតទេ។
"ប្រែប្រួល? នាងមានមើលខ្លួនឯងនៅពេលនេះរឺអត់? សតិជាមនុស្សរបស់នាងនោះនៅឯណា?" ដេនឌ្រីក៍ស្ដីថាឲ្យស៊ូរីមិនសំចៃមាត់ គេខឹងនាងខ្លាំងណាស់ តែគេក៏អាចទប់ខ្លួនឯងមិនឲ្យប្រើដៃជើងលើនាង ត្បិតនាងនាពេលនេះ មិនមានតម្លៃឲ្យគេវាយនាំតែប្រឡាក់ដៃទេ។
"បងគិតលាក់ស្រីម្នាក់នោះនៅក្បែរខ្លួន ទាំងដែលវាជាដើមហេតុនាំគ្រោះថ្នាក់និងក្ដីស្លាប់មកឲ្យបង"
"បើដូចជាស៊ូរីនិយាយមែន អញ្ចឹងបានន័យថាដាលីនាងជា-"
"បើសិនជាគ្មាននរណាម្នាក់បារម្ភចង់រកដាលី សូមកុំនាំគ្នាគិតស្អីដែលមិនល្អពីនាង ព្រោះដាលីនាងស្រឡាញ់គ្រប់គ្នានៅទីនេះខ្លាំងណាស់ នាងទុកអ្នកគ្រប់គ្នាដូចជាគ្រួសារតែមួយ.. ដូច្នោះហើយ មេត្តាយល់ពីនាងផង" ខណៈគ្រប់គ្នាកំពុងតែចង្អុលនិងចង់លាបពណ៌ដាលីថាជាមនុស្សអាក្រក់តាមសម្ដីរបស់ស៊ូរី ដេនក៏ប្រញាប់និយាយបង្ការទុកជាមុន គ្រប់គ្នាដែលមុននោះមានពាក្យជាច្រើនចង់និយាយ ពេលនេះក៏បែរជាស្ងាត់ លែងមានពាក្យ មានសម្ដីអ្វីទៀត ត្បិតពួកគាត់តែងតែជឿជាក់លើដេនឌ្រីក៍ស្រាប់ទៅហើយ បើគេមើលឃើញថាដាលីជាមនុស្សល្អ នាងពិតជាមនុស្សល្អពិតមែនហើយ។
"អូ!មែនហើយ.."
"បើទោះបីជាពេលនេះគ្មានវត្តមានដាលីនៅទីនេះក៏ដោយ ក៏យើងគ្មានថ្ងៃមើលឃើញរឺក៏ផ្ដល់ឱកាសឲ្យនាងឡើយ ស៊ូរី" សម្ដីនិយាយការពារដាលីនៅធ្វើបាបចិត្តស៊ូរីមិនគ្រប់គ្រាន់ ពេលនេះដេនឌ្រីក៍ក៏គូសខ្សែខណ្ឌរវាងគេនិងនាងម្ដងទៀត តែនាលើកនេះ គេគូសខ្សែខណ្ឌដែលឃ្លាតឆ្ងាយជាងមុនថែមទៀត ពេលនេះសូម្បីតែសព្វនាមថាជាប្អូន ក៏នាងលែងទទួលបានវាពីគេទៀតដែរ។
"លោកបងធំ.."
"ប្រុសដេនគិតចង់ទៅណា?" ពេលដែលនិយាយដោះស្រាយចប់សព្វគ្រប់ ដេនឌ្រីក៍ក៏អោនរើសឈើជាជន្ទល់ទប់នាំខ្លួនគេឲ្យមានលំនឹងរួចក៏ចង់ចាកចេញទាំងជើងនៅញ័រទទ្រើតមិនឈប់ ស៊ុងគីនិងគ្នាគេប៉ុន្មានទៀតនោះក៏ប្រញាប់នាំគ្នាដើរទៅតាមចៅហ្វាយនាយ លោកអុំមេភូមិក៏ទៅតាមនាយដូចគ្នា។
"ដេន..ប្រុសដេនគិតទៅណា?"
"ខ្ញុំទៅរកដាលី.. ខ្ញុំទៅយកនាងមកផ្ទះវិញ" ឈឺកាយ មិនស្មើឈឺចិត្ត ទោះជាខ្លួនឯងទ្រុឌទ្រោមយ៉ាងណាក៏ដេនឌ្រីក៍នៅតែមិនគិត គេខ្វល់តែពីអវត្តមានរបស់មនុស្សស្រីជាទីស្រឡាញ់ដែលបាត់ទៅនោះជានិច្ច ទោះបីជាគេត្រូវស្លាប់ គេក៏ត្រូវតែយកនាងមកវិញឲ្យបានសិន។
"ប្រុសដេន.. ឈប់សិន" ដេនឌ្រីក៍អាចនឹងមានៈខ្លាំង តែគេក៏មិនអាចប្រឆាំងជាមួយលោកអុំមេភូមិបានដែរ បុរសចំណាស់ចូលយកខ្លួនមកពាំង ឃាត់ឃាំងក្មួយប្រុសចិត្តក្ដៅដែលចង់ចេញទៅរកភរិយាទាំងរាងកាយខ្លួនឯងទ្រុឌទ្រោមជាខ្លាំងនោះ។
"អុំក៏ដឹងថាអុំមិនអាចឃាត់ខ្ញុំបាន មែនទេ?"
"អុំមិនហាមឯងក្នុងការទៅតាមរកដាលីទេ តែចាំដល់ឯងព្យាបាលខ្លួនសិនបានទេ? បើឯងទៅពេលនេះ ឯងដូចជានាំខ្លួនឯងទៅស្លាប់អ៊ីចឹង ឯងគិតទៅដើម្បីការពារនាងរឺក៏ឲ្យនាងការពារឯង?"
"ព្រោះបើតាមស្ថានភាពឯងនៅពេលនេះ បើសិនជាទៅ ឯងមិនអាចសូម្បីតែជួយនាង ឯងប្រហែលជានាំទុក្ខឲ្យប្រពន្ធឯងថែមទៀត" លោកអុំមេភូមិលើកហេតុផលសមស្រប ទើបដេនគេនៅស្ងៀមបន្តិច ដេនលើកដៃម្ខាងជ្រប់មុខខ្លួនឯង មុននិងប្រញាប់បែរទប់ខ្លួនរហូតដល់កន្លែងជម្រាលឡើងទៅកាន់បន្ទប់សម្ងាត់របស់គេឯណោះ ស៊ុងគីនិងលោកអុំមេភូមិដែលមើលផែនខ្នងនាយក៏បានត្រឹមតែព្រលែងខ្យល់ដង្ហើមធំ ព្រោះពួកគេដឹងថា មនុស្សដូចជាដេន គេមិនងាយចុះញ៉មទេ ហើយគេឡើងទៅកាន់បន្ទប់សម្ងាត់នោះគឺច្បាស់ណាស់ថាគេនឹងទៅធ្វើការស៊ើបមើលពីដំណឹងដាលីទៀតជាមិនខាន។

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now