ភាគទី៦៩,៧០

537 20 1
                                    

អានរួចcmtម្នាក់មួយផង!

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (តចប់)

ភាគទី69,70

"នាយ!"
"មិនមានអីទេ បំភ្លេចចោលទៅ ចាត់ទុកថាអូនមិនបានលឺទៅចុះ" កាលបើនិយាយញ៉ោះនាងមួយភ្លែតរួចមក ដេនក៏សម្រេចចិត្តបញ្ឈប់ ដោយគេប្ដូរមកជាលើកចានបបរយកមកក្បែរដាលី រួចទាញតុដែលប្រើសម្រាប់អ្នកជម្ងឺអង្គុយញ៊ាំអាហារលើគ្រែចេញ ដើម្បីឲ្យដាលីនាងបានញ៊ាំអាហារដោយខ្លួនឯង។
"ស្អប់ណាស់ មនុស្សចូលចិត្តនិយាយចោលទុកឲ្យគេឆ្ងល់" ទោះបីជាដេនព្យាយាមឲ្យនាងបំភ្លេច តែដាលីនាងនៅតែចចេសចង់ដឹងពីអត្ថន័យដែលគេនិយាយមុននោះដដែល ខណៈដេនដាក់ចានបបរលើតុភ្លាម នាងក៏ធ្វើជាខឹងដោយកិលចង្កេះថយឆ្ងាយពីតុនោះបន្តិច ស្រីស្រស់បូញមាត់ង៉ក់ងរ មិនព្រមញ៊ាំបបរនោះ។
"ចុះអូនចង់ដឹងពីវាធ្វើអី គ្រាន់តែជាពាក្យនិយាយលេងសោះហ្នឹង?" ដេនចាប់ភ្លឹកដឹងក៏សើច រួចទម្លាក់កាយអង្គុយលើពូកទល់មុខគ្នានិងនាង ដោយខណ្ឌចែកគ្នាតែតុដាក់ចានបបរលើគ្រែនោះ។
"បើមិនចង់ប្រាប់ក៏មិនបាច់និយាយដែរ ព្រោះនិយាយយ៉ាងម៉េចក៏ខ្ញុំនៅមិនចងចាំអីដដែលហ្នឹង" ដាលីលើកយកហេតុផលមួយនេះមកតម្អូញដាក់មុខដេននាំឲ្យគេទម្លាក់ទឹកមុខបន្តិច គេមិនគិតសោះថាការនិយាយលេងរបស់គេធ្វើឲ្យនាងគិតច្រើនដល់ថ្នាក់នេះ ដាលីឯណោះវិញ ដឹងថាខ្លួននិយាយរៀងជ្រុលជ្រួសក៏បានត្រឹមតែអោនមុខចុះមិននិយាយអី។
"ខ្ញុំមិនគួរបង្ខំលោកឲ្យនិយាយវាទេ សុំទោស"
"អត់ទេ សុំទោស! បងទេដែលមិនគួរនិយាយអ្វីលាក់បាំងជាមួយនិងអូន សុំទោសដែលធ្វើឲ្យអូនខូចអារម្មណ៍"
"អ៊ីចឹងនិយាយមកថាកន្លែងផ្សេងដែលធំហ្នឹងជាកន្លែងណា ហិហិ" អ្នកអង្គុយទម្លាក់មុខចុះមុននោះ កាលបើដេនកាន់ស្មានាងជាប់និយាយលួងលោម ស្រីស្រស់ក៏ប្រញាប់ងើបមុខ រួចនិយាយដេញដោលគេបន្តទាំងស្នាមញញឹមជាប់ពេញលើផ្ទៃមុខ ដេនរៀងឡេឡឺតិចតួច ព្រោះមុននេះគេស្មានតែនាងអាក់អន់ចិត្តពិតមែន តែនរណាទៅដឹងថាតាមការពិត ក្មេងនេះធ្វើជាអន់ចិត្តបោកគេសោះ។
"នេះអូនបោកបងហ្អេស៎?"
"ចុះខ្លួនឯងព្រមឲ្យគេបោកអត់?" ដាលីឈ្ងោកក្បាលមកកាន់តែជិតដេន និយាយបញ្ចើចបញ្ចើរនាយដូចជាកូនក្មេង គេឯណេះក៏ចង់អស់សំណើច តែមិនហ៊ានសើចបានត្រឹមធ្វើមុខស្មើ រួចលើកដៃម្ខាងទ្រមុខនាង។
"បែបនេះគេហៅថាក្មេងក្បាលខូចណា៎ដាលី"
"ថាគេខូចហ្នឹង ស្រឡាញ់គេអត់?" ដំបូងដេនក៏មានទឹកមុខស្មើបំផុត តែក្រោយពីវាយបកពាក្យសម្ដីជាមួយគ្នាម្ដងជាពីរដងរួចមក គេក៏ទប់សំណើចខ្លួនឯងលែងជាប់ ទើបលួចសើចញញឹមខ្លះ នាំឲ្យនាងល្អិតដាលីកាន់តែបានចិត្ត។
"ណក៎ ញញឹមហ្នឹងស្រឡាញ់គេពិតមែនហ្មង"
"ក្មេងកំហូច មោះញ៊ាំបបរវិញ"
"បញ្ចុកគេមកចឹង" ដាលីនាងក៏រុញតុខិតទៅម្ខាង រួចកិលគូថចូលមកអង្គុយទល់មុខដេនឌ្រីក៍តែម្ដង នាងអង្គុយពេនភ្នែនបើកភ្នែកម៉ក់ៗមើលទៅគេដូចជាកូនឆ្កែតូច ដេនឌ្រីក៍សំឡឹងមើលនាងទាំងបេះដូងរីកដូចគ្រាប់ជីចូលទឹក គេក៏អោនមុខទៅកាន់តែជិតនាង ជិតដល់ថ្នាក់អ្នកម្ខាងទៀតញញឹមលែងសម មានអារម្មណ៍ហេងហាង ព្រោះមិនយូរបបូរមាត់ពួកគេនឹងប៉ះគ្នា បើសិនជាដេននៅតែខិតចូលទៅទៀត។
"មុននឹងញ៊ាំ ចងសក់ឡើងសិន" ដាលីបាក់ចង្កេះផឹង ព្រោះគេចូលមកជិតនាង ព្រោះចង់លូកដៃកាន់សក់នាងចងឡើងសោះ ដាលីនៅស្ងៀមព្រមឲ្យគេចងសក់ឲ្យខ្លួន តែក្រោយឃើញគេមានខ្សែចងសក់ស៊កនៅនិងដៃ ដាលីនាងក៏នៅស្ងៀមឈប់ឆ្ងល់លែងបាន។
"លោកដាក់ខ្សែចងសក់តាមខ្លួនរហូតអ៊ីចឹង លោកច្បាស់ជាមានមនុស្សស្រីណាដែលត្រូវយកចិត្តទុកដាក់លើជាប់លាប់ហើយពិតអត់?"
"ពិតមែន ម្នាក់នោះគឺអូនហ្នឹងហើយ" លោកអើយ! ប្រុសអីឆ្លើយមិនចេះលាក់លៀមអារម្មណ៍អីបន្តិចសោះ ដំបូងនាងសួរបែបចង់អន់ចិត្តគិតថាគេអាចនឹងមាននារីណាផ្សេងដែលសំខាន់ជាងខ្លួន តែពេលនេះអារម្មណ៍អន់ចិត្តរសាយអស់ ប្ដូរជំនួសមកជាការអៀនរមួលពោះតែម្ដង។
"ហើយឆ្លើយត្រង់ៗចឹងហ្មងហី?"
"ចុះបងមានអីត្រូវលាក់លៀម បើបងមានតែអូនម្នាក់ហ្នឹង" ទៀតហើយៗ ហេតុអីក៏ប្រុសម្នាក់នេះធ្វើឲ្យនាងពិបាកក្នុងខ្លួនម៉្លេះ? គេមិនខ្លាចនឹងនិយាយការពិតចេញមក ទោះបីវាស្ដាប់មើលទៅដូចជាឆ្គាំឆ្គងបន្តិចក៏ដោយចុះ។
"ចុះគេមានទៅថាអី!" ដាលីងាកមុខបែរមើលទៅក្រៅកញ្ចក់ព្រមជាមួយនិងថ្ពាល់ក្រហម ព្រោះអៀនសឹងតែកប់ក្បាលនិងពូកទៅហើយ ដេនឌ្រីក៍មិនបានដេញដោលសួរឆ្លើយ តែក៏លួចញញឹមខណៈភ្នែកសំឡឹងមើលកាយមនុស្សស្រីជាទីស្រឡាញ់ជាប់រហូត។
(មិនចងចាំ តែក៏គួរឲ្យស្រឡាញ់ប្លែក)

រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }Where stories live. Discover now