អានរួចcmtម្នាក់មួយផងណា៎..
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង {រដូវកាល០២}
ជំពូកទី06៖ នៅជាមួយគ្នាក្នុងនាមជាអ្នកក្រៅ (តចប់)ភាគទី61,62
អាផាតមិនជាយក្រុង-ម៉ោង9និង30នាទីយប់
ការចាកចេញរបស់ដាលីប្រព្រឹត្តទៅនៅម៉ោងប្រមាណជា6ជិត7ល្ងាច វាកន្លងទៅប្រហែលជា2ទៅ3ម៉ោងទៅហើយ តែអ្នកដែលនាងបានប្រាប់ថាមិនឲ្យទៅតាមនោះក៏នៅតែបន្តរង់ចាំ។ អាហារឆ្ងាញ់ៗជាច្រើនមុខក៏នៅត្រៀមត្រាពាសពេញតុ សុទ្ធសឹងតែជាអាហារដែលដាលីនាងចូលចិត្តទាំងអស់ អាហារដែលគ្រាន់តែនាងភ្លក់ភ្លាម នាងក៏នឹងអាចចងចាំបានតែម្ដងថាវាជារសជាតិដែលជាស្នាដៃរបស់គេ។
(លោកបងប្រាកដចិត្តហើយមែនទេ ថាលោកបងនឹងប្រាប់អ្នកបងដាលីថាលោកបងជានរណានោះ?)
ការរង់ចាំរបស់ដេនមិនមែនស្ងប់ស្ងាត់អីរហូតនោះទេ គេធ្វើរឿងទាំងអស់នៅថ្ងៃនេះ ក៏មិនមែនព្រោះតែការចម្អិនអាហារឲ្យនាងញ៊ាំតែមួយមុខដែរ គេមានគម្រោងចង់សារភាពប្រាប់ដល់ដាលីដូចគ្នាថា គេមិនមែនជាអ្នកណាមកពីណាដែលនាងមិនស្គាល់ទេ តែគេគឺជាដេន.. បុរសម្នាក់ដែលនាងរង់ចាំទាំងព្រឹកថ្ងៃយប់នោះ គេចង់នៅក្បែរនាង ចង់អោបនាងឲ្យណែនជាប់ទ្រូង ឲ្យអស់ភាពនឹករលឹកម្ដង ព្រោះគេនឹកនាងណាស់ ស្រឡាញ់នាងណាស់។
"យើងគិតច្បាស់ហើយ យើងមិនមានអ្វីគួរលាក់បាំងជាមួយនាងទៀតនោះទេ ម៉្យាងពួកយើងក៏រកឃើញអ្នកដែលនៅពីក្រោយរឿងទាំងអស់នេះហើយដែរ យើងនឹងចាត់ការគេដោយខ្លួនឯង តែមុននិងចាត់ការគេ យើងក៏គួរតែបង្ហាញអត្តសញ្ញាណដល់ប្រពន្ធយើងជាមុនសិនដែរ" ពេលនេះគេនៅក្នុងអាផាតមិនតែម្នាក់ឯង ដោយអ្នកយាមផ្សេងទៀតបានទៅភូមិគ្រឹះធំអស់ ទើបបានជាគេអាចនិយាយដោយបើកចំហបាន។
(ខ្ញុំនិងបងៗសប្បាយចិត្តណាស់ដែលលោកបងសម្រេចចិត្ត..)
ក្រឺង!ក្រឺង..
កំពុងតែនិយាយគ្នាសុខៗ ទូរសព្ទ័របស់ដេនឌ្រីក៍ដែលនៅអឹបជាប់និងត្រចៀកនោះក៏ស្រាប់តែរោទ៍ឡើងមកជាថ្មី តែលើកនេះមិនមែនជាលេខអ្នកដែលមាននៅក្នុងបណ្ដាញទាក់ទងគេកន្លងមកទេ ដំបូងដេនក៏រៀងភ្ញាក់ផ្អើលដែរ តែដោយគិតថាអាចជាដាលីប្រើប្រាស់វាដើម្បីទាក់ទងមក ទើបគេសម្រេចចិត្តទទួល។
"អាឡូ?"
(ដាលីនិងជុងបាត់ខ្លួនហើយ)
ប្រយោគបើកក្បាលដំបូងក៏ជាប្រយោគដែលអង្រួនបេះដូង ចាក់ទ្រូងអ្នកកំពុងតែរង់ចាំផ្លូវប្រពន្ធយ៉ាងស្ងប់ស្ងាត់នោះ ដេនឌ្រីក៍ក្រោកឡើងមួយអស់កម្ពស់ ស្របនឹងដៃម្ខាងក្ដាប់ណែនសឹងតែបាក់ម្រាមចូលគ្នាជាដុំៗ។
"អ្នកនាងមាល៍លីន..ហេតុអីក៏.."
(ខ្ញុំដឹងថាលោកជាអ្នកណាតាំងពីយូរហើយដេន ឆាប់មកភូមិគ្រឹះធំពេលនេះមក ដូចជាកំពុងតែមានរឿងមិនស្រួលកើតឡើងហើយ)
មាល៍លីននាងមិនបាននិយាយអ្វីបញ្ជាក់ឲ្យច្បាស់លាស់ តែក៏ប្រាប់ឲ្យគេទៅរកនាង ហើយក៏និយាយជាប់មាត់ថាអាចមានរឿងអ្វីមិនល្អកំពុងតែកើតឡើងលើដាលីនិងបងប្រុសរបស់នាង។
YOU ARE READING
រដូវកាលទី០២៖ ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង { the sacrifice }
Romanceគំនុំគ្រួសារនាំឲ្យបុរសម្នាក់កើតការស្អប់ខ្ពើមនឹងព្យាយាមកុហកខ្លួនឯងថាគេមិនត្រូវការនាង