ភាគ១៤ :ថាមិនត្រូវថ្ងៃក្រោយអាចក្លាយជាអ្នកដទៃ!
ស៊ូហ្គា កំពុងតែចង់ដើរហួសព្រំដែនរបស់ខ្លួនហើយ ប្រាប់ថាមិនចង់ប៉ះពាល់រាងកាយនាង តែគេធ្វើចិត្តឲ្យស្ងប់មិនបានទាល់តែសោះពេលបានឱបថើបនាងដូច្នេះ។
"សុំទោស!ខ្ញុំដើរហួសព្រំដែន" គេក្រោកចេញពីលើនាង ទាំងក្រពុលមុខមិនស្ទើរឡើយ ម្តេចក៏ក្លាយជាបែបនេះហាមហើយហាមទៀត បើមិនទាន់រៀបមង្គលការចុះអេតាស៊ីវិលស្របច្បាប់គឺមិនអាចធ្វើអ្វីហួសព្រំដែននោះទេ។
"ឈប់និយាយទៅ!ខ្ញុំចង់ចេញពីក្នុងបន្ទប់ធុញថប់ណាស់"ហ្គាមីតក្រោកសម្រួលសម្លៀកបំពាក់ឲ្យបានត្រឹមត្រូវរួចរាល់ ទើបដើរសំដៅមាត់ទ្វារ នាយកំលោះដើរចេញតាមក្រោយនាង ព្រមទាំងយកអាវមកពាក់ពីលើស្មាឲ្យនាង ដោយប្រអប់ដៃធំក្រាស់ចាប់ក្រសោបយកដៃនាងទៅក្តោបយ៉ាងណែន។ នាងសម្លឹងមើលដៃនោះម៉ក់ៗទាំងអារម្មណ៍ចំហាយនៃក្តីសុខក៏ភាយៗមកតែម្តង នាងញញឹមក្បួចមាត់នឹងទង្វើររបស់គូដណ្តឹងមាត់កន្ត្រៃម្នាក់នេះ។
•••
ថ្ងៃត្រលប់មកផ្ទះវិញដោយដឹងថាពួកគេចេញទៅដើរលេងជាមួយគ្នាបែបនេះ ពិតណាស់ថាមិនមានអ្នកណាខឹងឡើយ រឹតតែសប្បាយអរថែមពេលដឹងថាពួកគេត្រូវរ៉ូវគ្នា។
នាពេលថ្ងៃត្រង់...
សាលារបស់នាងត្រូវបានអនុញ្ញាតឲ្យសិស្សចេញមុនទៅផ្ទះមុនម៉ោងគ្រប់លំដាប់ថ្នាក់ ព្រោះគ្រូគ្រប់គ្នាគឺត្រូវប្រជុំរៀបចំសាលាឲ្យមានរបៀបរៀបរយនឹងប្រព្រឹត្តកម្មពិធីជប់លៀងឲ្យសិស្សមុនប្រលងចូលមហាវិទ្យាល័យ។
ហ្គាមីតដើរចេញពីខ្លោងទ្វារសាលាទាំងធ្វើមុខស្អុយ នាងដើរឱនសម្លឹងតែក្រោមមិនមើលមុខឡើយ ទើបជ្រុលក្បាលទៅបុកផាំងនឹងដើមទ្រូងដ៏ហាប់ណែនរបស់នរណាម្នាក់។
"អូយ៎!" នាងងើបមុខសម្លឹងម្ចាស់ដើមទ្រូងដ៏ហាប់ណែននោះទាំងខាំបបូរមាត់មួម៉ៅ ប៉ុន្តែពេលសម្លឹងឃើញមុខនឹងរូបរាងដ៏ស្រស់សង្ហារបស់គេភ្លាម នាងបែរជាស្ងាត់មាត់គាំងនៅតែមួយកន្លែង។
"កើតអីឬអត់?ដើរមើលផ្លូវផងកុំចេះតែឆ្ងោកក្រោមពេក កូនក្មេង" នាយកំលោះនិយាយស្តីយ៉ាងស្រទន់មករកនាង ព្រមទាំងអង្អែលក្បាលនាងលេងតិចៗទៀត ទាំងសង្ហាសម្តីផ្អែម។
"ឈឺមែនទេទើបមិនឆ្លើយ?"
"ហ៊ឺ?អត់!អត់កើតអីទេ" ហ្គាមីតឆ្លើយដោយធ្វើខ្លួនមិនត្រូវ នាងសម្លឹងគេសឹងតែមិនចង់ដកដង្ហើមទៅហើយ ហេតុអ្វីក៏គេសង្ហាដល់ថ្នាក់នេះ បងប្អូនអ្នកណាទេលោកអើយ នាងមិនដែលបានឃើញមុខទាល់តែសោះ។
"មិនកើតអីគឺល្អហើយ!" ខណៈពេលដែរនាងឈរនិយាយនឹងប្រុសផ្សេង ប្រុសដែលមាននាមជាគូដណ្តឹងឈរឱបដៃមើលពីចម្ងាយទាំងមុខស្មើឫកពាដូចមិនសូវជាល្អប៉ុន្មានឡើយ។
"លោកមកទទួលអ្នកណា?សង្សារមែនទេ?"
"ចុះបើប្រាប់ថាគ្មានសង្សារវិញនោះនាងជឿទេ?" នាយកំលោះស៊កដៃចូលក្នុងហោប៉ៅខោឱនមុខខិតមកជិតនាងសួរដោយបញ្ចេញនូវស្នាមញញឹមដ៏មានមន្តស្នេហ៍ផូរផង់របស់គេដាក់នាង។
"មានឬអត់វាគ្មានអ្វីពាក់ព័ន្ធនឹងពួកយើងឡើយ"
"យ៉ុនហ្គី" សំឡេងធ្ងន់ៗបន្លឺចេញពីខាងក្រោយខ្នងបុរសដែលកំពុងឆាឆៅគូដណ្តឹងរបស់ មីន យ៉ុនហ្គី ហើយម្នាក់ក៏ជាគេនោះហើយ ដំណើរចេញមកគឺហួងហែង ទាញក្រសោបនាងទៅឱបចង្កេះយ៉ាងលឿន អ្នកដែលឆាឆៅចង់ញ៉ែញ៉ោះហ្គាមីតក៏បានត្រឹមតែញញឹមឈានជើងថយក្រោយឈរឲ្យពេញកម្ពស់របស់គេវិញប៉ុណ្ណោះ។
"នាងមានគូដណ្តឹងហើយ ឯងទៅរកស្រីផ្សេងបានកុំរវល់ជាមួយនាងទៀត" ស៊ូហ្គាសង្រ្កឺតធ្មេញ និយាយសង្កត់ពាក្យពេចន៍ដាក់មនុស្សដែលនៅចំពោះមុខ ទាំងអារម្មណ៍មិនល្អ។
"ចិត្តអាក្រក់ម៉្លេះ?បងប្រុស"
"បងប្រុស?" ហ្គាមីតងើយសម្លឹងមុខពួកគេទាំងពីរ មិនដែលដឹងសោះថាស៊ូហ្គាមានប្អូនប្រុសដែរ។
"សួស្តីខ្ញុំឈ្មោះជុងហ្គុក នាង?ជាហ្គាមីតមែនទេ?"
"ខ្ញុំ!"
"កុំរវល់នឹងគេអី ពួកយើងទៅផ្ទះទៅហ្ន៎ ជុប៎" និយាយចប់ឱនមកថើបថ្ពាល់នាងមួយខ្សឺត ដោយបណ្តើរនាំយកទៅឡានបាត់ ទោះជានាងចង់ណែនាំខ្លួនឲ្យអ្នកណាស្គាល់ក៏គេមិនព្រមសោះ។
"គូដណ្តឹងបងឬ? ហ៊ឹស!ថ្ងៃអនាគតអាចជាប្អូនថ្លៃក៏ថាមិនត្រូវដែរ" ជុងហ្គុកទល់អណ្តាតនឹងថ្ពាល់ សម្លឹងមើលស៊ូហ្គាបណ្តើរនាងចេញពីគេ ឃើញនាងភ្លាមគេក៏មិនសូវជាចាប់អារម្មណ៍យកចិត្តទុកដាក់ប៉ុន្មានឡើយ ប៉ុន្តែពេលដឹងឮថាជាគូដណ្តឹងស៊ូហ្គា អារម្មណ៍នេះចេះតែចង់បានចង់ដណ្តើមនោះអី។
•••