មនុស្សខ្វាក់ដូចជាខ្ញុំមិនត្រូវការលោកឡើយ
ស៊ូហ្គាសម្លឹងមើលចិញ្ចៀនដែលនាងកំពុងហុចមកឲ្យ វាដូចជាកើតអ្វីម្យ៉ាងឡើងមកអ៊ីចឹង ក្នុងទ្រូងឈឺចាប់ខ្ទោកៗ គេលើកដៃយឺតៗទៅរុញផ្អឹបចិញ្ចៀនដាក់លើដើមទ្រូងនាងវិញ ក្នុងចិត្តកំពុងតែចង់សុំអង្វរនាងកុំឲ្យដាច់ចិត្តពីគេក្នុងពេលដែលនាងកំពុងតែលំបាកអី។
"កុំដេញបងក្នុងពេលនេះបានទេ? កុំដេញបង"
ក្រឺង!!!
ចិញ្ចៀនដែលនាងហុចទៅឲ្យមិនយក នាងគប់វាចោលដោយមិនស្តាយស្រណោះ សំឡេងលាន់ឮនៃចិញ្ចៀនមកលើឥដ្ឋការ៉ូ បណ្តាលឲ្យនាងសមចិត្តជាខ្លាំង។
"លោកមិនយកខ្ញុំក៏បោះវាចោល" ស៊ូហ្គាចុះមករើសចិញ្ចៀនដែលនាងគប់ចោលនោះ យ៉ាងលឿនព្រមទាំងបែរសម្លឹងមកមើលនាងវិញ ដោយទឹកមុខស្រពោន រួចក៏បើកទ្វារចេញពីក្នុងបន្ទប់បាត់ទៅ។ ក្រោយពេលក្នុងបន្ទប់មានសភាពស្ងាត់ជ្រងំបែបនេះហើយ នាងអាចស្មានដឹងថាគេចេញទៅក្រៅបាត់ហើយ បានជាទម្លាក់ខ្លួនដេកវិញថ្នមៗ ដោយទាញភួយមកដណ្តប់ត្រឹមទ្រូង ព្រមទាំងខាំជាយភួយទប់សំឡេងដែលខ្លួនយំមិនចង់ឲ្យអ្នកណាបានមកស្តាប់ឮឡើយ។
ភ្នែកដែលមើលអ្វីលែងឃើញ ងងឹតឈឹងដូច្នេះ តើឲ្យនាងសង្ឃឹមទៅលើអ្វីទៀត រៀនក៏មិនទាន់ចប់ថ្នាក់វិទ្យាល័យ ខ្លួនប្រាណក៏បាត់បង់ភាពបរិសុទ្ធ តើរំពឹងអ្វី។
•••
មិនថាទោះសភាពប្អូនក្លាយទៅជាយ៉ាងណានោះទេ ក្នុងនាមជាបងប្រុសម្នាក់ដែលស្រឡាញ់ប្អូនទុកស្មើកែវភ្នែកគេក៏អាចបរិច្ចាគកែវភ្នែករបស់ខ្លួនឲ្យទៅប្អូនបានដែរ។ នាយជាបងសម្លឹងមើលប្អូនដែលប្រឹងដើរតតេះតតះរាវនេះរាវនោះទាំងពិបាកភ្នែកមើលបំផុត ទើបគេសម្រេចចិត្តចូលទៅរកនាង ព្រមទាំងលើកប្អូនបី។
"អ្នកណា?"
"ចង់ទៅណា?លែងទុកបងជាបងហើយមែនទេ?ទើបចង់ទៅណាឬធ្វើអ្វីមួយមិនហៅបងដូច្នេះ?" ហ្គាមីតហូរទឹកភ្នែកមកតក់ៗ ក្រោយពេលឮសម្តីបងប្រុស នាងលើកដៃឱបជុំវិញកបងប្រុស ព្រមទាំងផ្តេកក្បាលខ្ទប់មុខនឹងកញ្ចឹងករបស់គេ។
"ខ្លាចបងហត់នឹងមើលថែមនុស្សខ្វាក់ដូចជាខ្ញុំ" ជីមីនខាំបបូរមាត់ប្រឹងទប់ទឹកភ្នែក គេសម្លឹងមើលបបូរមាត់ដ៏ញ័រទទ្រើករបស់ប្អូន ហេតុអ្វីក៏ព្រហ្មលិខិតលេងសើចនឹងជីវិតប្អូនស្រីរបស់គេខ្លាំងម៉្លេះ។
"បងសួរថាចង់ទៅណា?"
"ទៅបន្ទប់ទឹក មីតចង់លុបមុខចេញ" គេបីប្អូនចូលមកដល់ក្នុងបន្ទប់ទឹករួចក៏ដាក់នាងឲ្យអង្គុយនៅលើគម្របចានបង្គន់ ដោយបើកទឹកក្បង់ដាក់ក្នុងបាតដៃយកមកលុបលាងមុខប្អូន រួចក៏លាត់ជើងខោនាងឡើងលើបន្តិច។
"បងប្រុស"
"នៅឲ្យស្ងៀម" នាងភ្ញាក់ផ្អើលពេលគេលាត់ជើងខោនាងឡើង ព្រមទាំងយកទឹកមកដុសលាងត្រឹមកំភួនជើងឲ្យទៀត នាងរឹតតែយំខ្លាំងលើសដើមដែលបងប្រុសធ្វើដល់ថ្នាក់នេះ។
"អ្ហឺក!" នាងយំយូរទៅក្លាយទៅជាត្រអឹរ ព្រោះតែក្តីស្រឡាញ់របស់គេវាធំធេងសម្រាប់នាងពេកហើយ។
អ្នកជាលោកតាមិនដឹងជាមកឈរមើលសកម្មភាពរបស់ចៅប្រុសស្រីតាំងតែពីពេលណាឡើយ ដោយលោកតាក៏ប្រឹងងើយមុខឡើងលើ មិនចង់ឲ្យខ្លួនគាត់ស្រក់ទឹកភ្នែកមកឡើយ អាណិតចៅស្រីដែលចួបរឿងអភ័ព្វតាំងតែពីតូចរហូតមកដល់វ័យប៉ុណ្ណេះក៏ត្រូវមករងគ្រោះពិការភ្នែកទៀត។
វេលាថ្ងៃបន្ទាប់មក នាងត្រូវអង្គុយនៅលើរទេះរុញដោយមានបងប្រុសជាអ្នកនៅរុញពីក្រោយ ប៉ុន្តែក៏ស្រាប់តែត្រូវមានអ្នកមកសុំរុញជំនួសវិញ ហើយក៏មិនមានអ្នកណាក្រៅពី មីន ស៊ូហ្គាឡើយ។
"បងប្រុស"
"ហឹម?" អ្នកអង្គុយនៅលើរទេះរុញមិនបានដឹងឡើយថាក្នុងពេលនេះអ្នកណាជាអ្នកដែលរុញនាងនោះ។
"ខ្ញុំអំពល់ទុក្ខដល់បងខ្លាំងណាស់ ត្រូវធ្វើការហត់ហើយ នៅមកត្រូវមើលថែខ្ញុំទៀត" ជីមីន ស៊ូហ្គាសម្លឹងមុខគ្នា ដោយកង់រទេះក៏លែងដំណើរការទៅមុខ មេឃក៏ចាប់ផ្តើមភ្លៀងមកប្រុយៗ បណ្តាលឲ្យស៊ូហ្គារហ័សលើកបីនាងចេញពីរទេះរុញយ៉ាងលឿនចូលខាងក្នុងមន្ទីរពេទ្យវិញ ដោយគិតស្មានថាជាបងប្រុសរបស់ខ្លួន ទើបនាងលើកដៃឱបមិនបានក្រែងចិត្តបន្តិចឡើយ។
"បងប្រុស បើអាចបងឲ្យខ្ញុំដើរដោយខ្លួនឯងបានទេ?"
"......." មិនមានសំឡេងឆ្លើយតប ដោយគេគិតតែពីបោះជំហានទៅមុខយ៉ាងញាប់ស្មេរ រហូតមកដល់ក្នុងបន្ទប់វិញ ក៏ដាក់នាងចុះលើគ្រែថ្នមៗ។
"ជុប៎" គេថើបនាងមួយខ្សឺតចំកណ្តាលថ្ងាស ដោយនាងក៏ញញឹមតបវិញដោយមិនបានដឹងឡើយថាគេជាប្តីចិត្តសាមាន្យរបស់នាង។
"មេឃភ្លៀងទៀតហើយ" ហ្គាមីតអង្គុយស្តាប់សំឡេងទឹកភ្លៀង ក្រោមការសម្លឹងមិនដាក់ភ្នែកពីស៊ូហ្គា។
"បងចេញទៅវិញបានហើយខ្ញុំចង់សម្រាក"
"អឹម" គេប្រឹងធ្វើសំឡេងឲ្យស្រដៀងទៅនឹងជីមីន ដោយដើរទៅជិតទ្វារព្រមទាំងបើករួចក៏បិទវិញ ប៉ុន្តែមិនបានចេញទៅណាឡើយ គឺនៅក្នុងបន្ទប់ជាមួយនឹងនាងដដែល។
ដោយគិតថាគេចេញពីក្នុងបន្ទប់បាត់ហើយនោះ នាងក៏បង្ហូរទឹកភ្នែកមកម្តងទៀត ឲ្យស៊ីចង្វាក់គ្នានឹងសំឡេងទឹកភ្លៀង។
ស្នូរតំណក់ទឹកភ្លៀងចិត្តនាងក៏រៀងក្រហាយផ្សាមិនតិចនោះដែរ នាងឈឺចាប់មិនខុសពីមេឃនោះទេ ដែលយំសោកជំនួសនៅក្នុងពេលនេះ ភ្លៀងដូចទេវតាខឹងនឹងមនុស្សលោកអ៊ីចឹង។
"ខ្ញុំមិនគួររស់នៅនាំឲ្យអំពល់ទុក្ខដល់អ្នកគ្រប់គ្នាទៀតនោះទេ គួរតែស្លាប់ឲ្យផុតៗទៅ"
"និយាយឆ្កួតឡប់ស្អី?" ហ្គាមីតលស់ព្រលឹងមិនស្ទើរនោះទេ ពេលត្រូវសំឡេងនរណាម្នាក់គំហកតម្លើងសរសៃកខ្លាំងៗបែបនេះ នាងញ័រដៃទទ្រើកដោយប្រឹងរាវរកផ្លូវចុះពីលើគ្រែ។
"អ្នកណា?"
"បើនិយាយឡប់ឡែបែបនេះទៀត បងនឹងខឹងអូនមិនខានទេ" ខ្យល់ដង្ហើមក្តៅឧណ្ហៗហើរប៉ះកាត់ផែនថ្ពាល់ក្រហមព្រឿងៗរបស់នាង ទោះជានាងមិនឃើញ ប៉ុន្តែអាចស្មានដឹងថាគេគឺនៅមិនឆ្ងាយពីនាងឲ្យលើសពី1ចំអាមដៃឡើយ។
"មកធ្វើអី? មនុស្សខ្វាក់ដូចជាខ្ញុំមិនត្រូវការលោកឡើយ"
"ឈប់និយាយមើលងាយខ្លួនឯងបានទេ?បងសង្រ្កៀរត្រចៀកអូនដឹងអត់? ចាប់ពីថ្ងៃនេះតទៅបងនឹងនៅទីនេះនៅជាមួយអូន មើលថែអូនក្នុងនាមជាប្តីប្រពន្ធគ្នា"
"អរគុណចំពោះទឹកចិត្ត ប៉ុន្តែខ្ញុំមិន...អ្ហឹមៗ"
