កូនខ្ញុំមិនទៅចោលខ្ញុំឡើយ
កាយស្រីញ័រញាក់ដោយសារឥទ្ធិពលសីតុណ្ហភាពក្នុងផ្ទៃបន្ទប់ត្រជាក់ហួសពីការដែលនាងស្មានដល់ ភ្នែកនាងមើលមិនឃើញប៉ុណ្ណឹងហើយនៅមានអ្នកមកធ្វើបាបនាងទៀត។
"បង-បងប្រុស!ខ្ញុំរងាណាស់ បងនៅទីណាមកយកខ្ញុំទៅផ្ទះវិញផង" ដៃលើកឡើងឱបរាងកាយដែលនាងគ្មានសង្ឃឹមថានឹងចេញពីទីនេះបានឡើយ នាងមិនដឹងថាអ្នកណាដែលមានគំនិតអាក្រក់ចំពោះនាង ទាំងដែលមិនបានបង្កគំនុំនឹងនរណាឡើយ។ នាងជាប់នៅក្នុងបន្ទប់នេះដ៏ត្រជាក់មួយនេះជាច្រើនម៉ោងហើយ។
តឹបៗ!!!
សម្រឹបជើងធ្ងន់ៗឮស្នូរពីចម្ងាយ កាយដែលកំពុងពិបាកវេទនាប្រឹងត្រដរវារ មកក្បែរទ្វារ ព្រោះចង់ឲ្យគេជួយ។
"ក្រាក!"
"ជួយខ្ញុំផង" គ្រាន់តែទ្វារបន្ទប់ត្រូវបើកភ្លាម នាងក៏សុំអង្វរឲ្យម្នាក់នោះបានជួយដល់នាង ក៏ប៉ុន្តែអ្នកដែលនាងកំពុងតែសុំអង្វរនោះ បែរជាមិនបានខ្វល់នឹងឡើយ។
"ឈូ!!!"
"អ្ហឹកៗ!" របស់ស្អុយរលួយត្រូវចាក់ពីក្បាលនាង ស្រោចដល់ខ្លួន។
"ហាងម៉េចទៅហើយ ស្រីល្អ!អូហ៍ៗមិនមែនទេគឺស្រីខ្វាក់"
"អ្នកគ្រូ?" ពិតជានឹកស្មានមិនដល់ទាល់តែសោះ ថាម្នាក់នោះគឺជាអ្នកគ្រូរបស់នាង ហេតុអ្វីក៏ធ្វើដូច្នេះ យកនាងមកទុកចោលក្នុងបន្ទប់ដ៏សែនត្រជាក់អ៊ីចឹងទៅកើត។
"យើងមិនមែនជាគ្រូឯងទេ ហើយឯងដឹងឬអត់ថាអ្នកណាជាអ្នកនៅពីក្រោយរឿងនេះ?" ជេជីន ច្របាច់ចង្កាកូនសិស្សរបស់ខ្លួនដោយកែវភ្នែកឫស្យាសម្លឹងប្រហារនាងតែម្តង។
"គេគឺជាប្តីរបស់ឯង មីន យ៉ុនហ្គី"
"អ្នកគ្រូកុហក គេមិនមែនជាមនុស្សបែបនេះទេ គេមិនធ្វើស្អីខ្ញុំឡើយ អ្នកគ្រូទៅវិញទេដែលអាក្រក់ឃោរឃៅ"
"ផាច់!" ត្រូវមួយកំផ្លៀងពីអ្នកគ្រូបន្ទុកថ្នាក់ទៀតហើយ ជេជីន ស្រាប់តែស្ទុះក្រោកឈរដោយលើកនាងឲ្យក្រោកដូចគ្នា ព្រមទាំងចាប់ក្របួចសក់នាងមួយចាស់ដៃ។
"ឯងនេះឈ្លើយណាស់ ប្រដៅមិនបានពិតមែន "
"ខ្ញុំទៅធ្វើអីអ្នកគ្រូទើបអ្នកគ្រូធ្វើដូច្នេះដាក់ខ្ញុំ?" នាងសួរទាំងក្នុងចិត្តមិនស្ងប់ ម្តេចក៏ជាអ្នកគ្រូរបស់នាងទៅវិញ មនុស្សដែលរៀនយល់ដឹងបានខ្ពង់ខ្ពស់ ម្តេចក៏ប្រព្រឹត្តរឿងខុសឆ្គងដូច្នេះ។
"ឯងដឹងឬធ្វើមិនដឹង? ឯងជាសិស្សរបស់យើងប៉ុន្តែឯងដណ្តើមសង្សារយើង ពួកយើងទាក់ទងគ្នាមកច្រើនឆ្នាំហើយត្រឹមនាមសង្សារ ប៉ុន្តែម្តេចនាមជាប្រពន្ធក្លាយជាឯងវិញដូច្នេះ?" ជេជីនគំហកសួរដូចមនុស្សកំពុងតែគ្រប់គ្រងស្មារតីខ្លួនឯងលែងបានទៀតហើយ នាងដូចជាឆាប់ប្រតិកម្មនឹងរឿងនេះណាស់។
"ខ្ញុំលែងពាក់ព័ន្ធនឹងគេហើយ អ្នកគ្រូចង់បានក៏យកចុះ តែលែងខ្ញុំទៅវិញទៅណា៎ខ្ញុំនៅទីនេះរងាខ្លាំងណាស់" ហ្គាមីតលើកដៃអង្វរដល់អ្នកគ្រូចិត្តខ្មៅ សុំអង្វរម្តងហើយម្តងទៀត នាងពិតជាមិនចង់រស់នៅចួបជុំជាមួយគេវិញពិតមែន នាងចង់គេចឲ្យឆ្ងាយពីគេ។
"បើឯងកកស្លាប់ក្នុងនេះវាល្អបំផុតហើយ"
"ឌឹប"
"អ៊ួក" ជេជីនរុញនាងមួយទំហឹងទៅលើឥដ្ឋការ៉ូវិញ នាងក៏ស្រាប់តែមានអាការៈចុកឆ្អល់ជាខ្លាំង ហើយក៏មិនដឹងថាកើតអ្វីឡើយចំពោះនាងឡើយ ស្រាប់តែមានឈាមហូរចេញមកតាមប្រឡោះជើងរបស់នាង។
"អ្ហឹកៗ!" នាងដកដង្ហើមញាប់ស្អេកដោយមានអារម្មណ៍ដឹងដល់ឈាមដែលកំពុងហូរមកនោះ ជេជីនឈរសម្លឹងមើលទាំងញ័រដៃ នាងក៏គិតមិនដល់ដែរថាកើតអ្វីដូច្នេះ។
"នេះឯង!ឯង"
"ជួយខ្ញុំផង!ខ្ញុំពិបាកទ្រាំខ្លាំងណាស់" ហ្គាមីតស្រែកសុំជំនួយព្រោះក្នុងពេលនេះនាងទ្រាំលែងបានទៀតហើយ ចុកឆ្អល់ពិបាកខ្លាំងណាស់។
"ឆាប់មកនេះ!" ដល់ដំណាក់កាលមួយដែលនាងឈាមត្រជាក់មិនអើពើហើយ ជេជីននាំនាងចេញពីខាងក្នុងមកដាក់ក្នុងខាងឡាន ដោយនាងខាំបបូរមាត់ស្រក់ទឹកភ្នែកម៉ាត់ៗចំពោះហេតុការណ៍មួយនេះ នាងដឹងថាកើតអ្វីឡើងចំពោះហ្គាមីតបន្ទាប់ពីបានគិតមួយសន្ទុះហើយនោះ។
"អ្ហឹកៗ!អ្នកគ្រូខ្ញុំឈឺខ្លាំងណាស់" នាងស្រែកយំដោយលើកដៃទាំងពីរមកឱបពោះខ្លួនឯង តែទោះជាយ៉ាងណាក៏ជេជីនមិនបានឆ្លើយឆ្លងជាមួយឡើយ នាងបើកឡានយ៉ាងលឿនសំដៅទៅទីណាក៏មិនដឹងដូចគ្នា។
ក្នុងរយះនេះផងដែរ នាងក៏បានមកដល់កន្លែងមួយដែលវាជាទីលានចោលសំរាម នាងឈប់ឡានង៉ក់ រួចក៏ចុះមកអូសហ្គាមីតឲ្យចុះដូចគ្នា។
"អ្នកគ្រូ!អ្ហឹក! អូយ៎" ជេជីនដាច់ធម៌មេត្តាពិតមែន នាងបែរជាច្រានហ្គាមីតទៅក្នុងគំនរសំរាម ទុកឲ្យនាងនៅឈឺចុកឆ្អល់នៅត្រង់ សម្លឹងមើលដោយគ្មានចិត្តអាណិតអាសូរបន្តិចសោះ។
ង៉ោង!!!
ឡានរបស់នាងបើកចេញទៅវិញក៏មិនប្រណីដែរ នេះហើយដែលគេហៅថាសេចក្តីច្រណែនឈ្នានីសក្នុងរឿងស្នេហាត្រីកោណ ព្រោះភាពឫស្យាទើបបណ្តាលឲ្យនាងក្លាយជាមនុស្សតែចិត្តបិសាច។
"អ្ហឹកៗ!បងប្រុសជួយខ្ញុំផង" ហ្គាមីតប្រឹងត្រដាប់ត្រដួសវារថ្នមៗចេញពីគំនរសំរាម ដោយចុកឆ្អល់ក្នុងពោះជាខ្លាំងឈាមក៏ចាប់ផ្តើមធ្លាក់ចុះមកឥតត្រាប្រណីក្លាយជាកកដុំខ្មៅៗចេញមកក៏មាន ពេលប្រឹងប្រមូលផ្តុំកម្លាំងមកបានគ្រាន់បើហើយនោះ ដោយប្រឹងក្រោកដើរទាំងញ័រជើងទទ្រើក ដោយមិនដឹងឡើយថាខ្លួនកំពុងស្ថិតនៅឯណា។
"អ្ហឹកៗខ្ញុំឈឺខ្លាំងណាស់ជួយខ្ញុំផង" ដៃឱបពោះដែលឈឺចុកដូចគេចាប់ទាញអ្វីចេញមកខាងក្រៅ ឈាមក៏កាន់តែហូរស្រោចមក។
"អ្អា៎!អ្ហឹកៗ" នាងទ្រាំបន្តការដើរនេះលែងបានហើយ ជើងក៏ទន់ដួលព្រូសមកលើផ្លូវថ្នល់ នាងសាងកម្មអ្វីខ្លះទើបត្រូវមកចួបប្រទះនឹងរឿងរ៉ាវអាក្រក់អស់ទាំងនេះដូច្នេះ។
•••
អ្នកដែលតាមរកក៏ចេះតែតាមរកអ៊ីចឹងទៅដូចអ្វីដែលខាងនោះបានប្រាប់មក ដៃក៏ញ័រទទ្រើកសឹងតែមិនចង់ជឿថាគេខ្លាចបាត់បង់នាងដល់ថ្នាក់នេះ ខណៈពេលនេះផងដែរគេក៏មកដល់ប៊ូសានដូចគ្នា ប៉ុន្តែក៏ចេះតែបើកឡានតាមរកគ្រប់ច្រកល្ហក។
"ចង្រៃយ៎អើយ" គេទះចង្កូតឡានផាំង!ដោយបើកឡានមកដល់កន្លែងដែលគរសំរាមចោល បែរជាឡានត្រូវមកអស់សាំងដូច្នេះ នាយចុះពីលើឡានដោយហត់នឿយក្នុងចិត្តជាខ្លាំង។ ដោយបម្រុងលើកទូរស៏ព្ទមកតេទៅហើយ ប៉ុន្តែក៏ប្រទះឃើញមនុស្សដេកសន្លប់នៅផ្លូវថ្នល់ គេក៏ដើរមកជិតមួយៗ ដោយកាន់តែជិតកាន់តែធុំក្លិនស្អុយមកភាយៗ។
"???" មកដល់ឃើញមុខច្បាស់ៗ គេស្លុតចិត្តជាខ្លាំង ដោយទឹកមុខចាប់ភ័យស្លន់ស្លោលើកក្រសោបនាងឡើងមក គេកំពុងតែសម្លឹងមើលឈាមដែលហូរប្រឡាក់ភ្លៅរបស់នាង ទាំងក្នុងចិត្តកំពុងតែអួលណែន។
"មីត!មីត" សំឡេងល្វើយៗដាស់ឲ្យនាងភ្ញាក់មក ដោយញ័របបូរមាត់ទទ្រើកនិយាយអ្វីក៏លែងចេញ។
"បងនឹងនាំអូនទៅពេទ្យទ្រាំបន្តិចណា៎ អូនត្រូវតែទ្រាំ" នាងលើកដៃមកក្តាប់ជាយអាវគេយ៉ាងណែន ខណៈដែរគេក៏ប្រឹងស្វះស្វែងរកមធ្យោបាយធ្វើដំណើរដើម្បីនាំនាងទៅកាន់មន្ទីរពេទ្យកាន់តែឆាប់កាន់តែល្អ។
ពេលត្រូវការហេតុអ្វីក៏គ្មានសូម្បីតែឡានម៉ូតូឆ្លងកាត់ទីនេះដូច្នេះ។ គេបីនាងរត់ផងអីផងបែកញើសសស្រាក់ គ្រាដែលនាងសឹងតែផុតដង្ហើម គ្រាដែលនាងឈឺចាប់នាងនឹងចងចាំវាទុក ប្រសិនបើក្នុងពេលនេះនាងដង្ហក់ស្លាប់ក្នុងរង្វង់ដៃគេតើគេយំដែរទេនាងចង់ដឹងនាងចង់ឃើញទឹកភ្នែករបស់គេ។
"ទ្រាំបន្តិចណា៎ជិតដល់ហើយ" គេនិយាយទាំងដង្ហក់រត់បីនាងស្វែងរកមន្ទីរពេទ្យ មិនប្រាកដថាធ្វើដូច្នេះហើយអាចលុបលាងទោសកំហុសបានទាំងស្រុងនោះទេ។
•••
សភាពដែលអ្នកគ្រប់គ្នាមិនចង់ឃើញមិនចង់ដឹងឮវាទៀត ប៉ុន្តែក៏ត្រូវតែធ្វើចិត្តទទួលយកវាឲ្យខានតែបាន ហេតុអ្វីក៏មានអារម្មណ៍ថាឈឺចាប់ខ្លាំងម៉្លេះ នាងបានដល់ដៃពេទ្យហើយ គ្រូពេទ្យត្រួតពិនិត្យដឹងអស់ហើយ តែម្តេចក៏កើតអារម្មណ៍សោកសៅដូច្នេះ។ គេមកកន្លែងដើមវិញ កន្លែងដែលរកនាងឃើញ ដោយលុតជង្គង់នៅត្រង់មុខគំនរសំរាម ព្រមទាំងយកកន្សែងសមួយមករើសកូនរបស់គេដែលធ្លាក់មកតាមឈាមនៅត្រង់នេះដាក់លើកន្សែង។
គេស្រក់ទឹកភ្នែកមកម៉ាត់ៗក្រសោបកូនដែលចាកចោលគេទាំងប៉ុនម្រាមដៃដូច្នេះ វាជាការឈឺចាប់ដែលគេសឹងតែមិនអាចទទួលយកបានចំពោះហេតុការណ៍មួយនេះ។
"ប៉ាសុំទោសដែលមិនអាចជួយកូនបាន សុំទោសដែលប៉ាមកយឺតពេលសុំទោសកូនសម្លាញ់" ទឹកភ្នែកអ្នកជាឪពុកស្រក់ហូរមកលើកន្សែងកូនដែលចាកចោលខ្លួនទាំងដែលមិនបានផ្តល់ដំណឹងសោះថាមានកូនមួយនេះ។
ខណៈឯនៅខាងមន្ទីរពេទ្យវិញ ពេលនេះផងដែរនាងក៏បានដឹងខ្លួនដូចគ្នា លោកគ្រូពេទ្យមកផ្លាស់ប្តូរចាក់ថ្នាំបញ្ចូលក្នុងសេរ៉ូមឲ្យនាងបន្ថែម ព្រោះនាងខ្សោយខ្លាំងណាស់។
"អរគុណលោកគ្រូពេទ្យ"
"បាទ៎មិនអីទេ" លោកតារបស់នាងនិយាយស្តីបែបមុខមិនស្រស់ ដោយលោកគ្រូពេទ្យបម្រុងចង់ចេញពីក្នុងបន្ទប់ទៅហើយ ប៉ុន្តែនាងបែរជាជជីកសួរចង់ដឹងថាខ្លួនកើតអ្វីឲ្យប្រាកដ ភ្នែកមើលមិនឃើញតែអារម្មណ៍នៃវិញ្ញាណរបស់នាងគឺដឹងថាមានឈាមហូរមកច្រើនណាស់នៅពេលនោះ។
"តើខ្ញុំកើតអ្វី ម្តេចក៏ខ្ញុំមានអារម្មណ៍ថាខ្លួនឯងហូរចេញតាមប្រឡោះជើងដូច្នេះ?" គ្រប់គ្នាស្ងាត់មាត់បែរសម្លឹងមកនាង ដោយលោកគ្រូពេទ្យសម្លឹងមកមើលមុខសាច់ញាតិទើបលោកតាងក់ក្បាលអនុញ្ញាតឲ្យលោកគ្រូពេទ្យនិយអ្វីដែលជាការពិតចុះ។
"ចូលរួមសោកស្តាយចំពោះកូនដែលនៅក្នុងពោះផងពេលនេះក្មេងលែងនៅជាមួយទៀតហើយ"
"បាន-បានន័យថាម៉េច?"នាងក្រោកអង្គុយភ្លាមៗទាំងសភាពស្លេកស្លាំងរបស់ខ្លួននៅក្នុងពេលនេះ។
"កូនរបស់នាងរលូតបាត់ហើយ" គ្រប់គ្នាដកដង្ហើមធំចំពោះរឿងនេះ អ្នកណាដែលមិនសោកស្តាយចំពោះរឿងនេះខ្លះ គឺសុទ្ធតែមានអារម្មណ៍ថាល្ហល្ហេវខ្លាំងណាស់។
"អត់ទេ!មិនមែនជាការពិត ម៉ាក់មិនដឹងឡើយថាកូនមកចាប់កំណើតជាមួយមនុស្សខ្វាក់ដូចជាម៉ាក់ ចុះហេតុអី!ហេតុអី! អ្ហឹកៗ!កូនខ្ញុំ"ហ្គាមីតទប់ទល់នឹងការបាត់បង់នេះមិនបានឡើយ នាងស្រែកឡូឡាទ្រហោយំ មិនធ្លាប់គិតថានាងអាចមានកូន មិនដែលគិតថានឹងមានក្មេងមកចាប់កំណើតជាមួយនាងទេ នាងចង់ស្គាល់អារម្មណ៍ដែលក្លាយជាម្តាយគេខ្លាំងណាស់ ប៉ុន្តែពេលនេះគឺទទេស្អាតរលាយអស់ហើយ។
"អ្ហឹកៗកូនខ្ញុំ កូនៗ!កូនម៉ាក់"
"មីតប៉ុណ្ណឹងបានហើយ"
"លោកតាខ្ញុំមានកូនពិតមែនឬ?ចុះហេតុអ្វីក៏ខ្ញុំមិនដឹង ពេលនេះកូនខ្ញុំចាកចេញចោលខ្ញុំក៏ខ្ញុំមិនដឹងទៀតឬ?" លោកតាឱបចៅស្រីក្នុងរង្វង់ដៃដោយអាណិតអាសូរចៅស្រីមិនស្ទើរឡើយភ្នែកក៏ពិការ ឥឡូវត្រូវមកបាត់បង់កូនទៀត។
"អ្ហឹកៗ!កូនខ្ញុំមិនស្លាប់ មិនស្លាប់ទេៗ កូនមិនទៅចោលខ្ញុំឡើយ ខ្ញុំគ្រាន់តែយល់សប្តិទេ ប្រាប់មកថានេះគ្រាន់តែជាការកុហក ប្រាប់ភ្លាមមក! អ្ហឹកៗ" នាងយំផងរើបម្រះពីក្នុងដៃលោតាផង ទើបតែទទួលស្គាល់ថាខ្លួនឯងពិការនឹងរៀនរស់នៅក្នុងភាពងងឹតបែបនេះសោះ ឥឡូវក៏មកត្រូវចួបរឿងអ៊ីចឹងទៀតហើយឬ? អ្នកណាជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ? អ្នកណា?