ភាគ២៩:មើលមនុស្សខុស!

485 20 0
                                    

ភាគ២៨(2/2) មើលមនុស្សខុស!

សំណួរសួរបែបមិនមានចម្លើយតបវិញ កាយវិការរបស់គេធ្មឹងៗ ដូចមិនបានចាត់ទុកនាងជាមនុស្សពិសេសអ្វីបន្តិចឡើយ។ ដល់ថ្នាក់នេះហើយ នាងក៏មានតែលេបទឹកភ្នែកខ្លួនឯងទុកសិនដែរ បើគេមិនចង់ឆ្លើយ នាងក៏អូខេហ្នឹងវាដូចគ្នា។
តឹង!!!
ប្រអប់ជណ្តើរយន្តបើក ភ្លាមនាងរត់ចេញយ៉ាងលឿន សំដៅទៅបើកទ្វារចុះតាមជណ្តើរជើងម្តង មិនដឹងថាជាជាន់ទីប៉ុន្មានឡើយ នាងមិនបានចាប់អារម្មណ៍មើលនោះទេ។
នាងរត់ចុះទាំងទឹកភ្នែកជោកថ្ពាល់ ម្តងនេះចេះយំដោយសារតែមនុស្សប្រុសមែនហើយ។
"មីត!ស្តាប់បងខ្លះបានទេ?" ស៊ូហ្គាតាមមកពីក្រោយ ស្រែកហៅនាងដែលរត់ចុះកាំជណ្តើរ គ្រាន់តែឮសំឡេងគេបែបនេះ ធ្វើឲ្យនាងកាន់តែមានអារម្មណ៍ថាក្តុកក្តួលជាខ្លាំង ប្រហែលគេមានអាថ៌កំបាំងលាក់នាងច្រើនហើយមើលទៅ។
"បងសុំទោសមីត" សុំទោស?បានន័យថាយ៉ាងម៉េច?នេះពិតជាធ្វើឲ្យនាងខកបំណងខ្លាំងណាស់ នាងមិនចង់ឮពាក្យនេះចេញពីមាត់គេឡើយ មិនចង់ឲ្យគេនិយាយសុំទោស មិនចង់ឲ្យគេប្រើសាភាអ៊ីចឹងឡើយ។
"លាក់បាំងអីខ្លះ?បងមិនមែនមានតែខ្ញុំទេឬ?" នាងបែរមកក្រោយយឺតៗសម្លឹងមកគេ ប្រឹងតាំងអារម្មណ៍ខ្លួនឯងឲ្យនឹងធឹងមិនបញ្ចេញវាមកខាងក្រៅទាំងស្រុងនោះទេ។
"បងក៏មានអ្នកផ្សេងរួចទៅហើយ តែបងធ្វើព្រោះជាតម្រូវការលោកតា" គេតបដោយរក្សាទឹកមុខនឹងថ្កល់ធម្មតាមិនបានមានប្រតិកម្មបន្តិចសោះ ចិត្តអាក្រក់ដល់ថ្នាក់នេះមែនទេ។
"តម្រូវការ? ចុះក្នុងចិត្តបងតើចង់ធ្វើទេ?" សួរផងទឹកភ្នែកស្រក់ចុះមកម៉ាត់ៗ លើកដៃជូតសឹងតែមិនចង់ឈ្នះ ពាក្យថាតម្រូវការបែបនេះរឹតតែធ្វើឲ្យនាងញ័រទ្រូងលើសដើម។
"អត់នោះទេ"
"អត់អ៊ីចឹងឬ?" ព្រះអើយគេចិត្តដាច់ចំពោះនាងណាស់ ឆ្លើយមកទាំងឈាមត្រជាក់ ដូចកាប់សម្លាប់នាងឲ្យស្លាប់ក្នុងថ្លុកឈាមមួយប៉ព្រិចភ្នែក នាងលើកដៃមកខ្ញាំសក់ខ្លួនឯង ស្តាយរឿងរ៉ាវក្នុងរយះពេលកន្លងមកដែលធ្លាប់មានជាមួយគ្នា នាងឆោតល្ងង់ឆាប់លង់ស្រឡាញ់គេពេក នាងភ្លើខ្លួនឯងដែលមិនចេះមើលមនុស្សឲ្យច្បាស់។
"មីត"
"កុំចូលមក!ថយចេញទៅ" នាងស្រែកគំហកហាមមិនឲ្យគេចូលមករកខ្លួន ប៉ុន្តែនាងក៏កាន់តែឈានថយមកក្រោយមិនខ្លាចថានឹងត្រូវធ្លាក់ពីលើកាំជណ្តើរឡើយ។
"ប្រយ័ត្នធ្លាក់កុំថយទៀតអី" គេលើកដៃហាមប្រាមមិនឲ្យនាងថយក្រោយទៀតនោះទេ យ៉ាងណាក៏បារម្ភ មិនមែនចិត្តដាច់ទាំងស្រុងឡើយ។
"មិនបាច់មកខ្វល់ទេ! អ្អាយ៎!!!"
"មីត" ថាអីចេះខុស ទីបំផុតនាងក៏ដាច់ផ្ងារធ្លាក់រមៀលចុះពីលើកាំជណ្តើរពិតមែន មិនដឹងធ្លាក់ចុះមកត្រឹមជាន់ទីប៉ុន្មានឡើយ ដឹងត្រឹមតែថានាងពេលនេះសន្លប់ស្តូកស្តឹងបាត់ទៅហើយគ្រាន់តែទើរជាប់នៅជាន់ដែលមានចាក់ប៉េតុងរាបស្មើនេះ។
•••
ស្ថិតនៅក្នុងមន្ទីរពេទ្យ បញ្ជូននាងមកដល់ដៃពេទ្យហើយគេក៏មិនបាននៅរង់ចាំនាងបញ្ជូនចេញពីក្នុងបន្ទប់សង្រ្គោះបន្ទាន់នោះទេ គឺបាត់ស្រមោលឈឹង។ ខណៈពេលនេះផ្ទាល់ គឺមានបងប្រុសនៅចាំមើលស្ថានភាពរបស់នាង។ គេអង្គុយសម្លឹងប្អូនដែលដេកនៅលើគ្រែទាំងឈឺខ្លោចចិត្តអាណិតប្អូន បណ្តោយតែមួយភ្លែតក៏ស្ថិតក្នុងស្ថានភាពបែបនេះមែនទេ។ គេពិតជាអត់បានការសូម្បីតែប្អូនមួយគ្រាប់ក៏មើលថែមិនបានល្អ។
"បងសុំទោសប្អូនស្រី" ជីមីនលើកដៃមកអង្អែលក្បាលប្អូនថ្នមៗ ព្រមទាំងបង្អូសមករកកន្លែងដែលរុំបង់សមួយដុំជុំវិញក្បាលរបស់ប្អូន។
"អ្ហឹកៗ!"
"មីត" សំឡេងនាងយំថ្ងួចថ្ងូរបន្លឺចេញមក ទាំងដែលម្ចាស់សាមីខ្លួននៅបិទភ្នែកជិតនៅឡើយសោះ។
"អ្ហឹកៗ!" នាងយំឥតដាច់សូររហូតទាល់តែភ្ញាក់ដឹងខ្លួនវិញ ដោយបើកភ្នែកមកក៏ឃើញបងប្រុសកំពុងតែកាន់ដៃយ៉ាងណែនផ្អឹបលើដើមទ្រូងនាយ។
"ឈឺខ្លាំងមែនទេបានជាយំ?"
"អ្ហឹកៗ" នាងយំខ្លាំងកើនទ្វេពេលស្តាប់សំណួរបងប្រុស ត្រូវហើយគឺនាងឈឺខ្លាំង ប៉ុន្តែមិនមែនឈឺរបួសរាងកាយទេ តែនាងឈឺចិត្តនឹងបេះដូងច្រើនជាង។
"បងប្រុស!"
"បាទ៎ៗ!!!"
"មីត!មីត!មីត!ឈឺណា៎បង មីតឈឺ" អ្នកជាបងឱនមកឱបប្អូនថ្នមៗលួងលោមនាងឲ្យឈប់យំ។
"មិនអីទេៗ បន្តិចទៀតគឺបាត់ឈឺហើយសម្រាកឲ្យច្រើនៗនឹងឆាប់ជា" បងប្រុសថើបថ្ងាសប្អូនមួយខ្សឺត ញញឹមទាំងវេទនាក្នុងចិត្ត ពេលប្អូនឈឺដេកលើគ្រែពេទ្យដូច្នេះ គេធ្មេចភ្នែកសឹងតែស្រក់ទឹកភ្នែកទៅហើយ តែក៏ទប់ជាប់។
"មីតលែងចង់បានហើយ មីតចង់នៅឲ្យឆ្ងាយៗពីគ្រប់គ្នា" នាងអណ្តឺតអណ្តក់ប្រឹងនិយាយដាក់បងប្រុស ដែលព្យាយាមផ្តិតមេដៃជូតទឹកភ្នែកឲ្យនាង។
"ចង់នៅឆ្ងាយពីបងដែរមែនទេ? បងខុសអីចំពោះប្អូន?" នាងគ្រវីក្បាលញាប់ស្អេក លើកខ្នងដៃបងប្អូសមកផ្អឹបលើថ្ងាស ដូចជាការដឹងកំហុសសុំឲ្យគេអធ្យាស្រ័យឲ្យនាងអ៊ីចឹងដែរ លើកនេះនាងខុសខ្លាំងណាស់ដែលមើលមនុស្សខុស ស្មានថាជាប្រុសល្អស្មោះស តែធាតុពិតគេបោកប្រាស់នាង បោកយកបានទាំងខ្លូនប្រាណ បេះដូងនឹងក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់នាង។

ស្អប់ជំពប់លើ(រដូវកាលទី១)Where stories live. Discover now