កូនខ្ញុំទៅចោលខ្ញុំពិតមែនហើយ!
រំលឹកទៅកាលពីមុននេះមួយថ្ងៃ សុខៗមិនមែនស្រាប់តែមកដល់កន្លែងរបស់ជេជីននោះទេ កាលពីម្សិលមិញនេះ ហ្គាមីតអង្គុយនៅឆ្នេរសមុទ្រតែម្នាក់ឯង ដោយនាងក៏មិននឹកស្មានដល់ឡើយ ស្នូរសម្រឹបជើងស្មានតែថាជាបងប្រុសរបស់ខ្លួន ប៉ុន្តែមិនមែនឡើយជាមនុស្សដែលជេជីនជួលឲ្យទៅចាប់យកនាងសោះ ដោយដាក់ថ្នាំសន្លប់ជាប់នៅហ្នឹងកន្សែងខ្ទប់មាត់នាង បន្ទាប់ពីដឹងខ្លួនមកក៏នៅក្នុងបន្ទប់ដ៏សែនត្រជាក់នោះទៅហើយ។
•••
ឥឡូវងាកមកពេលនេះវិញ នាងមិនដឹងជាត្រូវបាត់បង់អ្វីខ្លះនោះនៅក្នុងឆាកជីវិតនេះបន្តទៅមុខទៀត ប៉ាម៉ាក់ស្លាប់ចោលតាំងតែពីនាងក្មេងកុមារភាពមកម៉្លេះ លុះដល់ធំបន្តិចមានគ្រួសារក៏ត្រូវបាត់បង់ការមើលឃើញ ឥឡូវក៏មកបាត់បង់កូនក្នុងពោះម្នាក់ទៀត ទាំងដែលនាងមិនដឹងសោះឡើយថាមានវត្តមានកូនមួយនេះ។ វាបាត់បង់អស់ក្នុងអំឡុងពេលតែមួយប៉ព្រិចភ្នែកបេះដូងដូចត្រូវគេចាប់ហែកអ៊ីចឹង។
ដៃតូចស្លេកស្លាំងលើកដាក់លើពោះអង្អែលថ្នមៗ នាងដេកបង្ហូរទឹកភ្នែកច្រោកៗ ស្តាយកូនក្នុងផ្ទៃលើកទីមួយហើយដែលយល់ថាជីវិតពោពេញទៅដោយពណ៌ខ្មៅងងឹតដែលនាងក៏មិនចង់គិតដូច្នេះឡើយ ប៉ុន្តែរឿងវាកើតឡើងមកផ្ទួនៗសម្រុកចូលឥតឈប់ឈរ។
"ល្មមគេងបានហើយឈប់យំ បងមិនចង់ឃើញប្អូនដូច្នេះឡើយ" បាតដៃដ៏កក់ក្តៅរបស់បងប្រុសលើកមកអង្អែលក្បាលប្អូនស្រី បញ្ហាដូចជាធ្វើឲ្យគេខ្លាចរអាជំនួសប្អូនទៅទៀត ឈឺចាប់ក៏ឃើញហើយយំក៏ជូតទឹកភ្នែកឲ្យហើយ ម្តេចក៏វេទនាយ៉ាងនេះប្អូនរបស់គេ។
"ខ្ញុំទទួលយកមិនបានវាភ្លាមៗពេក បេះដូងខ្ញុំវាកកឈាមហើយ" នាងចាំមិនភ្លេចទេរឿងរ៉ាវនៅក្នុងថ្ងៃនេះ អ្នកគ្រូជេជីន គំនុំដែលកប់ក្នុងទ្រូងនាង អ្នកណាធ្វើមកលើកូននាងអ្នកនោះនឹងត្រូវទទួលវិញទ្វេគុណជាពីរ ជីវិតក្មេងមិនដឹងខ្យល់អីក៏ដាច់ចិត្តធ្វើទៅរួច បើសិនជាមានចិត្តចង់ជួយកូននាងពិតមែន ហេតុអ្វីក៏ត្រូវយកនាងទៅចោលនៅតាមផ្លូវបែបនោះចិត្តអ្នកគ្រូឃោរឃៅពេកហើយ។
"បងយល់ប៉ុន្តែឯងគេងយកកម្លាំងសិនទៅណា៎ចាត់ទុកថាបងសុំអង្វរចុះ" ហ្គាមីតលែងតបតជាមួយបងប្រុស នាងក៏ព្រមធ្មេចភ្នែកដេក បើនាងបន្តបើកគ្រាប់ភ្នែកដែលងងឹតមើលមិនឃើញអ្វីសោះនោះ គេច្បាស់ជានៅទេសនាមិនបាត់ឡើយ មានតែយល់ស្របទាំងក្នុងទ្រូងក្តៅដូចភ្នំភ្លើង។
នាម៉ោង៥ល្ងាច...
បេះដូងក៏ឈឺរបួសក៏មិនអាចផ្សះផ្សាបាន របួសក្នុងចិត្តវាមិនងាយដូចរបួសលើដងខ្លួនឡើយ ចិត្តនៅតែគិតគុំគួនស្អប់ខឹងចំពោះរូបគេ។
"មីត"
"កុំមកប៉ះខ្ញុំ" ខណៈដែលគេហៅឈ្មោះដោយសម្រឹបជើងឈានចូលមករកនាង ដៃក៏បម្រុងលើកមកប៉ះពាល់នាងឲ្យបានកក់ក្តៅក្នុងក្រអៅបេះដូងបន្តិច តែត្រូវហាមឃាត់មុនទៅហើយ។ គេសម្លឹងមើលដៃរបស់នាងដែលកំពុងតែក្តាប់កែវទឹកនៅក្នុងដៃសឹងតែប្រេះបែកពីគ្នាហើយនៀក៎។
"សុំទោសចំពោះរឿងគ្រប់យ៉ាង បងទៅមិនទាន់ពេល" ស៊ូហ្គាឈររក្សាគម្លាតពីនាងតែប៉ុន្មានជំហានប៉ុណ្ណោះ ឈឺចាប់រៀងខ្លួនដែលត្រូវបាត់បង់សមាជិកដែលរៀបនឹងចូលមកកើតក្នុងជីវិតរបស់ពួកគេ។
"សុំទោសហើយហ្នឹងស៊ីកើតដែរទេ?ខ្ញុំបាត់បង់កូន លោកដឹងទេថាព្រោះអ្នកណា?" នាងស្រែកអស់សំឡេងលាយឡំនឹងទឹកភ្នែកក្តៅស្រក់ចុះមកលើថ្ពាល់វាឈឺគ្មានថ្ងៃនឹងបំភ្លេចបានទោះយកជីវិតគេមកប្តូរក៏ដោយ។
"បងនឹងដាក់ពាក្យប្តឹងចាត់ការរឿងនេះ" ស៊ូហ្គាបញ្ចេញខ្យល់ដកដង្ហើមដោយសភាពហត់ខ្សោះខ្យល់ គេលើកបាតដៃមកច្បូតមុខខ្លួនឯងជាច្រើនសា។
"ប្តឹង?ប្តឹងអ្នកណា?ប្តឹងចាប់សង្សារលោកដាក់គុក?ហ៊ានដែរទេ?" នាងលើកចិញ្ចើមសួរ ធ្វើឲ្យគេវិលវល់ឆ្ងល់ជាមួយសម្តីរបស់នាងពិតមែន។
"មីតនិយាយពីអី?បងមិនយល់ទេ អូនកុំចោទប្រកាន់អ្នកដទៃផ្តេសផ្តាសបានទេ" ដឹងថានាងនឹងជេជីនមិនសូវត្រូវគ្នាប៉ុន្តែគេមិនដែលគិតអាក្រក់ចំពោះអ្នកណាឡើយ សុំកុំឲ្យវាក្លាយជារឿង អ៊ីចឹងអី។
"ចោទប្រកាន់ឬ?ចោទប្រកាន់? ហ៊ឹស! ប្រា៎វវវ" ហ្គាមីតផ្ទួនជាមួយពាក្យសម្តីប្តី កែវដែលនៅក្នុងដៃក៏គប់ប្រាវ បែកខ្ចាយខ្ទាតអំបែងពេញក្នុងបន្ទប់ ប៉ុណ្ណឹងហើយក៏នាងមិនអាចរំសាយកំហឹងបានដែរ។
"ផាក ហ្គាមីត!!!!!!!"
"កុំមកគំហកហៅឈ្មោះខ្ញុំ លោកឯងក៏សមតែដេកគុកដូចគ្នា មនុស្សចោលម្សៀត" អារម្មណ៍របស់នាងដូចភ្នំភ្លើងផ្ទុះចេញមកលើផែនដី ពេលគេគំហកឈ្មោះនាងដោយការពារសង្សារគេដូច្នេះ ការពារអ្នកដែលសម្លាប់កូនខ្លួនឯងបែបហ្នឹងមែនទេ?វាសមដែរឬអត់?
"បងអស់អ្វីនឹងត្រូវនិយាយជាមួយអូនហើយ ចាំអូនត្រជាក់ចិត្តពេលណាចាំបងនិយាយទៀត និយាយហើយនាំតែរឿងឈ្លោះបងក៏ចេះហត់ដែរ" ហ្គាមីតញញឹមក្នុងនាមជាមនុស្សដែលគេមើលមកខុស ចាត់ទុកថានាងខុសឆ្គងទៅវិញ បាត់បង់ទំនុកចិត្តលើនាងអស់តម្លៃត្រឹមនេះហើយ តាំងពីនាងធ្លាក់ខ្លួនពិការភ្នែកមកនិយាយអ្វីក៏មិនចូលត្រចៀកគេ ទឹកមាត់សាបដូចទឹកទន្លេ។
"បើហត់ក៏បញ្ឈប់បានខ្ញុំដែលចាប់លោកឃុំទុកដែរទេ?"
"ចាំចិត្តត្រជាក់ជាងនេះយើងនឹងងាយនិយាយគ្នា កូនត្រូវបងយកទៅបញ្ចុះរួចរាល់ហើយទោះគេមិនទាន់មានទំហំធំ ប៉ុន្តែបងក៏ស្រឡាញ់កូន បងក៏ចេះឈឺចាប់ពេលបាត់បង់បងក៏ចេះយំបងក៏ចេះអន់ចិត្ត ហេតុអ្វីមិនយល់ពីបងខ្លះ? " គេក្តាប់ដៃបែរខ្នងដាក់នាងវិញ ដោយមិនចង់ឈ្លោះប្រកែកមិនសាងរឿងឲ្យល្អក់កករនោះទេ គេក៏ឈឺមិនចាញ់នាងឡើយ។
"បើលោកចេះឈឺចាប់ចេះអន់ចិត្ត ចង់ឲ្យខ្ញុំយល់ពីលោកចុះហេតុអ្វីក៏លោកមិនព្រមយល់ពីខ្ញុំខ្លះ? លោកធ្វើខុសមិនដែលចាំអាងអីយករឿងលើគ្រែមកដោះស្រាយបញ្ហាគិតថាមនុស្សស្រីគ្រប់គ្នាគេចង់បានហ្នឹងឬ? បើចង់ឲ្យខ្ញុំយល់ពីលោកគួរណាតែលោកលះបង់ភាពប្រកាន់យកតែត្រូវរបស់លោកចោលសិន" ពាក្យសម្តីពួកគេទាស់ទែងគ្នាឮដល់ខាងក្រៅបន្ទប់ អ្នកផ្ទះស្តាប់ឮទាំងអស់គ្នា ថាំចិត្តទ្រាំស្តាប់សម្តីអស់នេះដោយមិនចង់ចូលទៅឡើយ ចង់ឲ្យពួកគេរកដំណោះស្រាយដ៏ល្អមកផ្សះផ្សាគ្នាមិនមែនដោយធម៌ក្តៅដូច្នេះឡើយ។
"បងទទួលស្គាល់ថាបងខុស okay ទេ? បងខុសៗ"
"បើបែបនេះដដែលកុំអីល្អជាងចរិតចោលម្សៀតដូច្នេះ កុំពាក់ព័ន្ធគ្នាទៀត ពួកយើងដើរផ្លូវរៀងខ្លួនទៅ" ស៊ូហ្គាបែរមកមើលនាងវិញព្រមទាំងគ្រវីក្បាល ដោយចូលក្បែរនាង ចាប់នាងឱបរឹតខ្លាំងៗ ឆ្កួតមែនទែនហើយសុំចែកផ្លូវក៏មកឱបអ៊ីចឹងទៅកើត។
"លែងខ្ញុំ លោកឯងកុំមកប៉ះខ្ញុំមនុស្សចង្រៃមនុស្សអាក្រក់"
"បងដាច់ខាតគឺមិនលែងអូនឡើយ កាន់តែដេញបងកាន់តែចូលក្បែរ" ឱបចុះថើបមកនាងនឹងធ្វើឲ្យគេដឹងថានាងមិនមែនដូចមុនឡើយ ស្រឡាញ់បានស្អប់ក៏បានដូចគ្នា។
•••
១វិនាទីដើរទៅជានាទីពីនាទីឡើងរហូតក្លាយទៅជាម៉ោង! ពី១ម៉ោងទៅ១ម៉ោងវារឹតតែលឿនទៅៗ យប់យន់ស្ងាត់ជ្រៀបដល់ថ្នាក់នេះបែរជាមានសំឡេងក្មេងយំរងេករងាកពេញមន្ទីពេទ្យដូច្នេះទៀតមែនទេ។
"អ៊ឺងង៉ាៗ!!!" ហ្គាមីតភ្ញាក់ពីដំណេក ក្រោកពីលើគ្រែដើរតាមសំឡេងក្មេងយំ នាងកាន់តែដើរទៅមុខសំឡេងក៏នៅដដែលមិនបានប្រែប្រួលឡើយ វាដូចជាឮក្បែរៗនេះជិតៗខ្លួន។
"អ៊ឺងង៉ាៗ"
នាងបែកញើសជោកថ្ងាសដោយយកដៃមកដាក់លើពោះ ទីបំផុតនាងរកសំឡេងនោះឃើញហើយគឺវានៅក្នុងពោះរបស់នាងឯណេះទេ។
"អ្ហឹកៗ!កូនម្តាយ" នាងយំឱនមុខចុះអង្អែលពោះដូចកំពុងលួងលោមឲ្យកូនឈប់យំអ៊ីចឹងទាំងដែលនៅក្នុងពោះនៅឡើយ។
"កុំយំកូន កុំយំណា៎ម៉ាក់នៅទីនេះហើយ! អ្ហឹក!កើតអីហ្នឹង កូនខ្ញុំៗ អត់ទេ!អ្អាយ៎ឈឺ" សុខៗស្រាប់តែពោះនាងប៉ោងធំទៅៗ ហើយឈាមក៏ហូរច្រោកៗតាមជើងខោ នាងទន់ជើងដាក់គូទអង្គុយលើឥដ្ឋការ៉ូ លើកដៃមកទប់ពោះដោយព្យាយាមឱបក្រសោបកូនដែលនៅក្នុងនោះយំស្រែកហៅឲ្យអ្នកដទៃជួយ។
"ជួយកូនខ្ញុំផង កូនខ្ញុំចង់ទៅចោលខ្ញុំទៀតហើយ ជួយផង" ហ្គាមីតគ្រវីក្បាលលើកដៃទៅទប់ត្រង់ឈាមមួយដុំខ្មៅដែលហូរតាមជើងខោ ក៏សុខៗភ្នែកក៏មើលឃើញវិញយ៉ាងចម្លែក។
"ជួយផង!អ្ហឹកៗកូនខ្ញុំ កុំទៅចោលម៉ាក់កុំទៅអី កូនកុំទៅ" ពន្លឺដ៏ភ្លឺមួយស្រាប់តែបញ្ចេញមកនៅចំពោះមុខនាង បាញ់មកចំដុំឈាមដែលក្រហមក្រម៉ៅមួយដុំនោះហើយបំប្លែងក្លាយជាដុំផង់ដ៏តូចជាច្រើនរយលានគ្រាប់ហោះឡើងទៅខាងលើ។
"កូនម៉ាក់" នាងយំញ័របបូរមាត់ទទ្រើកពេលសម្លឹងកម្ទេចដូចផង់នោះហោះតាមពន្លឺមួយនោះ ពេលស្ងាត់បាត់ពន្លឺនាងឱនមុខចុះក្រសោបពោះដែលរាបស្មើដូចសភាពដើមទាំងប្រេះស្រាំបេះដូង។