Ep48

44 3 0
                                        


   ហ្វីលីព និយាយពន្យល់រ៉ូហ្វ្រីលែនស៍ ពីយ៉ុនហ្គី ធ្វើឲ្យនាងដឹងថាគេមានការងារស្របច្បាប់ត្រឹមត្រូវបាំងមុខ ជានាយកក្រុមហ៊ុនមួយមានប្រ៊េនផ្ទាល់ខ្លួន ក៏មានអាជីវកម្មខ្នាតកណ្តាលផងដែរ សំខាន់ជាងនេះគឺនាងធ្លាប់ថតស្បតឲ្យអាជីវកម្មរបស់គេផងដែរ។ ហើយនៅពីក្រោយការងារស្របច្បាប់គេនៅមានក្លឹបកម្សាន្តកណ្តាលទីក្រុងដ៏ធំ ការជួយដូរទំនិញខុសច្បាប់លើកាប៉ាល់ ដែលមានខ្នងបង្អែកជាលោកតំណាងសភា ត្រៀមបោះឆ្នោតឈរឈ្មោះជាប្រធានាធិបតី ឆាប់ៗនេះទើបការរកស៊ីរបស់គេប្រពឹត្តិទៅយ៉ាងរលូន។

« គេមានអាថ៌កំបាំងច្រើនពីខ្ញុំយ៉ាងនេះ?? » នាងមីងមាំងតែម្តង ពេលស្តាប់ចប់ យល់ថាខ្លួនឯងជាមនុស្សល្ងង់ជាងគេបំផុត ព្រោះតែខ្សែរជីវិតនាងគ្រប់យ៉ាង គេបានដឹងទាំងអស់ ចំណែកនាងដឹងពីគេ តែបន្តិចបន្តួចប៉ុណ្ណោះ។ នាងមានអារម្មណ៏ខូចចិត្ត គ្មានមូលហេតុ ចង់យំ ពិបាកចិត្ត។

« ឃើញគេជាមនុស្សមុខមាំស្មើរៗចឹង គេក៏មានបញ្ហាត្រូវដោះស្រាយច្រើនដែរ! ការពិត គេគួរឲ្យអាណិតណាស់! »
« រឿងពីកុមាររបស់គេមែនទេ?? »
« មែនហើយ! គេនៅតែចងចាំហើយភ័យខ្លាចអ្នកដែលគេស្រលាញ់ត្រូវចាកចេញពីគេម្តងទៀត! » ហ្វីលីព និយាយរួច សម្លឹងមុខនាងជាប់ ព្រោះគេដឹងថាយ៉ុនហ្គី ខ្លាចបាត់បង់រ៉ូហ្វ្រីលែនស៍និងម៉ាដាម មនុស្សស្រីទាំងពីរសុទ្ធតែជាមនុស្សសំខាន់សម្រាប់គេ។

រ៉ូហ្វ្រីលែនស៍មិនមាត់ នាងស្ងាត់ នាងគិតច្រើន ខ្វល់ខ្វាយច្រើន សម្តីរបស់ហ្វីលីព ចាក់ចូលចិត្តនាង ធ្វើឲ្យនាងនឹកឃើញសកម្មភាពទាំងអស់ដែលយ៉ុនហ្គី បានធ្វើមកលើនាង។
«ពេលនេះប្រហែលគេកំពុងតាមរកនាងហើយ! ចាំខ្ញុំនាំនាងទៅរកគេវិញចុះ! » ហ្វីលីព មើលនាឡិការួចក៏និយាយ បន្ទាប់ក៏ក្រោកឈរ ទាញវាំងននបិទវិញ។ ឆ្លាស់គ្នាពេលនោះនាងក៏ឃើញស្នាមសាក់រូបបូរពណ៍ផ្កាឈូកនៅលើកដៃស្តាំរបស់គេ វាតូចមួយមើលមិនសូវឃើញ តែដោយសារតែពណ៍ផ្កាឈូកទើបនាងមើលឃើញច្បាស់។

« សាក់របស់លោកគួរឲ្យស្រឡាញ់ដល់ហើយ! ខ្ញុំក៏ចង់មានមួយដែរ! » នាងនិយាយដោយមិនបានចាប់អារម្មណ៍នូវសំដីរបស់ខ្លួនមុននេះ ទើបហ្វីលីព មើលមុខនាងត្លែរ។
« ចង់សាក់ទេ? » រ៉ូហ្វ្រីលែនស៍ លេបទឹកមាត់ក្អឹកៗ ពេលត្រូវសួរនូវសំណួរដែលមិនគិតថានឹងត្រូវបានគេសួរ តែយ៉ាងណានាងនៅតែជ្រើសរើសឆ្លើយដោយការង៉ក់ក្បាលផ្ងោចៗ។

« ល្អ!! » ហ្វីលីព យកអណ្តាតទល់ថ្ពាល់ទាំងស្នាមញញឹម ក្រោយពីនោះ គេក៏នាំនាងទៅកន្លែងសាក់រូប ជាមិត្តរបស់គេម្នាក់ទៀត ហើយរ៉ូហ្វ្រីលែនស៍ ក៏ចូលទៅខាងក្នុងសាក់ជាមួយជាងស្រី និងប្រើពេលមួយល្ងាចរហូតដល់យប់ទើបនាំនាងទៅកាន់ក្លឹបរបស់យ៉ុនហ្គី។
« ទើបមកពីណា?? » គេសួរទាំងមុខម៉ូវ ក្តៅទ្រូងមិនស្ទើរទេព្រោះប្រពន្ធបាត់ទៅរាប់ម៉ោងជាមួយពួគម៉ាក ថែមទាំងទាក់ទងមិនចូល គេសឹងយកកាំភ្លើងបាញ់មនុស្សក្នុងក្លឹបឲ្យស្លាប់អស់ទេ។

« មកពីមើលគេប្រណាំងឡាន! » នាងតបរួចដើរចូលទៅខាងក្នុង ដូចគ្មានរឿងអីកើតឡើង។
« អៃយ៉ា! យើងនាំនាងទៅចំពេលគេប្រណាំងឡានទើបមើលជក់បន្តិច! យ៉ាងណាលើកនេះយើងជួយឯងទៀតហើយ! » ហ្វីលីព ញាក់ចិញ្ចើមព្រឺតៗ។
« គ្រាន់បើ!! » យ៉ុនហ្គីមិននិយាយអីច្រើន ស៊ូកដៃចូលហោប៉ៅ ដើរចូលក្នុងវិញ បំណងទៅតាមប្រពន្ធហ្នឹងឯង បាត់ទៅរាប់ម៉ោងនឹកអើយនឹក។

« អូនញាំអីហើយនៅ? »
«នៅ! តែមិនឃ្លាន! ចង់សម្រាក! » នាងតបចប់ ចូលបន្ទប់ទឹកបាត់ ដោយទុករបស់របនៅលើតុទាំងអស់។ យ៉ុនហ្គី ក៏ឲ្យអ្នកបម្រើរៀបចំអាហារពីរឈុតយកមកបន្ទប់របស់គេ អ្នកបម្រើរៀបចំអាហារដាក់លើតុរួចរាល់ រ៉ូហ្វ្រីលែនស៍ ក៏ងូតទឹករួចល្មម។ នាងតូចស្លៀកឈុតគេងយប់អាវកិបឡេវពណ៍ខ្មៅ ខោជើងវែងពណ៍ខ្មៅ សក់សើមត្រូវបូងដោយកន្សែងសម្ងួតសក់ នាងដើរចេញមកក្រៅក៏វ៉ាក់អើនឹងឈុតអាហារយ៉ាងប្រណីត។

« ខ្ញុំមិនឃ្លានទេ! »
« ថ្ងៃមិញមិនបានញាំអីផង ប្រយ័ត្នឈឺក្រពះណា៎! ញាំមួយម៉ាត់ពីរទៅចាំគេង! » គេនិយាយចប់ ដាក់កែវទឹកដោះគោក្តៅៗហុចឲ្យនាងផឹក។ រ៉ូហ្វ្រីលែនស៍ គ្មានជម្រើសទើបព្រមញាំរួចឡើងលើគ្រែគេងទាំងអារម្មណ៍មិនល្អ។
« យប់នេះបងមិនបានមកវិញទេ បងទៅកំពង់ផែ រាត្រីសួស្តី! » យ៉ុនហ្គី ដើរទៅក្បែរគ្រែប្រាប់ប្រពន្ធរួចថើបនាងមួយខ្សឺត រាងស្តើងទាញភួយគ្របក្បាលជិតឈឹង សម្ងំទាល់តែយ៉ុនហ្គីចេញទៅបាត់សម្លេងកឹបទ្វារលាន់បន្លឺទើបនាងច្បាស់ចិត្តថាគេទៅបាត់។

រ៉ូហ្វ្រីលែនស៍ ងើបពីគ្រែ ដើរទៅអើតមើលនៅមាត់បង្អួចឃើញគេចូលឡានចេញទៅជាមួយកូនចៅជាច្រើននាក់ នាងក៏បារម្ភ លួចនិយាយតិចៗម្នាក់ឯងដាក់គេ។
« សំណាងល្អ! » នាងមិនហ៊ានប្រាប់គេ មិនហ៊ានបង្ហាញឲ្យគេដឹង បានត្រឹមនិយាយខ្សឹបៗម្នាក់ឯង នាងមិនដឹងទេ ថានេះជាអារម្មណ៍អ្វី នាងគ្រាន់តែមានកូនចិត្តបារម្ភពីគេ។

" Dark paradise  " Where stories live. Discover now