Ep63

41 2 0
                                        

ប្តីខំតែបារម្ភពីប្រពន្ធឡើងស្លឈាម ការពិតអាលែនស៍មានប៊េប៊ីសោះខិខិ....

    យ៉ុនហ្គី ឈរនៅមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងចិត្តអន្ទះសារ គេចង់ចូលទៅខាងក្នុង ចង់ឃើញប្រពន្ធគេ ចង់មើលដោយផ្ទាល់ភ្នែកថាគ្រូពេទ្យព្យាបាលនាងដោយយកចិត្តទុកដាក់ ប្រុងប្រយ័ត្នហើយនាងនឹងមានសុវត្ថិភាព។ បេះដូងគេលោតឌុកដាក់ៗស្ទើរហោះចេញក្រៅបើសិនជាអាចធ្វើបាន ដៃក្តាប់ឡើងញ័រសង្រួមចូលគ្នា ខំតាំងស្មារតីឲ្យនឹងនរ ដើម្បីស្តាប់ដំណឹងពីគ្រូពេទ្យ។
ម៉ាដាមម៊ែដឺសិន ក៏ត្រូវបានបេន គ្រាដាក់លើរទះរុញចូលមកកាន់បន្ទប់សង្រ្គោះបន្ទាន់ដោយដណ្តប់អាវក្រៅធំពីលើមួយជាន់ទៀត។ គាត់បារម្ភពីក្មួយប្រសារ នៅមិនសុខ អន្ទះអន្ទែងចង់មកឃើញនឹងភ្នែក នរណាហាមក៏លែងស្តាប់ មិនបារម្ភពីខ្លួនឯងឡើយ។ អ្នកទាំងបី រង់ចាំនៅខាងក្រៅរហូតមួយម៉ោងជាង ទើបក្រុមគ្រូពេទ្យចេញពីខាងក្នុងដោយរុញគ្រែអ្នកជំងឺចេញមកដំណាលគ្នា។

« តើប្រពន្ធខ្ញុំនាងកើតអីគ្រូពេទ្យ? » យ៉ុនហ្គី សួរពេទ្យទាំងភ្នែកងាកមើលទៅ គិលានុបដ្ឋាកកំពុងរុញគ្រែរ៉ូហ្វ្រីលែនស៍យកចេញទៅយឺតៗ។
« ក្មួយប្រសារខ្ញុំនាងមិនអីទេមែនទេគ្រូពេទ្យ? » ម៉ាដាមសួរទាំងសម្លេងខ្សោយៗ នៅតក់ស្លុតមិនទាន់បាត់ ថែមទាំងសុខភាពក៏ខ្សត់ខ្សោយស្រាប់ផងនោះ បណ្តាលឲ្យជំងឺបេះដូងរបស់គាត់កាន់តែទ្រុតទ្រោម។

« សាច់ញាតិសូមកុំបារម្ភអី អ្នកជំងឺគ្រាន់តែឈឺក្រពះ ព្រោះទទួលទានអាហារមិនទៀងទាត់ ហើយបូកផ្សំនិងការដែលទើបតែចាប់ផ្តើមមានអាការ:ចាញ់លើកដំបូងប៉ុណ្ណោះ! » គ្រូពេទ្យស្ត្រីបរិយាយទាំងមុខញញឹមតិចៗ ត្បិតថាជាដំណឹងល្អផងសម្រាប់គ្រួសារអ្នកជំងឺ។

« គ្រូពេទ្យកំពុងតែប្រាប់ថាក្មួយប្រសារខ្ញុំមានកូនមែនទេ? » ម៉ាដាមម៊ែដឺសិន បើកភ្នែកក្រឡង់ៗសួរពេទ្យ គាត់អាយុចំណាស់នេះហើយ គ្រូពេទ្យនិយាយតែត្រឹមហ្នឹងគាត់ក៏យល់ភ្លាម។
« ចាសត្រូវហើយ! ក្មួយប្រសារបស់អ្នកស្រីកំពុងតែមានទម្ងន់! ពួកយើងកំពុងតែតាមដានទារកក្នុងផ្ទៃ ព្រោះទារកមានអាយុ៩សប្តាយ៍ហើយ ប៉ុន្តែសុខភាពរបស់ទារកនៅទន់ខ្សោយនៅឡើយ ដូច្នេះសូមសាច់ញាតិយកចិត្តទុកដាក់មើលថែអ្នកម៉ាក់ថ្មីថ្មោងផង ខាងយើងនឹងបញ្ចូនអ្នកជំងឺទៅផ្នែកសម្ភពដើម្បីពិនិត្យសុខភាពរបស់អ្នកម្តាយនិងទារក ឲ្យកាន់តែងាយស្រួលតាមដានសុខភាពទារកក្នុងផ្ទៃ ហើយក៏សូមចូលរួមអបអរផងណា៎! » ពេទ្យនិយាយចប់ ក៏ដើរចេញទៅ ទុកឲ្យសាច់ញាតិនៅញញឹមបិទមាត់មិនជិតសោះឡើយ ម៉ាដាមរំភើបឡើងហូរទឹកភ្នែក មិននឹកស្មានថាខ្លួនឯងអាចបានបីចៅទេ។

" Dark paradise  " Where stories live. Discover now