Ep58

39 2 0
                                        

    ទម្រាំតែអស់ជាតិថ្នាំ ព្រះអាទិត្យក៏លិចល្មម ពន្លឺរស្មីពណ៍មាសបាចសាចលើទីក្រុងទាំងមូល ពន្លឺភ្លីប្រែជាពណ៍លឿងទុំចាំងចូលបន្ទប់សម្រាកព្យាបាលរបស់អ្នកជំងឺ។ ម៉ាដាមម៊ែដឺសិន បើកភ្នែកព្រឹមៗដឹងខ្លួន ដោយកម្រើកដៃយឺតៗ ជាសំណាងរ៉ូហ្វ្រីលែនស៍ មើលឃើញក៏ស្ទុះក្រោកអើតមើលម៉ាដាម ឃើញគាត់ដោះបំពង់ខ្យល់អុកស៊ីសែន ចេញពីច្រមុះ នាងប្រញាប់ឃាត់គាត់ភ្លាម។

« ម៉ាដាមកុំដោះអី សុខភាពម៉ាដាមនៅខ្សោយនៅឡើយ! »
« អត់អីទេលែនស៍! ខ្ញុំមិនអីទេ! » សម្លេងគាត់ខ្សោយៗចាប់ដៃនាងតូចថ្នមៗរួចក្រោកអង្គុយដោយខ្លួនឯង ហាក់បីដូចជាគាត់មិនបានឈឺស្កាត់អ្វីឡើយ។
« យ៉ុនហ្គី គេមិននៅទេហ្អេស៎? » ដឹងខ្លួនសួររកក្មួយប្រុសតែម្តង ណាមួយខានចួបគេយូរផង។
« គេចុះទៅក្រោមបើកថ្នាំមុននេះ! ម៉ាដាមមានអ្វីមែនទេ? បន្តិចទៀតគេមកវិញហើយ! »
« អត់អីទេៗ អង្គុយចុះវិញមក បានក្មួយប្រសារមកលេងខ្ញុំសប្បាយចិត្តណាស់! » ម៉ាដាមពោលទាំងស្នាមញញឹម មុខគាត់ស្លេកស្លាំងហើយស្រកសាច់ច្រើនជាងមុន ដោយសារតែជំងឺកាចសាហាវគាត់មិនមានពេលដើរលេងនៅខាងក្រៅច្រើន តែក៏មានសំណាងបានក្មួយប្រុសដែលចិញ្ចឹមផ្ទាល់ដៃ ធំដឹងក្តីមានអនាគត មានប្រពន្ធល្អ ទោះគាត់ស្លាប់ទៅក៏ស្ងប់ចិត្តព្រោះមានអ្នកនៅក្បែរក្មួយប្រុសដល់ចាស់។

« ម៉ាដាមច្បាស់ជាមានសុខភាពល្អ ហើយទៅរស់នៅជាមួយពួកខ្ញុំជុំគ្នា! »
« ហ៊ឹសៗ!! យ៉ុនហ្គី មានសំណាងណាស់ដែលបានក្មួយប្រសារនៅក្បែរ... » ម៉ាដាមនិយាយបានត្រឹមនេះក៏កាន់ដៃរ៉ូហ្វ្រីលែនស៍ ជាប់រួចសម្លឹងមុខនាងដើម្បីពោលពាក្យក្នុងចិត្ត។

« ជួយមើលៗគេផង! គេរាងឆេឆាវនិងឆាប់ម៉ួម៉ៅ ព្រោះតែគេខ្វះភាពកក់ក្តៅពីប៉ាម៉ាក់ដែលស្លាប់ចោលគេតាំងពីក្មេង! ជាកំហុសខ្ញុំដែលចិញ្ចឹមគេមិនបានល្អ ខ្ញុំទម្រើសគេដល់ខូចមនុស្សអស់ទើបគេមានចរិតកោងកាចបែបនេះ ប៉ុន្តែគេមានចិត្តល្អទេ គេមិនធ្លាប់ធ្វើបាបនរណាមុនដោយគ្មានហេតុផលឡើយលែនស៍... បើអត់ពីខ្ញុំទៅសូមជួយនៅក្បែរ ការពារ រំលឹកគេផងណា៎... »
« កុំនិយាយបែបនេះអីម៉ាដាម! ពាក្យទាំងអស់នេះបើម៉ាដាមបានប្រាប់គេដោយផ្ទាល់ ខ្ញុំជឿថាគេនឹងស្តាប់ហើយធ្វើតាម! »
« បើគេស្តាប់សម្តីខ្ញុំមែនពេលនេះពួកឯងមានកូនពេញវីឡាទៅហើយ!! » ម៉ាដាមនិយាយចំអន់ នាងតូចក៏ស្ងាត់មាត់ ព្រោះចរិតគេរឹងរូស ឆេឆាវពិតមែន ហើយក៏ជាការពិតដែលគេមិនធ្លាប់ទៅរករឿងនរណាមុន បើសិនគ្មានអ្នកណាធ្វើអាក្រក់មកលើគេមុនដូចគ្នា។

" Dark paradise  " Where stories live. Discover now